spot_img
spot_img
Homeទូទៅតើអ្វីទៅជាវិស្វកម្ម?

តើអ្វីទៅជាវិស្វកម្ម?

-

នៅ​ប្រទេស​កម្ពុជា​យើង មុខ​វិជ្ជាវិស្វកម្ម​មិន​សូវជា​ពេញ​និយមប៉ុន្មាន​នោះ​ទេ ហើយ នៅ ពេល​ដែល​គេ​និយាយ​ពីមុខវិជ្ជា​វិស្វកម្ម (Engineering) នោះ គឺគេច្រើន​សំដៅលើ​វិស្វកម្ម​សំណង់​ស៊ី​វិល​។ ហេតុ​ដូចនេះ​ហើយ ដើម្បី​អោយ​មាន​ការ​យល់​ដឹង​កាន់​តែ​ទូលំទូលាយ​អំពី​មុខវិជ្ជា​នេះ ថ្ងៃ​នេះគេហទំព័រ​គំនិត​សូម​លើកយក​អត្ថ​បទ​នេះ មក​បកស្រាយ។  ពាក្យ​ថា​​វិស្វកម្ម​នេះ​គឺមាន​ន័យ​ទូលំ​ទូលាយ​ណាស់ ហើយ​វា​ត្រូវ​បាន​បែង​ចែក​ចេញ​ជា​ច្រើន​ផ្នែកមាន​ដូចជា វិស្វកម្ម​សំណង់​ស៊ី​វិល ដែល​ជា​មុខវិជ្ជា​ពេញ​និយម​ជាង​គេក្នុង​ចំណោម​មុខ​វិជ្ជា​វិស្វកម្ម​ទាំង​អស់​នៅ ក្នុង​ប្រទេស​កម្ពុជា។ ក្រៅ​ពី​នេះ នៅ មាន​ជំនាញ​វិស្វ​កម្ម​ផ្សេងៗ​ទៀត​ដូចជា វិស្វកម្ម​អេឡិចត្រូនិក វិស្វកម្ម​មេកានិក វិស្វកម្ម​កុំព្យូទ័រ វិស្វកម្មរ៉ែ​ និង​ប្រេងកាត វិស្វកម្ម​បរិស្ថាន វិស្វកម្មថាម​ពល​នុយ​ក្លេអ៊ែរ វិស្វកម្មចំនី​អាហារ និង​វិស្វកម្ម​ដ៏ទៃ​ជា​ច្រើន​ទៀត។

មុខ​ជំនាញ​វិស្វកម្ម​ទាំងអស់​គឺ​ត្រូវ​បាន​បង្កើត​ឡើង ដោយធ្វើ​ការ​រួមបញ្ចូលមុខ​វិជ្ជា​វិទ្យាសាស្ត្រ​ពិតដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​មុខ​វិទ្យា​សាស្ត្រ​ដ៏ទៃ​ទៀតដែល​ទាក់​ទង​មក​ធ្វើ​ជា​ជំនាញ​មួយ​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហាដែលកើតមានឡើង​នៅ​ក្នុង​ពិភពលោក​យើង​នេះ។ វិស្វករ គឺជាអ្នក​ដែល​ដោះ​ស្រាយ​បញ្ហា ជាអ្នក​ដែលធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវច្នៃ​ប្រឌិត និង​​បង្កើត​នូវ​ឧបករណ៍​ថ្មីៗ ដើម្បី​ធ្វើ​អោយជិវិត​រស់​នៅ​របស់​យើង​កាន់តែ​ប្រសើរ​ឡើង។ ឧបករណ៍ និង​របស់​របរ​ជា​ច្រើន​ដែល​អ្នក​ធ្លាប់​ប្រើប្រាស់ ឬស្គាល់ ដូចជា ស្ពាន​ដែល​អ្នក​ធ្លាប់​ឆ្លង​កាត់ ឡាន​ដែល​អ្នក​ធ្លាប់​បាន​បើកបរ ទូរស័ព្ទ​ទំនើបៗ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ និង​គ្រឿង​អេឡិចត្រូនិក​ដ៏ទៃៗ​ទៀត​ជាច្រើនសុទ្ធ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិស្វករ សំណង់​ស៊ី​វិល អេឡិចត្រូនិក និង​មេកានិក​ដ៏ចំណានៗ។ វិស្វករ គឺជា​អ្នក​ដែល​កែ​ច្នៃវត្ថុ​ធាតុ​ដើម(រ៉ែ)ដែល​មាន​ចំនួន​កំណត់​នៅ​លើ​ផែនដី​យើង​ អោយ​ក្លាយជាវត្ថុ​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ និង​ប្រទេស​ជាតិ។

