spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងចង់ឲ្យការផ្សាយរបស់អ្នកល្បីកក្រើក ? ដាស់អារម្មណ៍ទាំងនេះ!

ចង់ឲ្យការផ្សាយរបស់អ្នកល្បីកក្រើក ? ដាស់អារម្មណ៍ទាំងនេះ!

-

នៅ​សហរដ្ឋអាមេរិច​មាន​កម្មវិធី​ប្រកួត​ទាល់​បាល​ថ្នាក់​ជាតិ​ដ៏​ធំមួួយ​​ដែលមាន​ឈ្មោះ​ថា​ ស៊ុបភើប៊ូល (Super Bowl)។ ព្រឹត្តិការណ៍​នេះសំខាន់​ណាស់​សម្រាប់​ឱកាស​ផ្សព្វផ្សាយ​ផលិតផល​ ពីព្រោះ​ចំនួន​អ្នក​ទស្សនា​មាន​ច្រើន​សន្ធឹក​រហូតដល់​​លើស​ពី​ ១៨០​ លាន​នាក់។​ ម៉ាក​សញ្ញា​នីមួយៗ​ហ៊ាន​ចំណាយ​លុយ​ខ្ទង់​លាន​ដុល្លា​​សម្រាប់​រយៈ​ពេល​ផ្សាយ​ត្រឹម​តែ​៣០​វិនាទី​។ ពួក​គេ​រំពឹង​លើ​មាតិកា​ផ្សាយ​​របស់​គេ​មិន​ត្រឹម​តែ​មាន​ន័យ​គ្រប់​គ្រាន់​នោះ​ទេ ប៉ុន្តែ​នឹង​​ល្បី​កក្រើក​ ដែល​នឹង​អាច​ឲ្យ​ពួក​គេ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អតិថិជន នៅ​​លើ​បណ្តាញ​សង្គម​ ច្រើន​ជាង​ពីរ​ដង ​នៅ​លើ​កញ្ចក់​ទូរទស្សន៍។

ជាការ​ពិត​ណាស់​ ការ​ធ្វើ​ពាណិជ្ជកម្ម​ឲ្យ​កក្រើក​ពិត​ជា​មិន​មែន​រឿង​ងាយ​ឡើយ។ តើ​អ្វី​ដែល​កាត់​ផ្តាច់​រវាង​ ពាណិជ្ជកម្ម​ធម្មតា ​និង​ពាណិជ្ជកម្ម​ដែល​ដាស់​អារម្មណ៍យ៉ាង​​ខ្លាំង​ខ្លា​និង​គួរ​ឲ្យ​ចង់​មើល​កម្សាន្ត​ ដល់​ថ្នាក់​អ្នក​មើល​ចង់​ស៊ែរ​បន្តនោះ?

ក្នុង​ការ​ស្វែររក​ចម្លើយ​ទៅ​នឹង​ចម្ងល់​ខាង​លើ លោក​ Daniel McDuff ដែល​ជាអ្នក​ស្រាវ​ជ្រាវ​​នៅ​ Microsoft និង​លោក​ សាស្ត្រាចារ្យ​ Jonah Berger បាន​ធ្វើ​ការ​សិក្សា​មួយដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យាសម្គាល់ទឹកមុខដោយស្វ័យប្រវត្តិ (automated facial recognition technology) ក្នុង​ការ​វិភាគលើ​ទឹក​មុខ​អ្នក​ទស្សនា ​ជុំ​វិញ​ការ​ចាក់​ឲ្យ​មើល​​​​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ ប្រភេទ​ផ្សេងៗគ្នា​​។​ ពួក​គាត់​បាន​ចាក់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ ហើយសួរ​ទៅ​កាន់​អ្នក​ទស្សនា​ថា​ពួក​គេ​ចង់​ស៊ែរ​ការ​ផ្សាយពាណិជ្ជកម្ម​ហ្នឹង​ដែរ​ឬអត់។ នៅ​ពេល​ពួក​គេ​មើល​​ លោក​ទាំង​ពីរ​បាន​ប្រើ​ប្រាស់​កាមេរ៉ា​ webcams​ (​ដោយមាន​​​ការ​អនុញ្ញាត​ពី​សាមី​ខ្លួន​) ដើម្បី​កត់​ត្រា​ទឹក​មុខ​ និង​បែង​ចែក​ទឹក​មុខ​ទាំង​នោះ​ឲ្យ​ទៅ​ជា​ប្រភេទ​នៃ​អាម្មណ៍​វិញ​។

