spot_img
spot_img
Homeទូទៅហេតុអ្វីមានចំណេះដឹង និងជំនាញបច្ចេកទេសហើយ នៅតែមិនទាន់គ្រប់គ្រាន់?

ហេតុអ្វីមានចំណេះដឹង និងជំនាញបច្ចេកទេសហើយ នៅតែមិនទាន់គ្រប់គ្រាន់?

-

មនុស្សគ្រប់គ្នាសុទ្ធតែមានសិទ្ធិក្នុងការទទួលបាននូវចំណេះដឹង និងមានជំនាញបច្ចេកទេសលើផ្នែកណាមួយទៅតាមចំណង់ចំណូលចិត្ត ទេសកោសល្យ និងក្ដីស្រមៃផ្ទាល់ខ្លួនពីការសិក្សារៀនសូត្រក្នុងសាលារៀន កន្លែងធ្វើការ បរិបទសង្គម និងការសិក្សាស្រាវជ្រាវនៅលើប្រព័ន្ធអ៊ីនធឺណិតជាដើម។

ចំណេះដឹង និងជំនាញបច្ចេកទេស គឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ដើម្បីអាចបំពេញកិច្ចការងារបានយ៉ាងល្អ និងមានដំណើរការរលូន ប៉ុន្តែទោះបីជាយ៉ាងណា ដើម្បីប្រើប្រាស់ចំណេះដឹង និងជំនាញបច្ចេកទេសដែលមាននោះបានកាន់តែល្អនៅក្នុងការអនុវត្តន៍ជាក់ស្ដែង គឺទាមទារឱ្យបុគ្គលម្នាក់ៗត្រូវរៀនប្រឡូកនៅក្នុងសង្គមជាក់ស្ដែង និងចេះជំនាញទន់ឱ្យបានច្រើនផងដែរ ដូចជាភាពបត់បែនតាមកាលៈទេសៈ របៀបធ្វើការជាមួយមនុស្សគ្រប់ប្រភេទ​ ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ភាពវៃឆ្លាត ផ្នែកអារម្មណ៍ និងជាច្រើនទៀត។

បន្ថែមពីនេះ ខ្លឹមសារខាងក្រោមនឹងបង្ហាញនូវចំណុចមួយចំនួនដែលបញ្ជាក់យ៉ាងច្បាស់ថា ការមានចំណេះដឹង និងជំនាញបច្ចេកទេស វានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

1. មនុស្សមានគ្រប់ប្រភេទនៅក្នុងសង្គមជាក់ស្ដែង

មនុស្សគ្រប់គ្នា មិនអាចគេចផុតពីការធ្វើការងារជាមួយនឹងប្រភេទមនុស្សខុសៗគ្នាបានឡើយ មិនថាអ្នកស្ថិតនៅក្នុងឋានៈតួនាទីអ្វីឡើយ សុទ្ធតែត្រូវធ្វើការជាមួយមនុស្សទាំងអស់។ ការធ្វើការជាមួយមនុស្ស មិនត្រឹមតែទាមទារឱ្យអ្នកមានចំណេះដឹង និងជំនាញបច្ចេកទេសមួយច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាមទារឱ្យអ្នកចេះធ្វើការជាមួយពួកគេផងដែរ ដូចជារបៀបទំនាក់ទំនងជាមួយពួកគេ និងរបៀបចុះសម្រុងក្នុងការបំពេញការជាមួយពួកគេជាដើម ដើម្បីបង្កើនផលិតភាពការងារ និងសម្រេចនូវគោលដៅណាមួយរួមគ្នា ឬសម្រេចនូវគោលបំណងជាក់លាក់របស់អ្នក ប្រសិនបើអ្នកជាងអ្នកមានតួនាទីខ្ពស់ ដូចជាម្ចាស់អាជីវកម្ម ថ្នាក់ដឹកនាំ។ល។

