spot_img
spot_img
Home Blog Page 69

វិធីសាស្រ្ត​៥​យ៉ាង​ក្នុងការ​សង្គ្រោះ​អាជីវកម្ម​ខ្នាតតូច​ពីការក្ស័យ​ធុន

បើសិនជា​អាជីវកម្ម​របស់​អ្នក​​រៀប​នឹង​ដួល​រលំ អ្នក​មិនមែន​ជា​មនុស្ស​ទីមួយ​ឡើយ​ព្រោះថា​មាន​​មួយ​ភាគបី​​នៃ​​អាជីវកម្ម​​ខ្នាត​តូច​​តែង​ជួប​ប្រទះ​ភាពបរាជ័យ​​នៅ​កំឡុង​ពេល​​២​ឆ្នាំ​​ដំបូង។​ តើ​អ្នក​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ដូចម្តេច?

១. អាជីវកម្ម​អ្នក​អាច​មាន​បញ្ហា​បណ្តាល​មកពី​ដៃគូ​​ប្រកួត​ប្រជែង​វាយលុក​ទីផ្សារ​និង​ដណ្តើម​អតិថិជន​របស់អ្នក។​​ ដូចនេះ​អ្នក​ត្រូវ​ចាប់ផ្តើម​គិត​ពី​ពេលវេលា​ដែល​បរិមាណ​នៃការ​លក់​របស់អ្នក​កើនឡើង​ហើយ​កំណត់​ពីពេលវេលា​ដែល​វា​ចាប់​ធ្លាក់ចុះ​ថា​បណ្តាល​មក​ពី​មូលហេតុ​អ្វី។ តើ​វា​អាច​មក​ពី​ដៃគូ​ប្រជែង សេដ្ឋកិច្ច ឬ​ការធ្លាក់ចុះ​​នៃគុណភាព​ផលិតផល​​? បើ​អ្នក​អាច​រក​ហេតុផល​ជាក់លាក់​បាន​ អ្នក​នឹង​អាច​ផ្តោត​ទៅលើ​ដំណោះស្រាយ​បាន​ងាយ។

២. ការ​ចាត់ទុក​អតិថិជន​ជាអទិភាព​ជានិច្ច​​​ជា​វិថី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​។​ បើសិន​អ្នក​អាច​បំពេញ​តម្រូវការ​របស់​អតិថិជន​បាន ពួកគេ​នឹង​មិនងាយ​ទៅរក​កន្លែង​ផ្សេង​ឡើយ​។ អ្នក​ត្រូវ​ធ្វើឲ្យ​ប្រាកដថា​អ្នក​ជា​ជម្រើស​ដ៏​ល្អបំផុត​នៅក្នុង​ចិត្ត​អតិថិជន​។ ក្រៅពីនេះអ្នក​គួរព្យាយាម​ផ្តល់​ព័ត៌មាន​ឲ្យ​អតិថិជន​ជានិច្ច​តាម​រយៈអ៊ីមែល​ សារទូរស័ព្ទ​ ឬ​ហ្វេសប៊ុក​ឆាត​ជាដើម។

. ​​ដឹងពី​តម្រូវការ​របស់​អតិថិជនដើម្បីឲ្យ​អ្នក​អាច​ផ្លាស់ប្តូរ​ផលិតផល​ឬ​សេវាកម្ម​ដើម្បី​បំពេញ​ចិត្ត​របស់​ពួកគេ​។ ដោយឡែក​ការ​ទទួលយក​មតិ​រិះគន់​ក៏​សំខាន់ណាស់​ដែរព្រោះ​វា​​ដូច​ជា​អ្នក​នាំ​ផ្លូវ​​ទៅរក​ការ​បំពេញ​ចិត្ត​របស់​អតិថិជន​បាន​ត្រឹមត្រូវ​​។ អ្នក​ក៏​អាច​​ស្ទង់មតិ​អតិថិជន​តាម​បណ្តាញ​សង្គម​ឬ​ចែកជាក្រដាស​វាយ​តម្លៃ​ជាដើម។ ក្នុង​ករណី​ចាំបាច់ អ្នក​អាច​រក​ដំបូន្មាន​ពី​អ្នកជំនាញ​លើ​វិស័យ​នេះ​តែម្តង​។

៤. ​ផ្លាស់ប្តូរ​ផែនការ​ធុរកិច្ច​របស់​អ្នក​ឲ្យ​ទាន់សម័យកាល​​បច្ចុប្បន្ន​និង​បំពាក់​បច្ចេក​វិទ្យា​តាម​សង្គម​សព្វថ្ងៃ​ព្រោះ​ថា​ការផ្លាស់ប្តូរ​គឺ​សំខាន់​ណាស់​សម្រាប់​ភាពជោគជ័យ​លើ​ទីផ្សារ​។ ជួនកាល​អាច​ថា​មក​ពី​ផែនការ​ធុរកិច្ច​របស់​អ្នក​សរសេរ​មិនបាន​ល្អ​និង​មិនបាន​វិភាគ​ឲ្យ​បាន​ល្អិតល្អន់​ឬមក​ពី​ផែនការបម្រុង​មិន​ទាន់​អាច​ការពារ​បាន​គ្រប់​ជ្រុង​ជ្រោយ​បណ្តាល​ឲ្យ​​ផ្លូវ​នៃ​ការ​ធ្វើធុរកិច្ច​របស់អ្នក​ងាក​ទៅរក​គ្រោះថ្នាក់បែបនេះ។

៥. បញ្ចុះតម្លៃ​ឬ​ដាក់​ឲ្យ​ប្រើសាក​ដោយ​មិន​គិត​ប្រាក់។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ស្តារ​មុខមាត់​ក្រុមហ៊ុន​អ្នក​និង​ទាក់ទាញ​ចិត្ត​អតិថិជន​របស់​អ្នកឲ្យ​មក​ទិញ​ទំនិញ​ឬ​សេវាកម្ម​របស់អ្នកឡើង​វិញ។ ជាការពិតណាស់​គ្មាន​នរណា​​​ម្នាក់​​ចង់​​បន្ទាប​​តម្លៃ​​អាជីវកម្ម​​របស់​ខ្លួនទេ​បើសិន​ជា​វា​មិន​ចាំបាច់​នោះ​។ ជាក់ស្តែង​អ្នក​អាច​បញ្ចុះ​តម្លៃ​ទៅលើ​ផលិតផល​ឬ​អាច​បិទ​សាខា​ណា​មួយ​បណ្តោះ​អាសន្ន​សិន​ក្នុង​ករណី​ដែល​អ្នក​មិន​អាច​រក​អ្វី​មក​ទប់​បានទៀត​។ ប្រសិន​បើ​តម្លៃ​ពលកម្ម​ជា​ការ​ចំណាយ​ដ៏​ធំ អ្នក​អាច​កាត់បន្ថយ​បុគ្គលិក​ខ្លះ​ដើម្បី​ទប់ទល់​នឹង​ការ​ចំណាយ​​។

ពាណិជ្ជកម្ម

កិច្ចការ​៤​យ៉ាង​​​ដែល​​អ្នក​​គួរ​​ធ្វើ​​នៅពេលអាជីវកម្ម​​របស់អ្នក​​ជួប​​​ហានិភ័យ

0

១. ប្រសិន​បើ​អ្នក​ជា​អ្នក​គ្រប់គ្រង អ្នក​ត្រូវ​មាន​គម្រោង​ហិរញ្ញវត្ថុ​ដូចជា​ត្រៀមថវិកា​ទុក​សម្រាប់​ការ​ខាតបង់​៦ខែ​ដំបូង​នៃ​ការបើក​អាជីវកម្ម កាត់បន្ថយ​ចំណាយ បង្កើន​ចំណូល និង​សន្សំ​ប្រាក់​។ ជាពិសេស​ប្រសិនបើ​​អ្នក​ចាប់​អារម្មណ៍​ឃើញ​ចំណូល​របស់អ្នក​ថយចុះ អ្នក​គួរតែ​ដាក់​លក់​របស់ណា​ដែល​អ្នក​យល់ថា​មិនចាំបាច់​ចោល​ដើម្បី​ឲ្យ​អ្នក​អាច​មាន​ប្រាក់ទប់​នូវ​ថ្លៃ​ខាតបង់​នៅការ​បើក​ដំបូង​បាន​។

២. អ្នក​ត្រូវ​ធ្វើ​អារម្មណ៍​ឲ្យ​​នឹងនរ​ពេលជួប​ហានិភ័យ​ផ្សេងៗ​ព្រោះ​វា​មិនមែន​ជារឿង​ចម្លែកឡើយ​ចំពោះ​អាជីវកម្ម​ដែល​ទើបតែ​បើក។ អ្នក​អាច​​ជួប​ពិភាក្សា​ជាមួយ​បុគ្គលិក អ្នក​គ្រប់គ្រង​ឯទៀត ដើម្បី​វិភាគ​ពី​បញ្ហា​និង​រក​ដំណោះ​ស្រាយរួម​​តាមសម្រួល​។ ម្យ៉ាងវិញទៀតអ្នក​មិន​ត្រូវ​ខឹង​ឬ​ប្រើពាក្យ​​មិនល្អ​ដាក់បុគ្គលិក​ឬ​មិត្ត​រួម​ការងារ​នោះទេ​ព្រោះវា​កាន់តែ​ធ្វើឲ្យ​ស្ថានភាព​ស្មុគស្មាញ​តែ​ប៉ុណ្ណោះ។

៣. បើអ្នកជាបុគ្គលិក​អ្នក​​ក៏​ត្រូវ​មាន​តួនាទី​ជួយ​ដោះស្រាយ​បញ្ហា​ដែរ។ ប្រសិនបើ​អ្នក​អាច​រក​នឹកឃើញ​ពី​វិធី​សាស្រ្ត​ដោះស្រាយ​បញ្ហា​បាន​ អ្នក​គួរតែ​និយាយ​ជាមួយ​អ្នកគ្រប់គ្រង​តែម្តង​ដើម្បី​ឲ្យ​គាត់​បាន​ទទួល​នូវ​គំនិត​បន្ថែម។ បន្ទាប់ពី​នោះ​គាត់នឹង​យក​គំនិត​នោះទៅវិភាគ​និង​វាយ​តម្លៃថា​វា​អាច​ប្រើការ​បាន​ដែរឬអត់។

៤. បើ​អ្នក​ដឹងថា​ក្រុមហ៊ុន​អ្នក​​កំពុងតែ​ជួប​ហានិភ័យ​ អ្នក​គួរតែ​នៅក្បែរ​អ្នក​គ្រប់គ្រង​អ្នក​ហើយ​សួរ​គាត់​ថា​អ្នក​អាច​ជួយ​អ្វី​គាត់​បាន​ខ្លះ។​ មិនត្រឹមតែ​អ្នកគ្រប់គ្រង​ក្នុងផ្នែក​​របស់យើង​ទេ អ្នក​គ្រប់គ្រង​ផ្នែក​ផ្សេងៗ​​ទៀត​ក៏​ដូចគ្នា​។ កុំ​អង្គុយ​នៅស្ងៀម​មិនរវល់​នឹង​អ្វី​ទាំងអស់។ មាន​ពេលខ្លះ​ ពេល​ដែល​បញ្ហា​ចប់​សព្វ​គ្រប់ អ្នក​នឹង​អាច​មាន​ឱកាស​ឡើង​ឋានៈ​ក៏ថាបាន។

 

ពាណិជ្ជកម្ម

កត្តា​៣​យ៉ាង​ដែល​ជួយ​ឲ្យ​អាជីវកម្ម​ធ្លាក់ចុះងើប​​ឡើងវិញ

0

មិនថា​ជំនួញ​ណា​ក៏ដោយ​ទោះ​ទទួលបាន​ជោគជ័យ​ក៏​ជួនកាល​នៅតែ​អាច​ជួប​ហានិភ័យ​នៅថ្ងៃណាមួយ​។​ ជាទូទៅ​ការធ្វើ​ពាណិជ្ជកម្ម​គឺ​តែង​មាន​បញ្ហា​ជារៀងរាល់​ឆ្នាំ​ដោយសារ​មូលហេតុ​ជាច្រើន​យ៉ាង​។​ ក្នុងនាម​ជា​ពាណិជ្ជករ​ អ្នក​ត្រូវ​ស្វែងរក​ថា​វិបត្តិ​ទាំងនោះ​កើតឡើង​មកពី​អ្វី​ហើយ​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​ជៀស​ផុត​ពីវា​។​ ដូច្នេះ​នៅក្នុង​អត្ថបទ​នេះ​នឹង​ប្រាប់​អ្នក​ពី​វិធី​ដែល​ជួយ​ស្ដារ​អាជីវកម្ម​ដែល​ធ្លាក់ចុះ​របស់​អ្នក​ឲ្យ​រីកដុះដាល​ឡើង​វិញ៖

១. កិត្តិនាម​

​អាជីវកម្ម​របស់អ្នក​មាន​ភាពងាករេ​ពី​លទ្ធផល​ដែល​បាន​រំពឹងទុក​នោះ​អាចបណ្តាល​មក​ពី​មាន​លក្ខណៈ​ណាមួយ​ដែល​ខុស​ប្រក្រតី​ជាពិសេស​គឺ​កិត្តិនាម​របស់​អ្នក​ផ្ទាល់តែ​ម្តង​។ កិត្តិនាម​គឺ​ពិតជា​សំខាន់​ណាស់​ព្រោះ​វា​បង្ហាញអ្វី​ដែល​អតិថិជន​បាន​ដឹងឮ​មុន​ឃើញ​ផលិតផល​របស់អ្នក​ទៅទៀត។ បុគ្គលិក​ អ្នក​គ្រប់គ្រង ឬដំណើរការអាជីវកម្ម​របស់​អ្នកអាច​បង្ក​​បញ្ហាឬ​​ប្រហែល​ជាបាន​បង្កើត​កំហុស​ណាមួយដោយ​អចេតនា​ធ្វើឲ្យ​កេរ្តិ៍​ឈ្មោះ​របស់អ្នក​ចំពោះ​អតិថិជន​ត្រូវ​ខូចខាត។ ម្យ៉ាង​ទៀត​វាអាច​បណ្តាល​មក​ពី​មាន​ជនខិលខូច​មាន​បំណង​ផ្សព្វផ្សាយ​ព័ត៌មាន​បោកប្រាស​ស្តី​ពី​អាជីវកម្ម​របស់អ្នក​នាំឲ្យ​អតិថិជន​បាត់បង់ទំនុក​ចិត្ត។ អ្នក​ត្រូវ​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ច្បាស់​ថាតើពិតជាមាន​បញ្ហា​បែបនេះ​កើតឡើង​ឬអត់។ ប្រសិនបើ​មាន​មែន​អ្នក​ត្រូវ​ប្រញាប់ដោះស្រាយជា​បន្ទាន់រួច​ផ្សព្វផ្សាយជា​សាធារណៈ​ដើម្បី​ស្រោចស្រង់​អាជីវកម្ម​របស់អ្នក​និង​ស្តារ​មុខមាត់ឡើង​មក​វិញ។

