spot_img
spot_img
Homeហិរញ្ញវត្ថុរបៀបពង្រឹងលើជំនាញហិរញ្ញវត្ថុរបស់អ្នក

របៀបពង្រឹងលើជំនាញហិរញ្ញវត្ថុរបស់អ្នក

-

ជំនាញហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ការបំពេញការងារ និងការប្រកបអាជីវកម្ម ដូច្នេះប្រសិនបើអ្នកខ្សោយលើជំនាញនេះជារឿងពិបាក។ មនុស្សមួយចំនួនបាននិយាយថា ពួកគេស្អប់តួលេខ ដូច្នេះធ្វើឱ្យពួកគេមិនចូលចិត្តរៀនលើជំនាញនេះ។

ចំពោះម្ចាស់អាជីវកម្ម ប្រសិនបើពួកគេមិនចេះជំនាញហិរញ្ញវត្ថុ នោះពួកគេនឹងពិបាកយល់អំពីរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន មិនដឹងពីប្រាក់ចំណេញ ឬខាតបង់ឡើយ។ ដូច្នេះដើម្បីធ្វើជាម្ចាស់អាជីវកម្មក្នុងការដឹកនាំក្រុមហ៊ុនឱ្យដំណើរបានរលូន អ្នកត្រូវតែយល់ដឹង ក៏ដូចជាពង្រឹងលើជំនាញនេះ ទោះបីជាបច្ចុប្បន្នអ្នកមិនចូលចិត្តសិក្សាអ្វីដែលមានតួរលេខ។

តើធ្វើបែបណាដើម្បីពង្រឹងលើជំនាញហិរញ្ញវត្ថុឱ្យកាន់តែល្អ? ខាងក្រោមនេះ ជាចម្លើយ៖

1. យកឈ្នះការភ័យខ្លាចរបស់អ្នក

ឈប់គេចពីការសិក្សាលើជំនាញហិរញ្ញវត្ថុ ដោយមានលេសថា មិនចូលចិត្តរៀនអំពីតួរលេខ ប៉ុន្តែអ្នកត្រូវគិតមកវិញថា “ហិរញ្ញវត្ថុគឺជាវិធីសាស្រ្តមួយដែលធ្វើឱ្យអាជីវកម្មរីកចម្រើនដោយសារមានលំហូរសាច់ប្រាក់ល្អ”។ លើសពីនេះ ក៏មានភាពងាយស្រួលក្នុងការវាស់ស្ទង់ភាពរីកចម្រើនតាមរយៈដំណើរការហិរញ្ញវត្ថុ។ ចូរគិតអំពីហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងភាពងាយស្រួល ដោយកុំព្យាយាមគិតអ្វីដែលមានភាពស្មុគស្មាញខ្លាំងពេក។ បន្ទាប់មក ត្រូវមានការចាប់ផ្ដើមក្នុងការសិក្សាអំពីវា។

2. ចាប់ផ្ដើមស្វះស្វែងរៀន

ប្រសិនបើអ្នកកំពុងធ្វើការ ហើយកន្លែងក្រុមហ៊ុនផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញហិរញ្ញវត្ថុដល់អ្នក ដូច្នេះអ្នកត្រូវចេះទាញយកប្រយោជន៍ពីវា ប៉ុន្តែបើគ្មានទេអ្នកអាចស្វែងរកវគ្គខ្លីៗនិងស្វែងរកសៀវភៅដែលបង្រៀនអំពីជំនាញនោះ។

ហើយចំពោះម្ចាស់អាជីវកម្ម ក៏ត្រូវចេះស្វែងរកវគ្គសិក្សាដែលបណ្ដុះបណ្ដាលលើជំនាញហិរញ្ញវត្ថុ និងស្វែងរកសៀវភៅដែលនិយាយពាក់ព័ន្ធលើជំនាញនេះមកអានឱ្យបានច្រើន ដើម្បីធ្វើយ៉ាងណាបណ្ដុះឱ្យខ្លួនឯងមានចំណេះដឹងលើហិរញ្ញវត្ថុ និងអាចមើលយល់ពីរបាយការណ៍សំខាន់ៗរបស់ហិរញ្ញវត្ថុ និងគណនេយ្យ។

3. ដោះស្រាយតារាងតុល្យការ

ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែអាចមើលយល់ពីរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន និងផ្ដោតលើតារាងតុល្យការឱ្យបានច្រើន។ ធ្វើបែបនេះ ដើម្បីអាចដឹងថា តើក្រុមហ៊ុនត្រូវចំណាយលើអ្វី? អាចរកប្រាក់ចំណូលបន្ថែមនៅកន្លែងណា? ហើយចំណាយអស់ប៉ុន្មាន? ខ្វះខាតប៉ុន្មាន? បើខ្វះខាតត្រូវរកប្រាក់បំពេញនៅទីណាខ្លះ? ហើយទាំងនេះ នឹងធ្វើឱ្យដំណើរការអាជីវកម្មកាន់តែរីកចម្រើន និងអាចឆាប់សម្រេចគោលដៅបានកាន់តែធំ និងដល់គោលដៅដែលបានកំណត់។

