spot_img
spot_img
Homeអនុវត្តន៍ហេតុអ្វីត្រូវបង្វឹកក្រុមការងារឱ្យចេះជំនាញសេវាកម្មអតិថិជន ជាជាងគ្រាន់តែជួលមនុស្សឱ្យមកធ្វើការផ្នែកនេះ?

ហេតុអ្វីត្រូវបង្វឹកក្រុមការងារឱ្យចេះជំនាញសេវាកម្មអតិថិជន ជាជាងគ្រាន់តែជួលមនុស្សឱ្យមកធ្វើការផ្នែកនេះ?

-

ជំនាញសេវាកម្មអតិថិជន ភាគច្រើនម្ចាស់អាជីវកម្មយល់ថាវាជារឿងធម្មតា ប៉ុន្តែពួកគេមិនបានដឹងទេថា ផ្នែកនេះជួយក្រុមហ៊ុនពួកគេឱ្យកាន់តែរីកចម្រើនទៅមុខ តាមរយៈការចងចិត្តអតិថិជនជាមួយក្រុមហ៊ុន ដោយមិនមែនគ្រាន់តែប្រើយុទ្ធសាស្រ្តទីផ្សារផ្សព្វផ្សាយទាក់ទាញចំណាប់អារម្មណ៍អតិថិជន និងការលក់ផលិតផលសេវាកម្មជូនពួកគេប៉ុណ្ណោះនោះទេ។ ហើយការចងចិត្តអតិថិជននេះ គឺជាផ្នែកសេវាកម្មអតិថិជនដ៏ល្អរបស់ក្រុមហ៊ុន។

ចូរចងចាំថា អតិថិជនជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុន ពីព្រោះបើក្រុមហ៊ុនគ្មានអតិថិជនគាំទ្រ នោះក្រុមហ៊ុនច្បាស់ជាគ្មានចំណូល ហើយបើគ្មានចំណូលក្រុមហ៊ុនក៏មិនអាចបន្តដំណើរទៅមុខបានដែរ។ ហេតុនេះ ធ្វើបែបណាទើបមានអតិថិជនច្រើននៅក្នុងក្រុមហ៊ុន? ចម្លើយនោះគឺ ការផ្ដល់សេវាកម្មអតិថិជនដ៏ល្អបំផុត ដែលលើសពីការធ្វើទីផ្សារ ការលក់ និងផ្ដល់ផលិតផលសេវាកម្ម។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះទោះបីជាការធ្វើទីផ្សារល្អ​ មានផលិតផលសេវាកម្មល្អ និងមានក្រុមលក់ល្អច្រើនប៉ុណ្ណាក៏ដោយ ក៏វាទាមទារឱ្យមានសេវាកម្មអតិថិជនដ៏ល្អបំផុតផងដែរ បើគ្មានសេវាកម្មអតិថិជនល្អ នោះធ្វើទីផ្សារបានអតិថិជនច្រើនតែដំបូង ហើយក៏បាត់ទៅវិញ។ បើមានផលិតផលសេវាកម្មគុណភាពល្អ ប៉ុន្តែការផ្ដល់សេវាកម្មអតិថិជនធ្វើឱ្យអតិថិជនមិនពេញចិត្ត ឬមានបទពិសោធន៍មិនល្អ ក៏អតិថិជនឈប់មកទិញវិញដែរ។ មួយវិញទៀត បើក្រុមលក់ គ្រាន់តែព្យាយាមដើម្បីលក់ ហើយគ្មានជំនាញសេវាកម្មអតិថិជន ក៏ពិបាកក្នុងការលក់ និងចងចិត្តអតិថិជនឱ្យត្រឡប់មកទិញម្ដងទៀតផងដែរ។ ហេតុនេះ សេវាកម្មអតិថិជនជារឿងដ៏សំខាន់ ដែលម្ចាស់អាជីវកម្មទាំងអស់ ជាពិសេសម្ចាស់អាជីវកម្មបែបជួបភ្ញៀវច្រើន ដូចជាអាជីវកម្មប្រឹក្សាលើការថែរក្សាសម្រស់ អាជីវកម្មបែបភោជនីយដ្ឋាន និងផ្សេងៗទៀត ដែលមិនអាចមើលរំលងបាន។

បន្ថែមពីនេះ សំណួរសួរថា បើផ្នែកសេវាកម្មបម្រើអតិថិជនសំខាន់បែបហ្នឹង តើគួរជួលបុគ្គលិកដែលមានជំនាញផ្នែកសេវាកម្មអតិថិជនឱ្យបានច្រើនឬក៏យ៉ាងណា? ឬម្យ៉ាងទៀត ក្រុមហ៊ុនត្រូវតែមានវគ្គបណ្ដុះបណ្ដាលសម្រាប់ក្រុមការងារពាក់ព័ន្ធនានាក្នុងក្រុមហ៊ុនឱ្យចេះជំនាញនេះឬក៏យ៉ាងណា? តើគួរធ្វើបែបណាទើបល្អ?