២. ការធ្វើ​​ទីផ្សារ

ជាការពិត​​ណាស់​​គ្រប់​ជំនួញ​​ទាំងអស់​​​ទទួលបាន​​ជោគជ័យ​ដោយសារ​តែ​ការ​ធ្វើ​ទីផ្សារ​ល្អ​។ នៅពេល​ដែល​អ្នក​មាន​ទីផ្សារ​​អាជីវកម្ម​មួយ​ដែល​ប្រសើរ​គឺស្មើ​នឹង​អ្នក​មាន​ទាំងកេរ្តិ៍ឈ្មោះ​ល្បីនិង​​អតិថិជន​ច្រើន​។ បើ​​ការ​រកស៊ី​​របស់​អ្នក​ធ្លាក់ចុះ​ អ្នក​ត្រូវ​មើល​ឡើងវិញ​ទៅលើ​ការផ្សព្វផ្សាយ​ទីផ្សារ​ព្រមទាំង​ពិភាក្សា​គ្នា​ពី​ប្រព័ន្ធ​ទីផ្សារ​ចាស់​ថា​គួរ​កែ​វា​យ៉ាងដូចម្តេច​។ អ្នក​ត្រូវ​ដឹងថាការ​ធ្វើទីផ្សារ​គឺ​ផ្អែកទៅលើ​ទំនោរ​នៃ​​អតិថិជនគោលដៅ​របស់អ្នក។ ជួនកាល​អ្នក​បាន​ខិតខំ​ប្រើប្រាស់​មធ្យោបាយ​ដើម្បី​ធ្វើទីផ្សារ​ហើយ​តែគ្មាន​ប្រសិទ្ធភាព​អាច​បណ្តាល​មក​ការធ្វើទីផ្សារ​នោះមិន​បាន​ចំអតិថិជន​គោលដៅ​ឬ​មិនគួរ​ឲ្យ​គេ​ចាប់អារម្មណ៍​ក៏ថាបាន។

៣. ទទួល​យក​មតិ​កែតម្រូវ​ពី​អតិថិជន

កត្តា​ដែល​ជួយ​ឲ្យ​អាជីវកម្ម​អ្នក​ងើបឡើង​​វិញ​បាន​នោះ​គឺ​ការទទួលបាន​មតិ​ពី​អតិថិជន​ហើយយក​មក​អនុវត្ត​នៅលើ​ជំនួញ​របស់អ្នក​។​ ការធ្វើ​បែបនេះ​ជួយ​ឲ្យ​អ្នក​មាន​គំនិត​ជាច្រើន មិនត្រឹមតែ​ប៉ុណ្ណោះ​វា​ថែមទាំ​ង​ជួយ​សន្សំ​ពេលវេលា​​​និង​ការចំណាយ​បាន​ទៀតផង។ នៅពេល​ដែល​អ្នក​ដឹងថា​អាជីវកម្ម​របស់អ្នក​គួរ​កែ​លម្អ​ទៅលើ​អ្វីខ្លះ​នោះ​​ជា​ពិសេស​យល់​ច្បាស់​ពី​ការចង់បាន​របស់​អតិថិជន​ អ្នក​អាច​នឹង​វាយលុក​ចូល​ទីផ្សារ​​បាន​ដោយ​ជោគជ័យ។

ពាណិជ្ជកម្ម

វិធី៦យ៉ាងដើម្បីយកឈ្នះដៃគូប្រកួតប្រជែង

0

ក្នុងនាម​ជា​ប្រទេស​ដែល​ប្រកាន់​យក​សេដ្ឋកិច្ច​ទីផ្សារ​សេរី រាជ​រដ្ឋា​ភិបាល​ផ្តល់សិទ្ធិ​ពេញ​លេញ​ឲ្យ​អាជីវកម្ម​អាច​ប្រកួត​ប្រជែង​គ្នាដើម្បី​ដណ្តើម​បាន​អតិថិជន​គោលដៅ​រៀងៗខ្លួន។ តើធ្វើយ៉ាងណា​ទើប​យើង​អាច​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​អាជីវកម្ម​ផ្សេងបាន? ចូរមើល​វិធី​ខាង​ក្រោម៖

១. ផ្តល់​រង្វាន់​​​ដល់​​អតិថិជន​ដើម្បី​​អាច​រក្សា​ទុក​អតិថិជន​ចាស់​​នៅតែ​ត្រឡប់​មក​ជាវ​ផលិតផល​ឬ​​ប្រើប្រាស់​សេវា​កម្ម​​យើង​សាជាថ្មី​​ជាពិសេស​អតិថិជន​ដែល​ជាវ​ផលិតផល​ឬ​សេវា​កម្ម​​តាំង​ពី​យើង​ចាប់ផ្តើម​ដាក់លក់​។ ម្យ៉ាង​ទៀត​វាគឺ​ជា​នុយ​​ដែល​ដាក់​ដើម្បី​ទាក់ទាញ​អតិថិជន​ថ្មី។

២. ពង្រឹង​គុណភាព​ផលិតផល​ឬសេវាកម្ម​របស់​យើង​។ អ្នក​ត្រូវ​ចងចាំថា​មិន​ថា​ផលិតផល​របស់​អ្នក​ស្រស់​ស្អាត​ ងាយស្រួល​ប្រើ​ មាន​តម្លៃថោក​ ឬ​ការ​ផ្សព្វផ្សាយ​ល្អប៉ុណ្ណា​ទេ ប្រសិន​បើ​គុណភាព​របស់អ្នក​មិន​ល្អ​អតិថិជន​នឹង​មិន​រើស​យក​អ្នក​ឡើយឬគេ​អាច​ប្រើតែពេល​ដំបូង​តែប៉ុណ្ណោះ។ ជួនកាល​​អ្នក​ត្រូវ​ដាក់​​តម្លៃ​​​ឲ្យ​ស្រប​​នឹង​គុណភាព​ក៏​ពិតមែន​ ប៉ុន្តែ​បើ​អ្នក​ចង់មាន​ភាព​លេច​ធ្លោ​ជាង​ដៃគូ​ប្រជែង​ សូម​ពិចារណា​ទៅលើ​ចំណុច​នេះ។

៣. បង្កើន​​ផលិតផល​ឬ​សេវាកម្ម​របស់យើង។ ឧទាហរណ៍​​ដូចជា​​ហាង​លក់​សម្លៀក​បំពាក់​អាច​​បន្ថែម​លក់​សម្លៀក​បំពាក់​សម្រាប់​កូនក្មេង​ឬ​សម្លៀក​បំពាក់​បុរស។

៤.​ លើក​ទឹកចិត្ត​អតិថិជន​​​​ឲ្យ​ណែនាំ​​ផលិតផល​​អ្នក​​ទៅកាន់​មិត្តភក្តិ​ គ្រួសារ និង​មិត្ត​រួមការងារ​ដោយ​ផ្តល់​​ក្រដាស​ផ្សព្វផ្សាយ​ឬ​កាត​បញ្ចុះ​តម្លៃ​

៥. ត្រូវ​កំណត់​​លក្ខណៈ​ពិសេស​មួយ​ដែល​ខុសប្លែក​ពី​ផលិតផល​ឬ​សេវាកម្ម​ដទៃ​។ ប្រសិនបើ​អ្នក​បើក​ហាង​អ៊ុតសក់ អ្នក​អាច​បន្ថែម​​សេវាកម្ម​​ដូចជា​កាត់​ក្រចក មាស្សា ឬ​ប្រើប្រាស់​តែ​ផលិតផល​មាន​គុណភាព​ឬ​ម៉ាក​ល្បីៗ​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ចំពោះ​អតិថិជន​។

៦. រៀបចំ​គម្រោង​សម្រាប់​ពេល​អនាគត​ដូចជា​ធ្វើ​គម្រោង​សម្រាប់​រក្សា​​ការអភិវឌ្ឍន៍​ផលិតផល​តាម​ការ​និយម​របស់​អតិថិជន។​ ធ្វើ​ដូច្នេះ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​កាន់តែ​ងាយស្រួល​ក្នុង​ការអនុវត្តន៍​​ដើម្បី​ឈាន​ចូល​ដល់​ការរីក​ចម្រើន​​។

ពាណិជ្ជកម្ម

ជំហានទាំង៧ដើម្បីសម្រេចជោគជ័យនៅក្នុងអាជីវកម្ម

ដើម្បី​សម្រេច​បំណង​ប្រាថ្នា​គឺ​ត្រូវកា​រ​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ឈាន​ទៅរក​ភាពជោគជ័យ​។​ ចំពោះ​អាជីវកម្ម​ដែល​ទើប​នឹង​ចាប់ផ្តើម​ក៏​អាច​មាន​ឱកាស​ជោគជ័យ​បាន​ដូចគ្នា​។ ទាំង​នេះ​ជា​គន្លឹះ​៧​យ៉ាងដែល​អាច​ជួយ​ឲ្យ​អ្នក​អាច​​សម្រេច​​​​ជោគជ័យ​របស់អ្នកបាន​៖

ជំហាន​ទី១ គោលដៅ​និង​ទស្សនវិស័យ

មិនថា​ជា​​ផលិតផល​​ឬ​​សេវាកម្ម​នោះទេ​ អ្នក​​គួរតែ​មាន​ទស្សន​វិស័យនិង​គោលដៅ​​ជាក់លាក់​ទៅលើ​វា​​ព្រោះ​ការ​បង្កើត​គំនិត​គ្រោង​ទុក​ទៅ​អនាគត​​មុន​ជា​គន្លឹះ​ធ្វើឲ្យ​គម្រោង​អាជីវកម្ម​អ្នក​មាន​ដំណើរការ​ល្អតាម​អ្វី​ដែល​​អ្នក​បាន​ដៅទុក​។ ម្យ៉ាងវិញទៀត អ្នក​គួរ​ពិចារណា​ទៅលើ​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ឲ្យ​បាន​ច្បាស់ថាតើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ទើប​អាច​​បើក​ដំណើរ​ការ​អាជីវកម្ម​មួយ​ទៅរលូន។

ជំហាន​ទី២ ផែនការ​អាជីវកម្ម

​​ការមាន​គម្រោង​អាជីវកម្ម​ពិត​ជា​ប្រសើរ​ណាស់។ ​បើសិនជា​អាជីវកម្ម​របស់អ្នក​ទទួលបាន​កម្រៃ​មួយលាន​រៀល​ក្នុងការលក់ប៉ុន្តែ​ថ្លៃ​ចំណាយ​ទៅលើ​ប្រតិបត្តិការ​បែរ​ជា​អស់​ពី​រ​លានរៀល​វិញ​ អាជីវកម្ម​របស់អ្នល​នឹង​ត្រូវ​ដួលរលំ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​គម្រោង​អាជីវកម្ម​អាចឲ្យ​អ្នក​ដឹង​ពី​ភាពជោគជ័យ​ទៅ​ថ្ងៃ​អនាគត​។

ជំហាន​ទី៣ ក្រុម

ការបង្កើត​អាជីវកម្ម​ក្នុងក្តី​ស្រមៃ​គឺជា​ការអនុវត្ត​ន៍​តាម​ទស្សនវិស័យ​និង​ការប្រើប្រាស់​គំនិត។ ប៉ុន្តែ​កិច្ចការ​ទាំងអស់​មិនអាច​ដំណើរ​ការ​ទៅមុខបាន​ដោយ​ការ​រ៉ាប់រងតែ​​ម្នាក់ឯង​បានទេ អ្នក​ត្រូវការ​ក្រុម​សហការ​ដែល​មាន​ជំនាញ​និង​ដើមទុន​។ នេះ​​ជា​រឿង​ដែល​អ្នក​គួរតែ​គិត​​ដោយ​ខាន​មិនបាន​។ ជាការពិតណាស់ ការមាន​ក្រុម​​ដែល​ខ្លាំង​និង​អាច​ធ្វើការ​ចុះ​សម្រុង​ជាមួយ​គ្នា​បាន​គឺ​ស្មើ​នឹង​អ្នកទទួលបាន​ភាព​ជោគជ័យ​​​ពាក់​កណ្តាល​​ទៅហើយ​ទាំង​មិនទាន់​បាន​ធ្វើ​អ្វីសោះ។ ជាពិសេស​អ្នក​ត្រូវ​ប្រាកដ​ថា​សមាជិក​ក្រុម​មាន​ជំនឿចិត្ត​ទៅលើ​អ្នក​និង​អាជីវកម្ម​របស់​អ្នក​​ពិត​ប្រាកដ​មែន។

ជំហាន​ទី៤ ទុន​និង​ពេល​វេលា

គន្លឹះ​ក្នុង​ភាពជោគជ័យ​គឺ​ការធ្វើឲ្យ​ប្រាកដ​ថា​ផលិតផល​របស់អ្នក​ត្រូវបានបង្កើត​ចេញ​មក​ដោយ​​ចំណាយ​ទុន​និង​ពេលវេលាតិច​ហើយ​វា​អាស្រ័យ​ទៅលើ​ប្រភេទ​ផលិតផល​ដែល​អ្នក​ផលិត​ផង​ដែរ។ អ្នក​អាច​រកដៃគូ​សហការ​ដើម្បី​ចូលហ៊ុន​គ្នា​​បង្កើត​អាជីវកម្ម​ឡើងព្រោះ​វា​អាច​​ជួយ​កាត់បន្ថយ​ការចំណាយ​និងហានិភ័យ​ផ្សេងៗ​។ លើសពីនេះ​ ​អ្នក​មិន​ត្រូវ​វិភាគ​ពី​ការ​ផលិត​ឲ្យបាន​ជាក់លាក់ចៀសវាង​ការ​ផលិត​ហួសប្រមាណ​ព្រោះ​វា​អាច​ទាញ​តម្លៃ​ផលិតផល​ចុះថោក​និង​ខាត​ចំណូល​។

ជំហាន​ទី៥  ធ្វើទីផ្សារ

ការធ្វើ​ទីផ្សារ​ជា​កត្តា​មិនអាច​រំលងបាននោះទេ​​ហើយ​អ្វី​ដែលសំខាន់​គឺ​ការដឹង​ពី​អតិថិជន​គោលដៅ​​ដើម្បី​អាច​ប្រកួត​ប្រជែង​ទីផ្សារ​ជាមួយ​ដៃគូ​​ប្រកួត​ប្រជែង​បាន​។ អ្នក​គួរតែ​ពិចារណា​ពី​យុទ្ធសាស្រ្ត​ទីផ្សារ ជាពិសេស​ការប្រើ​ប្រាស់​យុទ្ធសាស្ត្រ​​ទីផ្សារ​សម័យទំនើប។

ជំហាន​ទី៦  ទំនុកចិត្ត​

ការកសាង​ទំនុកចិត្ត​សម្រាប់​អតិថិជន​ក៏​ជា​វិធីសាស្រ្តល្អ​​មួយដែរ​។ បើ​គេ​មិន​ទុក​ចិត្ត​លើ​ផលិតផល​របស់​អ្នក​ទេ​ គេ​នឹង​គ្មាន​ថ្ងៃ​ជ្រើសរើស​យក​សេវាកម្ម​របស់​អ្នក​ឡើយ។ អ្នក​អាច​ធ្វើឲ្យ​អតិថិជន​មាន​អារម្មណ៍​ថា​មាន​តម្លៃ​និង​​ទំនាក់​ទំនង​ជាមួយ​ពួកគាត់​ឲ្យ​បាន​ញឹកញាប់​។

ជំហាន​ទី៧  ការ​លូតលាស់​ទៅ​ថ្ងៃ​អនាគត

ការយកចិត្ត​ទុកដាក់​ទៅលើ​ការលូតលាស់​នៅ​ថ្ងៃ​អនាគត​គឺ​សំខាន់​ណាស់​ព្រោះ​វា​អាច​កាត់បន្ថយ​ការ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ឬហានិភ័យ​បាន​។ ប្រសិន​បើ​អ្នក​មិន​យក​ចិត្ត​ទុកដាក់ទៅលើ​វាទេ អ្នក​នឹង​ងាយ​ដួល​នៅពេល​ដែល​អ្នក​ជួប​ប្រទះនូវ​បញ្ហា។