2. ការអភិវឌ្ឍន៍ជំនាញឱ្យមានភាពលេចធ្លោជាងគេ

មនុស្សគ្រប់គ្នា អាចមានជំនាញដូចគ្នា ឬខុសគ្នាទៅតាមចំណង់ចំណូលចិត្ត ឧទាហរណ៍ មនុស្ស 2 ឬច្រើននាក់ ចង់ក្លាយជាមេធាវីនាពេលអនាគត ដែលជាគោលបំណងដូចគ្នា ប៉ុន្តែក៏មានមនុស្ស 2 ឬច្រើននាក់ផ្សេងទៀត ចង់ក្លាយជាអ្នកជំនាញផ្នែកសរសេរកូដកម្មវិធី និងជំនាញផ្សេងទៀតខុសៗពីគ្នា។ ទោះបីជាយ៉ាងនេះក្ដី ពួកគេអាចហ្វឹកហាត់លើជំនាញនេះពីអ្នកជំនាញ ឬចេញពីសាលារៀនក្នុងរយៈពេលកំណត់ណាមួយដូចៗគ្នា ប៉ុន្តែនៅពេលអនុវត្តន៍ជាក់ស្ដែង មិនប្រាកដថា ពួកគេជួបស្ថានភាពដូចគ្នា និងមានសមត្ថភាពឆ្លាតវៃលើជំនាញដូចគ្នាទាំងអស់បានឡើយ ជាពិសេសការមានឆន្ទៈ និងការខិតខំព្យាយាមជាដើម ដែលអាចជួយពួកគេឱ្យរីកចម្រើនលើជំនាញដែលពួកគេចង់ក្លាយជានោះ។ ហេតុនេះ ទោះបីជាមានចំណេះដឹង និងមានជំនាញបច្ចេកទេសរួចហើយក៏ដោយ ក៏ត្រូវមានការអនុវត្តឱ្យបានច្រើនដើម្បីមានបទពិសោធន៍ក្នុងការពង្រីកសមត្ថភាព ពង្រីកចំណេះដឹង ពង្រីកសក្ដានុពល និងអភិវឌ្ឍន៍ជំនាញនោះឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ទៅតាមសម័យកាល ដោយតែងតែមានភាពថ្មី ច្នៃប្រឌិត និងល្អលេចធ្លោរជាងអ្នកដែលមានជំនាញដូចអ្នក។

3. កសាងបណ្ដាញ និងម៉ាកយីហោផ្ទាល់ខ្លួនឱ្យបានល្អ

ការមានចំណេះដឹង និងជំនាញបច្ចេកទេស វាមិនទាន់មានភាពគ្រប់គ្រាន់ក្នុងការរីកចម្រើននៅក្នុងសង្គមជាក់ស្ដែងបានឡើយ គឺវាទាមទារឱ្យអ្នកចេះកសាងម៉ាកយីហោផ្ទាល់ខ្លួនឱ្យបានល្អលើចំណេះជំនាញដែលអ្នកមាន ដើម្បីធ្វើឱ្យមនុស្សផ្សេងទៀតកាន់តែមានទំនុកចិត្តនិងផ្ដល់គុណតម្លៃដល់អ្នក។ បន្ថែមពីនេះ ការបង្កើតបណ្ដាញទំនាក់ទំនងឱ្យបានច្រើនលើវិស័យដែលអ្នកចង់រីកចម្រើន ពីព្រោះបើអ្នកចង់រីកចម្រើនអ្វីមួយ គឺមិនអាចដើរទៅម្នាក់ឯងបាន ឬគ្រាន់តែមានចំណេះជំនាញតែមួយផ្នែកឡើយ ប៉ុន្តែត្រូវការអ្នកផ្សេងទៀតដើម្បីជួយ ទាំងការសហការរួមគ្នា ការជួយផ្ដល់ជាមតិយោបល់ និងការជួយបង្រៀន ជួយណែនាំបង្ហាញផ្លូវបន្ថែម តាមរយៈការបង្កើតបណ្ដាញទំនាក់ទំនងឱ្យបានច្រើន។ល។ ដូច្នេះការកសាងបណ្ដាញទំនាក់ទំនង និងកសាងម៉ាកយីហោផ្ទាល់ខ្លួន ជារឿងសំខាន់ដែលអ្នកត្រូវតែមានបន្ថែមទៀត ក្រៅពីការមានតែចំណេះដឹង និងជំនាញបច្ចេកទេស។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