តើលោកអ្នកមានកត់សម្គាល់ឃើញថាការធ្វើទីផ្សារបែបប្រពៃណីមានកាន់តែតិចទៅ ៗ និងមិនសូវមានប្រសិទ្ធភាពទេ? រាល់ថ្ងៃនេះមានមនុស្សកាន់តែតិចទៅៗដែលមើលទូរទស្សន៍។ ដូច្នេះក្នុងនាមជាលោកអ្នកគឺជាអ្នកធ្វើទីផ្សារឬជាអ្នករកស៊ី លោកអ្នកស្វែងរកវិធីសាស្រ្តណាដែលមានប្រសិទ្ធិភាពជាងនេះ។
តើមាតិកាគឺជាអ្វី? មាតិកាគឺជា សំណេរ រូបភាព និងវីដេអូ។
តើការធ្វើទីផ្សារប្រើមាតិកាគឺជាអ្វី? ការធ្វើទីផ្សារដែលផ្តល់ជូនអតិថិជនរបស់លោកអ្នកនូវអ្វីដែលមានប្រយោជន៍ចំពោះពួកគេគឺជាទិសដៅដែលលោកអ្នកគួរដើរទៅ។ វាគឺជាការធ្វើទីផ្សារដែលផ្តោតសំខាន់លើការបង្កើតនិងចែកចាយមាតិកា(សំណេរ រូបភាព និងវីដេអូ) ដែលមានគុណតម្លៃល្អ អាចផ្សារភ្ជាប់នឹងអាជីវកម្មនិងអ្នកតាមដាន និង មានភាពច្បាស់លាស់ ដើម្បីទាក់ទាញនិងរក្សាអតិថិជនគោលដៅ ដែលនឹងជម្រុញពួកគេក្លាយជាអតិថិជននៃអាជីវកម្មរបស់លោកអ្នកនៅថ្ងៃខាងមុខ។ នេះហើយគឺជាការធ្វើទីផ្សារដែលយើងអោយឈ្មោះថា ការធ្វើទីផ្សារតាមមាតិកា។
មាតិកាគឺ សំណេរ រូបភាព និងវីដេអូ។
ចំណុចស្នូលនៃការធ្វើទីផ្សាររបស់លោកអ្នកនាពេលបច្ចុប្បន្ន គួរតែផ្តោតលើ មាតិកាដែលមានប្រយោជន៍។
ឧទាហរណ៍មួយដែលខ្ញុំចង់លើកឡើង គឺផ្កាយមីឆែលលីន ( Michelin ) ដែលមនុស្សទូទាំងពិភពលោកបានកំណត់ថា ភោជនីយដ្ខានណាដែលទទួលបានផ្កាយនេះ គឺជាកន្លែងដែលមានអាហារឆ្ងាញ់និងមានគុណភាពខ្ពស់។ សេចក្តីណែនាំ និងការវាយតម្លៃដ៏ល្បីល្បាញ នេះត្រូវបានបង្កើត និង បោះពុម្ភដោយក្រុមហ៊ុនសំបកកង់បារាំង Michelin ។ សៀវភៅមគ្គុទេស៍មីឆែលលីនដំបូងត្រូវបានបោះពុម្ពផ្សាយដោយក្រុមហ៊ុនមីឆែលលីននៅក្នុងឆ្នាំ ១៩០០ និងត្រូវបានបង្កើតឡើងសម្រាប់ជាមធ្យោបាយទីផ្សារមួយដើម្បីបង្កើតតម្រូវការរថយន្តនៅក្នុងប្រទេសបារាំងដោយផ្តល់ផែនទីដែលរួមបញ្ចូលបញ្ជីភោជនីយដ្ឋាននិងដំបូន្មានសម្រាប់ការរៀបផែនការដំណើរកម្សាន។ នៅពេលនោះមិនមានសៀវភៅមគ្គុទេសន៍បែបនេះទេ ដូច្នេះហើយសៀវភៅមគ្គុទេស៍មីឆែលលីនបានទទួលការយកចិត្តទុកដាក់ពីអតិថិជនសក្តានុពលជាខ្លាំង។
ជំនួសឱ្យការបង្ហាញអំពី ផលិតផលឬសេវាកម្ម បែបត្រង់ៗ និងស្តាប់ទៅមានភាពដូចៗគ្នា ជាមួយក្រុមហ៊ុនផ្សេងៗ លោកអ្នកគួរបង្កើតមាតិកា(សំណេរ រូបភាព និងវីដេអូ) ដែលពាក់ព័ន្ធ និងមានប្រយោជន៍យ៉ាងពិតប្រាកដ ដល់អ្នកតាមដាន និងអតិថិជន ដើម្បីជួយពួកគេដោះស្រាយបញ្ហា។ ការធ្វើទីផ្សារដោយប្រើប្រាស់មាតិកាផ្តល់ អត្ថប្រយោជន៍ ៣យ៉ាងសំខាន់ៗ សម្រាប់អាជីវកម្មខ្នាតតូច ធំ និងមធ្យមគួរតែធ្វើ ៖
- បង្កើនការលក់ក្នុងរយៈពេលវែង
- សន្សំសំចៃលើការចំណាយ
- បង្កើនអតិថិជនស្មោះត្រង់ (loyal customer)
មាតិកា(សំណេរ រូបភាព និងវីដេអូ)គឺជាកូនសោរ សម្រាប់ការធ្វើទីផ្សារ ក្នុងពេលបច្ចុប្បន្ន និងអនាគត។ ប្រសិនបើការធ្វើទីផ្សារដោយមាតិកា មិនពាក់ព័ន្ធ និងមិនមានគុណតម្លៃ សម្រាប់អ្នកអានទេ នោះវាគ្រាន់តែជាការចែករំលែក ព័ត៌មានដែលមិនមានអត្ថប្រយោជន៍សម្រាប់អ្នកតាមដាន។
តើត្រូវចាប់ផ្តើមពីត្រង់ណា ក្នុងការធ្វើទីផ្សារតាមមាតិកា?
