spot_img
spot_img
HomeទូទៅPlagiarism ឬការលួចស្នាដៃនិពន្ធ​គឺជាអ្វី?

Plagiarism ឬការលួចស្នាដៃនិពន្ធ​គឺជាអ្វី?

-

ប្រិយមិត្តប្រាកដជាធ្លាប់ឮញយដងមកហើយពីប្រធានបទស្តីពីការលួចចម្លងស្នាដៃរបស់អ្នកដ៏ទៃ។ “Plagirism” ឬការលួចស្នាដៃនិពន្ធនេះគឺជាប្រធានបទក្តៅគគុកមួយដែលតែងតែលើកឡើងមកនិយាយ ជាពិសេសក្នុងថ្នាក់កម្រិតឧត្តមសិក្សាដើម្បីក្រើនរំឭកដល់បណ្តានិស្សិតទាំងអស់ឲ្យមានក្រមសីលធម៌ល្អក្នុងការធ្វើកិច្ចការសាលា ឬសរសេរសារណា និងនិក្ខេបបទ ចៀសវាងជាដាច់ខាតការលួចចម្លងស្នាដៃរបស់អ្នកដ៏ទៃមកធ្វើជារបស់ខ្លួនដោយមិនមានប្រាប់ពីប្រភពដើមច្បាស់លាស់។ សាកលវិទ្យាល័យជាច្រើនក្នុងពិភពលោកតែងមានវិធានការយ៉ាងតឹងរឹងលើការលួចចម្លងនេះ ហើយប្រសិនបើនិស្សិតណាត្រូវបានរកឃើញថាបានលួចចម្លងស្នាដៃរបស់គេមកធ្វើជារបស់ខ្លួនឯង និស្សិតនោះអាចនឹងប្រឈមមុខនឹងការបណ្តេញចេញពីសាកលវិទ្យាល័យ ឬក៏ជាការពិន័យធ្ងន់ធ្ងរតាមបែបផ្សេងទៀត។ ថ្ងៃនេះ «គំនិត»សូមលើកយកប្រធានបទ “Plagiarism” ឬការលួចម្លងស្នាដៃនេះមកបង្ហាញជូនប្រិយមិត្ត ជាពិសេសសិស្ស និងនិស្សិតទាំងអស់ឲ្យយល់ច្បាស់ពីប្រធានបទនេះ ព្រោះថាវាមានសារៈប្រយោជន៍ណាស់សម្រាប់ជីវិតសិក្សា និងក្នុងអាជីពការងារ។ តើ “Plagiarism” ឬការលួចស្នាដៃនិពន្ធនេះគឹជាអ្វីទៅ?

យោងតាមវចនានុក្រមលើបណ្តាញ Merrian-Webster Online Dictionary, “Plagiarize” មានន័យថា៖

  1. លួចគំនិត ឃ្លា ឬពាក្យរបស់អ្នកដ៏ទៃមកធ្វើជារបស់ខ្លួនឯង
  2. ប្រើប្រាស់ស្នាដៃនិពន្ធរបស់អ្នកដ៏ទៃដោយមិនបានប្រាប់ពីប្រភពដើមឬម្ចាស់ដើម
  3. ប្រព្រឹត្តិការលួចចម្លងអក្សរសាស្ត្រ
  4. ការយកគំនិត ឬផលិផលអ្វីមួយដែលមានរួចហើយមកបង្ហាញថាជាគំនិតថ្មី ឬគំនិតដើម។

សរុបសេចក្តីមក ការលួចចម្លងស្នាដៃ(Plagiarism)គឺជាសកម្មភាពគៃបន្លំគេ។ វារួមបញ្ចូលទាំងការលួចចម្លងស្នាដៃអ្នកដ៏ទៃ និងការភូតភូរពីស្នាដៃនោះ។

តើពាក្យ ឃ្លា និងគំនិតពិតជាអាចលួចបានដែលឬទេ?