ពាណិជ្ជកម្ម

គន្លឹះ៣យ៉ាងដែលធ្វើឲ្យយុទ្ធសាស្រ្តទីផ្សារតាមបណ្តាញសង្គមមានការរីកចម្រើន

បណ្តាញ​សង្គម​មានការ​រីក​សុះសាយ​យ៉ាងខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​នៅកម្ពុជា​យើង​ជាហេតុ​បណ្តាល​ឲ្យ​​ការធ្វើ​ទីផ្សារ​​ស្ថិត​​នៅក្នុង​ទម្រង់​នៃ​បណ្តាញ​សង្គម​ក៏​កាន់​តែមាន​ប្រជាប្រិយភាព​ដែរ។ ​មាន​ហេតុផល​ជាច្រើន​ធ្វើឲ្យ​ការធ្វើ​ទីផ្សារ​តាម​បណ្តាញ​សង្គម​មាន​លក្ខណៈល្អ​ប្រសើរ​​ព្រោះ​វា​មាន​តម្លៃ​ថោក​​ហើយ​អ្នក​អាច​ដឹង​ពី​ចំនួន​មនុស្ស​ដែល​បាន​ចូល​មើល​ការផ្សព្វផ្សាយ​របស់អ្នក​បាន​ថែម​ទៀត​ផង​។​ ទាំងនេះ​ជា​គន្លឹះ​៣​យ៉ាង​ធ្វើឲ្យការ​ធ្វើ​​យុទ្ធសាស្រ្ត​ទីផ្សារ​តាម​បណ្តាញ​សង្គម​​របស់អ្នក​កាន់តែ​មាន​ភាព​រីក​ចម្រើន​។

#១  កាលពីមុន​ Snapchat ឬ​ Youtube គឺជា​កម្មវិធី​ដែល​អាច​ចែកចាយ​លឿន​ជាងគេ​ហើយ​នៅតែ​មាន​ភាព​ល្បីល្បាញ​ប៉ុន្តែ​ឥឡូវនេះ​មាន​កម្មវិធី​ជាច្រើន​ទៀត​ដែល​សក្តិ​សម​ក្នុងការប្រើ​ដើម្បី​​ផ្សព្វផ្សាយ​ម៉ាកសញ្ញា ​និង​អាជីវកម្ម​របស់អ្នក។ ​អ្នក​អាច​​ផ្សាយ​តាម​Facebook ឬ Instagram ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​នឹង​អតិថិជន​បាន​ងាយ​និង​ឆាប់​រហ័ស។ ម្យ៉ាង​ទៀត​វាធ្វើឲ្យ​ម៉ាក​សញ្ញា​​និង​ផលិតផល​របស់​អ្នក​មាន​ភាព​រស់រវើកជា​ពិសេស​ចំពោះ​ការ​បង្កើត​វីដេអូ។​

#២ នៅលើ​បណ្តាញ​សង្គម​អ្នក​អាច​កំណត់​ចំនួនមនុស្ស​ដែល​អ្នក​ចង់​ផ្សព្វផ្សាយ​ទៅដល់​បាន​តាម​រយៈការ​Boostផុស​នោះ​។​ អ្នក​គួរ​រៀប​ចំមាតិកា​ឲ្យ​មាន​ភាព​ខុសប្លែកពីគេ​និង​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​ឲ្យ​មាន​ការចែក​រំលែកតៗ​គ្នា​​កាន់តែ​ច្រើន​។ ​

#៣ បើសិន​អ្នក​មិនមាន​ធនធាន​និង​ពេលវេលា​ដើម្បី​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ទេ អ្នក​អាច​ស្វែងរក​ជំនួយ​ពី​ក្រុមហ៊ុនដែល​ផ្តល់​សេវាកម្ម​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​បាន​​ព្រោះ​ពួកគេ​គឺមាន​ជំនាញ​ស្រាប់​។ ជួនកាល​ការ​រកជួល​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ធ្វើ​ទីផ្សារ​តាម​​បណ្តាញ​សង្គម​គឺ​ចំណាយ​អស់តិច​ជាង​ការ​ជួល​បុគ្គលិក​មក​ធ្វើ​ទីផ្សារ​ទៅទៀត​ហើយ​អ្នក​ក៏​មិន​ប្រាកដ​​ថា​ទទួលបាន​ប្រសិទ្ធភាព​ល្អ​ដែរ។

ពាណិជ្ជកម្ម

៣ចំណុចដែលអាចជួយឲ្យអ្នកឆ្ពោះទៅគោលដៅ

0

ការសម្រេច​គោលដៅ​គឺ​មិន​ពិបាក​ឡើយ​បើ​អ្នក​ចាត់ទុក​វា​ដូចជា​ការដើរម្តង​មួយជំហាន​ៗដោយ​មិន​បង្ខំ។ ដើម្បី​ឲ្យ​អ្នក​អាច​សម្រេច​គោលដៅ​បាន​ដោយ​ជោគជ័យ​ ៣ចំណុច​ខាង​ក្រោមនេះ​អ្នក​អាច​យក​ទៅ​អនុវត្ត​​បាន​ជា​រៀងរាល់​ថ្ងៃ៖

ចំណុច​ទី​១​  វិន័យ

មិនមាន​ការរៀបចំ​ណា​ដែល​ល្អ​ប្រសើរ​ជាង​ការមាន​វិន័យនោះទេ ​។ នៅពេល​ដែល​អ្នក​ធ្វើអ្វី​មួយ​តែង​តម្រូវ​ឱ្យ​មាន​វិន័យ​ជានិច្ច​។​ ដើម្បី​ឲ្យ​មាន​វិន័យ​នៅក្នុ្ងង​ការធ្វើអ្វី​មួយនោះ​អ្នក​គួរតែ​​ក្រោក​​​ពី​​ព្រលឹម​​​។ អ្នក​អាច​សាកល្បង​ក្រោក​ឡើង​នៅម៉ោង​ ៥ ព្រឹកដើម្បី​ឲ្យ​​អ្នក​មាន​ពេលវេលា​ត្រឹមត្រូវ​ក្នុងការ​ធ្វើរៀបចំខ្លួន​ ហាត់ប្រាណ អានសៀវភៅ ឬ​ញ៉ាំ​អាហារពេល​ព្រឹក​ជាដើម​មុន​ពេល​អ្នក​ទៅបំពេញ​​ការងារ​ប្រចាំថ្ងៃ​របស់អ្នក​។

ចំណុច​ទី​២​  យកចិត្តទុកដាក់

អ្នក​ស្រាវជ្រាវ​បាន​លើកឡើង​ថា​មនុស្ស​ភាគច្រើន​ប្រើប្រាស់​ប្រព័ន្ធ Digital ជាង ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ នៅពេល​ដែល​ពួកគេ​ធ្វើការ​តែងតែ​ជួប​ការ​រំខាន​យ៉ាងតិច​ ១១ នាទី​ម្ដង​ដោយសារតែ​មាន​ការងារ​ជុំវិញ​ខ្លួន​ច្រើនពេក​។ ដើម្បី៎​ឲ្យ​យើង​អាច​អភិវឌ្ឍ​ខ្លួនឯង​បាន​អ្នក​គួរតែ​ចំណាយ​ពេលខ្លះ​​សម្រាក​។ ​អ្នក​អាច​នៅ​ស្ងប់ស្ងាត់​តែ​ម្នាក់ឯង​ពី​២​ទៅ​៥នាទី​​ជា​រៀងរាល់​ព្រឹក​។ ប្រសិនបើ​ការស្ងប់ស្ងាត់​នេះ​មិនមាន​ប្រសិទ្ធភាព​អ្នក​អាច​យក​ពេល​មក​អាន​សៀវភៅ រៀបចំ​គម្រោង​សម្រាប់​ធ្វើអ្វី​ផ្សេងៗ​ឬ​ក៏​ធ្វើអ្វី​ដែល​មាន​ប្រយោជន៍​ពីព្រោះកត្តា​​ទាំងអស់​នេះ​នឹង​ជួយ​ពង្រឹង​សមត្ថភាព​របស់អ្នក​ហើយ​អាច​ឈាន​ទៅរក​គោលដៅ​។

ចំណុច​ទី​៣​ ​ ថាមពល

ដើម្បី​សម្រេច​គោលដៅ​បាន​គឺ​តម្រូវ​ឲ្យ​យើង​ប្រឈម​មុខ​ជាមួយ​នឹង​ឧបសគ្គ។ ប្រសិនបើ​អ្នក​ធ្វើកិច្ចការ​បាន​សម្រេច​ជា​បន្តបន្ទាប់​​ អ្នក​នឹង​មើលឃើញ​ពី​ភាពខុសប្លែក​នៅក្នុង​ជីវិត​របស់អ្នក​និង​​ធ្វើដំណើរឆ្ពោះទៅរកគោលដៅ​បន្ត​ទៅទៀត​។ ដើម្បី​ឲ្យ​​អ្នក​អាច​មាន​ថាមពល​កាន់តែ​ខ្លាំង​នោះ​គឺ​អ្នក​ត្រូវធ្វើ​លំហាត់ប្រាណ​​ដើម្បី​បង្កើន​សមត្ថភាព​រាង​កាយ​ព្រមទាំងអាចឲ្យ​​​ខួរក្បាល​ជ្រះ​ស្រលះ​ល្អ។ ការធ្វើ​លំហាត់​ប្រាណ​គឺជា​ចំណុច​មួយ​យ៉ាងធំ​ដែល​អាច​ធ្វើឲ្យ​មនុស្ស​យើង​ផ្លាស់ប្ដូរ​បានយ៉ាង​មាន​ប្រសិទ្ធភាព​។​ ការ​ហាត់ប្រាណ​នៅពេលព្រឹក​ក៏​ទុក​ពេល​ឲ្យ​យើង​បាន​ពង្រឹង​ការគិត​ដែរដែល​វា​ប្រៀប​ដូចជា​អ្នក​បាន​​រៀបចំ​ខ្លួន​ដើម្បី​តស៊ូ​សម្រេច​នូវ​គោលដៅ​ធំ​របស់ខ្លួន​រួចរាល់។

សរុបមក​​មិនមាន​អ្វី​ដែល​អាច​​រារាំង​អ្នក​ពី​គោលដៅ​របស់​អ្នក​នោះទេ ប្រសិនបើ​អ្នក​មាន​ការរៀបចំ​ច្បាស់លាស់ ​យកចិត្ត​ទុកដាក់ និង​មាន​ថាមពលក្នុងខ្លួន។

 

 

ពាណិជ្ជកម្ម

Appsដែលផ្តល់ផលប្រយោជន៍សម្រាប់អ្នកធុរកិច្ច

0

Google Calendar

ប្រសិនបើ​អ្នក​មាន​អតិថិជន​ច្រើនឬ​​ការងារ​ច្រើន​ អ្នក​​អាច​រក្សា​វា​នៅក្នុង​Google Calendarដោយ​ប្រើប្រាស់​កម្មវិធី​ Layers ឬ​ multiple calendar។ នៅក្នុង​កម្មវិធី​នេះ​អ្នក​អាច​រៀបចំ​កាលវិភាគ ការណាត់​ឬ​ប្រជុំ និង​ដាក់Remindersបាន។ លក្ខណៈ​ពិសេស​បំផុត​របស់​កម្មវិធី​នេះ​គឺ​ cross-device ​ដែល​អាច​ផ្សា​ភ្ជាប់​ទិន្នន័យ​មកពី​ឧបករណ៍​បច្ចេកវិទ្យា​ជាច្រើន​ជាមួយ​គ្នា​ដោយ​Google Account ។

Calendar ថែមទាំង​អាច​ជួយ​អ្នក​ក្នុង​ការដាក់​ពណ៌​លើ​តារាង​ពេលវេលា​ដែល​សំខាន់ កំណត់​ពេល​ចាប់ផ្តើម​និង​បញ្ចប់ ចែក​​រំលែក​ប្រតិទិន​ឬ​ព្រឹត្តការណ៍​អ្វី​មួយ​ជាមួយ​មិត្តភក្តិ​ផងដែរ​។

Asana

Asana អាច​ជួយ​ឲ្យ​អ្នក​បង្កើត​នូវ​គម្រោង​ក៏​ដូចជា​តារាង​ការងារ លើកទឹកចិត្ត​​បុគ្គលិកឲ្យ​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ការងារ​ និង​ថែមទាំង​សន្សំ​ពេលវេលា​ពី​​ការ​ចំណាយ​លើ​ការផ្ញើអ៊ីមែល​ឬ​ការងារ​ទំនាក់ទំនង​។  Asana​ ​ថែមទាំង​អាច​ជួយ​គ្រប់គ្រង​ដំណើរការ​នៃ​ការអនុវត្តន៍។ សរុបមក​វា​ងាយស្រួល​ដល់​ការគ្រប់គ្រង​ការងារ​ដែល​មាន​លក្ខណៈ​ជា​ក្រុម​ហើយ​មាន​ទីតាំង​ខុសៗ​គ្នា។

Campaign Monitor

អ៊ីមែល​ដែល​អ្នក​បង្កើត​តាមរយៈ ​Campaign Monitor អាច​កំណត់​កាលវិភាគ​ហើយ​អ្នក​ក៏​អាច​បង្កើត​នូវ​កម្មវិធី​ឆ្លើយតប​ដោយ​​ស្វ័យប្រវត្តិ​ទៅកាន់​អ៊ីមែល​ដែល​គេ​ផ្ញើ​រមក​។  ជាងនេះ​ទៅទៀត​វា​អាច​ជួយឲ្យ​អ្នក​ងាយស្រួល​ក្នុង​ការ​បែងចែក​តារាងអ៊ីមែល​តាមទិន្នន័យ​និង​តាមផ្នែក​ផងដែរ​។

Drum Up

Drum Up អាច​ជួយ​អ្នក​បង្ហោះ​នូវ​ទិន្នន័យ​ទៅលើ​ប្រព័ន្ធ​បណ្តាញ​សង្គម​យ៉ាងរហ័ស​ដោយ​មិន​ចាំបាច់ log in នោះទេ​។ ​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ងាយស្រួល​ក្នុងការ​ទាញយក GIFs ពី GIPHY ហើយ​បញ្ចូល​emojis ​ទៅកាន់​បណ្តាញ​សង្គម​ទៀតផង​។​ សរុបមក​វា​ជួយ​ក្នុងការ​គ្រប់គ្រង​បណ្តាញ​សង្គម​ឲ្យ​មាន​លក្ខណៈ​សកម្ម​។

Dropbox

វា​ជា​App​ មួយ​ដែល​ជួយ​ឲ្យ​យើង​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​មកពី​ឧបករណ៍​ជាច្រើន​ផ្សេងគ្នា ​ដូចជា​ចែក​រំលែក​ឯកសារ​ដល់​មិត្តភក្តិ ធ្វើ​គម្រោង​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ និង​ទុក​ឯកសារ​សម្រាប់​ប្រើ​នៅពេល​អនាគត។

Lastpass

​Appនេះដែល​ងាយស្រួល​សម្រាប់​អ្នក​ដែល​មាន​គេហទំព័រ​ច្រើន​ដោយ​ជួយ​បញ្ចូល​លេខកូដ​ដោយ​ស្វ័យប្រវត្តិ​ហើយ​អនុញ្ញាត​​ឲ្យ​មិត្ត​រួមក្រុម​ចូលទៅ​គេហទំព័រ​ដោយ​មិនបាច់​បង្ហាញ​ពី​អត្តសញ្ញាណ ​ជាពិសេស​យើង​អាច​ប្រើប្រាស់​វា​នៅ​គ្រប់ឧបករណ៍ទាំងអស់​ដោយ​គ្រាន់តែ​មាន​ account Last pass។

Slack

Slack គឺជា​app មួយ​ដែល​ងាយស្រួល​ក្នុង​ទំនាក់​ទំនង​ផ្ទៃក្នងនិង​ចែក​រំលែក​ព័ត៌មាន​ក្នុង​​ការ​ធ្វើការ។ តាមរយៈ​កម្មវិធី​នេះអ្នក​អាច​ធ្វើការ​ទំនាក់​ទំនង​ជា​លក្ខណៈ​ឯកជនឬក៏​បង្កើត​ការ​ទំនាក់​ទំនង​ជាក្រុម​​។ វា​មិន​សូវ​មាន​ភាព​រញ៉េរញ៉ៃ​ក្នុង​ការ​ប្រើប្រាស់​និង​អាច​រកមើលឯកសារ​ឬ​ការ​ចរចារ​ផ្សេងៗ​តាម​កាល​បរិច្ឆេទបាន​ងាយស្រួល។ Slack​ ថែមទាំង​មាន​ទំនាក់ទំនង​ជាមួយ​apps​ទីផ្សារ​និង​​ការលក់ផងដែរ៕

ពាណិជ្ជកម្ម

លក្ខខណ្ឌ​ដូចម្តេច​ទើបអាចដាក់តម្លៃខ្ពស់បាន?

