spot_img
spot_img
Homeធុរកិច្ចគ្រប់គ្រងតើរបៀបដឹកនាំក្រុមហ៊ុនបែបណា ធ្វើឱ្យបុគ្គលិកលាឈប់ច្រើន?

តើរបៀបដឹកនាំក្រុមហ៊ុនបែបណា ធ្វើឱ្យបុគ្គលិកលាឈប់ច្រើន?

-

របៀបនៃការដឹកនាំក្រុមហ៊ុន ថ្នាក់ដឹកនាំម្នាក់ៗតែងតែមានយុទ្ធសាស្រ្តដឹកនាំរៀងៗខ្លួន ក៏ប៉ុន្តែនៅមានចំណុចរួមមួយចំនួនដែលថ្នាក់ដឹកនាំគួរតែឈ្វេងយល់បន្ថែម និងចៀងវាង ដើម្បីអាចដឹកនាំក្រុមហ៊ុនឱ្យដំណើរការបានល្អ ហើយអាចរក្សាបុគ្គលិកឱ្យធ្វើការបានរយៈពេលវែងជាមួយក្រុមហ៊ុនពោរពេញដោយឆន្ទៈ ក្ដីស្រលាញ់ និងធ្វើអស់ពីសមត្ថភាពដែលមានក្នុងការសម្រេចគោលដៅសំខាន់ៗរបស់ក្រុមហ៊ុន ព្រមទាំងក៏ជួយពួកគេឱ្យរីកចម្រើនខ្លាំងផងដែរ។

តើអ្វីដែលអ្នកដឹកនាំគួរតែឈ្វេងយល់បន្ថែម និងចៀងវាង ដើម្បីដឹកនាំក្រុមហ៊ុនកុំឱ្យមានអាត្រាបុគ្គលិកលាឈប់ច្រើន?

1. ដឹកនាំដោយគ្មានទស្សនៈវិស័យច្បាស់លាស់

បើក្រុមហ៊ុនមួយគ្មានទស្សនៈវិស័យច្បាស់លាស់ទេ ការដឹកនាំនៅក្នុងក្រុមហ៊ុនក៏ពិបាក ដោយសារតែនឹងត្រូវមានការទាក់ទាញទិសដៅផ្សេងៗគ្នាជាច្រើននៅក្នុងស្ថាប័ន ជាហេតុធ្វើឱ្យក្រុមការងារទាំងអស់ចាប់ផ្ដើមវង្វេងទិសដៅរួមសម្រាប់ក្រុមហ៊ុន ហើយបែរមកធ្វើកិច្ចការងារទៅតាមទិសដៅ និងការយល់ឃើញរបស់ខ្លួនឯងវិញ។ ម្យ៉ាងវិញទៀត ក្រុមការងារនឹងធ្វើការងារអ្វីតាមតែថ្នាក់លើដាក់ឱ្យធ្វើតាមបុគ្គលម្នាក់ៗ ដោយគ្មាននរណារួបរួមសាមគ្នីគ្នាធ្វើការសម្រេចនូវគោលដៅរួមអ្វីឡើយ។

ការធ្វើបែបនេះ ស្ថាប័ននឹងមិនងាយសម្រេចគោលដៅធំណាមួយជាក់លាក់ឡើយ។ រីឯបុគ្គលិកដែលចង់ឃើញខ្លួនឯងរីកចម្រើន ឬក៏មានសមត្ថភាព ចាប់ផ្ដើមគិតគូររកកន្លែងការងារថ្មីដែលមានអនាគតវែងឆ្ងាយជាងនេះជាក់ជាមិនខាន។

ការធ្វើអ្វីក៏ដោយ ជាពិសេសការធ្វើអាជីវកម្ម ចាំបាច់ត្រូវតែមានទស្សនៈវិស័យមួយសម្រាប់ក្រុមហ៊ុន ឱ្យបានច្បាស់លាស់ ពីព្រោះវានឹងជួយឱ្យអ្នកដឹកនាំកាន់តែងាយស្រួលរៀបចំផែនការយុទ្ធសាស្រ្តធ្វើសកម្មភាពឱ្យត្រូវនឹងអ្វីដែលខ្លួនកំពុងឆ្ពោះទៅ ព្រមទាំងអាចព្យាករណ៍បញ្ហា និងដំណោះស្រាយទុកមុនផងដែរ។ អ្វីដែលសំខាន់ នៅពេលមានទស្សនៈវិស័យក្រុមហ៊ុនច្បាស់លាស់ ក្រុមការងារក៏ងាយស្រួលធ្វើការដើម្បីតម្រង់ទៅកាន់ទិសដៅមួយយ៉ាងពិតប្រាកដ ដូច្នេះគោលដៅរួមសម្រាប់ក្រុមហ៊ុននឹងឆាប់សម្រេចបាន។

