លោកច្រឹក សុខនីម ត្រូវបានទទួលការគាំទ្រ និងជ្រើសរើសជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ជាថ្មីម្តងទៀត ដើម្បីបន្តដឹកនាំសមាគមសម្រាប់អាណត្តិទី៧ ឆ្នាំ២០២១ ដល់ឆ្នាំ២០២២។
ក្នុងអាណត្តិទី៧នេះ មានបេក្ខភាពចំនួនពីររូបដែលបានឈរឈ្មោះជាប្រធានសមាគមរួមមាន លោកច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុន Mekong Brokerage Co.,Ltd និងលោក វ៉ន ចាន់ថន នាយកប្រតិបត្តិក្រុមហ៊ុន Town City Real Estate Co., Ltd។
សមាជិកសមាគមចំនួន៩៦ ក្រុមហ៊ុនបានចូលរួមបោះឆ្នោតនៅថ្ងៃនេះ ក្នុងចំណោមសមាជិកដែលមានសិទ្ធិបោះឆ្នោតសរុបពីតំណាង ១០២ ក្រុមហ៊ុន ដែលជាលទ្ធផល គឺមានការប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង។ លោក ច្រឹក សុខនីម ទទួលបានសម្លេងឆ្នោតគាំទ្រ ៤៩ សម្លេង ចំណែកឯលោក វ៉ន ចាន់ថន ទទួលបាន ៤៧សម្លេង។
លោកច្រឹក សុខនីមបានថ្លែងថា៖ «សម្រាប់អាណត្តិថ្មីនេះ យើងនឹងផ្តោតលើការលើកកម្ពស់ការអប់រំ សមត្ថភាព គុណភាព និងកម្រិតជីវភាពរបស់សមាជិកឲ្យរឹតតែប្រសើរឡើង និងជាពិសេសជំរុញការធ្វើការងាររួមគ្នា ដើម្បីដឹកនាំ CVEA ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ»។
គិតមកទល់នឹងបច្ចុប្បន្ន សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានដំណើរការចំនួន៦អាណត្តិរួចមកហើយ ដោយក្នុងមួយអាណត្តិមានរយៈពេលពីរឆ្នាំ។ រៀងរាល់ពីរឆ្នាំម្តង សមាគមរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានសមាគម និងក្រុមប្រឹក្សាភិបាល។ ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគមសម្រាប់អាណត្តិថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីអាណតិ្តទី៦ (ឆ្នាំ២០១៩-២០២០) ដែលដឹកនាំដោយលោក ច្រឹក សុខនីម នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២០នេះ។