spot_img
spot_img
Homeអចលនវត្ថុថ្នាក់ដឹកនាំសមាគម CVEA រំពឹងថានឹងអាចពាំនាំបទពិសោធន៍អាស៊ានមកអភិវឌ្ឍស្តង់ដារនៅកម្ពុជា

ថ្នាក់ដឹកនាំសមាគម CVEA រំពឹងថានឹងអាចពាំនាំបទពិសោធន៍អាស៊ានមកអភិវឌ្ឍស្តង់ដារនៅកម្ពុជា

-

ប្រតិភូដែលជាថ្នាក់នាំសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (Cambodian Valuers And Estate Agents Association ហៅកាត់ថា CVEA ) ដឹកនាំដោយលោក សន សៀបដែលជាប្រធានសមាគមន៍ ធ្វើដំណើរទៅចូលរួមសមាជប្រចាំឆ្នាំរបស់សមាគមន៍អ្នកវាយតម្លៃអាស៊ាន (AVA) ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី 18 – 20 ខែកញ្ញា ឆ្នាំ 2023 នៅប្រទេសម៉ាឡេស៊ី។

សមាគមន៍អ្នកវាយតម្លៃអាស៊ានបានបង្កើតឡើងតាំងពីឆ្នាំ1981 ដែលមានគោលបំណងលើកកម្ពស់ និងពង្រឹងវិស័យហិរញ្ញវត្ថុតាមរយៈការវាយតម្លៃនៅបណ្តាប្រទេសអាស៊ានមានស្តង់ដារខ្ពស់។ លោក សន សៀបដែលជាប្រធានសមាគមបានលើកឡើងថា ការចូលរួមប្រជុំជាប្រចាំឆ្នាំនេះគឺដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងសមាជិកអ្នកជំនាញនៅក្នុងវិស័យវាយតម្លៃនៃបណ្តាប្រទេសអាស៊ាន និងវិស័យអចលនវត្ថុ ក៏ដូចជាបណ្តាប្រទេសអភិវឌ្ឍផ្សេងៗទៀត និងពាំនាំនូវស្តង់ដារវាយតម្លៃអន្តរជាតិដើម្បីអភិវឌ្ឍវិស័យភ្នាក់ងារវាយតម្លៃឲ្យកាន់តែមានការប្រកួតប្រជែងខ្ពស់ជាលក្ខណៈអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយឱកាសផ្សេងៗនៅក្នុងវិស័យអចលនវត្ថុ និងការវិនិយោគនៅកម្ពុជាផងដែរ។

លោក ឧកញ៉ា ចេង​ ខេង សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមន៍CVEA និងជាប្រធានក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CPL បានលើកឡើងថា វាគឺជាមោទនភាពមួយដែលយើងក្នុងនាមតំណាងឲ្យកម្ពុជាធ្វើការរួបរួមជាមួយបណ្តាសមាគន៍នៅតំបន់អាស៊ានដើម្បីលើកកម្ពស់ស្តង់ដារវាយតម្លៃនៅកម្ពុជាឲ្យកាន់តែមានការប្រកួតប្រជែងខ្ពស់។ វាក៏ជាឱកាសសម្រាប់យើងសម្រាប់យើងរៀនសូត្រពីបទពិសោធន៍ថ្មីៗ និងល្អៗ ចំណុចខ្លាំងពីក្រៅប្រទេសរបស់បណ្តាប្រទេសទាំងនោះ ដើម្បីយកមកអភិវឌ្ឍវិស័យវាយតម្លៃ និងវិស័យអចលនវត្ថុនៅកម្ពុជា។ លោកក៏បានបន្តថា មានតែការរួបរួមទេដែលធ្វើឲ្យវិស័យអចលនវត្ថុនៅប្រទេសយើង និងក្នុងតំបន់អាស៊ានកាន់តែមានការប្រកួតប្រជែងទាំងក្នុងតំបន់ និងលើសកលលោក។

នៅក្នុងកិច្ចប្រជុំនេះ លោក សេង សុភ័ក្រ្ត អនុប្រធានប្រតិបត្តិនៃសមាគអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងធ្វើជាអ្នកតំណាងសមាគម និងកម្ពុជា នឹងធ្វើការចែករំលែកបទពិសោធន៍ពីឥទ្ធិពល​នៃផលប៉ះពាល់របស់បរិស្ថាន​មកលើវិស័យវាយតម្លៃអចលនវត្ថុ​ដោយសារតែពិភពលោកបច្ចុប្បន្នកំពុងតែយកចិត្តទុកដាក់ខ្ពស់​ និងមានការព្រួយបារម្ភអំពី​ការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះដែរ លោក ស៊ា ឆៃលីន ដែលជាសមាជិកគណៈកម្មការសមាគមធរុកិច្ច​នៃសមាគមCVEA ក៏នឹងធ្វើបទបង្ហាញស្តីអំពីស្ថានភាពសេដ្ឋកិច្ច និងទីផ្សារអចលនវត្ថុរបស់កម្ពុជា​នៅឆ្នាំ២០២៣នេះ​ និងលើកឡើងអំពីសក្តានុពលក្នុងការវិនិយោគក្នុងវិស័យអចលនវត្ថុនៅកម្ពុជា​ដើម្បីចែករំលែក​នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះផងដែរ។

 

 

គំនិត
គំនិតhttp://www.kumnit.com
គំនិត គឺជាគេហទំព័រ​មួយ​ដែលជួយ​ពង្រឹងចំណេះដឹងទាក់ទង​នឹង​ធុរកិច្ច​ដល់សហគ្រិនខ្មែរ​ដែលកំពុង​តែ​គ្រប់គ្រង និង​ដឹកនាំ​អាជីវកម្មខ្នាតតូច និងមធ្យមរបស់ខ្លួន​ ជាពិសេស​នៅលើយុទ្ធសាស្ត្រទីផ្សារ​សម័យទំនើប ការគ្រប់គ្រង​អាជីវកម្ម ការអភិវឌ្ឍន៍អាជីវកម្ម និង​ការ​រក្សា​កំណើន​រីកចម្រើនអាជីវកម្ម។ ពួកយើងចង់បំផុស​គំនិតច្នៃប្រឌិត គំនិត​នវានុវត្ត និងការ​ចេះដោះស្រាយបញ្ហាអាជីវកម្មដោយខ្លួនឯង ដែលសុទ្ធសឹងតែជាជំនាញ​ចាំបាច់ខ្លាំង​នៅក្នុង​សម័យកាលឌីជីថល។ គំនិត ចង់ឃើញ​សហគ្រិនខ្មែរ អាជីវកម្មខ្មែរ​មាន​ភាព​ប្រកួតប្រជែងខ្ពស់ និង​អាចរីកលូតលាស់​ធំធាត់​យូរអង្វែង និង​អាចឈានជើង​ចូលទីផ្សារ​អន្តរជាតិ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