2. ភាពលំអៀង និងបង្កើតភាពមិនទុកចិត្តគ្នា

អ្វីក៏ដោយតែងតែមានភាពលំអៀង ក៏ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំត្រូវចេះតិចនិករៀងខ្លួនក្នុងការដឹកនាំ ដើម្បីបង្ហាញទៅកាន់ក្រុមការងារថា លទ្ធផលការងារបែបណា ទើបសក្តិសមនឹងទទួលបានរង្វាន់។ បន្ថែមពីនេះ ប្រសិនបើមានបុគ្គលិកខ្លាំងពូកែនៅក្នុងក្រុមហ៊ុន ហើយថ្នាក់ដឹកនាំតម្លើងប្រាក់ខែ ឬផ្ដល់ជារង្វាន់ ឬការឡើងតំណែង ច្បាស់ណាស់នឹងមានក្រុមការងារផ្សេងទៀតនឹងទទួលស្គាល់ការពិតថា បុគ្គលនោះសក្តិសមនឹងទទួលបាននូវអ្វីដែលថ្នាក់ដឹកនាំផ្ដល់ឱ្យពិតមែន។ ក៏ប៉ុន្តែមានការដឹកនាំខ្លះ បង្ហាញទៅកាន់ក្រុមការងារថា វាមិនយុត្តិធម៍សោះសម្រាប់អ្នកខិតខំធ្វើការ និងមានលទ្ធផលការងារល្អ ដោយមិនបានទទួលអ្វីសោះ បែរជាទទួលតំណែងល្អ និងរង្វាន់ផ្សេងៗលើបុគ្គលដទៃដែលគ្រាន់តែនិយាយឬអែមអបយកមុខជាដើម។ល។

សកម្មភាពទាំងនេះ វានឹងធ្វើឱ្យបុគ្គលិកដែលខិតខំធ្វើការនានា ចាប់ផ្ដើមរកផ្លូវក្រោយឱ្យខ្លួនឯង តាមរយៈស្វែងរកឱកាសការងារថ្មី។ រីឯបុគ្គលិកដទៃទៀតចាប់ផ្ដើមគិតពិចារណាផងដែរ ថាតើពួកគេនៅទីនេះដើម្បីអ្វីទៀត? តើពួកគេអាចរីកចម្រើនលឿនជាមួយការដឹកនាំបែបនេះឬទេ? ដូច្នេះពួកគេក៏ចាប់ផ្ដើមស្វែងឱកាសថ្មីនៅកន្លែងផ្សេងទៀត ដើម្បីទុកផ្លូវក្រោយសម្រាប់ដើរដូចគ្នា។

3. ចាំតែចាប់កំហុស និងរិះគន់បុគ្គលិក

ការបំពេញកិច្ចការងារតែងតែមានកំហុស ឬក៏មានផ្នែកខ្លះក្រុមការងារនឹកឃើញមិនដល់ ធ្វើមិនកើត ដូច្នេះក្នុងនាមជាអ្នកដឹកនាំត្រូវតែចេះរបៀបនៃការកែលម្អកំហុស និងជួយជ្រោមជ្រែងបន្ថែមដល់ក្រុមការងារឱ្យមានការខិតខំឡើងវិញ និងពង្រឹងសមត្ថភាព មិនមែនចាំតែចាប់កំហុស ឬក៏រិះគន់បុគ្គលិកទៅកាន់បុគ្គលផ្សេងៗឡើយ។ ធ្វើបែបនេះ បុគ្គលិកចាប់ផ្ដើមមានអារម្មណ៍មិនល្អជាមួយនឹងក្រុមហ៊ុន ហើយចាប់ផ្ដើមស្វែងរកឱកាសការងារថ្មី និងការដឹកនាំដែលល្អប្រសើរជាងនេះជាក់ជាមិនខាន។

ម្ចាស់ក្រុមហ៊ុន តែងតែមានជម្រើសក្នុងការជ្រើសរើសបុគ្គលិកបន្ថែម ឬជំនួសបាន ហើយបុគ្គលិកក៏មានជម្រើសក្នុងការជ្រើសរើសក្រុមហ៊ុនណាដែលមានការដឹកនាំពួកគេឱ្យរីកចម្រើនដូចគ្នា។ ហេតុដូច្នេះ ការដឹកនាំដ៏ល្អ ត្រូវតែចេះបង្ហាញឱ្យក្រុមការងារកាន់តែមានសមត្ថភាពខ្លាំង និងមានទំនុកចិត្តលើការដឹកនាំរបស់ខ្លួន នោះក្រុមហ៊ុននឹងឆាប់សម្រេចគោលដៅដូចគ្នា តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបំពេញការងារអស់ពីសមត្ថភាព។​

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