spot_img
spot_img
HomeគំនិតPlusលក្ខណៈពិសេសនិងយុទ្ធសាស្រ្តទីផ្សារដ៏ជោគជ័យរបស់ហាងកាហ្វេ​ភ្លេងច័ន្ទ(Pleng Chan)

លក្ខណៈពិសេសនិងយុទ្ធសាស្រ្តទីផ្សារដ៏ជោគជ័យរបស់ហាងកាហ្វេ​ភ្លេងច័ន្ទ(Pleng Chan)

-

 

យើងសង្កេតឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យអាជីវកម្មហាងកាហ្វេកំពុងតែមានការរីកដុះដាលយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ អំទ្បុងពេលដែលហាងកាហ្វេជាច្រើនចាប់ផ្តើមបើកដំណើរការអាជីវកម្មរបស់ខ្លួនក៏មានហាងកាហ្វេខ្លះបាន​ខាតបង់ ក្ស័យធន​ហើយក៏បានបិទទៅវិញ។ ដូចដែលអ្នកបានដឹងស្រាប់ហើយថាការបើកហាងកាហ្វេមួយមិនសូវជាពិបាកប៉ុន្មានទេតែអ្វីដែលពិបាកនោះគឺការធ្វើយ៉ាងណាដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចឈរជើង រីកចម្រើននិងដណ្តើមបាននូវចំណែកទីផ្សារនៅក្នុងបរិបទដែលពោរពេញទៅដោយការប្រកួតប្រជែងមួយនេះបាន ។

តើគួរតែធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនស្គាល់និងចូលចិត្តមកហាងរបស់អ្នកកាន់តែច្រើន ?
តើធ្វើយ៉ាងណាដើម្បីឲ្យហាងរបស់អ្នកក្លាយទៅជាជម្រើសទីមួយនៅក្នុងចិត្តរបស់ពួកគេ ?

នៅក្នុងអត្ថបទនេះយើងនឹងលើកយកនូវហាងកាហ្វេដ៏ល្បីឈ្មោះមួយមកធ្វើការពិព័ណ៌នានិងបកស្រាយអំពីយុទ្ធសាស្រ្តទីផ្សារដែលធ្វើឲ្យហាងកាហ្វមួយនេះទទួលបាននូវភាពជោគជ័យនិងការគាំទ្រយ៉ាងច្រើនជាពិសេសពីស្រទាប់យុវវ័យ ។

ភ្លេងច័ន្ទគឺជាហាងកាហ្វេមួយដែលផ្តល់ជូនអតិថិជននូវ កាហ្វេដែលប្រកបទៅដោយគុណភាព ជម្រើសនៃភេសជ្ជៈ និង អាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ ។ ហាងកាហ្វេមួយនេះក៏មាននូវលក្ខណៈពិសេសនិងយុទ្ធសាស្រ្តទីផ្សារប្លែកៗពីគេជាច្រើនដែលគួរឲ្យកត់សម្គាល់ផងដែរ។

១ .​សោភ័ណ្ឌភាពនិងបរិយាកាសនៅក្នុងហាង

 

 

 

