6 វិធី ដើម្បីគ្រប់គ្រងការអភិវឌ្ឍអាជីពរបស់អ្នក

121
6 វិធី ដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍អាជីពរបស់អ្នក

ការអភិវឌ្ឍសមត្ថភាព ជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ ដូច្នេះដើម្បីធ្វើឱ្យខ្លួនឯងកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់នៅកន្លែងធ្វើការ អ្នកត្រូវតែចេះគ្រប់គ្រងការអភិវឌ្ឍខ្លួនឯង និងព្យាយាមពង្រឹងសមត្ថភាព ទោះបីជាក្រុមហ៊ុនរបស់អ្នកមិនបានផ្ដល់ជាវគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកក៏ដោយ។

តើធ្វើបែបណាទើបអាចគ្រប់គ្រងការអភិវឌ្ឍអាជីពផ្ទាល់ខ្លួនឱ្យកាន់តែរីកចម្រើន? បើយោងតាមគេហទំព័រ Harvard Business Review បានបង្ហាញពី 6 វិធីយ៉ាង ដើម្បីគ្រប់គ្រងការអភិវឌ្ឍអាជីពរបស់អ្នក ទោះបីជាក្រុមហ៊ុនមិនបានខ្វល់ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកក៏ដោយ។

វីធីទី1. យល់ពីអ្វីដែលអ្នកត្រូវបានវាយតម្លៃ

អ្នកត្រូវដឹងថា អ្វីដែលអ្នកនឹងត្រូវវាយតម្លៃសម្រាប់ខ្លួនឯង និងអ្វីដែលថ្នាក់ដឹកនាំ ឬប្រធាននឹងវាយតម្លៃការងាររបស់អ្នក។ ក្នុងចំណុចនេះ អ្នកអាចសួរខ្លួនឯងថា៖

  • តើភាពជោគជ័យមើលទៅដូចអ្វីនៅក្នុងមុខតំណែងរបស់អ្នក?
  • តើអ្វីជាគោលដៅការងារ និងមាត្រដ្ឋានជោគជ័យរបស់អ្នក?

វាជាការល្អបំផុតក្នុងការកំណត់អត្តសញ្ញាណទាំងនេះ ហើយពិភាក្សាជាមួយនឹងអ្នកគ្រប់គ្រងរបស់អ្នក ប៉ុន្តែប្រសិនបើវាមិនកើតឡើងទេនោះ សូមសរសេរអ្វីដែលអ្នកយល់ពីគោលដៅ និងសូចនាករសំខាន់ៗដែលត្រូវធ្វើ។ បន្ទាប់មក យកវាទៅពិភាក្សាជាមួយនឹងចៅហ្វាយរបស់អ្នកដើម្បីទទួលបានកិច្ចព្រមព្រៀង ឬការអនុម័ត ហើយអាចសុំមតិយោបល់បន្ថែមពីគាត់ ដើម្បីធានាថាអ្នកដើរលើផ្លូវត្រូវ។

វីធីទី2. រកដំណោះស្រាយចំពោះកង្វះខាតផ្ទាល់ខ្លួន

ចូរធ្វើជាបុគ្គលដែលតែងតែបន្តការរៀនសូត្រ និងកែតម្រូវខ្លួនឯងឱ្យមានភាពល្អប្រសើរ ព្រមទាំងត្រូវចេះស្វែងរកមតិកែលម្អពីប្រធាន ថ្នាក់ដឹកនាំដែលពាក់ព័ន្ធ មិត្តភក្តិ មិត្តរួមការងារ និងអ្នកនៅជុំវិញខ្លួន។ ម្យ៉ាងទៀត អ្នកត្រូវតែរៀនចំណាយពេលសន្ទនាជាមួយខ្លួនឯង ដើម្បីសិក្សាពីចំណុចខ្វះខាត និងអ្វីដែលត្រូវពង្រឹងបន្ថែម។ បន្ទាប់មក អ្នកអាចចាប់ផ្ដើមធ្វើបទបង្ហាញ ឬធ្វើកិច្ចប្រជុំ ដើម្បីបង្ហាញពីអ្វីដែលអ្នកគិតថាដំណើរការល្អ ហើយសុំមតិយោបល់បន្ថែមពីអ្នកចូលរួមដើម្បីកែលម្អ។

ចូរធ្វើជាអ្នកស្ដាប់ អ្នករៀន និងចេះកែលម្អខ្លួនឯង ដោយពុំចាំបាច់ឱ្យអ្នកគ្រប់គ្រង ឬថ្នាក់លើបង្រៀនឡើយ គឺវាចាប់ផ្ដើមពីអ្នកខ្លួនឯងជាដំបូងសិន។