អ្នកប្រាកដជាបាន​ដឹងហើយ​ថា គ្រឿង​អេឡិចត្រូនិក​ពីមុនគឺ​មាន​តម្លៃ​ថ្លៃ ដែល​មនុស្ស​ភាគ​ច្រើន​មិន​មាន​សមត្ថភាព​ក្នុង​ការ​ផ្គត់​ផ្គង់​នូវ​តម្លៃ​របស់​វា​បាន។ មិន​តែ​ប៉ុណ្ណោះ សមត្ថភាពនិង​ផលប្រយោជន៍​​របស់​គ្រឿង​អេឡិចត្រូនិកទាំងនោះ គឺ​នៅមាន​កង្វះ​ខាត​ច្រើន​នៅ​ឡើយ។  ប៉ុន្តែ​ដោយ​សារ​ការ​ខិតខំ​សិក្សា​ស្រាវ​ជ្រាវ និង​គំនិត​ច្នៃ​ប្រឌិត​របស់​ពួក​វិស្វករដ៏ចំណាន​ៗ ធ្វើ​អោយ​វត្ថុ​ទាំង​នោះ​កែ​ប្រែ​មុខ​មាត់​ថ្មី ដូចជា​តម្លៃ​ថោក​ជាង​មុន​ និង​មាន​សមត្ថ​ភាព​កាន់​តែ​ច្រើន​ជាង​មុន។

សម្រាប់​ប្រទេស​អភិវឌ្ឍ ជំនាញ​វិស្វកម្ម គឺ​ជា​មុខ​វិជ្ជា​ដែល​ពេញនិយម និងជា​ជំនាញ​ដែល​ទទួល​បាន​ប្រាក់​បៀវត្សន៍​ច្រើន​ជាងគេក្នុង​ចំណោម​មុខជំនាញ​ដ៏ទៃ(លើកលែង​តែវេជ្ជបណ្ឌិត)។ មិន​តែ​ប៉ុណ្ណោះ​ មុខជំនាញ​​នេះ ជាមុខជំនាញ ​ដែលមាន​អត្រាគ្មាន​​ការងារ​ធ្វើ​តិច​បំផុត​បើ​ធៀប​ទៅ​នឹង​ជំនាញដ៏​ទៃ​ទៀត។ សម្រាប់​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នោះ ជំនាញ​វិស្វ​កម្ម​គឺជា​ជំនាញ​ដែល​មិន​អាច​ខ្វះ​បាន​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ធនធាន​មនុស្ស​ផ្នែ​កវិស្វកម្ម​ក្នុង​ប្រទេស​យើង​នៅ​មាន​កម្រិត​នៅ​ឡើយ។ រីឯ​ចំនួន​និស្សិត​ដែល​សិក្សា​ចាប់​យក​មុខ​ជំនាញ​វិស្វកម្មនេះ គឺ​មាន​តិច​តួច​បំផុត​បើ​ប្រៀប​ធៀប​ទៅ​នឹង​មុខ​វិជ្ជា​ដ៏ទៃ​ទៀត។ សង្ឃឹម​ថាទៅ ថ្ងៃ​ខាង​មុខ ប្រទេស​កម្ពុជា​យើង​នឹង​សម្បូរណ៍​ធនធាន​មនុស្ស​ផ្នែក​វិស្វកម្ម ដើម្បី​ជួយ​ជុំ​រុញ​ការ​អភិវឌ្ឍន៍​អោយ​កាន់​តែ​ប្រ​សើរ។

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