ព្រឹត្តិការណ៍២០កុម្ភៈដែលជាការផ្ទុះជាសហគមន៍លើកទី៣បានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មជាច្រើន ដោយសារតែការរីករាលដាលលើកនេះបានអូសបន្លាយពេលជាង២ខែ និងរហូតដល់រាជរដ្ឋាភិបាលបង្ខំចិត្តអនុវត្តវិធានការបិទខ្ទប់រាជធានី និងទីតាំងមួយចំនួន ដាក់ចេញបម្រាមគោចរណ៍ និងបិទការឆ្លងខេត្តក្រុងជាដើម។
ពិតណាស់ វាជាស្ថានភាពមួយ ដែលម្ចាស់អាជីវកម្មជាច្រើនមិនចង់អូសបន្លាយកាន់តែយូរនោះទេ ជាពិសេសអាជីវកម្មដែលពឹងផ្អែកខ្លាំង ឬទាំងស្រុងលើការទទួលភ្ញៀវមកទីតាំងផ្ទាល់។ យ៉ាងណាមិញ ក្នុងវិស័យម្ហូបអាហារដែលតែងតែពឹងផ្អែកខ្លាំងលើការចូលមកហូបអាហារផ្ទាល់នោះ បានបត់ខ្លួនផ្តល់សេវាកម្មដឹកជញ្ចូនដល់ផ្ទះ ដើម្បីបន្តដង្ហើមអាជីវកម្មរបស់ខ្លួន ជាពិសេសក្នុងពេលការបិទខ្ទប់ និងការរិតត្បិតការធ្វើដំណើរដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាល។
ថ្វីត្បិតតែហាងម្ហូបអាហារជាច្រើនអាចផ្តល់សេវាកម្មដឹកជញ្ចូនមែន តែម៉ូដែលហាងអាហារមួយចំនួនគឺមិនអាចបត់ខ្លួនបានភ្លាមៗនោះទេដោយសារតែម៉ូដែលអាជីវកម្មរបស់ខ្លួន។ ជាក់ស្តែងហាងអាហារSteakបែបប្រស៊ីល២បែបបូហ្វេ(ញ៉ាំឥតកំណត់)នៅក្នុងរាជធានីភ្នំពេញ ដែលពីមុនពឹងទាំងស្រុងលើការញ៉ាំនៅនឹងកន្លែង និងផ្តល់សេវាកម្មអាហារសម្រាប់តែក្នុងពិធីជប់លៀង (អាហារប្រភេទនេះគឺជាការអារសាច់ស្ទេកជាច្រើនប្រភេទដាក់តាមតុរបស់ភ្ញៀវ) បានបត់ខ្លួន កែប្រែម៉ូដែលអាជីវកម្ម និងរបៀបលក់ ដើម្បីបន្តដំណើរការ និងដង្ហើមតទៅមុខទៀត។
ហាង Whole Steakhouse
ហាងសាច់ស្ទេកអារដាក់តុនេះ និងញ៉ាំមួយសេរីដោយចំណាយពី២៥ទៅ៣០ដុល្លារក្នុងម្នាក់ដោយមានប្រភេទសាច់ជាង១០មុខ បានផ្អាកដំណើរការមួយរយៈតាំងពីការផ្ទុះខ្លាំងមក តែថ្មីៗនេះបានកែប្រែការផ្តល់សេវាកម្មដែលពឹងផ្អែកលើការអារសាច់ដាក់តាមចានរបស់អតិថិជន មកជាការវេចខ្ចប់ និងដឹកដល់ផ្ទះអតិថិជនដោយអតិថិជនអាចជ្រើសរើសសាច់បីមុខ ដោយគិតតម្លៃ១៥ដុល្លារក្នុង១ប្រអប់។
ហាង Davyna Steak House
ម៉ូដែលមិនខុសពីហាងសាច់ស្ទេកខាងលើនោះទេ គឺជាហាងសាច់បូហ្វេញ៉ាំមួយសេរីដែលមានប្រភេទសាច់ជាង១០មុខដូចគ្នា ក៏បានបត់ខ្លួនយ៉ាងលឿនផងដែរ។ ខុសពីWhole Steakhouse ដែលបន្តលក់សាច់ឆ្អិន Davyna Steak Houseបានប្រែសេវាកម្មអារសាច់អាំងឱ្យភ្ញៀវតាមតុ មកជាការលក់សាច់គោស្រស់ សាច់ចៀម និងសាច់ដែលមាននៅក្នុងម៉ឺនុយក្នុងហាងពីមុន ហើយដឹកជញ្ចូនឱ្យអតិថិជនដល់ផ្ទះ ដោយបន្ថែមជូនទឹកជ្រលក់សាច់សម្រាប់អតិថិជនវិញ។
សរុបមកវិញ ក្នុងសម័យកូវីដ១៩នេះ ដើម្បីអាចបន្តរស់ ឬបន្តប្រតិបត្តិការបាន អាជីវកម្មនីមួយៗត្រូវតែផ្លាស់ប្តូរវិធីសាស្ត្រនៃការផ្តល់សេវាកម្ម ឬក៏ពេលខ្លះគឺកែប្រែម៉ូដែលរបស់ខ្លួនចេញពីអ្វីដែលមានស្រាប់ដើម្បីអាចបន្តការបើកទ្វារ។ ហើយវិធីសាស្ត្ររបស់ហាងសាច់ស្ទេកទាំងពីរខាងលើគឺជាឧទាហរណ៍ជាក់ស្តែងមួយ និងជាការជម្រុញទឹកចិត្តដល់សហគ្រិន និងម្ចាស់អាជីវកម្មផ្សេងៗទៀតក្នុងការយកគម្រូតាម។
ចុះអ្នកវិញ តើបានធ្វើការកែប្រែអ្វីខ្លះក្នុងសម័យការកូវីដ១៩ ដើម្បីបន្តដំណើរទៅមុខ និងថែរក្សាក្រុមការងារ? កុំភ្លេចចូលរួមចែករំលែកជាមួយគេហទំព័រគំនិត ដើម្បីផ្តល់ជាយោបល់ជួយដល់សហគមន៍អ្នករកស៊ីនៅកម្ពុជា ក្នុងគ្រាដ៏លំបាកនេះ។