spot_img
spot_img
Homeអនុវត្តន៍របៀប​ចំណាយ​ 7 ដុល្លារ​ក្នុង​មួយ​ខែ​លើ​អាហារ ដោយសន្សំ​បាន 8 ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល 4 ឆ្នាំ

របៀប​ចំណាយ​ 7 ដុល្លារ​ក្នុង​មួយ​ខែ​លើ​អាហារ ដោយសន្សំ​បាន 8 ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល 4 ឆ្នាំ

-

Ji-hyeon Kwak មានអាយុ 24 ឆ្នាំ ជាជនជាតិកូរ៉េខាងត្បូង ហើយនាងអាចសន្សំបាន 100 លានវ៉ុន (79,400 ដុល្លារ) ក្នុងរយៈពេល 4 ឆ្នាំ តាមរយៈរបៀបសន្សំសំចៃយ៉ាងរបស់នាង។

មូលហេតុដែលនាងសន្សំសំចៃ

Ji-hyeon Kwak មានគោលបំណងចង់មានផ្ទះរស់នៅផ្ទាល់ខ្លួនមួយ ដូច្នេះហើយនាងក៏ចាប់ផ្ដើមធ្វើការតាំងពីអាយុ 19 ឆ្នាំ និងធ្វើការសន្សំលុយដែលរកបាន។ ទោះបីជារកបានជាមធ្យម 2 លានវ៉ុន (1,582ដុល្លារ) ក្នុងមួយខែ (បន្ទាប់ពីបង់ពន្ធ) ស្ត្រីវ័យក្មេងរូបនេះក៏បានគ្រប់គ្រងទុកមួយឡែករៀងរាល់ខែដើម្បីសន្សំប្រាក់បានជាង100 លានវ៉ុន ក្នុងរយៈពេល 4 ឆ្នាំចុងក្រោយនេះ។ ការ​សន្សំ​សំចៃនេះ នាងព្យាយាម​ចំណាយ​ត្រឹម​តែ 8,400 វ៉ុន (6.7 ដុល្លារ) លើ​ម្ហូបអាហារ​ក្នុង​មួយ​ខែ។ ការធ្វើបែបនេះ ទើបនាងអាចសម្រេចគោលបំណង និងមានលទ្ធភាពក្នុងការទិញអាផាតមិនដើម្បីរស់នៅផ្ទាល់ខ្លួន។

លើសពីនេះ អ្វីដែលកាន់តែជំរុញចិត្ត និងក្ដីសង្ឃឹមដល់នាងក្នុងការសន្សំប្រាក់នេះ គឺដោយសារតែការទិញផ្ទះនៅក្នុងប្រទេសកូរ៉េខាងត្បូង មានប្រព័ន្ធក្នុងការបង្កើតគណនីសន្សំដើម្បីបញ្ជាទិញផ្ទះ។

របៀបសន្សំសំចៃរបស់ Ji-hyeon Kwak

ចំពោះការចំណាយលើម្ហូបអាហារ និងផលិតផលប្រើប្រាស់ទូទៅ ភាគច្រើននាងចំណាយតិចតួចបំផុត ដោយពេលខ្លះនាងស្ទើរតែទទួលបានសម្ភារៈប្រើប្រាស់ ឬអាហារមួយចំនួនដោយឥតគិតថ្លៃតាមរយៈការប្រើប្រាស់គូប៉ុងសន្សំពិន្ទុ និងប័ណ្ណបញ្ចុះតម្លៃដែលនាងបានរក្សាទុកកន្លងមក។ ធ្វើបែបនេះ នាងក៏អាចសន្សំប្រាក់បានច្រើននៃប្រាក់ខែរបស់នាង។

នៅក្នុងកម្មវិធី Master of Living របស់ SBS នាងបាននិយាយថា នាងបានប្រើប្រាស់កម្មវិធី និងការស្ទង់មតិផ្សេងៗដើម្បីទទួលបានពិន្ទុ និងលេខកូដប័ណ្ណបញ្ចុះតម្លៃ បន្ទាប់មកនាងក៏អាចយកពីរបីរយវ៉ុនដែលនាងទទួលបាននោះទៅចំណាយលើសម្ភារៈផ្សេងៗគ្នា។

ការពឹងផ្អែកលើកម្មវិធី និងលេខកូដប័ណ្ណតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ ដូច្នេះហើយដើម្បីកាត់បន្ថយការចំណាយរបស់នាងឱ្យតិចបំផុត នាងក៏សម្រេចចិត្តធ្វើដំណើរដោយថ្មើរជើងប្រហែល 2 ម៉ោងក្នុងមួយថ្ងៃ ដោយមិនចាំបាច់ចំណាយលើមធ្យោបាយធ្វើដំណើរ ផឹកតែទឹកម៉ាស៊ីន និងតែដែលធ្វើនៅផ្ទះ ហើយជាទូទៅនាញព្យាយាមញ៉ាំអ្វីក៏ដោយដែលនាងអាចទិញក្នុងតម្លៃថោកបំផុត ឬឈ្នះតាមរយៈកម្មវិធីរបស់នាង។

ក្នុងរយៈពេល 4 ឆ្នាំចាប់តាំងពីនាងចាប់ផ្តើមសន្សំសំចៃ Ji-hyeon Kwak បានរៀនពីវិធីជាច្រើនដើម្បីសន្សំប្រាក់ និងអាចរក្សារបបអាហារឱ្យមានតុល្យភាព។ បច្ចុប្បន្ននេះ នាងក៏ចាប់ផ្ដើមធ្វើវីដេអូចែករំលែកពីរបៀបសន្សំរបស់នាងផងដែរ តាមរយៈ YouTube និង Instagram

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