តម្លៃ​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​យុទ្ធសាស្រ្ត​ទីផ្សារដែលទាមទារ​ឱ្យ​មាន​ដាក់តម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ចាប់យក​ចំណែក​ទីផ្សារ។ ម្យ៉ាងវិញ​ទៀត​អ្នក​មិនមែន​ដាក់​តម្លៃ​តាមតែ​ការគិត​របស់អ្នក​ឡើយ​។ ពេលខ្លះ​នៅពេល​ដែល​អ្នក​ដាក់​តម្លៃទាប​ពេក​ឬ​ខ្ពស់ពេក​​ វាអាច​ប៉ះពាល់​ដល់​ការលក់​របស់អ្នក​បាន​យ៉ាងងាយ​។ ក្នុងការ​ដាក់​តម្លៃ​យើង​ត្រូវ​ពឹងផ្អែក​លើ​ផ្នែកផ្សេងៗ​​ដែល​ទាក់ទង​ក្នុង​ការដាក់​តម្លៃ​​ដែល​ត្រូវបាន​ប្រើប្រាស់​ផងដែរ​​ដូចជា​​ទីផ្សារ​គោលដៅ កម្រិត​នៃ​ប្រាក់ចំណេញ និង​យុទ្ធសាស្រ្ត​ក្នុង​ការធ្វើ​ឲ្យ​ក្រុមហ៊ុន​រីក​លូតលាស់ជាដើម​។ យ៉ាងណាមិញ​ការដាក់​តម្លៃ​ខ្ពស់​អាច​ប្រើប្រាស់​ក្នុងគោលបំណង​ច្រើនយ៉ាង​៖

#ទី១ គ្មានឬ​មិន​សូវ​សម្បូរ​ទំនិញ​​ដទៃទៀត​​អាច​​ជំនួស​​បាន

យុទ្ធសាស្រ្ត​ក្នុងការ​ដាក់​តម្លៃ​ខ្ពស់​​គឺ​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការដាក់​តម្លៃ​ផលិតផល​របស់យើង​ឲ្យ​ខ្ពស់​ជាង​ផលិតផល​ដែល​ស្រដៀង​នឹង​​យើង​។ ​វា​ត្រូវបាន​គេ​ប្រើប្រាស់​នៅតំបន់មួយ​ចំនួន​ដែល​ប្រជាជន​មាន​ចំណូល​ខ្ពស់​ឬ​ចំណូល​មធ្យម​​ហើយ​ពួកគាត់ស្ម័គ្រ​ចិត្ត​នឹង​ទិញ​ទំនិញ​នោះ​ព្រោះ​ពួកគាត់​អាច​នឹង​គិតថា​ទំនិញ​នោះ​សម​នឹង​តម្លៃ​ថ្លៃ​ដោយសារ​តែ​គ្មាន​ទំនិញ​ផ្សេង​ទៀត​ជំនួស​បានឡើយ​។ ប៉ុន្តែ​ការដាក់​តម្លៃ​ថ្លៃ​ជួនកាល​ក៏អាច​ជួប​ឧបសគ្គ​​ក្នុង​ការវាយលុក​ចូល​ទីផ្សារ​ផងដែរ។

#ទី២ បង្ហាញ​ពី​គុណភាព

ការដាក់​តម្លៃ​ខ្ពស់​ត្រូវបាន​ប្រើប្រាស់​ក្នុងបង្កើន​អត្តសញ្ញាណ​ម៉ាកសញ្ញា​នៅលើ​ទីផ្សារ​​។​ តម្លៃ​ថ្លៃ​ជាទូទៅ​បង្ហាញពី​សញ្ញា​នៃ​គុណភាព​ខ្ពស់​នៃ​ផលិតផល​នោះដោយ​ក្រុមហ៊ុន​ភាគច្រើន​ប្រើប្រាស់​យុទ្ធសាស្រ្ត​នេះ​ក្នុង​ការបញ្ជាក់​និង​ធានា​ពី​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​។ ឧទាហរណ៍​ក្រុមហ៊ុន​ Apple បាន​វាយលុក​ទីផ្សារ​យ៉ាងខ្លាំង​ខាង​ផ្នែក​បច្ចេក​វិទ្យា​​ហើយ​ក្រុមហ៊ុន​នេះ​ប្រើប្រាស់​យុទ្ធសាស្រ្ត​ក្នុង​ការ​ដាក់​តម្លៃ​ខ្ពស់​​ព្រោះ​ពួកគេ​ចង់​ឲ្យ​អតិថិជន​ជឿជាក់​លើ​ផលិតផល​របស់​ពួកគេ​ថា​ពិត​ជា​​មានគុណភាព​ខ្ពស់​។​​​​

#ទី៣ ច្រោះ​យកក្រុម​អតិថិជន​គោលដៅ

ម៉ាក​សញ្ញា​មួយ​ចំនួន​​ដាក់​តម្លៃ​ទំនិញខ្ពស់​ដើម្បី​ចម្រាញ់យក​ក្រុមអតិថិជន​ដែលគេចង់បាន (ក្រុមអតិថិជនចំណូលខ្ពស់)។ ការដាក់តម្លៃ​ខ្ពស់​ដូច្នេះ គឺជា​យុទ្ធសាស្ត្រ​ចិត្តសាស្ត្រ​មួយ​ដើម្បី​ឱ្យ​អតិថិជន​ម្នាក់ៗ​តែងប្រាថ្នា​ចង់បាន​ផលិត​ផល​នោះ ដោយសារ​តែ​វាមាន​តម្លៃខ្ពស់ ភាព​ល្អ​ឯក ហើយធ្វើ​ឱ្យ​អតិថិជនមាន​មោទនភាពនៅពេលដែល​ពួកគេ​អាច​ប្រើប្រាស់និង​មាន​លទ្ធភាពទិញបាន។ មិនត្រឹមតែប៉ុណ្ណោះ វា​ក៏ជា​ផលិតផល​ឬម៉ាកសញ្ញា​ដែលអតិថិជន​គ្រប់ស្រទាប់​ចង់បាន មិនថាខ្ពស់ ទាប ឬមធ្យមនោះទេ។ ប៉ុន្តែ​ដើម្បី​អាចឈាន​ទៅដល់​ចំណុចនេះបាន គឺទាមទារឱ្យ​មានការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារជាច្រើន ជា​ពិសេស​គឺត្រូវមាន​ខ្ទង់ចំណាយ​សម្រាប់ការធ្វើទីផ្សារ​ខ្ពស់ និង​ព្រមទាំង​ត្រូវឆ្លងកាត់​ការលំបាក​ជាច្រើន​ផងដែរ​ដើម្បី​អាច​ទទួលបាន​ភាពជោគជ័យ។

#ទី​៤ ផលិតផលប្លែកពីគេ

ជាធម្មតា​ផលិតផល​ប្លែកពីគេ​មាន​ឱកាស​ច្រើន​ក្នុងកា​រដាក់​តម្លៃ​ខ្ពស់​ព្រោះ​ថា​គ្មានទំនិញ​ណាអាច​ប្រកួត​ប្រជែង​នឹង​ទំនិញ​នោះ​បានឡើយ​។ ហេតុដូចនេះហើយ​បានជា​ផលិតផល​ឱសថ​​គឺជា​ផលិតផល​មួយ​ដែល​ត្រូវតែ​មាន​ប៉ាតង់ហើយវា​ក៏​មាន​តម្លៃ​ថ្លៃ​ទៀតផង​​​។ ម្យ៉ាងទៀត​ផលិតផល​​បច្ចេក​​វិទ្យា​​ក៏​​មាន​តម្លៃ​ថ្លៃ​ផងដែរ​​ដោយសារ​តែ​ទំនិញ​គឺ​ខុសប្លែក​ពី​គេនិង​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​ការបង្កើត​ឡើង​មក​។

ដូចនេះរាល់​ទំនិញ​ដែល​បង្កើតឡើង​​ដោយពិបាក ​ប្រើប្រាស់​វត្ថុ​ធាតុដើម​ថ្លៃ និង​មាន​គុណភាពខ្ពស់​​តែងតែ​មាន​តម្លៃ​ថ្លៃ​ជាងទំនិញ​ឯទៀត​នៅលើ​ទីផ្សារ​។

ពាណិជ្ជកម្ម

៤សំណួរ​ដែល​សហគ្រិន​គួរ​តែ​សួរ​ខ្លួនឯង​ដើម្បី​ជោគជ័យ

ពួកយើង​គ្រប់គ្នា​សុទ្ធតែ​ប្រាថ្នា​ចង់ទទួលបាន​អ្វី​អស្ចារ្យមុន​ដំណាច់​ឆ្នាំ​២០១៧​នេះ។ អ្នក​​ខ្លះ​ចង់​ទទួលបាន​ការរីកចម្រើន រីឯអ្នក​ខ្លះ​ទៀត​ចង់​ពង្រីក​អាជីវកម្ម​បន្ថែមទៀត​។ បំណង​ប្រាថ្នា​មិន​អាច​កើតឡើង​ជា​ការពិត​ដោយ​ឯកឯង​ទេលុះត្រា​តែ​អ្នក​ធ្វើ​វា​ឲ្យ​កើតឡើង។ អ្នក​ត្រូវ​មាន​ក្តី​សុបិន​និង​គោលដៅ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុនសិន។ ជាការពិត​ក្នុង​នាម​ជា​សហគ្រិន​ម្នាក់​គឺ​ពិត​ជា​ចង់​ទទួលបាន​ភាព​ជោគជ័យ​ខ្លាំងណាស់។ ដើម្បី​អាច​សម្រេចបាន​ គេ​គួរ​សួរ​សំណួរ​ទាំង​៤ខាងក្រោមនេះ​ទៅកាន់​ខ្លួនឯង​ជាមុន​សិន៖​

#សំណួរទី១ តើ​ខ្ញុំ​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​ទទួលបាន​ភាព​ជោគជ័យ?

ដំបូង​អ្នក​ត្រូវ​ដឹងឲ្យ​ច្បាស់​ថា​អ្នក​ចង់​សម្រេច​អ្វី​នៅក្នុង​ឆ្នាំ​នេះ។ អ្នក​អាច​ស្រមៃ​ថា​អ្នក​ស្ថិត​នៅក្នុង​បំណាច់​ឆ្នាំ​២០១៧។ អ្នក​កំពុង​អង្គុយ​នៅក្នុង​ការិយាល័យ​ហើយ​អ្នក​មាន​អារម្មណ៍​ថា​ឆ្នាំនេះ​គឺ​ពិត​ជា​អស្ចារ្យ​​​ណាស់ព្រោះ​អ្នក​បាន​សម្រេចគោលដៅដែល​អ្នក​បាន​គ្រោង​ទុក​រួច​ហើយ។ ​បន្ទាប់​ពី​ស្រមៃ​រួច​អ្នក​ត្រូវ​កត់ត្រា​អារម្មណ៍ ភាព​អស្ចារ្យ និង​គោលដៅ​ទាំង​នោះទុកហើយ​ចាប់​ផ្តើម​រៀបចំ​ផែនការណ៍​ឲ្យបាន​ច្បាស់លាស់​ដើម្បី​អាច​សម្រេច​គោលដៅ​នេះបាន។

#សំណួរទី២ តើខ្ញុំគួរ​ធ្វើ​យ៉ាងណា​ដើម្បី​ទទួលបាន​ភាព​រីក​ចម្រើន?

អ្នកគួរ​ស្វែងយល់​ពី​អតិថិជន​របស់អ្នក​ឲ្យ​បាន​ច្បាស់។ តើ​អ្វី​ទៅជា​យុទ្ធសាស្ត្រចម្បង​របស់​អ្នក​ក្នុង​ការ​ទាក់ទាញ​អតិថិជន​ឲ្យ​បាន​កាន់តែ​ច្រើន​សម្រាប់​ឆ្នាំនេះ? អ្នក​ត្រូវ​ដឹង​ថា​អតិថិជន​ចង់បាន​អ្វី​ពី​អាជីវកម្ម​របស់អ្នក?បន្ទាប់ពី​នោះ​អ្នក​ត្រូវ​ប្តេជ្ញា​ចិត្ត​ធ្វើឲ្យបាន​ដើម្បី​សម្រេចក្តី​ប្រាថ្នា​របស់អ្នក។

#សំណួរទី៣ តើអ្នកគួរ​បម្រើ​អតិថិជន​របស់អ្នក​ដោយ​របៀបណា?

 អ្នក​ត្រូវ​រៀបចំ​គម្រោង​សម្រាប់​កិច្ចការ​ដែល​អ្នក​នឹងធ្វើ​ដើម្បី​បម្រើ​អតិថិជន​របស់អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ជា​ឆ្នាំ​២០១៦ទៀត។ គិត​ពី​ចំណុច​វិជ្ជមាន​ទាំងឡាយ​ដែល​អ្នក​អាច​ផ្តល់ឲ្យ​អតិថិជន​ដើម្បី​បង្កើន​ការ​ពេញ​ចិត្ត​របស់ពួកគេ។ អ្នក​ត្រូវ​គិត​ពី​វិធី​ដេល​អាចយក​ទំនុកចិត្ត​របស់អតិថិជន​បាន​ដូច​ជា​បង្កើន​អនាម័យ​ជាដើម​។

#សំណួរទី៤ តើធ្វើយ៉ាងណា​ដើម្បី​បញ្ឈប់ភាព​ស្ទាក់ស្ទើររបស់ខ្ញុំបាន?