ជំហានមុនដំបូងគេ ក្នុងការធ្វើទីផ្សារ មិនថាតាមរបៀបណាក៏ដោយ លោកអ្នកត្រូវចាប់ផ្តើមដោយ បង្កើតគោលដៅ។ នៅក្នុងការកំណត់គោលដៅ លោកអ្នកត្រូវឆ្លើយសំនួរទូទៅទាំង ៦ Who? What? When? Where? Why? How? សម្រាប់នរណា ? អ្វី? ពេលណា? ទីណា? ហេតុអ្វី? ដូចម្តេច?
១ សម្រាប់នរណា?
តើលោកអ្នកស្គាល់អតិថិជនដែរឬទេ ? ក្នុងភាសាអង់គ្លេសយើងហៅវាថាការបង្កើត Customer Profile សម្រាប់អាជីវកម្ម។ យើងអាចបង្កើត Customer Profile ដោយឆ្លើយនូវសំនួរមួយចំនួនខាងក្រោម៖
- តើពួកគេជានរណា?
- តើពួកគេរស់នៅទីណា ?
- តើពួកគេមានអាយុប៉ុន្មាន?
- តើពួកគេស្ថិតនៅក្នុងភេទមួយណា?
- តើពួកគេធ្វើការងារអ្វី?
- តើពួកគេជួបបញ្ហាអ្វីខ្លះ ដែលសេវាកម្មឬផលិតផលរបស់អ្នកអាចជួយដោះស្រាយ?
- តើពួកគេចូលចិត្តឬមិនចូលចិត្តអ្វីខ្លះ?
- តើពួកគេចង់បានអ្វីពីសេវាកម្មឬផលិតផលរបស់អ្នក?
២ តើប្រធានបទប្រភេទណាដែលត្រឹមត្រូវនឹងពួកគេ?
នៅក្នុងចំណុចនេះលោកអ្នកត្រូវស្វែងរកពីបញ្ហាដែលពួកគេជួបប្រទះ ហើយមួយទៀតគឺការកត់ត្រាសំនួរដែលពួកគេសួរញឹកញាប់។ ឧទាហរណ៍ ហាងលក់សៀវភៅ អ្នកអាន ដែលផ្គត់ផ្គង់សៀវភៅសម្រាប់ការដឹកនាំនិងការធ្វើជំនួញ។ តើលោកអ្នកគិតថាវាសមស្របដែរទេប្រសិនបើពួកគេ ធ្វើការបង្កើតមាតិកា ដែលរ៉ាយរ៉ាប់អំពីចរាចរណ៍ ឬកសិកម្ម?
ចំណុចសំខាន់បន្ទាប់ដែលខ្ញុំចង់និយាយគឺ ការបង្កើតមាតិកាមានប្រយោជន៍ សម្រាប់អតិថិជន ត្រូវតែពាក់ព័ន្ធជាមួួយអាជីវកម្ម ឬក្នុងផ្នែកដែលស្ថិតនៅ ក្នុងជំនាញរបស់លោកអ្នក។ តើហេតុអ្វី? ព្រោះវានឹងជួយពង្រឹងម៉ាកសញ្ញាអាជីវកម្ម ឲ្យរឹងមាំ និងទទួលបានការជឿជាក់ខ្ពស់។ ធ្វើឲ្យ អ្នកតាមដាន ចងចាំម៉ាកសញ្ញា!
(សូមចុចទីនេះដើម្បីអានភាគ២)