គំនិតថ្មីៗ ហើយមានភាពច្នៃប្រឌិត គឺជាផ្នែកមួយដែលមនុស្សយន្តមិនអាចមកជំនួសបានឡើយ មានតែមនុស្សប៉ុណ្ណោះទើបអាចមាន ព្រមទាំងអាចបង្កើតនូវអ្វីដែលអស្ចារ្យ និងអាចដោះស្រាយអ្វីមួយបានតាមរយៈការមានគំនិតថ្មីទាំងនោះ។ បន្ថែមពីនេះ គំនិតថ្មីក៏អាចជួយបុគ្គលម្នាក់ៗឱ្យរីកចម្រើននៅក្នុងអាជីព ផ្ទាល់ខ្លួន និងអាចជួយក្រុមហ៊ុន ឬអ្នកជុំវិញឱ្យរីកចម្រើនផងដែរ។ ទោះបីជាយ៉ាងនេះក្ដី មនុស្សក៏ចេះស្រេ្តស ស្មុគស្មាញ និងគាំងគំនិតដោយគិតអ្វីមិនចេញផងដែរ ដូច្នេះតើមានវិធីសាស្រ្ត ឬត្រូវធ្វើបែបណាទើបអាចមានគំនិតថ្មីៗជានិច្ច?
នៅក្នុងខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវគន្លឹះមួយចំនួនដើម្បីអនុវត្តន៍ក្នុងការទទួលបាននូវគំនិតថ្មីៗជានិច្ចសម្រាប់បំពេញកិច្ចការងារណាមួយឱ្យសម្រេចស្របតាមការរំពឹងទុក។
1. ការសម្រាក
អ្នកអាចអង្គុយ ឬក៏គេង ហើយបន្ធូរអារម្មណ៍ ដោយកុំធ្វើអ្វីទាំងអស់ក្រៅពីសម្រាក និងការស្ដាប់ភ្លេងកម្រអារម្មណ៍ ឬធ្វើសកម្មភាពណាមួយដែលវាបានជួយអ្នកឱ្យទទួលបាននូវអារម្មណ៍សម្រាក។ ធ្វើបែបនេះ វានឹងជួយអ្នកកាត់បន្ថយភាពតានតឹង ស្រ្ដេស ភាពនឿយហត់ និងការគិតស្មុគស្មាញនានា បន្ទាប់មកអ្នកនឹងកាន់តែមានអារម្មណ៍ស្រស់ស្រាយ និងល្អ ដើម្បីនឹកគិតនូវអ្វីដែលថ្មីមិនខាន។
2. ជជែកជាមួយបុគ្គលផ្សេងៗ
អ្នកអាចស្វែងរកបុគ្គលណាម្នាក់ ឬច្រើននាក់ ដែលអាចផ្ដល់ជាគំនិតថ្មីៗសម្រាប់អ្នកក្នុងការធ្វើអ្វីមួយ មិនថាការជជែកដោយផ្ទាល់ ឬការសន្ទនាតាមអនឡាញឡើយ អ្នកអាចទៅទំនាក់ទំនងជាមួយពួកគេដើម្បីសុំជាគំនិត ឬមតិយោបល់ ដើម្បីអ្នកអាចមានគំនិតថ្មីក្នុងការធ្វើរឿងដែលអ្នកចង់បាន។ អ្នកត្រូវដឹងថា ការជជែកជាមួយនឹងបុគ្គលដែលមានចំណេះដឹងច្រើនលើផ្នែកដែលអ្នកចង់ដឹង ពួកគេនឹងអាចមានគំនិតច្រើន ដែលជាចំណុចដែលជួយអ្នកឱ្យនឹកគិតឃើញនូវអ្វីដែលថ្មីជានិច្ច។ ឧទាហរណ៍ ប្រសិនបើអ្នកគាំងគំនិតក្នុងការបង្កើតមាតិកាថ្មីៗដើម្បីទាក់ទាញចិត្តអតិថិជន ដូច្នេះអ្នកអាចសុំការណាត់ជួបជជែកគ្នាអំពីការបង្កើតមាតិកាពីអ្នកដែលកំពុងប្រឡូកក្នុងវិស័យនោះដែរ ដើម្បីដោះដូរគំនិតគ្នា បម្លែងជាគំនិតថ្មីសម្រាប់អនុវត្តន៍។ល។
3. ធ្វើលំហាត់ប្រាណ
អ្នកអាចធ្វើលំហាត់ប្រាណ ដូចជាការជិះកង់ ការដើរ និងធ្វើសកម្មភាពនានា ដើម្បីជួយធ្វើឱ្យអ្នកកាន់តែស្រស់ស្រាយ ដោយមិននៅស្មុគនឹងគំនិតនៅកន្លែងងងឹត ឬក្នុងបន្ទប់។ នៅពេលអ្នកធ្វើសកម្មភាពកាន់តែច្រើន អ្នកនឹងទទួលបានអារម្មណ៍ថាអ្នករហ័សរហួនជាងមុន ស្រស់ស្រាយជាងមុន និងអាចមានគំនិតជាបន្តបន្ទាប់ដែលអ្នកនឹងគិតស្រមៃឃើញជាក់ជាមិនខាន។
4. ធ្វើការសិក្សាស្រាវជ្រាវដើម្បីបង្កើតគំនិតឱ្យបានច្រើន
អ្នកអាចចាប់ផ្ដើមធ្វើការសិក្សាស្រាវជ្រាវតាមប្រព័ន្ធអនឡាញ ឬអានសៀវភៅដែលទាក់ទងផ្នែកណាដែលអ្នកចង់ដឹងឱ្យបានច្រើន ដើម្បីមានចំណេះដឹងទូលំទូលាយ។ បន្ទាប់មកបង្កើតជាគំនិតឱ្យបានច្រើនតាមដែលអាចធ្វើបានឱ្យស្របតាមគោលដៅដែលអ្នកចង់បាន នោះអ្នកនឹងមានគំនិតថានឹងត្រូវធ្វើអ្វីបន្តទៀត និងអាចបង្រួមគំនិតទាំងនោះជាគំនិតថ្មីមួយ ឬនឹកឃើញគំនិតថ្មីៗជាបន្តបន្ទាប់។
5. កុំខ្លាចនឹងការសាកល្បង ឬការមានកំហុស
ប្រសិនបើអ្នកមានគំនិតក្នុងការធ្វើអ្វីមួយហើយ ចូរសាកល្បងធ្វើវា ដោយកុំគិតថាខ្លាចមានកំហុស ឬខ្លាចនេះ ខ្លាចនោះជាដើមឱ្យសោះ។ ចូរចងចាំថា ការសាកល្បង នឹងជួយអ្នកឱ្យមើលឃើញនូវចំណុចខ្វះខាត និងចំណុចដែលអ្នកត្រូវកែតម្រូវដើម្បីធ្វើវាឱ្យបានល្អប្រសើរជាងមុន។ បន្ថែមពីនេះ ការសាកល្បង ក៏ជាផ្នែកមួយដ៏សំខាន់ដែលជួយជំរុញអ្នកឱ្យមានគំនិតថ្មីៗជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់។