ផ្លូវ​នៃ​ការ​ធ្វើអាជីវកម្ម​របស់​សហគ្រិន​តែងតែ​មាន​ឧបសគ្គ។ ជួនកាល​ពេលដែល​ជួបការ​លំបាក​ច្រើនពេក​ឬធ្ងន់ធ្ងរពេក​នាំឲ្យ​មាន​ការអស់សង្ឃឹម។ ដោយសារតែ​ភាព​ភ័យខ្លាច​ឬការសង្ស័យ​នាំឲ្យ​ពួកគេ​បោះបង់ចោល។ ដោយឡែក​ចំពោះ​សហគ្រិន​ អ្នក​គឺបាន​ព្យាយាម​ជាយូរ​មកហើយ អ្នក​មិន​ត្រូវ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេចគោលដៅ​ក្នុង​ឆ្នាំនេះទេ។ អ្នក​ត្រូវ​ផ្តោត​ទៅលើការងារណា​ដែលនាំ​អ្នក​ទៅរកភាព​ជោគជ័យ​ពិតប្រាកដ​និងរៀនលះបង់ការងារ​ដែល​មិនចាំបាច់។ ចាប់ផ្តើម​ផ្តោតឲ្យ​កាន់តែ​ខ្លាំងពីការងារ​បែបណា​ដែល​អ្នក​ចង់​បាននិង​បន្ត​ប្រឹងប្រែង​ធ្វើវា​តទៅទៀត។ លើសពីនេះ​ទៅទៀត​ អ្នក​ក៏អាច​សិក្សា​ពី​ទម្លាប់​ល្អៗរបស់បុគ្គល​ជោគជ័យ បុគ្គល​គម្រូ​ ឬមនុស្សណា​ម្នាក់​ដែលអ្នក​តែងតែ​កោតសរសើរហើយ​រៀនអនុវត្តតាមពួកគេ​។

ពាណិជ្ជកម្ម

ធុរកិច្ច៦ប្រភេទ​ដែលអ្នកអាចចាប់ផ្តើមដោយមិនត្រូវការទុនច្រើន

តើ​ធុរកិច្ច​ប្រភេទ​ណាខ្លះ​ដែល​អ្នក​អាច​ចាប់ផ្តើម​ដោយ​មិន​ត្រូវការ​ដើមទុន​ច្រើន​? ធុរកិច្ច​ទាំងនោះ​រួមមាន​៖

  • ការច្នៃ​ប្រឌិត​ដោយ​ខ្លួនឯង​៖ របស់​ទាំងនោះ​រួមមាន​វត្ថុ​សិល្បៈ​និង​វត្ថុ​ដែលជា​ទេពកោសល្យ​ជាដើម​។ បើសិន​អ្នក​ជា​ជាងគំនូរ​ អ្នក​អាច​គូរ​គំនូរទាំងនោះ​លក់​បាន។
  • សេវាកម្ម​តាម​ផ្ទះ៖ សេវាកម្ម​មិន​ត្រូវការ​ដើមទុន​ច្រើនទេ​ព្រោះ​អ្នក​ធ្វើការ​នៅក្នុ​ងផ្ទះ​និង​ជាមួយ​អ្នកជិតខាង​តែ​ប៉ុណ្ណោះ។ ឧទាហរណ៍ អ្នក​អាច​ចាប់ផ្តើម​សេវា​មើលថែទាំ​ក្មេង​ សត្វ​ចិញ្ចឹម​ជាដើម​។
  • សេវាកម្ម​ជួសជុល​៖ បើសិន​អ្នក​មាន​ជំនាញ​ពិសេស អ្នក​អាច​ប្រើប្រាស់​វា​សម្រាប់​ការ​ចាប់ផ្តើម​ដំបូង​នៃ​ធុរកិច្ច​របស់អ្នក​បាន។ ជាក់ស្តែង បើសិនជា​អ្នក​ជា​មនុស្ស​ដែល​អាច​ធ្វើការ​បាន​គ្រប់ជំពូក​ អ្នក​អាច​ធ្វើការ​ជាមួយ​ម្ចាស់​ផ្ទះ​ណា​ដែល​មិនចេះ​ច្រើន​ពី​ការជួសជុល​ផ្ទះ។ ចំណុច​នេះ​មិនសូវ​ខុស​ពី​សេវាកម្ម​តាមផ្ទះ​ប៉ុន្មាន​ទេ។​
  • ផ្នែកពិភាក្សា​ឬ​ពិគ្រោះ​យោបល់​៖ គិត​អំពី​វិស័យ​ដែល​អ្នក​ធ្លាប់​ដឹង​និង​ចូលរួម​តើ​អ្នក​ទទួល​បាន​ចំណេះដឹង​ប៉ុន្មាន​ពី​ពេលនោះ។ ដូចនេះហើយ អ្នក​អាច​យក​បទពិសោធន៍​ទាំងនោះ​មក​ប្រើប្រាស់​បាន​។ យើង​ជឿជាក់​ថា​ចំពោះ​សហគ្រាស​ដែល​ទើប​តែចាប់ផ្តើមនឹង​រីករាយ​ចំណាយ​សម្រាប់​ជំនាញ​របស់អ្នក​។ ការពិគ្រោះ​យោបល់​ជា​សេវាកម្ម​ដែល​ត្រូវការ​តែ​ពេលវេលា​ហើយ​និង​ទទួល​បាន​ការឲ្យ​តម្លៃ​ខ្ពស់។
  • ការលក់​៖ ការលក់​នេះ​សម្ដៅ​ទៅលើ​ការទិញ​ទំនិញ​និង​លក់​បន្ត​ឲ្យ​ទៅ​អ្នកដទៃ​ឬ​ហៅថា​ឈ្មួញ​​កណ្តាល​​​។ អ្នក​អាច​ប្រើ​វិធី​លក់​ដោយ​មិនចាំបាច់​មានទំនិញ​នៅក្នុង​ដៃ​ដោយ​អ្នក​អាច​កម្មង់​ទិញ​ទំនិញ​នោះ​នៅពេល​ដែល​មាន​អតិថិជន​ចង់​ជាវ​តែ​ប៉ុណ្ណោះ​។​ ការធ្វើ​បែប​នេះគឺ​អ្នក​មិន​ចាំបាច់​ត្រូវការ​ដើមទុននោះ​ទេ។
  • ការរក​ចំណូល​បន្ថែម​៖​ ន័យ​នេះ​សម្ដៅ​ដល់ការ​រកចំណូល​តាមរយៈ​អ្វីដែល​យើងមាន​។ ឧទាហរណ៍​ អ្នក​មាន​រថយន្ត​ផ្ទាល់ខ្លួន​មួយ អ្នក​អាច​ប្រើ​វា​ដើម្បី​រត់​តាក់ស៊ី​នៅពេល​ទំនេរ​ជាមួយ​នឹង​Uber ដែលទើបតែ​មកដល់​ប្រទេស​កម្ពុជា​ថ្មីៗ។

សរុបមក​ធុរកិច្ច​ទាំងនេះ​បង្ហាញ​ថា​អ្នក​មិនចាំបាច់​មាន​ដើមទុន​ច្រើននោះ​ទេ​ដើម្បី​ចាប់ផ្តើម​។ អ្នក​គ្រាន់តែ​ដឹងថា​ធុរកិច្ច​មួយណា​ដែល​សក្តិសម​នឹង​អ្នក​បំផុត​ទៅបាន​ហើយ។

ពាណិជ្ជកម្ម

វិធី៣​យ៉ាងដើម្បីស្វែងរកទីផ្សារគោលដៅដ៏​សក្តិសម​​សម្រាប់​អាជីវកម្ម​ថ្មី

0

ទីផ្សារ​គោលដៅ​ពិតជា​សំខាន់ណាស់​សម្រាប់​អាជីវកម្ម​។ ប្រសិនបើ​អ្នក​មានផលិតផល​ល្អ ប៉ុន្តែ​ស្វែងរក​ទីផ្សារ​គោលដៅ​ខុស អាជីវកម្ម​របស់អ្នក​ប្រាកដ​ជា​បរាជ័យ។ ដូច្នេះ​ពេលនេះ​គំនិត​នឹង​ណែនាំ​អ្នក​អំពី​វិធី​៣​​យ៉ាង​ដើម្បី​កំណត់​យក​អតិថិជន​គោលដៅ​ ឱ្យ​បានត្រឹមត្រូវ​និង​ជោគជ័យ​៖

១. បង្កើត​ផលិតផល​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតមាន

នៅពេល​ដែល​អ្នក​ចង់​បង្កើត​ផលិតផល​ថ្មី អ្នក​ត្រូវ​ស្វែងរក​ផលិតផល​ណា​ដែល​ល្អ​ជាងគេ​និង​​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុង​តែ​កើតមាន​។ ឧទាហរណ៍​ដូចជា​ស្ថាបនិក​របស់ GigTown  គាត់​បង្កើត​កម្មវិធី​បច្ចេកវិទ្យា​មួយ​គឺ​នៅពេល​ដែល​គាត់​ឃើញ​អ្នក​នៅក្នុង​តំបន់​ដែល​គាត់រស់នៅ​មាន​បញ្ហា​លំបាក​ក្នុងការ​ស្វែងរក​អ្នក​ចម្រៀង​សម្រាប់​កម្មវិធី​នីមួយៗ​របស់​ខ្លួន​។  ដូច្នេះ​គាត់​ក៏​បង្កើត​កម្មវិធី​មួយ​ដែល​អាច​ជួយ​ណាត់​អ្នក​ចម្រៀង​ដែល​នៅក្បែរ​តំបន់​បាន​ដោយ​ត្រូវការ​ពេលវេលា​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។​

២. ជ្រើសរើស​ប្រភេទ​អតិថិជន​ដែល​យើង​ចង់​ដោះស្រាយ​បញ្ហា​ឲ្យ

ក្រៅពី​បង្កើត​នូវ​ផលិតផល​ដែល​អ្នក​ចង់ដោះស្រាយ​ឲ្យ​ហើយនោះ ​អ្នក​ត្រូវ​កំណត់​អតិថិជន​ប្រភេទ​មួយណា​ដែល​ធ្លាប់​ជួប​បញ្ហា​ទាំងនោះ​​និង​ត្រូវការ​ដំណោះស្រាយ​ដែល​យើង​បាន​បង្កើតឡើង​មក​។ ឧទាហរណ៍ GigTown ដដែលនេះ​។ អ្នក​ដែល​ត្រូវការ​ App នេះ​គឺជា​ម្ចាស់​ហាង​កាហ្វេ បារ និង​ភោជនីយដ្ឋាន​ដែល​បម្រើ​សេវាកម្ម​ព្រមជាមួយ​នឹង​ការ​ប្រគុំ​តន្រ្តី​ក៏​ដូចជា​អ្នកចម្រៀង​ផ្ទាល់​ដែល​ត្រូវ​ស្វែងរក​ហាង​ដើម្បី​ច្រៀង។

៣. ​សាកល្បង​លើ​ផលិតផល​ដែល​បាន​បង្កើត

​បន្ទាប់​ពី​បង្កើត​ផលិតផល​ដើម្បី​ដោះស្រាយ​បញ្ហា កំណត់​នូវ​អតិថិជន​គោលដៅ ពួកយើង​ត្រូវ​យក​ផលិតផល​នោះ​ទៅ​​​សាកល្បង​​ដោយ​យក​ទៅ​ផ្សព្វផ្សាយ​ដល់​ទី​កន្លែង​របស់​អតិថិជន​គោលដៅ​ដែល​យើង​បាន​កំណត់។ ប្រសិនបើ​អតិថិជន​ពេញចិត្ត​ចង់បាន​ផលិតផល​យើង​ នោះ​មានន័យថា​ផែនការ​ទីផ្សារ​របស់យើង​ពិតជា​ទទួលបាន​ជោគជ័យ​ហើយ។

ពាណិជ្ជកម្ម

វិធីទាំង៥យ៉ាងដើម្បីផ្សព្វផ្សាយលក្ខណៈប្លែកពីគេនៃអាជីវកម្មរបស់អ្នក

0

គុណភាព​ប្លែកគេ​នឹង​ធ្វើឲ្យ​អ្នក​ខុស​ពី​ម៉ាកសញ្ញា​ដទៃ​ទៀត។ វា​នឹង​ធ្វើឲ្យ​អ្នកដទៃ​ស្គាល់​ពី​ធម្មជាតិ​នៃផលិតផល​ឬ​សេវាកម្ម កិត្តិនាម ការតាំងចិត្ត និង​ភាពតែមួយ​របស់អ្នក។

នៅពេលដែល​អ្នក​ចង់​ឲ្យគេ​ស្គាល់​អ្នក អ្នក​ត្រូវតែ​អាច​ពន្យល់​ប្រាប់​ពី​ម៉ាកសញ្ញា​របស់អ្នក​បាន​យ៉ាងច្បាស់​ទៅកាន់​អតិថិជន ដោយ​​ប្រាប់​ពីអ្វី​ដែល​ធ្វើឲ្យ​គេ​ងាយ​ចងចាំ​ដូចជា និមិត្តសញ្ញា និង​ស្លាកតម្លៃ​របស់អ្នក​ជាដើម​។ អាជីវកម្ម​ល្បីៗ​គឺ​មាន​ម៉ាកសញ្ញា​​ដែល​ងាយចងចាំ។

និមិត្តសញ្ញា​និងគុណតម្លៃ​ម៉ាកសញ្ញាគឺជា​ទ្រព្យ​ដ៏​មានតម្លៃ។ ចូរ​បង្កើត​វា​ឲ្យ​ងាយស្រួល​ក្នុងការមើល​និង​មាន​នៅលើ​ការ​ផ្សព្វផ្សាយ​របស់អ្នក​គ្រប់ពេល។

ខាងក្រោមនេះ​ជា​វិធី​ទាំង៥​ដើម្បី​ផ្សព្វផ្សាយ​ពី​អត្តសញ្ញាណ​ប្លែកគេ​ទាំង៥​របស់អ្នក ៖

១. ឲ្យរបស់​ដែល​មនុស្ស​ងាយ​នឹង​បង្ហាញ​វា​ទៅកាន់​អ្នក​ឯទៀត

អ្នក​អាច​ឲ្យ​ជា​ក្រដាស​ឬ​គូប៉ុង​បញ្ចុះថ្លៃ​ទៅកាន់​អតិថិជន ហើយ​គេ​អាច​ផ្ត​ល់​វា​ឲ្យ​អ្នកដទៃ​ទៀត​បាន ព្រមទាំង​ដាក់និមិត្ត​សញ្ញា​ឬ​ឈ្មោះ​​របស់អ្នក​​នៅក្រោមនោះ​។ នៅពេល​ដែល​គេ​ហុច​វា​បន្ត​ទៅកាន់​អ្នកផ្សេង​នោះគេ​នឹង​ស្គាល់​ពី​អ្នក​បាន​កាន់តែ​ច្រើន។

២. លើក​ទឹកចិត្ត​ឲ្យ​មាន​ការប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញ​ទៅមក

លើក​ទឹកចិត្ត​ឲ្យ​មនុស្ស​មាន​ការពាក់ព័ន្ធ​ជាមួយ​នឹង​អាជីវកម្ម​របស់អ្នក​ដូចជា សួរសំណួរ សួរ​រកមតិ​កែតម្រូវ ​ដំណើរ​ការ​ប្រឡង​ប្រជែង ឬ​ការពិភាក្សា​ផ្សេងៗ។ ចំពោះ​មនុស្ស​គ្រប់គ្នា​ដែល​អ្នក​បាន​បង្កើត​ទំនាក់​ទំនង​ជាមួយ អ្នក​បាន​បង្កើត​ឱកាស​ដើម្បី​ជម្រុញ​ឲ្យ​មានការ​និយាយ​តពី​មាត់មួយ​ទៅ​មាត់មួយ​នូវ​អាជីវកម្ម​របស់​អ្នក​ដែល​ពួកគេ​បានដឹង។