វិធីទី3. រៀនជំនាញថ្មីៗដើម្បីពង្រឹងសមត្ថភាព

ទោះបីជាអ្នកបច្ចុប្បន្ននេះ កំពុងធ្វើការងារក្នុងផ្នែកអ្វីក៏ដោយ ឬក៏ជាអ្នកជំនាញលើផ្នែកណាមួយក្នុងមុខតំណែងរបស់អ្នក ប៉ុន្តែអ្នកត្រូវតែបណ្ដុះខ្លួនឯងឱ្យចេះរៀនសូត្រនូវជំនាញថ្មីៗបន្ថែមទៀត។ ហើយជំនាញនោះ ត្រូវតែជាជំនាញដែលអាចជួយឱ្យសមត្ថភាពរបស់អ្នកកាន់តែខ្លាំង និងមានផលិតភាពការងារកាន់តែខ្ពស់។

ឧទាហរណ៍ បច្ចុប្បន្ននេះ អ្នកគឺជាអ្នកលក់ឆ្នើមម្នាក់ ដូច្នេះដើម្បីកាន់តែធ្វើឱ្យខ្លួនឯងកាន់តែរីកចម្រើន និងខ្លាំងបន្តទៀត អ្នកអាចស្វែងរកជំនាញដែលពាក់ព័ន្ធមករៀនបន្ថែម ដូចជាជំនាញចរចា និងជំនាញទីផ្សារជាដើម។

វិធីទី4. បង្កើនភាពមើលឃើញពីសមត្ថភាពរបស់អ្នកជាមួយថ្នាក់ដឹកនាំ

ប្រសិនបើអ្នកជាបុគ្គលដែលមានសមត្ថភាពខ្លាំងពិតប្រាកដ ប៉ុន្តែបើអ្នកមិនចេះពីរបៀបបង្ហាញដល់ថ្នាក់ដឹកនាំបានឃើញពីសមត្ថភាពរបស់អ្នកទេ នោះអ្នកក៏បាត់បង់ឱកាសច្រើនដែរ ដូចជាឱកាសទទួលបានសេចក្ដីទុកចិត្ត ឱកាសឡើងតំណែង ឱកាសធ្វើការងារបានកាន់តែច្រើន និងឱកាសរីកចម្រើនកាន់តែខ្លាំង។

ដូច្នេះចូរអ្នកត្រូវតែចេះពីរបៀបបង្ហាញទៅកាន់ថ្នាក់ដឹកនាំ តាមរយៈការចេះស្ម័គ្រចិត្តសម្រាប់គំនិតផ្ដួចផ្ដើមធ្វើអ្វីមួយ និងបង្ហាញភាពលេចធ្លោររបស់អ្នកឱ្យបានច្រើន។

វិធីទី5. ធ្វើជាអ្នកជំនាញលើផ្នែកដែលសំខាន់ខ្លាំងក្នុងក្រុមហ៊ុន

ទោះបីជាអ្នកកំពុងធ្វើការងារក្នុងមុខតំណែងអ្វីក៏ដោយ ក៏អ្នកត្រូវចេះរៀនសង្កេតមើលពីស្ថានភាពក្រុមហ៊ុនរបស់អ្នក ថាមានចំណុចខ្វះខាតអ្វី ហើយផ្នែកណាដែលសំខាន់សម្រាប់ក្រុមហ៊ុន ប៉ុន្តែខ្វះមនុស្សធ្វើ។ ដូច្នេះនេះជាឱកាសសម្រាប់អ្នក ប៉ុន្តែសំណួរសួរថា តើត្រូវធ្វើដូចម្ដេច? គឺអ្នកអាចចាប់ផ្ដើមសកម្មភាពចូលរួមជាមួយផ្នែកនោះ ព្យាយាមធ្វើការស្រាវជ្រាវសិក្សាបន្ថែម ហើយស្វែងរកអ្នកជំនាញខាងនោះជួយជ្រោមជ្រែង និងហ៊ានបញ្ចេញសមត្ថភាពបន្តិចម្ដងៗ រហូតធ្វើឱ្យខ្លួនក្លាយជាមនុស្សសំខាន់នៅក្នុងក្រសែភ្នែកថ្នាក់ដឹកនាំ និងអាចក្លាយជាអ្នកជំនាញលើផ្នែកនោះ។

វិធីទី6. ស្វែងរកការប្រឹក្សា និងការណែនាំដ៏ល្អ

ការជ្រើសរើសការប្រឹក្ស និងអ្នកណែនាំដ៏ល្អ ជារឿងសំខាន់ ពីព្រោះពួកគេជួយអ្នកឱ្យកាន់តែរីកចម្រើនបានលឿន ប៉ុន្តែផលវិបាកនោះគឺថា មិនដឹងរកពួកគេនៅទីណា?

ជាដំណោះស្រាយ អ្នកអាចសង្កេតមើលអ្នកជុំវិញ និងមនុស្សដែលអ្នកបានជួប ឬបានស្គាល់ទាំងអស់ បន្ទាប់មកធ្វើការវាយតម្លៃ ដើម្បីឱ្យដឹងថា តើមានបុគ្គលណាខ្លះដែលអ្នកអាចទុកចិត្តបាន និងអាចសុំពួកគេក្នុងការប្រឹក្សា និងណែនាំសម្រាប់អ្នក។