សម្រាប់បណ្តាប្រទេសជាច្រើនក្នុងសកលលោក ការបង្ហាញ បញ្ចេញ និងបង្កើតគំនិតដើមគឺត្រូវបានចាត់ទុកថាជាសម្បត្តិបញ្ញវន្ត (Intellectual property) ហើយវាត្រូវបានការពារដោយច្បាប់កម្មសិទ្ធិបញ្ញា ប្រៀបដូចទៅនឹងការច្នៃឬបង្កើតអ្វីដែលថ្មី។ គ្រប់ទម្រង់ទាំងអស់ស្ថិតនៅក្រោមការការពារកម្មសិទ្ធិបញ្ញាប្រសិនបើគំនិត ឬស្នាដៃទាំងនោះត្រូវបានកត់ត្រាទុក ឬរក្សាទុកនៅក្នុងមធ្យោបាយមេឌាផ្សេងៗ ដូចជាសៀវភៅ ឬក៏ជាឯកសារក្នុងកុំព្យូទ័រ)។

ខាងក្រោមនេះគឺជាសកម្មភាពលួចស្នាដៃ៖

  • យកកិច្ចការរបស់អ្នកដ៏ទៃមកធ្វើជារបស់ខ្លួន
  •  ចម្លងពាក្យ ឃ្លា ឬគំនិតរបស់អ្នកដ៏ទៃដោយមិនបានបញ្ចាក់ប្រាប់ពីប្រភព និងម្ចាស់ដើម
  • មិនបានប្រើសញ្ញាអញ្ញប្រកាស (“”)នៅពេលដែលស្រង់ព័ត៌មានឬ សម្តីចេញពីប្រភពណាមួយ
  •  មិនបានផ្តល់ព័ត៌មានត្រឹមត្រូវស្តីពីប្រភពដើមនៃសម្រង់ព័ត៌មានឬសម្តី
  • ចម្លងទម្រង់ឃ្លាដោយគ្រាន់តែកែប្រែពាក្យ ពីប្រភពណាមួយ ហើយមិនប្រាប់ពីប្រភពដើម
  • ចម្លងឃ្លា ឬពាក្យ ឬគំនិត ជាច្រើនពីប្រភពតែមួយ ដែលក្នុងកិច្ចការរបស់អ្នកស្ទើរតែទាំងអស់គឺចេញពីប្រភពនោះ ទោះបីជាអ្នកបានឬមិនបានបញ្ចាក់ពីប្រភពដើមក៏ដោយ។

ចូរចាំថា ទោះបីជាអ្នកផ្លាស់ប្តូរវិធីសរសេរ ឬពាក្យរបស់ប្រភពដើមក៏ដោយ តែវាមិនគ្រប់គ្រាន់សម្រាប់គេចវេសពីការលួចស្នាដៃនោះទេ។ ប្រសិនបើអ្នករក្សាគំនិតដើមរបស់ប្រភពណាមួយយកមកបញ្ចូលក្នុងកិច្ចការរបស់អ្នក ហើយអ្នកមិនបានបញ្ចាក់ពីប្រភពដើមរបស់គំនិតនោះទេ ទោះបីជាអ្នកបានធ្វើការផ្លាស់ប្តូររបៀបសរសេរ ឬប្រើប្រាស់ពាក្យផ្សេងដែលមានន័យដូចយ៉ាងណាក៏ដោយ ក៏អ្នកគេចមិនផុតពីការលួចស្នាដៃអ្នកដ៏ទៃដែរ។

ការលួចស្នាដៃគឺអាចជៀសវាងបាន នៅពេលណាដែលអ្នកបានបញ្ចាក់ពីប្រភពដើមច្បាស់លាស់ ដោយធ្វើការទទួលស្គាល់ថាគំនិតនោះ ឬកិច្ចការនោះត្រូវបានខ្ចីពីប្រភពមួយផ្សេងទៀត។ អ្នកត្រូវតែផ្តល់នូវព័ត៌មានណាដែលចាំបាច់សម្រាប់ឲ្យអ្នកដ៏ទៃអាចរកឃើញពីប្រភពដើមនោះបាន។

ប្រែសម្រួលពី៖ Turnitin.com and Research Resources

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