ពិភពនៃបញ្ញាសិប្បនិម្មិត (AI) កំពុងតែឈានទៅរកការផ្លាស់ប្តូរដ៏ធំធេងមួយ។ តាមការរយៈកិច្ចពិភាក្សថ្មីៗនៅសារព័ត៌មាន The Economist នេះដែលបានចែករំលែកដោយប្រវត្តិវិទូដ៏ល្បីល្បាញ និងជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុតមួយគឺសៀវភៅ Sapiens: A Brief History of Humankindគឺ លោក Yuval Noah Harari និង អ្នកជំនាញកំពូលផ្នែកAI លោក Mustafa Suleyman បានលើកឡើងថា យើងនឹងឃើញ សមត្ថភាពAI ដែលមានភាពជឿនលឿនជាងពេលបច្ចុប្បន្នរាប់ពាន់ដងក្នុងរយៈពេល5ឆ្នាំខាងមុខ។ វាមិនមែនគ្រាន់តែជាក្បួនដោះស្រាយដ៏ឆ្លាតវៃប៉ុណ្ណោះទេ វាជា AI ដែលអាចបង្កើតមាតិកា រៀបចំផែនការសកម្មភាពនិងអនុវត្ត ហើយអាចផ្លាស់ប្តូរវិស័យទាំងមូលផងដែរ។
ទោះយ៉ាងណាក៏ដោយ ជាមួយនឹងលទ្ធភាពផ្លាស់ប្តូរបែបនេះ វាក៏បានមកជាមួយបញ្ហាប្រឈមសំខាន់ៗផងដែរ។ កង្វល់ដ៏គួរឲ្យបារម្ភបំផុតមួយនោះគឺឥទ្ធិពលរបស់វាលើទីផ្សារការងារពិភពលោក។ ខណៈពេលដែលការលុបបំបាត់ចោលការងារទាំងស្រុងហាក់ដូចជាមិនអាចទៅរួចក៏ដោយ ដំណាក់កាលអន្តរកាលយើងអាចនឹងឃើញវិស័យ និងតំបន់មួយចំនួនប្រឈមមុខនឹងភាពមិនប្រាកដប្រជា។ Harari ចង្អុលបង្ហាញថាវាអាចនឹងជះឥទ្ធិពលដល់ភូមិសាស្ត្រនយោបាយដោយខណៈពេលដែលវិស័យបច្ចេកវិទ្យាមាភាពរីកចម្រើនលឿនស្លេវ យើងនឹងឃើញភាពបាត់បង់ការងារធ្វើ ដែលនាំឱ្យមានវិសមភាពសេដ្ឋកិច្ចសង្គមកាន់តែធំ។
បញ្ហាប្រឈមសំខាន់មួយទៀតគឺ ការទប់ស្កាត់ AI កុំឲ្យដើរហួសដែនកំណត់ ។ Suleyman ដែលជាមនុស្សម្នាក់មានសុទិដ្ឋិនិយមចំពោះអនាគតដែលយើងរស់ជាមួយនឹងAI បានសង្កត់លើ “បញ្ហាប្រឈមនេះ” ហើយជម្រុញឲ្យស្ថាប័នពាក់ព័ន្ធមានវិធានការគ្រប់គ្រង និងត្រួតពិនិត្យការកើនឡើងត្រដែតនៃសមត្ថភាពរបស់ AI ដើម្បីឲ្យសង្គមមានភាពល្អប្រសើរខណៈដែល Harari លើកឡើងក្តីបារម្ភអំពីការលុកលុយបែបដូចមនុស្សភពក្រៅពីសំណាក់AI ឬវាអាចវិវឌ្ឍខ្លួនដល់ចំណុចកំពូលរហូតដល់អាចបង្កើតភ្នាក់ងារដែលបង្កើតដោយAI ដែលធ្វើឲ្យយើងអាចទទួលរងនូវហានិភ័យដែលមិនអាចនឹកស្មានដល់។ អ្នកទាំង២សុទ្ធតែទទួលស្គាល់អត្ថប្រយោជន៍ខ្ពស់ដែលAIបានផ្តល់ និងអាចផ្តល់នាពេលខាងមុខ តែពួកគេបានលើកទឹកចិត្តឲ្យមានការគ្រប់គ្រងឲ្យបានល្អផងដែរ ។
ប្រវត្តិវិទូដ៏ល្បីល្បាញលោក Harari ជាមនុស្សដែលមានក្តីបារម្ភខ្លាំងបំផុត និងសង្ឃឹមថានឹងមានស្ថាប័ន្ធថ្មីមួយ ដែលគួរឱ្យទុកចិត្ត និងរហ័សរហួន ដែលមានសមត្ថភាពយល់ដឹងពីAIខ្ពស់ អាចគ្រប់គ្រង និងឆ្លើយតបទាន់ពេលវេលានៅពេលដែលចាំបាច់ ដើម្បីធានាថាការវិវឌ្ឍន៍គឺស្របទៅតាមតម្លៃ និងសីលធម៌របស់មនុស្ស។
អនាគតដ៏ទំនើបជាមួយនឹងបច្ចេកវិទ្យានឹងមកដល់ក្នុងពេលឆាប់ៗនេះ ដែលអាជីវកម្ម និងយើងគ្រប់គ្នាតិច ឬច្រើននឹងរស់នៅជាមួយនឹងបដិវដ្ឋ AI ។ AIនឹងធ្វើឲ្យមនុស្សជាតិមានការផ្លាស់ប្តូរយ៉ាងធំធេង ហើយនឹងធ្វើឲ្យក្រុមមនុស្សមួយចំនួនទទួលរងនឹងហានិភ័យផងដែរ។ ចង់មិនចង់ យើងមិនអាចគេចផុតពីវាបានឡើយ ព្រោះវាបានចាប់ផ្តើមចូលទៅក្នុងជីវិតរបស់យើង និងជាជំនួយការការងារយ៉ាងចំណានបណ្តើរៗទៅហើយ។ អ្នកដែលអាចរៀនរស់ជាមួយវា ប្រាកដជាមានភាពរីកចម្រើនលឿន ខណៈដែលអ្នកដែលពិបាកនឹងសម្រប នឹងក្លាយទៅជាជនរងគ្រោះនៃសម័យកាលថ្មីនេះ។