ហាងកាហ្វេដែលជោគជ័យភាគច្រើនមិនត្រឹមតែផ្តល់ជូនអតិថិជននូវកាហ្វេឬភេសជ្ជៈតែប៉ុណ្ណោះទេ​អ្វីដែលលើសពីនេះទៅទៀតនោះគឺជាអារម្មណ៍និងបរិយាកាសនៃការញុំាកាហ្វេ។ម្ចាស់អាជីវកម្មហាងកាហ្វេជាច្រើនបានមើលរំលងនូវចំណុចដ៏ពិសេសមួយនេះដែលជាហេតុធ្វើឲ្យអាជីវកម្មរបស់ពួកគេពុំសូវទទួលបានភាពជោគជ័យទ្បើយ ​។​​​ និយាយដល់ចំណុចនេះ​ហាងកាហ្វេភ្លេងច័ន្ទគឺពិតជាធ្វើបានយ៉ាងល្អខ្លាំងណាស់​។ នៅពេលដែលអ្នកឈានជើងដើរចូលទៅក្នុងហាងកាហ្វេមួយនេះ អ្នកប្រាកដជាពេញចិត្តជាមួយនឹងបរិយាកាសនៅក្នុងហាងដែលពោរពេញទៅដោយសោភ័ណ្ឌភាពនិងការរៀបចំតុបតែងប្រកបដោយភាពច្នៃប្រឌិតនិងគួរឲ្យទាក់ទាញគ្មានទាស់ភ្នែកកន្លែងណាទ្បើយ។ ការរៀបចំបរិយាកាសនៅក្នុងហាងកាហ្វេនេះគឺតម្រូវទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជនស្ទើរតែគ្រប់ប្រភេទ ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាវាមិនត្រឹមតែជាហាងកាហ្វេធម្មតាតែជាកន្លែងដែលអាចសម្រាកនិងចំណាយពេលទៅលើអ្វីដែលពួកគេចូលចិត្តទៅវិញ ។ ភ្លេងច័ន្ទក៏បានបង្កើតជាបន្ទប់ប្រជុំខ្នាតតូចសម្រាប់បុគ្គលិកឬម្ចាស់អាជីវកម្មជួបជុំពិភាក្សាការងារផ្សេងៗប្រកបដោយលក្ខណះស្ងប់ស្ងាត់និងឯកជនក៏ដូចជាសម្រាប់​សិស្សនិស្សិតក្នុងការសិក្សាស្រាវជ្រាវ​និងជួបជុំពិភាក្សាជាមួយមិត្តភក្តិប្រកបដោយភាពសប្បាយរីករាយផងដែរ ។  យ៉ាងណាមិញហាងកាហ្វេមួយនេះក៏មាននូវសៀវភៅដ៏សម្បូរបែបរាប់ពាន់ក្បាលសម្រាប់អតិថិជនដែលចូលចិត្តការអានដើម្បីមកសម្រាកកម្សាន្តនិងអាននូវសៀវភៅដែលពួកគេចូលចិត្ត។ លើសពីនេះទៅទៀតភ្លេងច័ន្ទក៏បាននូវឧបករណ៍តន្រ្តីនានាសម្រាប់អតិថិជនដែលចូលចិត្តលេងនូវតន្ត្រីមកសម្រាកកម្សាន្តនិងលេងនូវឧបករណ៍ទាំងនោះទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។​​

 

 

 

ជារួមនេះគឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការទាក់ទាញ និងផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អជាមួយអតិថិជនដោយធ្វើឲ្យពួកគេមានអារម្មណ៍ថាអ្នកជាផ្នែកមួយនៃចំណង់ចំណូលចិត្តរបស់ពួកគេ។​​​​​ ដូច្នេះហើយការដែលអ្នកព្យាយាមបំពេញនូវតម្រូវការនិងចំណង់ចំណូលចិត្តរបស់អតិថិជនគឺពិតជារឿងដែលសំខាន់និងចាំបាច់ណាស់សម្រាប់អាជីវកម្ម ។

 

២ .កសាងនូវគុណតម្លៃនៃអាជីវកម្ម

​វាជាការពិតណាស់ដែលថាអ្នកបង្កើតអាជីវកម្មទ្បើងដើម្បីទាញយកប្រាក់ចំណូលពីអតិថិជន​ ។​​ ប៉ុន្តែការធ្វើអាជីវកម្មមួយឲ្យបាន​ជោគជ័យនិងយូរអង្វែរមិនមែនផ្តោតសំខាន់ទៅលើតែការលក់តែមួយមុខនោះទេ​​។ អ្វីដែលលើសពីនេះទៅទៀតនោះគឺជាការកសាងនូវទំនាក់ទំនងដ៏ល្អបំផុតជាមួយអតិថិជនទើបពួកគេអាចនៅជាមួយអ្នកបានយូរ​អង្វែង។​​​​​​​ ​ ជាក់ស្តែងដូចជាអ្វីដែលភ្លេងច័ន្ទបានធ្វើកន្លងមកនេះគឺពួកគេព្យាយាមបង្កើតនូវគុណតម្លៃដ៏ល្អនិងមានប្រយោជន៍ជាច្រើនជូនដល់អតិថិជន​​​តាមរយៈការផ្តល់ជូននូវវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃផ្សេងៗរួមមាន​ វគ្គគូរគំនូរ ថតរូប​ លេងឧបករណ៍តន្រ្តី​ ជាដើម។​ ក្រៅពីនេះពួកគេក៏បានបង្កើតនូវសិក្ខាសាលាខ្លីៗដោយអញ្ជើញនូវវាគ្មិនល្បីៗជាច្រើនរូបដើម្បីមកចែករំលែកបទពិសោធន៍និងចំណេះដឹងក្នុងគោលបំណងជួយពង្រឹងសម្ថភាពដល់សិស្ស​ និស្សិតនិង​ អ្នកធ្វើការ​​​​​​​​​​​​​​​ជាដើម​ ​។​ ជាលទ្ធផលពួកគេទទួលបាននូវការគាំទ្រនិងការស្រលាញ់ចូលចិត្តពីអតិថិជនយ៉ាងច្រើន។