៣. ធ្វើឲ្យ​ម៉ាកយីហោ​របស់អ្នក​មាន​កេរ្តិ៍ឈ្មោះ​តាមរយៈ​ការផ្សព្វផ្សាយ

ទុកជា​ភស្តុតាង​ផ្សេងៗ​នៃ​អាជីវកម្ម​ដែលមាន​លក្ខណៈប្លែកពី​គេ​របស់អ្នក​នៅគ្រប់ទីកន្លែង​​តាមដែល​អាច​ធ្វើបាន​ជាពិសេស​គឺការ​ផ្សព្វផ្សាយ​នៅទី​សាធារណៈ។ អ្នក​គួរតែ​បញ្ចូល​ឈ្មោះ​ឬ​និមិត្តសញ្ញា​អាជីវកម្ម​របស់អ្នក​ទៅក្នុង​គេហទំព័រ អ៊ីមែល ស្លាកតម្លៃ និង​កាតសម្គាល់​អាជីវកម្ម​របស់អ្នក។

 ៤. ផ្តល់​ចំណេះដឹង

សរសេរ​អត្ថបទ​ទាក់ទង​នឹង​ចំណេះដឹង​ពាណិជ្ជកម្ម​របស់អ្នក​ដែល​វា​អាចជា​ជំនួយ​ដល់​អាជីវករ​ផ្សេង​ទៀត ​ឬ​អ្នក​ដែលស្វែងរក​ចំណេះដឹង​ទាក់ទង​នឹង​អាជីវកម្ម ជាពិសេស​ប្រាប់ពី​គន្លឹះ​សំខាន់ៗ​ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​ទទួលបាន​ភាព​ជោគជ័យ។  អ្នក​អាច​បោះពុម្ពផ្សាយ​អត្ថបទ​ព្រមទាំង​ភ្ជាប់ជាមួយ​និមិត្តសញ្ញា​អាជីវកម្មរបស់អ្នក​។ ម្យ៉ាងទៀត​ការ​បញ្ចូល​វាទៅក្នុង​គេហទំព័រគឺ​រឹតតែ​ប្រសើរ។

៥. ធ្វើឲ្យ​មាន​ភាពងាយស្រួល​ចំពោះ​អ្នកដទៃ​ក្នុង​ការនិយាយ​ពី​កេរ្តិ៍ឈ្មោះ​របស់អ្នក

គ្មាន​អ្វី​ដែលមាន​អានុភាព​ខ្លាំង​ជាងពាក្យ​ដែល​តពី​មាត់មួយ​ទៅមាត់​មួយ​របស់អតិថិជន​ដែល​មាន​ការ​ពេញចិត្ត​ចំពោះ​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​នោះទេ។ ធ្វើយ៉ាងណា​ឲ្យ​អតិថិជន​មាន​ភាពងាយស្រួល​ក្នុង​ការប្រាប់​ក្រុមគ្រួសារ​ឬ​មិត្តភក្តិ​របស់គេ​ពី​ផលិតផល​របស់អ្នក​ថា​វា​ពិតជា​មានគុណភាព ងាយស្រួល​ប្រើ ​ចំណេញ​ទាំង​ពេលវេលា​ និង​ថវិកា​ជាដើម។

ប្រភព៖ www.smallbusinessbrief.com

ពាណិជ្ជកម្ម

កំហុស​ឌីជីថល​ម៉ាឃីតធីង​ទាំង៣​ដែល​អាជីវកម្ម​ធុនតូច​កំពុង​ប្រព្រឹត្ត

ឌីជីថលម៉ាឃីតធីញឬការធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​សម័យ​ទំនើប​​បានក្លាយ​ទៅជា​ចំណាប់​អារម្មណ៍​សម្រាប់​អាជីវកម្ម​សព្វថ្ងៃនេះ​។​​ បើសិនជា​អ្នក​មិនអាច​ធ្វើឲ្យផលិតផល​ឬ​សេវាកម្ម​របស់​អ្នក​អាច​​ទៅដល់​​អតិថិជន​គោលដៅ​​ទេ​​នោះ​អ្នក​នឹង​បាត់បង់​ទីផ្សារ​សម្រាប់ការ​​ប្រកួត​ប្រជែងជាមួយនឹងដៃគូ​លើ​ទីផ្សារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាក់ជា​មិនខាន។ ប្រសិនបើ​គម្រោង​ឌីជីថល​ម៉ាឃីតធីង​របស់​អ្នក​​មិន​​ទទួល​បាន​​លទ្ធផល​​ល្អ​​ វា​​ប្រាកដ​​ណាស់​​​​ថា​​អ្នក​​កំពុង​​បង្កើត​​កំហុស​​ឬ​មាន​អ្វី​មួយ​ដែល​មិនប្រក្រតី​ហើយ។

  • យុទ្ធសាស្រ្តមិនដូចជាយុទ្ធសាស្រ្ត ការបង្កើត​វេបសាយ​និង​ទំព័រ​ហ្វេសប៊ុក​មិនមែន​ជាអ្វី​ដែល​ពិបាក​នោះទេ​ប៉ុន្តែ​បញ្ហា​​ត្រង់ថា​តើ​អ្នក​នឹ​ង​ប្រើ​ពួក​វា​ដើម្បី​សម្រេច​ប្រយោជន៍​ដែល​អ្នក​បានគ្រោងទុក​យ៉ាង​ដូចម្តេច​។ នៅពេល​ដែល​អ្នក​បង្កើត​អាជីវកម្ម​តាម​វេបសាយ​ អ្នក​ត្រូវ​រក​វិធី​ប្រើ​វា​ដើម្បី​លក់​ផលិតផល​​និង​សេវាកម្ម​របស់អ្នក​។ ក្រៅពីនេះ​អ្នក​គួរ​រក​វិធី​ទាក់ទាញ​អតិថិជន​ឲ្យ​ចាប់អារម្មណ៍នឹង​អ្វី​ដែល​អ្នក​កំពុងលក់​​។ ​បញ្ហា​ទាំងអស់នេះ​អាច​ដោះស្រាយ​​បានតាម​រយៈ​ការ​បង្កើត​រូប​ភាព​ មាតិកា ឬ​វីដេអូ​ជា​ដើម​ដែល​គួរឲ្យ​ចាប់អារម្មណ៍​និង​មានគុណ​តម្លៃ​ក្នុង​ការ​ចែកចាយ​បន្ត​។ អ្នក​គួរ​ចងចាំ​ថា​យុទ្ធសាស្រ្ត​នីមួយៗ​មិនមែន​សម្រាប់​ការប្រើ​រយៈពេល​ខ្លី​នោះទេ​​ប៉ុន្តែ​សម្រាប់​ពេលវែង​ទៅខាងមុខ​ទៀត​ដើម្បី​ធ្វើឲ្យ​មានការ​រីក​ចម្រើន។
  • ផ្តល់​សន្យាដែល​ធ្វើ​មិន​បាន វា​ជា​បញ្ហា​​ដែល​​សំខាន់​​ណាស់​​ក្នុង​​ការ​​រក្សា​​ភាពយូរ​​អង្វែង។ ការសន្យា​អ្វី​ជាមួយ​នឹ​ង​អតិថិជន​​ហើយ​អ្នក​មិនអាច​សម្រេច​បាន​វា​នឹងក្លាយ​ជា​កត្តា​ដែល​នាំ​ឲ្យ​អតិថិជន​បាត់បង់ទំនុកចិត្ត​ព្រមទាំង​អាច​ឆ្លុះបញ្ចាំង​ពី​ចំណុច​អវិជ្ជមាន​របស់​អាជីវកម្ម​អ្នក​។ ការផ្តល់ឲ្យ​នូវ​អ្វី​ដែល​អតិថិជន​រំពឹងទុកនឹង​ធ្វើឲ្យ​ពួកគេ​មាន​ការពេញចិត្ត​ជារឿង​ដ៏​សំខាន់​ណាស់​ក្នុងការ​ចងចិត្ត​អតិថិជន​។
  • កង្វះ​ទិន្នន័យ ការ​ដាក់​យុទ្ធសាស្ត្រផ្សព្វផ្សាយ​​ណាមួយ​បញ្ចូល​ទៅក្នុង​គេហទំព័រ បណ្តាញ​សង្គម ឬ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ផ្សេងៗទៀត​មិន​ប្រាកដ​ថា​មាន​ប្រសិទ្ធភាព​ឡើយ។ ក្នុងនាមជា​ម្ចាស់អាជីវកម្ម​​អ្នក​គប្បី​រៀន​​ពី​​កំហុស​និង​ចំណុច​ខ្វះ​ខាត​ដែល​នាំ​ឲ្យ​យុទ្ធសាស្ត្រ​របស់អ្នក​មិន​ដំណើរ​ការ​​ហើយ​​កែប្រែ​​​វា​​ឲ្យ​បានល្អ​​ចំពោះ​​ការផ្សព្វផ្សាយ​​លើកក្រោយ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​នោះ​គឺ​កង្វះ​ទិន្នន័យ​ដែល​អាច​បង្ហាញ​ពី​ចំណុច​ខ្វះខាត​របស់​អាជីវកម្ម​អ្នក​ព្រោះ​ភាព​ជោគជ័យ​ចាប់ផ្តើម​ពី​ការបង្កើត​កំហុស។ ដូចនេះ​អ្នក​អាច​សិក្សា​ពី​វា​បាន​និង​កែប្រែ​វា​ឲ្យ​កាន់តែ​ល្អ​សម្រាប់​ការផ្សព្វផ្សាយ​លើកក្រោយ​ទៀត។
ពាណិជ្ជកម្ម

របៀបដែលមនុស្សឆ្លាតទប់ទល់នឹងមនុស្សពិបាក

ដើម្បី​ទប់ទល់​នឹង​មនុស្ស​ប្រភេទ​ពិបាកគឺ​​គេ​ដឹង​ថា​តើកិច្ចការ​អ្វី​ខ្លះ​ដែល​គេ​​នឹង​កាត់ចោល​។ ចំណុច​សំខាន់​​ដែល​​អ្នក​ត្រូវ​​ចងចាំ​​​គឺ​​​អ្នក​​គួរតែ​​នៅ​ក្នុង​​ស្ថានភាព​​ដែល​​អ្នក​​អាច​​គ្រប់គ្រង​​បាន​តែ​ប៉ុណ្ណោះ​។

  • ការ​កំណត់​ព្រំដែន​ ៖ ជាទូទៅ​មនុស្ស​ពិបាក​តែងតែ​មិន​ពេញចិត្ត​នូវ​អ្វី​គ្រប់យ៉ាង​ហើយ​តែងតែ​និយាយ​អ្វីដដែលៗ​​ម្តង​ហើយ​ម្តងទៀត​។ ក្នុងករណីដែល​​​អ្នកធុញ​​នឹង​​ស្តាប់​ពាក្យ​ទាំងនោះ​អ្នក​​គួរតែ​​ចាកចេញ​​ប៉ុន្តែ​​​គេ​​​អាច​​មើល​មក​ថា​​​អ្នក​​ជា​​មនុស្ស​​​មិនសូវ​​​មាន​​​ភាព​​គួរសម​​​។​ ដូចនេះ​​ដើម្បី​ចៀសវាងបញ្ហា​បែបនេះអ្នក​​គួរ​សួរ​ពួកគេថា​គេ​មាន​គំនិត​​​ល្អៗ​យ៉ាងណា​ខ្លះ​ដែល​គេ​ចង់​ផ្តល់​ឲ្យ​អ្នក​​ពិត​ប្រាកដ។
  • ការចៀសវាង​ ៖ មនុស្ស​ប្រភេទ​ពិបាក​អាច​ធ្វើឲ្យ​អ្នក​ច្របូក​ច្របល់​​បាន​ព្រោះ​អាកប្ប​កិរិយា​មិន​សម​ហេតុផល​របស់​ពួកគេ​​។ ដូចនេះ​ជម្រើស​ដ៏ល្អ​នោះ​គឺ​ការ​មិនតបតនិង​ព្យាយាម​ចៀស​​ឲ្យ​ឆ្ងាយ​ពី​ពួកគេ។
  • ការបង្កើត​ព្រំដែន ​៖ មនុស្ស​​​ជាច្រើន​​គិតថា​​ការ​ដែល​​ធ្វើការ​​ឬ​​រស់នៅ​​ជាមួយ​​នរណា​​ម្នាក់​គឺ​ពិត​ជា​មាន​ភាព​រញ៉េ​រញ៉ៃ​និង​ស្មុគស្មាញ​ណាស់​​។ ប៉ុន្តែ​វា​មិនបានន័យ​ថា​អ្នក​ត្រូវ​ទ្រាំ​គ្រប់បែប​យ៉ាង​នោះទេ​​។ អ្នក​អាច​បង្កើត​ព្រំដែន​ប៉ុន្តែ​អ្នក​ត្រូវ​ធ្វើវា​ដោយ​មិន​ហួសហេតុ​ពេកទេ​​ព្រោះ​ការធ្វើ​បែបនេះ​អាច​ធ្វើឲ្យ​អ្នក​គ្រប់គ្រង​ភាព​ចលាចល​បាន​តែ​ក៏​អាច​​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជិតខ្លួនដែរ​​។
  • កុំ​បង្ក​ឬ​បន្ត​ជម្លោះ​ ៖ មនុស្ស​ដែល​ឆ្លាត​ដឹង​ពី​សារៈសំខាន់​ក្នុង​ការ​​កឈ្នះ​នៅថ្ងៃ​មុខ​។ ដូចនេះ​​ហើយ​​នៅពេល​​ដែល​​អ្នក​​មិន​​ចង​​ខ្លួនឯង​ទៅនឹង​ជម្លោះ​អ្នក​អាច​មាន​សតិ​គ្រប់គ្រាន់​ក្នុង​ការ​រិះរក​វិធី​ដើម្បី​ឈ្នះ​ទៅ​ពេល​ខាងមុខ​ហើយ​ពេលនោះ​ហើយ​អ្នក​អាច​ត្រៀមខ្លួន​រួចរាល់។
  • ការផ្តោត​ទៅលើ​ដំណោះស្រាយ ៖ នៅពេល​អ្នក​ជួប​ជាមួយ​មនុស្ស​ដែល​មាន​កំហឹង​ច្រើន​និង​បង្ក​បញ្ហា​ច្រើន អ្នក​មិនគួរ​ប្រើពេល​នៅគិត​ហេតុផល​ដែល​ធ្វើឲ្យ​ពួកគេ​ជា​មនុស្ស​បែបនេះ​ទេ។ ប៉ុន្តែ​អ្នក​គួរ​ផ្តោត​ទៅលើ​វិធីសាស្រ្ត​ដែល​អ្នក​ប្រើ​ក្នុង​ការទប់ទល់​ជាមួយ​ពួកគេ​។ ដូចនេះ​ហើយអ្នក​នឹង​​អាច​គ្រប់គ្រង​ស្ថានការណ៍​បានល្អ​និង​កាត់បន្ថយ​សម្ពាធ​នៅពេល​ទាក់ទង​ជាមួយ​​ពួកគេ​។
  • ទទួលទាន​ដំណេក​គ្រប់គ្រាន់ ៖ សារៈ​សំខាន់​នៃ​ការគេង​គឺ​បង្កើន​ភាពឆ្លាតវៃ​និង​គ្រប់គ្រង​សម្ពាធ។ ដូចនេះ​នៅពេល​អ្នក​គេង​បាន​គ្រប់គ្រាន់ វានឹង​ធ្វើឲ្យ​អ្នក​មាន​សុទិដ្ឋិនិយម គំនិត​ច្នៃប្រឌិត និង​គំនិត​ផ្សេងៗ​ក្នុងការ​ទប់ទល់​ជាមួយ​មនុស្ស​ទាំងនោះ​។
ពាណិជ្ជកម្ម

