ថ្ងៃនេះ គេហទំព័រគំនិតសូមណែនាំការពិសោធមួយទៀតដែលងាយស្រួលអនុវត្ត និងអាចអោយអ្នកយកទៅលែងកំសាន្តជាមួយនឹងមិត្តភ័ក្តិ ឬក៏ក្រុមគ្រួសាររបស់អ្នក។ ការពិសោធន៍នេះមានចំណងជើងថា “តើដុតប៉េងប៉ោងយ៉ាងម៉េចកុំអោយផ្ទុះបែក?” ។
ឧបករណ៍៖ ឈើគូស ឬដែកកែស ទាន ប៉េងប៉ោង ទឹក។
វិធី៖
– ដុតបំភ្លឺទៀន ដោយឈើគូស ឬដែកកែស។
-បន្ទាប់មក យកប៉េងប៉ោងដែលផ្លុំរួចចងអោយក្របួចក្បាលអោយជិតល្អ ហើយដាក់វានៅលើភ្លើងទៀន។ អ្នកនឹងឃើញថា ប៉េងប៉ោងនោះនឹងឆេះហើយផ្ទុះមួយរំពេច។
-យកទឹកច្រកបញ្ចូលក្នុងប៉េងប៉ោងនោះ ហើយផ្លុំបំប៉ោងវាហើយចងអោយជាប់។ បន្ទាប់មកយកប៉េងប៉ោងទៅដាក់លើភ្លើងទៀនម្តងទៀត។ អ្នកនឹងសង្កេតឃើញថា ប៉េងប៉ោងនោះ នឹងមិនផ្ទុះភ្លាមៗឡើយ ហើយវាស្ថិតក្នុងស្ថានភាពបែបនេះប្រហែល១ ទៅ២នាទី អាស្រ័យទៅលើចំនួនទឹកដែលអ្នកបានបញ្ច្រកចូលទៅក្នុងប៉េងប៉ោងនោះ។
មូលហេតុៈ ការដែលប៉េងប៉ោងមិនផ្ទុះ គឺដោយសារតែទឹកបានស្រូបយករាល់កំដៅដែលបានបញ្ចេញដោយភ្លើងទៀន ដែលធ្វើអោយប៉េងប៉ោងមិនឡើងកំដៅ។ កំដៅជាក់លាក់របស់ទឹកគឺមានកម្រិតខ្ពស់ជាងសារធាតុឯទៀត ដែលធ្វើអោយវាមានសមត្ថភាពក្នុងការស្រូបយកកម្តៅដោយមិនធ្វើសីតុណ្ហភាពឡើងកម្តៅបានរហ័ស។