អាស្រ័យហេតុនេះក្នុងនាមជាម្ចាស់អាជីវកម្មអ្នកគួរតែព្យយាមរិះរកនិងបង្កើតនូវគុណតម្លៃសម្រាប់អតិថិជនរបស់អ្នកឲ្យបានច្រើនហើយព្យាយាមថែរក្សាពួកគេឲ្យបានល្អនោះពួកគេនិងក្លាយទៅជាណែនាំអំពីអាជីវកម្មរបស់អ្នកទៅកាន់មនុស្សជុំវិញខ្លួនពួកគេជាក់ជាមិនខាន។​​ អ្នកកាន់តែផ្តល់នូវតម្លៃទៅឲ្យពួកគេច្រើនប៉ុណ្ណា ពួកគេនឹងក៏នឹងផ្តល់នូវផលតបស្នងឲ្យអ្នកកាន់តែច្រើនប៉ុណ្ណោះដែរ​​ ។​ ពួកគេមិនមែនត្រឹមតែជាអតិថិជនធម្មតានោះទេ​ ផ្ទុយទៅវិញពួកគេគឺជាអ្នកគាំទ្រដ៏ស្មោះត្រង់នៃអាជីវកម្មរបស់អ្នក​។

៣​ .ការអនុវត្តន៍នូវយុទ្ធសាស្រ្តទីផ្សារឌីជីថល

មធ្យោបាយដ៏ល្អបំផុតដែលអាចធ្វើឲ្យអតិថិជនស្គាល់និងចងចាំពីអាជីវកម្មរបស់អ្នកនោះគឺតាមរយៈការធ្វើទីផ្សារឌីជីថល។  ភ្លេងច័ន្ទបានចាប់យកចំណុចនេះជាគោលហើយអនុវត្តន៍បានយ៉ាងល្អប្រកបទៅដោយភាពជោគជ័យ ។ ហាងកាហ្វេមួយនេះតែងតែធ្វើការថតរូបភាពប្រកបទៅដោយសោភ័ណ្ឌភាពនិងវីដេអូដែលណែនាំអំពីភេសជ្ជៈនិងមុខម្ហូបដ៏ឆ្ងាញ់ពិសារជាច្រើនហើយផ្សព្វផ្សាយនៅតាមបណ្តាញសង្គមដើម្បីឲ្យអតិថិជនបានឃើញ។ បន្ថែមពីនេះទៅទៀត ពួកគេក៏បង្កើតជាវីដេអូសាច់រឿងយុវវ័យខ្លីៗដោយផ្តិតយកនូវបរិយាកាស​នៅក្នុងហាងដើម្បីឲ្យអ្នកដែលទស្សនាវីដេអូទាំងនោះបានស្គាល់និងនឹកចាំពីហាងកាហ្វេរបស់ពួកគេ ។ដូចដែលអ្នកបានដឹងស្រាប់ហើយថានៅក្នុងបណ្តាញសង្គម ចំពោះវីដេអូណាដែលគួរឲ្យចាប់អារម្មណ៍តែងតែទទួលបាននូវការចែករំលែក(Share)កាន់តែច្រើនដែរ​​។​ នៅពេលដែលមានអ្នកចែករំលែកកាន់តែច្រើនឱកាសដែលមានអ្នកឃើញនិងស្គាល់នូវហាងកាហ្វេរបស់ពួកគេក៏ច្រើនដែរ​​​ ។​ នេះគឺជាវិធីក្នុងការ​ផ្សព្វផ្សាយអាជីវកម្មមួយដ៏ល្អនិងមានប្រសិទ្ធិភាពខ្ពស់ផងដែរ​​​​​​​។​​ លើសពីនេះទៅទៀតពួកគេក៏បង្កើតនូវការលែងហ្គេមងាយៗនៅតាមបណ្តាញសង្គម​​ដើម្បីបង្កើនចំនួយ​ Like និង Share ហើយផ្តល់រង្វាន់ដល់អតិថិជនណាដែលបានឈ្នះផងដែរ ។​ ​ទាំងនេះហើយគឺជាយុទ្ធសាស្រ្តទីផ្សារឌីជីថលដែលអាចជួយបង្កើនកេរ្តិ៍ឈ្មោះនិងរូបភាពនៃអាជីវកម្មបានយ៉ាងល្អ ៕

 

 

Sreylin Earng
Sreylin Earnghttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