៥ខ្លីៗដើម្បីរក្សាផលិតភាពខណៈពេលអ្នកធ្វើដំណើរ

ខណៈពេលដែល​អ្នក​​ធ្វើ​ដំណើរ​ការងារ​ជាច្រើន​​ត្រូវបាន​ទុកចោល។ ប៉ុន្តែ​គន្លឹះ​ទាំង​​៥​​ខាងក្រោមនេះ​​នឹ​ង​​ធ្វើឲ្យ​​អ្នក​​នៅតែ​​មាន​​លំនឹង​​ក្នុង​​ការ​បំពេញ​​ការងារ​​ផ្សេងៗ​បើ​ទោះបីជា​​អ្នក​កំពុង​​ធ្វើ​​​ដំណើរ​​​ទៅកាន់​​ទីណា​​ក៏ដោយ​៖

  • ប្រើ​ពេល​ឲ្យ​មាន​តម្លៃ​បំផុត៖ អ្នក​អាច​ប្រើពេល​ឲ្យ​មាន​តម្លៃ​បំផុត​សូម្បី​តែ​ការ​ចាត់ចែង​ការងារ​តូចតាច​ដូចជា​ការអាន ​ការមើល​អ៊ីម៉ែល និង​សកម្មភាព​តូចៗ​ជាច្រើន ខណៈពេល​ដែល​អ្នករង់ចាំ​ការឡើង​យន្តហោះ​ ការឡើង​ឡាន​ឬ​​​នៅពេល​​ដែល​​ជើងហោះ​ហើរ​ត្រូវបាន​ពន្យារពេល​។
  • មាន​គម្រោង​ទុកមុន៖ វា​គ្មាន​រឿង​អ្វី​ដែល​អាក្រក់​ជាងការ​មិនបាន​រៀបចំ​ទុក​ជាមុន​ទេ។ បើសិន​អ្នក​ភ្លេច​ឯកសារ​ឬ​របស់​សំខាន់​ណាមួយ​ក្នុង​ការ​បំពេញ​កិច្ចការ អ្នក​មិនអាច​រក្សា​ផលិតភាព​បានឡើយ។ ផ្ទុយទៅវិញ​អ្នកគួរ​រៀបចំ​ទុក​ជាមុន ​គ្រប់ពេល​មុនពេល​ដែល​អ្នកធ្វើ​ដំណើរ​ទៅកន្លែងណា​មួយ​។
  • ការផ្តោត​ទៅលើ​ការងារ៖ ជាការពិត​ណាស់​វា​មិនមាន​ភាពងាយស្រួល​ឡើយ​ក្នុង​ការ​ផ្តោត​ទៅលើ​អ្វីមួយ​​នៅពេល​ដែល​អ្នក​​ស្ថិត​នៅក្នុង​បរិយាកាស​រញ៉េរញ៉ៃ​និង​មាន​ការរំខាន។ ប៉ុន្តែ​បញ្ហា​ទាំងនេះកើតឡើង​​ត្រឹមតែ​​៥​ទៅ​១០​នាទី​ដំបូងប៉ុណ្ណោះ។ បើ​អ្នក​អាច​បង្ខំ​ខ្លួន​ឲ្យ​ផ្តោត​ទៅលើ​ការងារ​បាន អ្នក​នឹង​មាន​អារម្មណ៍​នឹងនរ​ដោយ​មិន​រង​ឥទ្ធិពល​ពី​បរិយាកាស​ខាងក្រៅ​ឡើយ។
  • សម្រប​ទៅនឹង​ប្រភេទ​នៃ​ការធ្វើ​ដំណើ​រ៖ ក្នុង​ករណី​អ្នកកំពុង​តែនៅក្នុង​រថយន្ត ​ មិនមែ​ន​ហោះហើរ ហើយ​អ្នក​ត្រូវ​​ប្រើ​ពេល​៥​ទៅ​៧​ម៉ោង​ក្នុង​រថយន្ត ច្បាស់ណាស់​ថា​អ្នកនឹង​ពិបាក​​ធ្វើអ្វី​​ផ្សេង​​បាន​។ ប៉ុន្តែ​​អ្នក​ក៏​អាច​ប្រើពេល​ដើម្បី​​គិត​ពី​​គំនិតថ្មីៗឬ​ធ្វើការ​ខល​ទៅ​អ្នកដទៃ​ក្នុង​រឿង​ការងារ​បាន។
  • ​សិក្សា៖ ផលិតភាព​មិន​សម្ដៅ​ទៅលើ​ការសម្រេច​កិច្ចការ​តែមួយ​ទេ អ្នក​អាច​រក​ឱកាស​ក្នុង​ការសិក្សា​បានដែរ​ដោយ​យក​សៀវភៅ​ឬ​ដោនឡូត​ឯកសារ​មួយចំនួន​ដើម្បី​អាន​។
ពាណិជ្ជកម្ម

ចំណុច៣យ៉ាងសម្រាប់បរិយាកាសការងារជោគជ័យ

នៅពេល​បុគ្គលិក​សប្បាយចិត្ត​នឹង​ការងារ ពួកគេ​យកចិត្ត​ទុកដាក់​ជាមួយ​អតិថិជន ហើយ​នៅពេល​អតិថិជន​ពេញចិត្ត ​វា​ធ្វើឲ្យ​ក្រុមហ៊ុន​មានការ​រីក​ចម្រើន។ អាជីវកម្ម​គ្រប់ធុន​តែង​ប្រាថ្នា​ឲ្យ​មាន​បុគ្គលិក​ដែល​ប្រើប្រាស់​ជំនាញ​របស់ខ្លួន​យ៉ាងពេញទំហឹង មានការ​ចុះ​សម្រុង​គ្នា និង​បង្កើត​បរិយាកាស​ល្អៗ​ជាមួយ​គ្នា ប៉ុន្តែ​សំណួរ​សួរ​ថា តើ​អ្នក​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​មាន​បរិយាកាស​ការងារ​ជោគជ័យ?​

១. ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​ភាពរីករាយ

ភាពសប្បាយ​ផ្តល់​ភាពវិជ្ជមាន​ដល់​អាជីវកម្ម អតិថិជន និង​បុគ្គលិកព្រោះ​ភាព​សប្បាយ​​មានន័យ​ថា មានថាមពល កម្លាំងចិត្ត​​ក្នុង​ការបំពេញ​ការងារ​នៅក្នុង​ដៃ។ នៅពេល​ដែល​អ្នក​​ទទួលបាន​​សមិទ្ធផល​អ្វី​មួយ​ជាមួ​យមិត្ត​រួម​​ក្រុម អ្នក​អាច​ធ្វើការ​សាទរ​បន្តិច​បន្តួចដូចជា​ការជប់លៀងឬ​ដំណើរកម្សាន្ត​ជាដើម។ ថ្វីត្បិតតែ​វា​គ្រាន់តែ​ជា​រឿង​តិចតួច ប៉ុន្តែ​វា​ធ្វើឲ្យ​មានភាពខុសប្លែក​​ពីពេលមុន​ព្រោះ​វា​បណ្តាលឲ្យអ្នកទាំង​អស់គ្នា​កាន់​តែ​ស្និទ្ធស្នាល។

២.​ ផ្តល់​តម្លៃ​ឲ្យ​បុគ្គលិក​អ្នក

​ជាទូទៅ ក្នុង​ក្រុម​មួយ​តែងតែ​មាន​អ្នក​ដែល​អៀនច្រើន​និង​លាក់ខ្លួន​ឯង​ពី​ចំណោម​មនុស្ស​។ ដូចនេះ​អ្នក​គួរតែ​ចាត់ទុក​ពួកគេ​ស្មើៗ​គ្នា​ដោយ​ធ្វើការប្រាស្រ័យទាក់ទង​​ជាមួយ​ពួកគេ​ជា​លក្ខណៈ​បើកទូលាយ​និង​ស្មោះត្រង់​។ លើសពីនេះអ្នក​អាច​បង្ហាញ​ពួកគេ​ពី​ចំណុច​ល្អ​និង​អាក្រក់​របស់ពួកគេព្រមទាំង​ឲ្យ​ពួកគេ​ដឹងថា​អ្នក​រង់ចាំ​ភាពជោគជ័យ​របស់គេ​និង​តែងតែ​លើកទឹកចិត្ត​គេ​ឲ្យ​មាន​ជំនឿចិត្ត ទំនុកចិត្ត ព្រោះ​វា​អាច​ឲ្យ​ពួកគេ​ប្រឹងប្រែង​បំពេញ​ការងារ​រឹតតែ​សកម្ម។

៣. ផ្តល់​ចំណេះដឹង​បន្ថែម

អ្នកដឹកនាំ​ត្រូវ​ការ​ការលើកទឹកចិត្ត​បុគ្គលិក​ឲ្យ​ដើរផ្លូវ​ដែល​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​និង​មាន​ការ​រីកចម្រើន​ជា​វិជ្ជា​ជីវៈ។ អ្នក​គួរ​ចំណាយលុយ​ខ្លះ​ឲ្យ​សមាជិក​ក្រុម​ចូលរូម​កម្មវិធី​ដូចជា វគ្គបណ្តុះបណ្តាល សិក្ខាសាលា ព្រឹត្តិការណ៍​នានា​ជាដើម។

 

ពាណិជ្ជកម្ម

ជំហាន​៥យ៉ាងក្នុងការសម្ភាសន៍ការងារសម្រាប់ម្ចាស់​អាជីវកម្ម

ក្នុងនាម​ជា​ម្ចាស់អាជីវកម្ម​ម្នាក់​ ការ​សម្ភាសន៍​មិនមែន​គ្រាន់តែ​ចង់​វាយតម្លៃ​លើ​បេក្ខជន​ថាតើ​បុគ្គល​នោះ​សាកសម​នឹង​តំណែង​នោះឬក៏អត់​ទេ ​ប៉ុន្តែ​​វា​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការបង្ហាញ​អារម្មណ៍​ដំបូង​ទៅកាន់​បេក្ខជន​។ ទោះបីនេះ​ជា​លើកដំបូង​ក្នុង​ការ​រើស​ឬ​សម្ភាសន៍ អ្នកអាចធ្វើតាមជំហ៊ានខាងក្រោមនេះ៖

១. ជ្រើសរើស​អ្នក​សម្ភាសន៍៖ ការ​សម្ភាស៍​អាច​មាន​មនុស្សតែ​២នាក់​គឺ​អ្នក​សម្ភាសន៍​និង​បេក្ខជន។ ប៉ុន្តែ​​​គេ​ក៏​អាច​​ធ្វើលើស​ពី​២នាក់​ដែរ​ហើយ​​ជាទូទៅគឺ​មិន​លើស​ពី​៥​នាក់ឡើយ។ ចំនួន​ដែល​ល្អ​បំផុត​គឺ​៣នាក់រួមមាន​អ្នក​គ្រប់គ្រងនិង​សមាជិក​ឬ​បុគ្គលិក​ជាដើម​ដែល​ពួកគេ​ត្រូវ​ធ្វើការ​ជាមួយ​គ្នា។ ការធ្វើបេបនេះ​អាចធ្វើឲ្យបេក្ខជនកាត់បន្ថយភាពភ័យខ្លាច​របស់គេបាន។

២.​ កំណត់​រយៈពេល៖ បន្ទាប់ពី​ជ្រើសរើស​អ្នកសម្ភាសន៍​រួច អ្នក​ត្រូវ​កំណត់រយៈពេល​ក្នុង​ការសម្ភាសន៍​។ ពេលវេលា​គឺ​អាស្រ័យ​លើ​មុខតំណែង​ដែល​គេ​ជ្រើសរើស។

៣. រៀបចំ​ដំណើរការ​សម្ភាសន៍​តាមលំដាប់​៖ ការរៀបចំ​ឲ្យ​មានការ​សម្ភាសន៍​តាម​​លំដាប់​លំដោយ​គឺជួយ​ឲ្យ​​ដំណើរកា​រ​មាន​ភាពរលូន​ទៅមុខ​​បាន​។ ជាក់ស្តែង​​អ្នក​​អាចរៀបចំ​កន្លែងសម្ភាសន៍ជាមុនហើយ​ត្រូវ​ធ្វើឲ្យ​ប្រាកដថា​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​​និង​កាត់បន្ថយ​ការរំខាន​ពីខាង​ក្រៅ​។ អ្នក​ក៏​អាច​រៀបចំ​កាលវិភាគ​និង​ប្រាប់​ដល់​អ្នក​ដែល​នឹង​មក​ចូលរួម​ក្នុង​សម្ភាសន៍ដទៃទៀត​ដើម្បី​ធ្វើឲ្យ​ប្រាកដ​​​ថា​​ពួកគេ​មាន​ពេល​ចូលរួមក្នុង​ករណី​ដែល​​មាន​អ្នក​សម្ភាសន៍​លើស​ពី​ម្នាក់​។ ជា​ចុងក្រោយអ្នក​ត្រូវ​​​ប្រាប់​ជា​ព័ត៌មាន​ទៅ​បេក្ខជន​នូវ​ទីតាំង​និង​ម៉ោង​ឲ្យ​បានច្បាស់លាស់។

៤. ការរៀបចំ​ការសម្ភាសន៍​និង​សំណួរ​៖ សំណួរ​សម្រាប់​សម្ភាសន៍​ជារឿង​មិនអាច​ខ្វះបាន​​ហើយ​វា​អាស្រ័យ​ទៅលើ​មុខតំណែង​នីមួយៗ។ ​ប៉ុន្តែគេ​ត្រូវ​ការ​សម្ភារៈ​មួយចំនួន​ទៀត​ដែលគេ​ត្រូវ​មាន​មុនពេលទៅ​សម្ភាស​​បេក្ខជន​​ដូចជា ក្រដាសពណ៌នា​ពី​ការងារ លក្ខខណ្ឌ័​ក្នុង​ការជ្រើសរើស និង​ជីវ​ប្រវត្តិ​របស់​បេក្ខជន​​ទុកជាមុន​។

៥. កាត់បន្ថយ​ស្រ្តេស​បេក្ខជន​និង​បញ្ហា​នានា៖ ការដាក់សម្ពាធ​លើ​បេក្ខជន​បង្ហាញ​ពី​រូបភាព​មិនល្អ​ដល់ពួកគេ​និង​មិន​អាច​ឲ្យ​អ្នកជ្រើស​បាន​បេក្ខជន​ដែល​សាកសម​នឹង​តំណែង​នោះទៀត​ផង​។ ផ្ទុយទៅវិញ​អ្នក​អាច​បញ្ជាក់​ប្រាប់​ពី​រយៈ​ពេល​សម្ភាសន៍ នរណា​ជា​អ្នកសម្ភាសន៍ និង​លេខទូរស័ព្ទ​ទំនាក់ទំនង​ទៅ​បេក្ខជន​​ដើម្បី​កុំឲ្យ​គេ​មាន​អារម្មណ៍ភ័យខ្លាច​។​

ពាណិជ្ជកម្ម

គន្លឹះងាយៗក្នុងការចាប់ផ្តើមអាជីវកម្មនៅផ្ទះ

0

ការបង្កើត​អាជីវកម្ម​នៅផ្ទះ​គឺជា​ក្តីសុបិន្ត​មួយ​ដែល​មនុស្ស​ជាច្រើន​ប្រាថ្នា​ចង់បាន។ អ្នក​អាច​ធ្វើការ​តាម​កាលវិភាគ​ផ្ទាល់ខ្លួន បដិសេធ​ជាមួយ​នឹង​អតិថិជន​ដែល​ពិបាក ចៀសវាង​ពី​ចៅហ្វាយនាយ​មិនល្អ ចំណាយពេល​បានច្រើន​នៅជាមួយ​គ្រួសារ ចាកឆ្ងាយ​ពី​ភាពស្មុគស្មាញ​ប្រចាំ​ថ្ងៃ​ដែល​ត្រូវ​ប្រឈមមុខ​ជាមួយ​បុគ្គលិក​ និង​អាច​បន្ត​ស្វែងរក​ប្រាក់ចំណេញ​ផ្ទាល់​ខ្លួនបាន។ វា​ជា​ការចាកចេញ​ដ៏​ធំ​មួយ​ពី​ជានិយោជិក​ម្នាក់​មក​ជាការ​ធ្វើការ​ដោយ​ខ្លួន។

