វិស័យអចលនវត្ថុគឺជាវិស័យមួយដែលធ្វើឲ្យមនុស្សមិនតិចទេមានបាន ហើយក៏មិនតិចដែរដែលបោកក្បាលចងក ដោយសារតែភាពលោភលន់ ហ៊ានហួសមាឌ និងធ្វើការវិនិយោគដោយមិនមានចំណេះដឹង និងខ្វះបទពិសោធន៍។ សម្រាប់អ្នកដែលថ្មីថ្មោង ប្រាកដណាស់នឹងមានចម្ងល់មួយនៅក្នុងចិត្ត ថាតើគួរវិនិយោគដោយប្រាក់កម្ចីពីគេ ឬពីធនាគារដែរឬទេ? ព្រោះថា ប្រសិនបើរង់ចាំទម្រាំមានលុយសុទ្ធទាំងមូល គឺជារឿងមួយដែលពិបាក តែក៏មានកង្វល់ធំមួយដែរ ប្រសិនបើខ្ចី វាជារឿងមួយដែលល្អឬទេ ព្រោះយើងត្រូវបង់ការប្រាក់ ហើយមានមតិមិនតិចដែលនិយាយថា អ្នកមិនគួរខ្ចីលុយគេ ឬធនាការមកវិនិយោគអចលនវត្ថុនោះឡើយ។
តាមពិត រឿងខ្ចីគេមកវិនិយោគ ឬទិញអចលនវត្ថុ មានមិនមានចម្លើយមួយជាក់លាក់ដែលថា ត្រូវឬខុសនោះទេ។ ពិតណាស់ ប្រសិនបើអ្នកគ្មានចំណេះដឹងទាល់តែសោះ គ្មានបទពិសោធន៍ គ្មានព័ត៌មាន ការខ្ចីលុយគេមកទិញ ឬវិនិយោគគឺជាការប្រថុយប្រថាន និងមានហានិភ័យខ្ពស់។ ហានិភ័យខ្ពស់ត្រង់ថា ប្រសិនបើទិញហើយ ដី ឬផ្ទះនោះមិនឡើងថ្លៃសោះ អ្នកប្រាកដជាលង់នឹងកំណើនការប្រាក់ ដែលនាំឲ្យមានការខាតបង់ ឬបាក់ស្បាត។
ប៉ុន្តែ មិនមែនការខ្ចីលុយគេមកទិញ ឬមកវិនិយោគទាំងអស់គឺជារឿងដែលមិនល្អនោះទេ! ប្រសិនបើអ្នកមានព័ត៌មានច្បាស់លាស់និងមានចំណេះដឹងគ្រប់គ្រាន់ ហើយធ្វើការវិភាគដឹងថា តម្លៃអចលនវត្ថុនោះនឹងឡើងថ្លៃ ដែលមានអាត្រាកំណើនច្រើនជាងកំណើនការប្រាក់នោះ ប្រាកដណាស់ ការខ្ចីលុយមកទិញគឺជាជម្រើសឆ្លាតវៃ។ ឧទាហរណ៍ថា ប្រសិនបើអ្នកទិញផ្ទះមួយល្វែងឬ ដីមួយកន្លែង អាត្រាកំណើនដែលអ្នករំពឹងទុកគឺកើន២០%ក្នុងមួយឆ្នាំ ហើយអាត្រាការប្រាក់ត្រឹមតែ៨%ក្នុងមួយឆ្នាំ នោះមានន័យថា ការខ្ចីលុយមកទិញគឺជារឿងមួយដែលល្អ ព្រោះអ្នកប្រើប្រាស់ធនធានអ្នកដទៃដើម្បីចំណេញពីការវិនិយោគ ដែលទោះបីជាត្រូវចែកថ្លៃសេវាការប្រាក់មែន តែអ្នកនៅតែសល់លុយពីការវិនិយោគនេះ។ ប៉ុន្តែបើផ្ទុយទៅវិញ អាត្រាឡើងទាបជាងការប្រាក់ ច្បាស់ណាស់ អ្នកនឹងខាតលុយ។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលអ្នកត្រូវចងចាំនោះគឺ រាល់ការវិនិយោគទាំងអស់តែងតែមានហានិភ័យតិច ឬច្រើនបើទោះបីជាយើងមានចំណេះដឹង និងបទពិសោធន៍យ៉ាងណាក៏ដោយ។ ដូចនេះ ប្រសិនបើអ្នកសម្រេចចិត្តយកកម្ចី ដែលត្រូវបង់ត្រឡប់(រំលស់ឱ្យគេវិញប្រចាំខែ) អ្នកត្រូវប្រាកដក្នុងចិត្តថា លម្ហូរសាច់ប្រាក់ប្រចាំខែរបស់អ្នកមានភាពរឹងមាំល្អ ដែលទោះបីជាមិនអាចលក់អចលនវត្ថុដែលអ្នកវិនិយោគនោះបានដូចការរំពឹងទុក អ្នកនឹងមិនជួបបញ្ហាការបង្វិលសាច់ប្រាក់នោះឡើយ ទើបនោះជាការវិនិយោគប្រកបដោយសុវត្ថិភាព។
ចូរចាំថា កុំរេរាតាមខ្យល់ កុំតក់ក្រហល់នឹងការវិនិយោគដែលងងឹតស្លុង ដោយសារតែភាពលោភលន់ ហើយជឿតាមអ្នកណាម្នាក់ដោយមិនមានការពិចារណា ឬចំណេះដឹងវិនិយោគទាល់តែសោះ។