Ant Group របស់មហាសេដ្ឋី Jack Ma បានបើកដំណើរការ “ធនាគារឌីជីថល” ក្នុងប្រទេសសិង្ហបុរី

36
Ant Group របស់មហាសេដ្ឋី Jack Ma បានបើកដំណើរការ “ធនាគារឌីជីថល” ក្នុងប្រទេសសិង្ហបុរី

Ant Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុដ៏ធំមួយនៅប្រទេសចិនដែលគ្រប់គ្រងដោយលោក Jack Ma កំពុងធ្វើការប្រកាសជាសាធារណៈកាលពីថ្ងៃច័ន្ទ ទី6 ខែមិថុនា ឆ្នាំ2022ថ្មីៗនេះ ថាខ្លួននឹងបើកដំណើរការធនាគារលក់ដុំបែបឌីជីថលនៅក្នុងប្រទេសសិង្ហបុរី មានឈ្មោះថា ធនាគារ ANEXT។ ធនាគារ ANEXT បង្កើតឡើងដោយផ្តោតលើការផ្តល់សេវាហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ជាពិសេសក្រុមហ៊ុនដែលមានប្រតិបត្តិការឆ្លងព្រំដែន។ គួរបញ្ជក់ផងដែរថា ក្រុមហ៊ុន Ant Group និង ធនាគារ ANEXT បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ANEXT បានទទួលការយល់ព្រមពីអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ដើម្បីចាប់ផ្តើមអាជីវកម្មជាផ្លូវការនៅថ្ងៃទី 2 ខែមិថុនា ឆ្នាំ2022 ។

ANEXT Bank

បើយោងតាមទស្សនាវដ្តី Forbes លោក Sopnendu Mohanty ប្រធានផ្នែកហិរញ្ញវត្ថុរបស់ MAS បានមានប្រសាសន៍ថា “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងដំណើរអភិវឌ្ឍន៍ធនាគារឌីជីថលរបស់ប្រទេសសិង្ហបុរី ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីធានាឱ្យវិស័យធនាគារនៅតែមានភាពរីកចម្រើន មានការប្រកួតប្រជែងជាសកល និងមានភាពរស់រវើក” ។

ចំពោះលោក Toh Su Mei នាយកប្រតិបត្តិនៃធនាគារ Anext មានប្រសាសន៍ថា៖ “អំឡុងពេលកំពុងមានសន្ទុះយ៉ាងឆាប់រហ័សនៅក្នុងសេដ្ឋកិច្ចឌីជីថល គំរូអាជីវកម្មក៏កំពុងផ្លាស់ប្តូរដើម្បីឈានរកបច្ចេកវិទ្យាបែបឌីជីថល។ ហេតុដូចនេះ សេវាហិរញ្ញវត្ថុត្រូវតែមានការវិវឌ្ឍ និងជាកន្លែងដែលសហគ្រាសធុនតូច និងមធ្យម អាចបម្លែងជីវកម្មរបស់ពួកគេតាមបែបប្រព័ន្ធឌីជីថល“។