4 គន្លឹះ ដើម្បីកសាងកេរ្តិ៍ឈ្មោះម៉ាកយីហោអាជីវកម្មរបស់អ្នក

77
4 គន្លឹះ ដើម្បីកសាងកេរ្តិ៍ឈ្មោះម៉ាកយីហោអាជីវកម្មរបស់អ្នក

នៅក្នុងទិដ្ឋភាពឌីជីថលនាពេលបច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់អ្នកគឺជាអ្វីគ្រប់យ៉ាង ពីព្រោះអ្នកប្រើប្រាស់តែងតែស្វែងរកម៉ាកយីហោដែលគួរឱ្យទុកចិត្ត និងមានការផ្តល់សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។

បើយោងតាមគេហទំព័រ Forbes បានឱ្យដឹងថា មធ្យោបាយដ៏ល្អបំផុតក្នុងការកសាងកេរ្តិ៍ឈ្មោះរបស់អ្នក  ទោះបីជាអ្នកទើបតែចាប់ផ្តើមអាជីវកម្មថ្មីក៏ដោយ គឺមានគន្លឹះចំនួន 4 ដូចខាងក្រោម៖

1. ប្រាប់រឿងរ៉ាវរបស់អ្នក (tell your story)

ជាទូទៅ មនុស្សតែងតែមានទំនោរភ្ជាប់ទំនាក់ទំនងជាមួយម៉ាកយីហោនានាយ៉ាងល្អ នៅពេលដែលពួកគេបានយល់ពីមូលហេតុដែលស្ថាបនិកទាំងនោះបានចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។

បង្កើត “about” នៅក្នុងផេករបស់អ្នកដោយបញ្ចូលនូវខ្លឹមសារដែលមានគុណតម្លៃ និងរឿងរ៉ាវរបស់អ្នកនៅលើការបង្ហាញដើម្បីឱ្យអ្នករាល់គ្នាបានឃើញ។ ធ្វើបែបនេះ អ្នកនឹងមានឱកាសអាចចាប់យកទស្សនិកជនថ្មីៗ និងធ្វើឱ្យពួកគេមានជំនឿជឿជាក់ និងមានភាពទុកចិត្តកាន់តែល្អជាងមុន។

លើសពីនេះ រឿងរ៉ាវរបស់អ្នកគួរតែបរិយាយលើសពីគេហទំព័ររបស់អ្នក ដោយអ្នកអាចបញ្ចូលព័ត៌មានពីផេករបស់អ្នកនៅលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់អ្នក ឬបង្កើតវីដេអូដែលបង្ហាញពីរឿងរ៉ាវរបស់អ្នកនៅលើ YouTube។

2. សរសេរមាតិកាដែលមានគុណភាពខ្ពស់

ចូរកុំមើលស្រាយលើទីផ្សារមាតិកា ពីព្រោះវាជាប់ទាក់ទងនឹងកេរ្តិ៍ឈ្មោះម៉ាកយីហោរបស់អ្នក ដូច្នេះត្រូវតែបង្កើតមាតិកាណាដែលមានគុណភាពខ្ពស់ ជាពិសេសបង្កើតជាមាតិកាបែបបៃតង មានន័យថា មាតិកានោះមានខ្លឹមសារល្អ និងមានប្រយោជន៍ជារៀងរហូតដោយមិនងាយសាមសូន្យ។ ធ្វើបែបនេះ ក៏ជាការធ្វើឱ្យចំណាត់ថ្នាក់នៃ SEO មានភាពល្អសម្រាប់មាតិកាដោយជាប់ពាក់ព័ន្ធម៉ាកយីហោរបស់អ្នកកាន់តែល្អ ពីព្រោះមនុស្សកាន់តែងាយស្រួលរកឃើញម៉ាកយីហោអាជីវកម្មរបស់អ្នក។

ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្ម គួរតែរិះរកគ្រប់មធ្យោយបាយដើម្បីបង្កើតមាតិកាដែលមានគុណភាពខ្ពស់ ព្រមទាំងផ្ដល់នូវគុណតម្លៃ​ ព្រមទាំងត្រូវជាមួយនឹងអ្វីដែលអតិថិជនត្រូវការ និងចូលចិត្តខ្លាំង នោះអាជីវកម្មរបស់អ្នក នឹងកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញមិនខាន។

លើសពីនេះ នៅពេលដែលកេរ្តិ៍ឈ្មោះរបស់អ្នកជាអ្នកបង្កើតមាតិការីកចម្រើន នោះមនុស្សកាន់តែច្រើននឹងដឹងអំពីផលិតផល និងសេវាកម្មរបស់អ្នក។