ជា​លទ្ធផល​នៃ​ការ​សិក្សា​ អារម្មណ៍​ដើរ​តួ​យ៉ាង​សំខាន់​ ថា​ពួកគេ​នឹង​ស៊ែរ​ពាណិជ្ជកម្ម​នោះឬ​មិន​ស៊ែរ​​។​ ក៏​ប៉ុន្តែ​​អារម្មណ៍​ប៉ះ​ពាស់លើ​ការ​ស៊ែរ​ដោយ​​បែប​ណា​?​

អ្នក​ប្រហែល​ជា​គិត​ថា​ យើង​នឹង​ស៊ែរ​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឲ្យ​យើង​មា​ន​អារម្មណ៍​ល្អ និង​មិន​ស៊ែរ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ។​ ការ​គិត​បែប​នេះ​ត្រឹម​ត្រូវ​។ ក្នុង​ការ​សិក្សា​នេះ​ បាន​រក​ឃើញ​ថា​ ពាណិជ្ជកម្ម​ដែល​ដាស់​អារម្មណ៍​វិជ្ជមាន ដូចជា​សេចក្តីអំណរ​​​ ទទួល​បាន​ការ​ស៊ែរ​ ខណៈ​ពាណិជ្ជកម្ម​ដែល​ដាស់​អារម្មណ៍​អវិជ្ជមាន​ ដូច​ជា​ភាព​សោក​សៅឫច្របូក​ច្របល់​​ មិន​សូវ​ទទួល​បាន​ការ​ស៊ែរទេ។​

ប៉ុន្តែ​ វា​មាន​ភាព​ស៊ី​ជម្រៅ​ជាង​នេះ​។​ ខណៈ អារម្មណ៍​សោក​សៅ​ ទទួល​បាន​ចំនួន​អ្នក​ស៊ែរ​តិច​ អារម្មណ៍​បែប​ខ្ពើម​ បែរ​ជា​បង្កើ​ន​ចំនួន​អ្នក​ស៊ែរ​ទៅ​វិញ។ មិច​បាន​ជាចឹង? ចម្លើយ​គឺ​ត្រង់​ថា​ អារម្មណ៍​ គឺ​វាស្មុគស្មាញ​ ជា​ង ”​ភាព​សប្បាយ​” និង​ “ភាព​សោកសៅ” ។

បន្ថែម​ពី​លើ​នេះ​ អារម្មណ៍​ក៏​ត្រូវ​បាន​បែង​ចែក​ដោយ​ កម្រិត​នៃ​ភាពរំជើប​​រំជួល​ ឬ “ការជម្រុញខាងសរីរវិទ្យា (physiologically arousing)  ​របស់​វា​ផង​ដែរ។ ទោះ​បី​ជា​វិជ្ជ​មាន​ឬ​អវិជ្ជមាន​​ អារម្មណ៍​ខ្លះ​ធ្វើ​ឲ្យ​យើង​មាន​ភាព​រំជើប​រំជួល​។​ នៅ​ពេល​យើង​ដើរៗ​ក្នុង​ព្រៃ​ ក៏​ស្រាប់​តែ​ប្រទះ​ឃើញ​ពស់​មួយ​ក្បាល​ ឬ​ក៏​ពេល​យើង​កំពុង​វាយ​ប្រតាយ​ប្រតប់​គ្នា​ យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ ​​បេះ​ដូង​​លោត​លឿន​ ជីព​ចរ​ញាប់​ ហើយ​រាង​កាយ​យើ​ង​ត្រៀម​រួម​ជា​ស្រេច ​សម្រាប់​ការ​ធ្វើ​សកម្ម​ភាព។​

វា​ក៏​ពិតបែប​ហ្នឹង​ដែរ ​សម្រាប់​អារម្មណ៍​វិជ្ជមាន​។ នៅ​ពេល​ក្រុម​បាល់​របស់​យើង​ទាត់​ចូល​ហ្គូល​នៅ​នាទី​ចុង​ក្រោយ​ ឬ​យើង​បាន​ទទួល​ដំណឹង​ថា​មេ​នឹង​ដំឡើង​ឋានៈឲ្យ​ យើងមានអារម្មណ៍​រំភើប​ដោយ​ស្វ័យ​ប្រវត្តិ។