4. ផ្តោតលើរង្វាស់សំខាន់ៗ

ការដែលអាចជំរុញលើជំនាញហិរញ្ញវត្ថុរបស់អ្នកឱ្យកាន់តែប្រសើរ ទាមទារឱ្យអ្នកស្វែងរករង្វាស់សំខាន់ៗដើម្បីអាចវាស់វែងពីភាពជោគជ័យក្នុងក្រុមហ៊ុន។ លើសពីនេះ អ្នកត្រូវចងចាំថា គោលដៅរបស់អ្នកក្នុងការរៀនជំនាញនេះ គឺដើម្បីយល់ពីភាពជាប់ទាក់ទងគ្នារវាងប្រាក់ចំណេញ និងការខាតបង់។ នៅក្នុងក្រុមហ៊ុន អ្វីដែលសំខាន់ដែលអ្នកត្រូវដឹង និងតាមដាន គឺចំណូល ចំណាយ ចំណេញឬខាត បំណុល និងទុនរបស់ម្ចាស់។ លើសពីនេះ ត្រូវដឹងអំពីប្រសិទ្ធភាពនៃប្រតិបត្តិការ និងតាមដានអំពីតារាតុល្យការ ហើយអ្វីដែលអាចរកចំណូលបន្ថែមសម្រាប់ក្រុមហ៊ុនរបស់អ្នក។

5. លេងអ្វីដែលពាក់ព័ន្ធនឹងលេខឱ្យបានច្រើន

នៅពេលដែលអ្នកយល់ច្បាស់អំពីតារាងតុល្យការ និងអ្វីដែលជំរុញឱ្យក្រុមហ៊ុនរបស់អ្នករីកចម្រើន។ ជំហានបន្ទាប់ អ្នកត្រូវតែសាកល្បង និងលេខជាមួយនឹងលេខឱ្យបានច្រើន ឧទាហរណ៍ ចុះបើតម្លៃទាបជាង ចំណូលខ្ពស់ជាង ហើយបើថ្លៃដើមធ្លាក់ចុះឬឡើង តើត្រូវធ្វើដូចម្ដេច? ធ្វើបែបនេះ ដើម្បីព្យាយាមធ្វើឱ្យខ្លួនឯងកាន់តែមានភាពស្ទាត់ជំនាញ ក៏ដូចជាកាន់តែយល់ច្បាស់នូវអ្វីដែលជាភាពសំខាន់ និងពាក់ព័ន្ធជាមួយនឹងហិរញ្ញវត្ថុ។

6. ស្វែងរកអ្នកណែនាំផ្នែកហិរញ្ញវត្ថុ

អ្នកអាចចាប់ផ្ដើមស្វែងរករៀមច្បងណាម្នាក់ ឬច្រើននាក់ដែលមានចំណេះដឹង ក៏ដូចជាខ្លាំងលើផ្នែកហិរញ្ញវត្ថុ ដើម្បីទំនាក់ទំនងជាមួយពួកគេក្នុងការសុំជំនួយឱ្យពួកគេជួយណែនាំ និងបង្រៀនដល់អ្នកបន្ថែមទៀត។ ពេលនោះ ពួកគេនឹងជួយពន្យល់អំពីគោលគំនិត និងប្រឹក្សាយោបល់ដល់អ្នកបានល្អក្នុងការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុណាមួយដែលត្រូវការប្រតិបត្តិការក្នុងអាជីវកម្មរបស់អ្នក ឬលើផ្សេងទៀតទៅតាមតម្រូវការរបស់អ្នកឱ្យមានភាពត្រឹមត្រូវ។

7. គិតអំពីរឿងផ្ទាល់ខ្លួន

ត្រង់ចំណុចនេះ មានន័យថា ប្រសិនបើបច្ចុប្បន្ននេះអ្នកជាបុគ្កលិកធ្វើការឱ្យក្រុមហ៊ុនណាមួយ ហើយទទួលបានប្រាក់ខែតិច ឬមិនទាន់គ្រប់គ្រាន់សម្រាប់អ្នក។ ដូច្នេះអ្នកត្រូវគិតធ្វើយ៉ាងណាដើម្បីចូលរួមចំណែកក្នុងការជួយជំរុញឱ្យក្រុមហ៊ុនកាន់តែមានប្រាក់ចំណូលច្រើន និងកាត់បន្ថយចំណាយឱ្យនៅមានកម្រិតទាប។ លើសពីនេះ អ្នកក៏ត្រូវតែពង្រឹងអំពីសកម្មភាពធ្វើការប្រចាំថ្ងៃរបស់អ្នក ថាតើទទួលបានផលកម្រិតណា? ហើយបានចូលរួមចំណែកជួយក្នុងតួនាទីជាមួយនឹងអ្នកដទៃឬទេ? បន្ថែមពីនេះ អ្នកក៏ត្រូវចេះផ្ដោតលើបញ្ហាដែលអាចគ្រប់គ្រងបាន ដើម្បីមានផលិតភាពកាន់តែល្អ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