ចំនុចដ៏សំខាន់បំផុតនោះគឺ លោកអ្នកគួរតែកំណត់នូវចំនួនសាច់ប្រាក់ដែលអ្នកចង់វិនិយោគឲ្យបានច្បាស់ថា “ តើលោកអ្នកមានលទ្ធភាពនៅក្នុងការទិញអចលនវត្ថុបានកម្រិតណា ? “
ឧទាហរណ៍ថា លោកអ្នកចង់ទិញនូវអចលនវត្ថុដែលមានតម្លៃ ១០ ម៉ឺនដុល្លារ តើលោកអ្នកគួរត្រៀមបែបណាខ្លះ ?
ជាទូទៅលោកអ្នក គួរតែមាន ២០% ទៅ ៣០% នៃតម្លៃអលនវត្ថុសរុប ដែលមានន័យថា បើសិនជាលោកអ្នក ចង់ទិញអចលនវត្ថុ ១០ ម៉ឺនដុលា្លរនោះលោកអ្នកត្រូវតែមានយ៉ាងតិច ២ ម៉ឺនដុល្លារដើម្បីបង់ជាមួយនឹងខាងម្ចាស់អចលនវត្ថុ ហើយសល់ ៨០% ទៀតលោកអ្នកត្រូវសិក្សាថា “ តើលោកអ្នកគួរយកមកពីណា ? “ តើគួរទទួលយកកម្ចីពីធនាគារ ឬ ក៏លោកអ្នកមានប្រភពផ្សេង?
ជាទូទៅបើសិនជាលោកអ្នកទទួលយកកម្ចីពីធនាគារក្នុងចំនួនទឹកប្រាក់ ៨ ម៉ឺនដុល្លារហើយលោកអ្នកជ្រើសរើសការបង់រំលោះរយៈពេលវែងអាចថារហូតដល់ ២០ ឆ្នាំ ។ ដូច្នេះការបង់ប្រចាំខែគឺយើងត្រូវបង់ប្រហែល ៧០០ ដុល្លារក្នុងមួយខែ ។ តែបើសិនជាចំណូលរបស់លោកអ្នកនៅក្នុងមួយខែមានត្រឹមតែ ៧០០ ដុល្លារ នោះលោកអ្នកមិនអាចទៅខ្ចីពីធនាគារ ហើយបង់លុយប្រចាំខែដែលលោកអ្នករកបានទាំងអស់ទៅឲ្យធនាគារបានទេ ។
ដូច្នេះជាទូទៅ លោកអ្នកត្រូវមានប្រាក់គុណនឹង ២ នៃប្រាក់ដែលលោកអ្នកត្រូវបង់ឲ្យខាងធនាគារ ។ បើសិនជាត្រូវបង់ទៅឲ្យធនាគារចំនួន ៧០០ ដុលា្លរ ដាច់ខាតលោកអ្នកត្រូវតែមាន ចំណូលប្រចាំខែចំនួន ១៤០០ ដុល្លាយ៉ាងតិច ។
ក្នុងករណីមួយទៀតបើសិនជាអចលនវត្ថុដែលលោកអ្នកចង់ទិញនោះ គឺជាប្រភេទផ្ទះនៅក្នុងបុរីវិញ គឺបុរីខ្លះអាចមានលក្ខខណ្ឌបង់ប្រាក់ល្អអាចថា ២០% ដំបូង លោកអ្នកមិនចាំបាច់មានលុយទាំងអស់នោះទេ ។ លោកអ្នកអាចបង់រំលស់ជាដំណាក់កាលដោយឥតការប្រាក់ ក្នុងរយៈពេលណាមួយ ដែលបានកំណត់ដោយខាងបុរី។ បន្ទាប់មកនៅពេលដែលលោកអ្នកបានបង់គ្រប់ចំនួន ២០% ហោយ គឺលោកអ្នកអាចសិក្សាបន្ត ថាតើគួរជ្រើសរើសយកការបង់ប្រាក់បន្តជាមួយខាងបុរី ឬក៏ធ្វើការរំលស់ជាមួយធនាគារ ។
នេះគឺជាចំនុចសំខាន់មែនទែន បើសិនជាលោកអ្នកមិនអាចកំណត់ថា តើលោកអ្នកមានលទ្ធភាព ប៉ុណ្ណាដើម្បីទិញអចលនវត្ថុទេ នោះលោកអ្នកនឹងមិនអាចទិញអលចនវត្ថុដែលធ្វើឲ្យលោកអ្នកចំណេញបានទេ ។ ពេលខ្លះ បើសិនជាលោកអ្នកទិញអចលនវត្ថុលើសពីសមត្ថភាព នោះនៅក្នុងដំណាក់កាលមួយលោកអ្នកនឹងលែងមានលទ្ធភាពក្នុងការបង់បន្ត ហើយលោកអ្នកនឹងត្រូវបង្ខំចិត្តដាក់លក់អចលនវត្ថុនោះចេញទៅវិញដោយខាត ។