ចំណែក​អារម្មណ៍​ខ្លះទៀត ​ធ្វើ​ឲ្យ​​យើងត្រជាក់​ចិត្ត​​ទៅ​វិញ។ សាក​គិត​អំពី ការ​ទៅ​លេង​ឆ្នេរ​សមុត្រ ឬ​មើល​ព្រះ​អាទិត្យ​លិច​ទៅ​មើល​។ អ្នក​មាន​អារម្មណ៍​ល្អ ក៏ប៉ុន្តែ​មិន​ចង់​ធ្វើ​អ្វី​ទេ។​ ស្រដៀង​គ្នា​ដែរ ខណៈ​អារម្មណ៍​ខឹង ​អាច​ធ្វើ​ឲ្យ​យើង​ស្រែក​ដាក់​នរណា​ម្នាក់​ឬ​ធ្វើ​សកម្មភាព​អ្វី​មួយ​ ប៉ុន្តែ​អារម្មណ៍​សោក​សៅ បែរ​ជា​ធ្វើ​ឲ្យ​អ្នក​ចង់​នៅ​ស្ងាត់​និង​មិន​ធ្ចើ​អ្វី​សោះ​ទៅ​វិញ​។​

លទ្ធផល​នៃ​ការ​សិក្សាស្រាវ​ជ្រាវ​

នៅ​ពេល​បទពិសោធន៍​ណា​មួយ​ដាស់​អារម្មណ៍​ រំជើប​រំជួល​ វា​នឹង​ទទួល​បាន​ការ​ស៊ែរ​។ ហើយ​លទ្ធផល​ ​នៃ​ការ​សិក្សា​នេះ ក៏​បាន​បង្ហាញ​បែប​ហ្នឹង​មែន​។ បើ​អ្នក​ដាស់​អារម្មណ៍ ​រំជើប​រំជួល​វិជ្ជមាន​ ពាណិជ្ជកម្មរបស់​​អ្នក​នឹង​ទទួល​បាន​ការ​ស៊ែរ​ច្រើន​ជាង​គេ។​ ប៉ុន្តែ​បើ​អ្នក​ដាស់​អារម្មណ៍​ អវិជ្ជមាន​ (ឧទាហរណ៍ អារម្មណ៍​ខ្ពើម​រអើម​ ) អ្នក​ក៏​ទទួល​បាន​ការ​ស៊ែរ​ដែរ បើ​ទោះ បី​ជា​វា​មិន​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អក្តី​។ ផ្ទុយ​មក​វិញ​ អារម្មណ៍​ដែល​មាន​កម្រិត​ភាព​រំជើប​រំជួល​ទាប​ (ឧទាហរណ៍​ អារម្មណ៍​សោកសៅ) នឹង​កាត់​បន្ថយ​ទំនោរ​ដែល​អ្នក​ទស្សនា​​អាចស៊ែរពាណិជ្ជកម្ម​របស់អ្នក។​​

អារម្មណ៍ល្អ​​គឺ​មិន​គ្រប់​គ្រាន់​

ចំណុច​សំខាន់​ដែល​យើង​អាច​ទាញ​សម្រាប់​ការ​អនុវត្ត​ ពី​ការ​សិក្សា​នេះ​គឺ​ ទី​១ ការ​ធ្វើ​ឲ្យ​អតិថិជន​ឬអ្នក​ទស្សនា​មាន​អារម្មណ៍​ល្អ​ ​គឺ​មិន​គ្រប់​គ្រាន់​ទេ​ ។ ជាញឹក​ញាប់​ អ្នក​សរសេរ​មាតិកា​ តែង​តែ​គិត​ថា​ បើ​គេ​អាច​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​អារម្មណ៍​វិជ្ជមាន​ ទៅ​លើ​សេវាកម្ម​ ផលិតផល​ ឬ​ម៉ាក​សញ្ញា​ អ្នក​ទស្សនា​ទាំង​នោះ​នឹង​ស៊ែរ​។ ប៉ុន្តែ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ បង្ហាញ​ថា​ ល្អ គឺ​មិន​គ្រប់​គ្រាន់​ទេ​។ អ្នក​ត្រូវ​តែ​ដុត​ ចាស​!គឺ​ដុត​អតិថិជន​អ្នក​​។​ ប្រសិន​បើ​អ្នក​ចង់​បង្កើត​មាតិកា​ដែល​ផ្តល់​អារម្មណ៍​ល្អៗ អញ្ចឹង​អ្នក​ត្រូវ​តែ​ធ្វើ​មាតិកា​នោះ​ឲ្យ​រំភើប​ និង​ជម្រុញ​ទឹក​ចិត្តអតិថិជន​ (​មាតិកា​ដែល​ជម្រុញ ប្រភេទ​​អារម្មណ៍​ រំជើប​រំជួល​)។

