តើអ្នកមានដែលចំណាញពេលសញ្ជឹងគិតអំពីបណ្តាំមរតកដែរឬទេ ? វាហាក់ដូចជានៅឆ្ងាយអនេក តែសាកគិតទៅមើល នៅពេលដែលអ្នកគិតចង់សរសេរបណ្តាំមរតកនោះ តើអ្នកនឹងបញ្ចូលអ្វីខ្លះ ?
នៅពេលនោះ យើងតែងគិតដល់សារសម្រាប់សមាជិកគ្រួសារ និងអ្នកជាទីស្រលាញ់រួមជាមួយទ្រព្យសម្បត្តិដែលយើងមាន គឺយើងគិតដល់ទ្រព្យរូបី ដូចជាប្រាក់ អចលនទ្រព្យ សម្ភារៈផ្សេងៗជាដើម ។
ចុះទ្រព្យអរូបី និងកម្មសិទ្ធិទាំងឡាយលើបណ្តាញអ៊ិនធើណិត ? យើងប្រើប្រាស់បណ្តាញអ៊ិនធើណិតជាប្រចាំ ហើយអាចសម្រាច់ប្រតិបត្តិការនានាដូចជាផ្ញើរសារអេឡិចត្រូនិក ចូលក្នុងបណ្តាញសង្គមមានហ្វេសប៊ុក ធ្វីតធ័រ ហ្វ្លីកឃ័រ ឬយូធូបចែករំលែកឯកសារ ពត៌មាន រូបថត និងវីដេអូ ឬក៏ធ្វើការលើបណ្តាយអាជីវកម្ម និងគណនីជួញដូរលើអ៊ិនធើណិត ដោយទាំងនេះចំណាយរយៈពេលយ៉ាងខ្លី ដូចនេះទើបយើងជាទូទៅមិនគិតគូរខ្លាំងថាពេលឆ្ងាយទៅមុខទៀត វត្ថុកម្មសិទ្ធិទាំងនោះនឹងទៅជាយ៉ាងណាឡើយ ។
ច្បាស់ណាស់ថាគ្រប់ក្រុមហ៊ុនប្រព័ន្ធទាំងនេះដាក់ការរក្សាការសម្ងាត់របស់អតិថិជនជាចម្បង ។ តែគណនី និងការសម្ងាត់ទាំងនេះនឹងក្លាយទៅជាយ៉ាងណានៅពេលដែលម្ចាស់គណនីនៃបណ្តាញទាំងនោះទទួលមរណៈភាពទៅ ? ទាំងនេះកាន់តែមានភាពសាំញ៉ាំទៅទៀតប្រសិនបើវាស្ឋិតនៅលើបណ្តាញខ្លោត(Cloud Storage) ។ នេះគឺជាប្រធានបទមួយថ្មីដែលកំពុងចោទឡើងនាឯបស្ចិមប្រទេស ហើយក៏នឹងទទួលការចាប់អារម្មណ៍ជាបន្តបន្ទាប់ដែរនាបូព៌ាប្រទេសក៏ដូចជាប្រទេសកម្ពុជាយើង ។
ហេតុការណ៍មួយចំនួនកើតឡើង កាន់តែធ្វើឲ្យវាក្លាយជាប្រធានបទក្តៅកគុក ។ នោះគឺពេលដែលឳពុកម្តាយកូនទាហានម៉ារីនអាមេរិកម្នាក់ដែលស្លាប់នៅក្នុងសមរភូមិត្រូវឡើងរហូតដល់តុលាការ ដើម្បីគ្រាន់តែអាចចូលក្នុងគណនីសារអេឡិចត្រូនិករបស់កូនពួកគាត់បាន ។ ឯហេតុមួយទៀតគឺបុគ្គលម្នាក់បានស្លាប់ដោយការប្រើប្រាស់គ្រឿងញៀនហួសប្រមាណ ហើយត្រូវបានអ្នកដែលស្គាល់សរសេរឲ្យយោបល់ បកអាក្រាត តិះដៀលយ៉ាងចាស់ដៃដាក់លើទំព័រហ្វេសប៊ុករបស់គាត់ ។ អ្នកគិតមើលថាសមាជិកគ្រួសាររងទុក្ខសោក និងការអាម៉ាស់យ៉ាងណា ដែលត្រូវចំណាយពេលជាច្រើនសប្តាហ៍ទំរាំពួកគាត់អាចដាក់ពាក្យសុំ និងអាចបិទគណនីមួយនោះបាន ។
ចុះបើគេម្នាក់ជាអ្នកគ្រប់គ្រងគេហទំព័រ ឬឃ្លាំងទិន្នន័យដាតាបេសដែលមានសារៈសំខាន់ចំពោះដំណើរការក្រុមហ៊ុន ឬសភាពគ្រួសារ តែសំណាងអាក្រក់គាត់ជួបឧប្បតិ្តវហេតុស្លាប់បាត់បង់ជីវិត ហើយគ្មាននរណាផ្សេងដឹងអំពីកូដសម្ងាត់នៃប្រព័ន្ធទាំងនោះឡើយ ។ ពេលនេះការរក្សាទុក និងការប្រាប់កូដសម្ងាត់ដល់អ្នកតំណាងម្នាក់ពិតមានសារៈសំខាន់យ៉ាងខ្លាំង ។ ដោយហេតុនេះហើយទើបមានក្រុមហ៊ុនមួយបែបថ្មីចាប់កំណើតឡើង សម្រាប់ផ្តល់សេវាកម្មបង្កើតវិធានការ និងផ្តល់ជាជម្រើសដល់អតិថិជនក្នុងការគ្រប់គ្រងទិន្នន័យ និងគណនីក្រោយពេលស្លាប់ ដោយមានជម្រើសឥតគិតថ្លៃ និងបង់ប្រាក់ ។ គេក៏បានបង្កើតគំនិតចាត់ “អ្នកប្រតិបត្តិន៍ឌីជីតាល់” ជាអ្នកដែលខ្លួនទុកចិត្តឲ្យមានសិទ្ធិចូលក្នុងគណនីផ្សេងៗ និងអនុវត្តតាមដែលម្ចាស់នោះចង់បាននៅពេលគេស្លាប់ ថាអ្វីត្រូវលុបចោល អ្វីត្រូវឋិតនៅដដែល ។ ទាំងនេះសុទ្ធតែថ្មីដែលកាលពី ៣ឆ្នាំមុនត្រូវបានមហាជនសើចលេបខាយដាក់ តែត្រូវបានទទួលស្គាល់ថាមានតម្លៃបន្តិចម្តងៗនាពេលបច្ចុប្បន្ន ។
ឧទាហរណ៍មួយចំនួននៃជំហានដែលបណ្ដាញសង្គមល្បីៗអនុវត្តពេលមានអ្នកប្រើប្រាស់ស្លាប់បាត់បង់ជីវិត ៖
ហ្វេសប៊ុក៖ ទទួលយកសំណូមពររបស់គ្រួសារអ្នកស្លាប់ក្នុងការបិទ ឬទុកប្រូហ្វីលជា “ការរំលឹក” ដល់អ្នលស្លាប់គ្រាន់ជាទីសម្រាប់មិត្តសរសេរសេចក្ដីនឹករលឹក និងចែករំលែកទុក្ខសោក ដោយបិទផ្នែកមួយចំនួនដូចជាបច្ចុប្បន្នកាលកម្មស្តេធឺសជាដើម ។ គេត្រូវបង្ហាញអត្តសញ្ញាណ និងលិខិតមរណៈភាព ។
ជីម៉ែល និងយូធូប៖ ក្រុមការងារហ្គូហ្គលនឹងចូលរួមចែករំលែកទុក្ខ តែមិនធានាថានឹងផ្តល់សិទ្ធិចូលទៅក្នុងគណនីអ្នកស្លាប់ឡើយ ។ ឯកសារប្រហាក់ប្រហែលនឹងខាងលើក៏ត្រូវការដែរ រួមថែមអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកស្នើរ និងអ្នកដែលបានស្លាប់ និងលក្ខណៈលំអិតនៃគណនីនោះ។
ហត់ម៉ែល៖ អាចផ្តល់នូវចម្លងនៃអ៊ីម៉ែលទាំងអស់របស់អ្នកស្លាប់ជាថាសស៊ីឌី ក្រោមការប្រកាសអំពីទំនាក់ទំនងជាមួយអ្នកស្លាប់ និងលិខិតផ្តល់សិទ្ធិតាមផ្លូវច្បាប់ ។
ទោះជាយ៉ាងណាក្តី មេធាវីល្បីៗជាច្រើនបានផ្តល់ជាដំបូន្នានដល់ការរក្សាទុក និងបន្ទេរនៃកូដសម្ងាត់នានា ជាច្រើនបែបយ៉ាង ដោយរួមមានការសរសេរកូដគណនីឌីជីតាល់ ពាក្យសម្ងាត់ សំណួរសុវត្ថិភាពទាំងនេះក្នុងបណ្តាំមរតកតាមបែបបុរាណដល់មនុស្សដែលទុកចិត្ត និងការប្រើប្រាស់សេវាកម្មក្រុមហ៊ុនគ្រប់គ្រងបណ្ដាំឌីជីតាល់ជាដើម ។
ដែលប្លែកខុសពីធម្មតាទាំងនេះគឺ «គំនិត» ចង់ចែករំលែកជូនប្រិយមិត្តគ្រាន់ជាការរិះគិតប្រចាំសប្តាហ៍ ។ ចុះអ្នកវិញគិតយ៉ាងណាដែរចំពោះប្រធានបទមួយនេះ ។
ឯកសារយោង៖
http://www.metro.co.uk/news/newsfocus/892795-what-happens-to-your-online-life-after-you-die
http://www.time.com/time/specials/packages/article/0,28804,1920156_1920150_1920148,00.html
http://www.nj.com/cumberland/index.ssf/2012/03/what_happens_to_your_facebook.html
http://bucks.blogs.nytimes.com/2011/01/20/managing-online-accounts-after-death/
ដកស្រង់ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១២