ឆ្លើយតបនឹងចម្ងល់នេះ ម្ចាស់អាជីវកម្មគួរតែមានវគ្គបណ្ដុះបណ្ដាលក្រុមការងារឱ្យមានជំនាញសេវាកម្មអតិថិជន ព្រមទាំងរៀបចំក្បួនក្នុងការផ្ដល់សេវាកម្មអតិថិជនឱ្យបានល្អបំផុត ជាជាងគ្រាន់តែសម្រុកជួលបុគ្គលិកផ្នែកសេវាកម្មអតិថិជន ពីព្រោះផ្នែកលក់ ផ្នែកធ្វើទីផ្សារ អ្នកសន្ដិសុខ និងអ្នកអនាម័យដែលរៀបចំក្រុមហ៊ុនឱ្យមានផាសុកភាព ក៏ត្រូវការក្នុងការមានជំនាញនេះ ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានបទពិសោធន៍ល្អៗជាមួយក្រុមហ៊ុនផងដែរ។ ហើយការមានធ្វើឱ្យអតិថិជនមានបទពិសោធន៍ល្អៗ និងមានការពេញចិត្ត គឺពាក់ព័ន្ធនឹងសេវាកម្មអតិថិជន។

បន្ថែមពីនេះ ចំណុចខាងក្រោម នឹងជួយអ្នកក្នុងការគិតពិចារណា។

  1. ចំពោះក្រុមហ៊ុនដែលត្រូវជួបអតិថិជនច្រើន ឬអតិថិជនចេញចូលច្រើន គួរតែកុំព្យាយាមជួលបុគ្គលិកផ្នែកសេវាកម្មអតិថិជនច្រើនឱ្យសោះ ប៉ុន្តែព្យាយាមផ្ដល់សេវាកម្មបណ្ដុះបណ្ដាលបុគ្គលិកពាក់ព័ន្ធទាំងអស់ដែលតែងតែជួបអតិថិជន ឱ្យចេះពីរបៀបផ្ដល់សេវាកម្មអតិថិជនដ៏ល្អ។
  2. កុំគ្រាន់តែជួលបុគ្គលិកផ្នែកសេវាកម្មអតិថិជនឱ្យច្រើន ប៉ុន្តែត្រូវគិតផ្ដោតលើការរៀបចំដំណើរការក្នុងក្រុមហ៊ុនឱ្យមានការផ្ដល់ជូនសេវាកម្មដ៏ល្អ។ នៅក្នុងចំណុចនេះ ម្ចាស់អាជីវកម្មអាចសិក្សារៀនសូត្រផ្នែកនេះ ដើម្បីអាចបន្ដរៀបចំនិងជួយក្រុមការងារឱ្យផ្ដល់សេវាកម្មអតិថិជនល្អ ឬអាចជួលអ្នកជំនាញផ្នែកសេវាកម្មអតិថិជនក្នុងការជួយបណ្ដុះបណ្ដាល ឬរៀបចំក្រុមហ៊ុនអ្នកឱ្យមានដំណើរការផ្ដល់សេវាកម្មអតិថិជនឱ្យបានល្អ ស្របតាមគោលបំណងដែលអ្នកចង់បាន។
  3. អ្នកត្រូវដឹងថា ការដែលផ្ដល់សេវាកម្មអតិថិជនដ៏ល្អ អ្នកនឹងអាចរក្សាអតិថិជនដែលមានស្រាប់ និងទទួលបានអតិថិជនថ្មីៗជាបន្តបន្ទាប់ ព្រមទាំងអាចទទួលបានមតិកែលម្អដ៏ស្មោះត្រង់ពីអតិថិជនដែលពេញចិត្តនឹងក្រុមហ៊ុនរបស់អ្នកពិតប្រាកដ។
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