២ អវិជ្ជមាន​​ក៏​មិន​ប្រាកដ​ថា​មិន​ល្អដែរ​

ទី​២ អ្នក​បង្កើត​មាតិកា ​តែង​តែ​មិន​ចង់​បង្កើត ​មាតិកា​ពាក់​ព័ន្ធនឹង​អារម្មណ៍​អវិជ្ជមាន​នោះ​ទេ។​ ប៉ុន្តែ​ ភាពអវិជ្ជមាន​នោះ​ មិន​មែន​មិន​ល្អ​គ្រប់​ពេល​ឯណា។​ ពួក​យើង​ប្រហែល​ប៉ាន់​ស្មាន​ថា បើ​អ្នក​មើល​មាន​អារកម្មណ៍​ ខ្ពើម​ ពួក​គេ​មិន​ស៊ែរ​វា​នោះ​ទេ។​ ប៉ុន្តែ​ផ្ទុយ​​មក​វិញ​ បើ​យើង​ចេះ​ប្រើ​វា​ឲ្យ​ត្រូវ​ អារម្មណ៍​អវិជ្ជមាន ​​ក៏​មាន​ឥទ្ធិពល​ណាស់​ដែរ​ ក្នុង​ការ​ទាញ​ចំណាប់​អារម្មណ៍​ពី​អតិថិជន​។​ ឧទាហរណ៍​ ពាណិជ្ជកម្ម​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ខឹង​សម្បា​ ដោយ​ការ​បង្ហាញ​ភាព​អយុត្តិធម៌​ ឬ​ធ្វើ​ឲ្យ​អ្នក​មើល​មាន​អារម្មណ៍​តប់​ប្រមល់​ ដោយ​ពិពណ៌នា​អំពី​ ហានិភ័យ​សុខភាព​ អាច​ជម្រុញ​ឲ្យ​អ្នក​មើល​ស៊ែរ​ព័ត៌មាន​នេះ។​ ឧទាហរណ៍​ យើង​មក​មើល​ពាណិជ្ជកម្មស្តង់ដាមួយ​​ របស់​សហរដ្ខអាមេរិច​​ ដែល​ស្ថិត​នៅ​​ក្នុង​ចំណោម​ពាណិជ្ជកម្ម​ ដែល​ទទួល​បាន​ជោគជ័យ​ខ្ពស់​ប្រចាំ​ឆ្នាំ​២០២០​ ​គឺ​ Dashlane’s “Password Paradise” ដែល​ប្រៀប​ធៀប ​អារម្មណ៍​តប់​ប្រមល់​នៃ​ការ​ភ្លេច​​បាត់​លេខ​កូត​សម្ងាត់​ គឺ​មិន​ខុស​អ្វី​នឹង​ការ​ជាប់គាំង​​នៅ​ឋាន​នរកឡើយ​​។​

៣ សាក​ល្បង​ធ្វើ​ដោយ​ខ្លួន​ឯង​

ទី​៣ នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ មាន​ការ​វិភាគ​ពាណិជ្ជកម្ម​ជាច្រើន​ប្រភេទ​និង​ស្ថិត​ក្នុង​វិស័យ​ផ្សេងៗ​គ្នា​ ដើម្បី​ស្វែង​រក​​ទំនាក់​ទំនង​រវាង​​ ការ​ឆ្លើយ​តប​នៃ​អារម្មណ៍​ ជាមួយ​នឹង​កម្រិត​នៃ​ការ​ស៊ែរ​។ ដូច្នេះ​ក្នុង​នាម​ជា​អ្នក​ធ្វើ​ទី​ផ្សារ​ម្នាក់​ មិត្តអ្នក​អាន​អាច​យក​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ មក​បំពេញ​ចំណុច​ខ្វះ​ខាត និង​បន្ថែម​​នៅ​ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង​របស់​បង​ប្អូន​ ​។​

 

Suos Sovanna
Suos Sovannahttp://www.kumnitcreative.com
អំពី អ្នកនិពន្ធៈ សុវណ្ណា​ គឺជាសហស្ថាបនិកនៃហាងសៀវភៅអញឡាញអ្នកអាន និងជាអ្នកគ្រប់គ្រងផ្នែកទីផ្សារទំនើបនៅស្ថាប័នដដែលនេះ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