3. រក្សាភាពសកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

បច្ចុប្បន្ននេះ មនុស្សជាង 3.6 ពាន់លាននាក់ កំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយចំនួននោះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 4.4 ពាន់លាននៅឆ្នាំ 2025 ដូច្នេះម្ចាស់អាជីវកម្មអាចទទួលបានភាពសកម្មនៅលើគេហទំព័រអាជីវកម្មផ្ទាល់ខ្លួន និងអាចបម្លែងមនុស្សដែលមានវត្តមាននៅលើបណ្ដាញសង្គមឱ្យក្លាយជាអតិថិជនគោលដៅបានកាន់តែច្រើន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ។

លើសពីនេះ អ្វីដែលកាន់តែសំខាន់នោះ ម្ចាស់អាជីវកម្ម ឬអ្នកទីផ្សារត្រូវតែដឹងថា តើអតិថិជនគោលដៅរបស់អ្នក ភាគច្រើនចំណាយពេលវេលាច្រើននៅលើបណ្ដាញសង្គមមួយណា? Facebook ឬក៏ផ្សេងទៀត? បន្ទាប់មក អ្នកគួរតែពិចារណាលើការបង្កើតផែនការទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចែករំលែកការបង្ហោះខ្លឹមសារមាតិកាពេញនិយមរបស់អ្នកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម។

បន្ថែមពីនេះ អ្នកគួរតែសិក្សាពីបទពិសោធន៍មិនល្អនានារបស់ពួកគេ និងគោលដៅដែលពួកគេចង់បាន បន្ទាប់មក ចាប់ផ្ដើមធ្វើជាអ្នកដោះស្រាយបញ្ហារបស់ពួកគេ និងផ្ដល់ជូននូវអ្វីដែលពួកគេចង់បាន ដោយបង្ហាញនៅលើបណ្ដាញសង្គម នោះប្រហែលជាពួកគេនឹងពិចារណាលើម៉ាកយីហោរបស់អ្នកនៅពេលពួកគេជួបបញ្ហានាពេលអនាគត។

អន្តរកម្មទាំងនេះ មិនយូរប៉ុន្មានទេ មនុស្សនឹងចាប់ផ្តើមមើលឃើញអ្នកជាប្រភពល្បីឈ្មោះ និងគួរជាទីទុកចិត្តបាន នៅពេលពួកគេមានតម្រូវការ ឬមានចម្ងល់ ឬជួបបញ្ហាផ្សេងៗ។

4. រៀន និងទទួលយកមតិកែលម្អ ដើម្បីធ្វើឱ្យរីកចម្រើនជាងមុន

ជាចុងក្រោយ ម៉ាកល្បីឈ្មោះតែងតែរៀនពីមតិ(feedback)កែលម្អ និងធ្វើឱ្យរីកចម្រើន មានន័យថា នៅពេលដែលទទួលបានមតិកែលម្អពីអតិថិជនច្រើនដូចៗគ្នា ឬស្រដៀងគ្នា ដូច្នេះម្ចាស់អាជីវកម្មចាប់ផ្ដើមធ្វើការកែតម្រូវ និងផ្លាស់ប្ដូរលើចំណុចខ្វះខាត ដើម្បីធ្វើឱ្យមានភាពល្អប្រសើរជាងមុន។

លើសពីនេះ អ្នកអាចឈ្វេងយល់បន្ថែមអំពីតម្រូវការរបស់អតិថិជនគោលដៅរបស់អ្នក ដោយការទាក់ទងទៅកាន់អតិថិជនដែលមានស្រាប់។ ប្រើគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ៊ីមែលរបស់អ្នក ដើម្បីសួរអ្នកប្រើប្រាស់សម្រាប់មតិកែលម្អ។ ជាធម្មតាមនុស្សរីករាយក្នុងការឆ្លើយប្រភេទនៃការស្ទង់មតិទាំងនេះ ប្រសិនបើពួកគេចាប់អារម្មណ៍ពិតប្រាកដចំពោះម៉ាកយីហោរបស់អ្នក។ ធ្វើបែបនេះ នៅពេលដែលមនុស្សឃើញថាអ្នកបានស្តាប់អ្វីដែលពួកគេនិយាយ និងបានធ្វើការផ្លាស់ប្តូរ ពួកគេច្បាស់ជានឹងផ្តល់ឱ្យអ្នកនូវមតិកែលម្អបន្ថែមទៀតនាពេលអនាគត។