លោក ចេក ម៉ា (Jack Ma) ដែលជាស្ថាបនិកក្រុមហ៊ុនយក្សអាលីបាបាដ៏ល្បីល្បាញទូទាំងសកលលោកដែលស្ថិតនៅក្នុងប្រទេសចិនបានឲ្យដឹងថាតាមការប្រមើលមើលរបស់លោក ពិភពលោកនឹងជួបការផ្លាស់ប្តូរដ៏ធំមួយដែលអាចនឹងកើតមានឡើងនៅ៣០ឆ្នាំខាងមុខទៀត។ នោះគឺរលកនៃយុគ្គសម័យថ្មីដែលនឹងមានការប្រើប្រាស់ប្រាជ្ញាសិប្បនិមិត្ត (Artificial Intelligent)ជំនួសការប្រើប្រាស់ប្រាជ្ញាមនុស្ស។
លោក ម៉ាបន្តថារលកថ្មីនេះកំពុងតែបក់មករវើយៗមួយឆ្នាំខ្លាំងជាងមួយឆ្នាំ ហើយនៅពេលដែលរលកនេះបក់មកដល់ពេញទីវានឹងឆក់យកឱកាសការងារចេញពីមនុស្សម្នាកាន់តែច្រើន ហើយច្រើនជាងអ្វីដែលយើងឃើញនាពេលបច្ចប្បន្ន។ មនុស្សខ្លះដែលមានសមត្ថភាពអាចគ្រប់គ្រង់រាល់ការផ្លាស់ប្តូរនិងស្ថានការណ៍ថ្មីដែលរលកនេះនាំមកជាមួយ ពួកគេអាចនឹងមានឱកាសច្រើនក្នុងការក្លាយជាអ្នកមាន។ ក៏ប៉ុន្តែសម្រាប់មនុស្សភាគច្រើន ពួកគេនឹងរងទុក្ខលំបាកដោយសារតែមិនបានដឹងឬមិនមានលទ្ធភាពទប់ទល់នឹងសារស្ថានការណ៍និងបម្លាស់ប្តូរថ្មី។ រលកនៃយុគ្គបចេ្ចកវិទ្យានេះគឺយុគ្គសម័យដែលអ្វីៗគ្រប់យ៉ាងមានការផ្សារភ្ជាប់គ្នានិងបង្កើតឡើងដោយទិន្នន័យ (data)។ ដូច្នេះលោក ម៉ាបានសង្កត់ធ្ងន់លើការសន្មតរបស់គាត់ថាជំនាញដែលពាក់ព័ន្ធទៅនឹងទិន្នន័យនិងការវិភាគលើទិន្នន័យនឹងមានតម្លៃបំផុតក្នុងពេលអនាគត។
ក្រុមហ៊ុនអាលីបាបាបានប្រមូលនិងកាន់កាប់ទិន្នន័យយ៉ាងច្រើនរបស់អតិថិជនខ្លួន។ ចំនួនទិន្នន័យដ៏ច្រើនសន្ធឹកនេះហើយដែលបានឲ្យលោក ម៉ាបានឃើញច្បាស់ ភ្ញាក់ផ្អើលនិងធ្វើការសន្និដ្ខានអំពីទំនោរដែលពិភពលោកកំពុងតែដើរទៅនៅប៉ុន្មានទស្សវត្សខាងមុខនេះ។
លោកបានបញ្ជាក់ថាទិន្នន័យនឹងមានតម្លៃណាស់សម្រាប់ជីវិតរបស់មនុស្សនាពេលអនាគត។
បន្ថែមពីលើនេះលោកបានបញ្ជាក់ថាទិន្នន័យនឹងមានតម្លៃណាស់សម្រាប់ជីវិតរបស់មនុស្សនាពេលអនាគត។
មិនត្រឹមតែលោកម៉ាម្នាក់នោះទេដែលមើលឃើញពីរលកនៃយុគ្គប្រាជ្ញាសិប្បនិមិត្តនិងឲ្យតម្លៃលើការងារដែលទាក់ទងនឹងទិន្នន័យ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនតេស្លា(Tesla)រួមជាមួយស្ពេសអ៊ិច(SpaceX)គឺលោកអេឡន ម៉ូស្ឃ(Elon Musk) គាត់កំពុងតែធ្វើការលើគម្រោងមួយដែលភ្ជាប់ខួរក្បាលមនុស្សទៅនឹងកុំព្យូទ័រដើម្បីពន្លឿនល្បឿនដ៏យឺតក្នុងដំណើរការបកស្រាយទិន្នន័យរបស់ខួរក្បាលមនុស្ស។
ចំណែកឯលោក អ៊ីរិក ស្មីត(Eric Schmidt)ដែលជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនអាល់ហ្វាប៉េត(Alphabet)ដែលជាក្រុមហ៊ុនមេរបស់ហ្គូហ្គល(Google)និងលោកចូណាថាន់ រ៉ូសេនប៊ឺជ(Jonathan Rosenberg)ដែលជាទីប្រឹក្សារបស់លោកនាយកប្រតិបត្តិឡារី ផេក(Larry Page) មានការយល់ស្របទៅលើសេចក្តីសន្និដ្ខានចំពោះចំណេះដឹងលើការវិភាគទិន្នន័យនឹងក្លាយជាជំនាញមួយដែលពេញនិយមនិងមានតម្រូវការខ្លាំងបំផុតនាពេលអនាគត។
លោកស្មីតពន្យល់បន្ថែមថា ចំណេះដឹងលើការវិភាគទិន្នន័យគឺសំដៅលើការយល់ដឹងទៅលើស្ថិតិ និងវិធីសាស្រ្តក្នុងការសំយោងសេចក្តីស្និដ្ខានចេញពីទិន្នន័យធំៗ។ គាត់និយាយ “ខ្ញុំយល់ថាការយល់ដឹងត្រឹមមូលដ្ខាននៃការវិភាគទិន្នន័យគឺមានសារៈសំខាន់ធំធេងណាស់សម្រាប់យុវជនជំនាន់ក្រោយពីព្រោះវាគឺជាពិភពលោកដែលពួកយើងកំពុងតែធ្វើដំណើរទៅកាន់។”
ខ្ញុំយល់ថាការយល់ដឹងត្រឹមមូលដ្ខាននៃការវិភាគទិន្នន័យគឺមានសារៈសំខាន់ធំធេងណាស់សម្រាប់យុវជនជំនាន់ក្រោយពីព្រោះវាគឺជាពិភពលោកដែលពួកយើងកំពុងតែធ្វើដំណើរទៅកាន់។
ប្រភព៖ http://www.cnbc.com