spot_img
spot_img
Homeអចលនវត្ថុចំណុច ៥ យ៉ាងដែលអ្នកគួរតែដឹងនៅពេលចាប់ផ្តើមទិញផ្ទះដំបូង

ចំណុច ៥ យ៉ាងដែលអ្នកគួរតែដឹងនៅពេលចាប់ផ្តើមទិញផ្ទះដំបូង

-

ការទិញផ្ទះដំបូង គឺជាការសម្រេចចិត្តដ៏ធំមួយក្នុងជីវិត។ វាមិនមែនត្រឹមតែជាការចំណាយលុយនោះទេ តែជាការវិនិយោគរយៈពេលវែងដែលប៉ះពាល់ដល់អនាគតហិរញ្ញវត្ថុរបស់អ្នក។ ដូចនេះ ដើម្បីឱ្យការទិញផ្ទះរបស់អ្នកប្រព្រឹត្តទៅដោយរលូន និងទទួលបានផលចំណេញល្អ អ្នកគួរតែដឹងពីចំណុចសំខាន់ៗទាំង ៥ នេះ៖

១. វាយតម្លៃសមត្ថភាពហិរញ្ញវត្ថុរបស់អ្នកឱ្យបានច្បាស់
មុននឹងចាប់ផ្តើមមើលផ្ទះ អ្នកត្រូវដឹងឱ្យច្បាស់ថា តើអ្នកមានលទ្ធភាពទិញផ្ទះក្នុងតម្លៃប៉ុន្មាន? ដំបូងអ្នកត្រូវគណនាប្រាក់ចំណូល និងចំណាយប្រចាំខែរបស់អ្នក ដើម្បីកំណត់ថា តើអ្នកអាចបង់រំលោះប្រចាំខែបានប៉ុន្មាន? បន្ទាប់មកត្រូវរៀបចំប្រាក់បង់កក់ ដែលជាធម្មតាទាមទារចាប់ពី ១០% ដល់ ៣០% នៃតម្លៃផ្ទះ។ លើសពីនេះ ត្រូវត្រៀមលុយសម្រាប់ថ្លៃចំណាយបន្ថែមផ្សេងៗទៀតដូចជា ថ្លៃមេធាវី ថ្លៃពន្ធដារ និងថ្លៃរត់ការឯកសារ ដែលជាចំណុចដែលមនុស្សជាច្រើនតែងតែមើលរំលង។

២. ស្រាវជ្រាវទីផ្សារ និងជ្រើសរើសទីតាំង
ការជ្រើសរើសទីតាំងផ្ទះគឺសំខាន់ណាស់ អ្នកត្រូវធ្វើការស្រាវជ្រាវទីតាំងដែលសាកសមនឹងតម្រូវការរបស់អ្នក ដោយពិចារណាពីកត្តាដូចជា ភាពងាយស្រួលនៃការធ្វើដំណើរដូចជា ជិតសាលារៀន ឬកន្លែងធ្វើការ សុវត្ថិភាព និងបរិយាកាសរស់នៅ។ លើសពីនេះ ត្រូវពិនិត្យមើលសក្តានុពលនៃការអភិវឌ្ឍន៍នៅក្នុងតំបន់នោះថា តើមានគម្រោងសាងសង់អ្វីថ្មីៗទេ? ព្រោះការអភិវឌ្ឍន៍អាចជួយបង្កើនតម្លៃផ្ទះរបស់អ្នកនាពេលអនាគត។ ជាចុងក្រោយ ត្រូវប្រៀបធៀបតម្លៃផ្ទះនៅក្នុងតំបន់ផ្សេងៗគ្នាដើម្បីទទួលបានតម្លៃល្អបំផុត។

៣. ពិនិត្យមើលផ្ទះដោយយកចិត្តទុកដាក់
នៅពេលទៅមើលផ្ទះ សូមពិនិត្យមើលលម្អិតពីស្ថានភាពជាក់ស្តែងរបស់ផ្ទះ។ ពិនិត្យមើលជញ្ជាំង ដំបូល បរិក្ខារទឹក ភ្លើង និងប្រព័ន្ធខ្យល់ចេញចូល ដើម្បីប្រាកដថាផ្ទះនោះគ្មានបញ្ហាធ្ងន់ធ្ងរ។ ត្រូវសួរព័ត៌មានលម្អិតទៅអ្នកលក់ ឬម្ចាស់ផ្ទះអំពីអាយុកាល ថ្លៃថែទាំប្រចាំខែ និងបញ្ហាផ្សេងៗដែលធ្លាប់កើតឡើង។ ការធ្វើបែបនេះជួយអ្នកឱ្យដឹងពីស្ថានភាពពិតប្រាកដនៃផ្ទះមុននឹងសម្រេចចិត្តទិញ។

៤. ស្វែងយល់ពីជម្រើសកម្ចី និងអត្រាការប្រាក់
ត្រូវពិគ្រោះជាមួយធនាគារយ៉ាងតិច ២-៣ កន្លែង ដើម្បីស្វែងយល់ពីជម្រើសកម្ចី និងអត្រាការប្រាក់។ ត្រូវយល់ឱ្យច្បាស់ពីលក្ខខណ្ឌនៃការខ្ចីលុយ។ លើសពីនេះ ត្រូវដឹងពីភាពខុសគ្នារវាងអត្រាការប្រាក់ថេរ (Fixed Rate) និងអត្រាការប្រាក់ប្រែប្រួល (Variable Rate)។ ការយល់ដឹងពីចំណុចនេះជួយអ្នកជ្រើសរើសកម្ចីដែលសាកសមបំផុត។

៥. រៀបចំឯកសារ និងស្វែងរកជំនួយ
ត្រូវប្រាកដថាអ្នកមានឯកសារត្រឹមត្រូវសម្រាប់ការទិញផ្ទះ។ ប្រសិនបើអាច គួរជួលមេធាវីដើម្បីពិនិត្យមើលកិច្ចសន្យា និងឯកសារទាំងអស់ ព្រោះឯកសារស្របច្បាប់គឺជាការការពារដ៏ល្អបំផុត។ កុំខ្លាចក្នុងការសុំជំនួយពីអ្នកជំនាញដូចជា ភ្នាក់ងារអចលនទ្រព្យ ឬទីប្រឹក្សាហិរញ្ញវត្ថុ ដើម្បីជៀសវាងបញ្ហាផ្សេងៗនៅពេលទិញ។

ជារួម ការទិញផ្ទះដំបូងគឺជាការសម្រេចចិត្តដ៏ធំមួយ។ ដូច្នេះការចំណាយពេលស្វែងយល់ឱ្យបានល្អ នឹងជួយឱ្យអ្នកជៀសវាងបញ្ហា ហើយទទួលបានផ្ទះដែលល្អបំផុតសម្រាប់ខ្លួនឯង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