អ្នក​ត្រូវការ​សម្លឹង​ទៅមុខ​ទៅកាន់កត្តា​មួយចំនួន​នៅក្នុង​ជីវិត​របស់អ្នក​ដើម្បី​អាច​បង្កើត​បានជា​ការត្រៀម​ទុក​ដ៏​ប្រសើរ មុនពេល​អ្នក​សម្រេចចិត្ត​ចាកចេញ​ពី​ការងារ​របស់អ្នក​។ ចំពោះ​ករណី​ខ្លះទៀត​ដូចជា​គ្រោងការណ៍​ អ្នក​នឹង​មិនអាច​ត្រៀម​ទុក​មុន​បានទេ ប៉ុន្តែ​អ្នក​នៅតែ​ត្រូវការ​កត្តា​សំខាន់​មួយ​ចំនួន​ដើម្បី​ពិចារណា​។​

ការ​ស្វែងយល់​ពី​ទីផ្សារ​និង​​ផែនការណ៍​​អាជីវកម្ម​គឺជា​កត្តា​​សំខាន់​។ ការកំណត់​ពេលវេលា​ក៏ជា​រឿង​សំខាន់​ដែរ​។ អ្នក​នឹង​ត្រូវការ​គិតគូរ​ពី​ប្រភេទ​អាជីវកម្ម​ដែល​អ្នក​នឹង​ចាប់ផ្តើម លក្ខខណ្ឌ​សេដ្ឋកិច្ច​ថ្មីៗ ស្ថានភាព​ហិរញ្ញវត្ថុ និង​ទីផ្សារ​ដែល​មាន​សក្តានុពល​ចំពោះ​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​។

បើសិនជា​អ្នកគ្មាន​វិធីផ្សេង​ដើម្បី​ស្វែងរក​ជំនួយ​ពី​ហិរញ្ញវត្ថុទេ​ អ្នក​គួរតែ​ប្រមែប្រមូល​ប្រាក់សន្សំ​ដើម្បី​អាចទប់​ជាមូយ​នឹង​អាជីវកម្ម​ដែល​ទើបតែ​ចាប់ដំណើរការ​របស់អ្នក​។ អ្នកជំនាញ​ភាគច្រើន​ណែនាំ​ឲ្យ​ម្ចាស់អាជីវកម្ម​ត្រៀមប្រាក់បម្រុង​ទៅលើ​ការចំណាយ​ពី ៦ ខែ​ទៅ ១ ឆ្នាំ។ ចូរ​កុំភ្លេច​ថា​អ្នក​ត្រូវការ​បែងចែក​ប្រាក់ចំណេញ​ដែល​ទទួលបាន​មកពី​ការងារ​របស់អ្នក ដូចជា​ធានា​រ៉ាប់រង​សុខភាព​សម្រាប់​ខ្លួនឯង​និង​គ្រួសារ ​ព្រម​ទាំង​ផ្តល់ប្រាក់​ចូល​ទៅក្នុង​គម្រោង​ចូលនិវត្តន៍។ ជាការពិត បើ​អ្នកមាន​ស្វាមី​ភរិយា​ឬ​ដៃគូ​ដែលមាន​ការងារ​ធ្វើ​ហើយ ហើយ​ពួកគេ​ស្ម័គ្រចិត្ត​ចំណាយលុយ​ចំពោះ​ចំណុច​សំខាន់ៗ​ទាំងនេះ​កំឡុង​ពេល​ដែល​អ្នក​អនុវត្ត​អាជីវកម្ម​ជា​ជំហានៗ អ្នក​គួរតែ​ដាក់ចិត្ត​ធ្វើឲ្យ​មែនទែន។

វា​ពិតជា​មានសារៈសំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ជ្រើសរើស​រចនាសម្ព័ន្ធ​អាជីវកម្ម​ដែល​ល្អបំផុត​ចំពោះ​អាជីវកម្ម​របស់អ្នក។ ទម្រង់​នីមួយៗ​នៃ​ស្ថាប័ន​អាជីវកម្ម​ត្រូវមាន​ទាំង​ភាពស្របច្បាប់​និង​ការបង់ពន្ធ ដូចនេះ​អ្នក​ត្រូវតែ​ច្បាស់ថា​អ្នក​បាន​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ចំពោះ​បញ្ហានេះ​។

ជាការពិតណាស់​ដែល​អ្នក​ត្រូវការ​មាន​ទីតាំង​ដែលមាន​ផាសុកភាព​និង​ស្ងៀមស្ងាត់​។ វា​សំខាន់ណាស់​មិនត្រឹមតែ​កាត់បន្ថយ​សម្លេង​រំខាន​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏ជា​បញ្ហាចិត្តសាស្ត្រ​ដែរ​សម្រាប់អ្នក​និង​គ្រួសារ​របស់អ្នក​ចំពោះ​ពាក្យថា “នៅផ្ទះ” និង “នៅកន្លែង​ធ្វើការ” ។

កំឡុងពេល​ដែល​មនុស្សមួយចំនួ​ន​ពិតជា​ចាប់ផ្តើម​អាជីវកម្ម​នៅផ្ទះ​តាំងពី​តុផ្ទះបាយ អ្នក​នឹងស្វែងរកឃើញថា​ការបែងចែក​នឹង​ជួយអ្នកឲ្យ​ដឹកនាំ​អាជីវកម្ម​របស់អ្នក​បានកាន់តែ​ប្រសើរ។ កុំ​ភ្លេច​រក្សា​ចន្លោះ​សម្រាប់​ផលិតកម្ម​និង​ការរក្សាទុក​សន្និធិ បើ​អាជីវកម្ម​របស់អ្នក​ពាក់ព័ន្ធនឹង​រឿងទាំងអស់​នោះ។

ការធ្វើការនៅផ្ទះ ពេលខ្លះត្រូវ​ការ​ពេលវេលាយូរ​និង​សមស្រប ដែល​អាច​ធ្វើឲ្យ​ងាយប៉ះពាល់​ដល់​សុខភាព​រាងកាយ​និង​ខួរក្បាល​។ ដំបូន្មាន​ទូទៅ ចូរ​ព្យាយាម​ញ៉ាំរបប​អាហារ​ត្រឹមត្រូវ​និង​ធ្វើ​លំហាត់​ប្រាណ ហើយ​បើទោះបីជា​អ្នក​មិនមាន​គ្រួសារ​នៅផ្ទះ​ក៏ដោយ អ្នក​មិនគួរ​ធ្វើការ​ហួសហេតុ​ពេកទេ។ សហគ្រិន​ជា​រឿយៗ​តែងតែ​ប្រាប់ថា​ចំណុច​ដែល​ពួកគេ​តែងតែ​ខកខាន​បំផុត​ពី​ការមាន​ការងារ​ទៀងទាត់​គឺ​ទំនាក់ទំនង​ជាមួយ​មិត្តរួម​ការងារ ហេតុនេះ​ចូរច្បាស់ថា​អ្នក​បានថែរក្សា​ជីវិត​សង្គម ទោះបីជា​យ៉ាងណា​វា​ជា​បណ្តាញ​អាជីវកម្ម​ឬ​ទទួលបាន​ការគាំទ្រ​ពី​ក្រុម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្យាយាម​ធ្វើ​ខ្លួនឯង​ឲ្យក្លាយជា​មនុស្ស​ដែលមាន​គំនិត​វិជ្ជមាន មានការគាំទ្រ និង​ពោរពេញ​ដោយ​ក្តី​សង្ឃឹមក្នុងការ​ចាប់ផ្តើម​គ្រួសារ​របស់អ្នក។ ហេតុនេះហើយ​អាជីវកម្ម​របស់អ្នក​មុនដំបូង​អ្នក​អាច​ចាប់ផ្តើម​លក់​ទៅឲ្យ​មនុស្ស​ដែល​ជិតស្និទ្ធ​ដូចជា​ប៉ាម៉ាក់ បងប្អូន មិត្តភក្តិ​​ជាដើម​ព្រោះថា​ពួកគេ​ជាមនុស្ស​ដែលស្គាល់​អ្នក​ច្បាស់​និង​ទុកចិត្ត​ចំពោះ​អាជីវកម្ម​របស់អ្នក​ជាង​អតិថិជន​ថ្មី។

ប្រភព៖ www.smallbusinessbrief.com

ពាណិជ្ជកម្ម

វិធីសាស្ត្រក្នុងការកែប្រែការកម្សាន្តទៅជាប្រាក់ចំណេញ

0

មានម្ចាស់​​អាជីវកម្ម​ជាច្រើនដែល​បើក​ជំនួញ​របស់គេ​ក្នុងគោលបំណង​បម្រើផល​ប្រយោជន៍រួម​ បន្តពី​គ្រួសារ មើលឃើញពី​ចំណុច​ខ្វះ​ខាត​នៅក្នុង​សង្គម ពួកគេមាន​ជំនាញ​ខាងហ្នឹងស្រាប់​ ឬ​​មួយមកមកពីការស្រលាញ់ចូលចិត្ត​ជាដើម។ នៅពេល​ដែល​ពួកគេ​មាន​ដើមទុន​សមល្មម​ឬ​គិតថា​ដល់​ពេល​វេលា​សមរម្យ​ហើយគេ​ក៏​សម្រេចចិត្ត​​បើក​អាជីវកម្ម​តែ​ម្តង។ ដោយឡែក​ការមាន​អាជីវកម្ម​ដែល​ខ្លួន​ឯងចូលចិត្ត​និង​មាន​អារម្មណ៍ល្អ​ក្នុង​ការធ្វើ​វាគឺជាជោគជ័យ​មួយ​ដែល​មិន​​ងាយ​ឲ្យអ្នក​បោះបង់នោះឡើយ​ជាពិសេស​គឺ​អាជីវកម្ម​ដែល​កើតចេញ​ពី​ការកម្សាន្ត​របស់យើង។

សកម្មភាព​អ្វី​ក៏ដោយ​ដែល​អ្នកធ្វើ​ដើម្បី​បង្កើន​ភាពសប្បាយរីករាយ​ក្រៅពី​កាតព្វកិច្ច​របស់អ្នក​វា​សុទ្ធតែ​អាចរាប់​បញ្ចូល​ថា​ជា​ការកម្សាន្ត​បាន​ទាំងអស់​ដូចជា ការស្ដាប់​ចម្រៀង ការអាន​សៀវភៅ ការជិះកង់ ការរត់​ប្រណាំង​ជាដើម។

តើ​អ្នក​ធ្លាប់​គិត​ចង់កែប្រែ​ការកម្សាន្ត​មួយ​របស់អ្នក​ទៅជា​អាជីវកម្ម​ដែរ​ឬទេ? អ្នក​ប្រហែល​ជា​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​នៅពេល​ដែល​អ្នក​ដឹង​ថា​ការកម្សាន្ត​របស់អ្នក​ក៏​អាចជួយរក​ប្រាក់ចំណេញ​ឲ្យ​អ្នកបាន​ដែរ​ដោយវា​មិនចាំបាច់​ត្រូវចំណាយ​ប្រាក់លើ​ថ្លៃ​ចំណាយ​ផ្សេងៗ​ច្រើន​និង​មិន​អស់ថ្លៃដើម​ច្រើន​ទៀតផង​។

បើ​អ្នក​ធ្វើ​សកម្មភាព​មួយជា​ប្រចាំ អ្នក​មុខតែ​នឹង​ដឹង​ពីវា​ច្រើន។ ឧទាហរណ៍​ថា​អ្នក​ចូលចិត្ត​ដើរ​ទិញ​សំលៀក​បំពាក់ អ្នក​នឹង​ដឹង​ថា​ម៉ូដ ពណ៌ ទំហំ សាច់​ក្រណាត់​បែបណា​ដែល​គេ​ពេញនិយម​ចូលចិត្ត​ច្រើន តម្លៃ​ប៉ុណ្ណា​សមរម្យ ហាង​បែបណា​មាន​ភាពទាក់ទាញ ឬ​វា​សម​នឹង​វ័យ​ប៉ុណ្ណា​ជាដើម។ អ្នក​អាច​ប្រើ​ចំណេះដឹង​ទាំងអស់​នេះ​ដោយ​ផ្សាភ្ជាប់​វា​ជាមួយ​នឹង​អាជីវកម្ម។ បើ​អ្នក​ស្រលាញ់​​បែបហ្នឹង ហើយ​អ្នក​ខិតខំ​ស្រាវជ្រាវ​វាបន្ថែម​បន្តិច​ទៀត​អ្នក​នឹង​​អាច​ជោគជ័យ​ជាមួយ​នឹង​ជំនួញ​នោះ​ទៅ​ថ្ងៃមុខ​។ ការ​ដែល​យើង​ដឹង​ពី​វា​កាន់តែ​ច្រើន នោះ​យើង​នឹង​មាន​ប្រយោជន៍​នៅពេលក្រោយ​នៅពេល​ដែល​យើង​ចង់បើក​អាជីវកម្ម​ឬ​ផ្តល់​ព័ត៌មាន​ឲ្យ​អ្នកណា​ម្នាក់​ដែល​គេចង់​បើក​អាជីវកម្ម​ដែរ។ មួយវិញទៀត អ្នក​អាច​បង្កើត​ជា​កញ្ចប់​ឲ្យ​អ្នកផ្សេង​ទៀត​ទទួល​វា​យ៉ាង​ងាយស្រួល។ ឧទាហរណ៍​ថា​អ្នកជា​មនុស្សម្នាក់​ដែល​ចូលចិត្ត​លេង​រូប​បិត​នៅលើ​រូបថត​និង​ដាក់បញ្ចូល​វា​ជា​អាល់ប៊ុម​អ្នក​ប្រាកដជា​ដឹង​ថា​​អ្នក​ត្រូវការ​អ្វីខ្លះ​ដើម្បី​ធ្វើវា​ដូចជា រូបថត ជ័រកាវ ស្ទីកក័រ(ស្លាកតុក្កតា) ជាដើម។ អ្នក​អាច​រៀបចំ​ជា​កញ្ចប់​ដើម្បី​ឲ្យ​អ្នក​ដែល​ចង់​ចាប់ផ្តើម​ធ្វើ​វា​មាន​ភាព​ងាយស្រួល​។

នៅពេល​ដែល​អ្នក​ចេះ​រក​លុយ​ពី​ព័ត៌មាន​ទាំងនេះ​ហើយ អ្នក​ពិតជា​អាច​វិនិយោគ​ទៅលើ​ការបង្កើត​ផលិតផល​ដោយ​ខ្លួនឯង​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​ឬ​រៀបចំ​ជា​ព័ត៌មាន​លម្អិត​ដើម្បី​ប្រឹក្សា​ដល់​អ្នក​ដែល​គេ​ចង់​បើក​ជា​អាជីវកម្ម​បានហើយ​។ ​

អ្នក​មាន​សង្កេត​ឃើញ​ដែរ​ទេ​ថា​អ្នក​លក់សម្លៀកបំពាក់អនឡាញសព្វថ្ងៃ​សុទ្ធតែ​ជា​មនុស្ស​វ័យជំទង់​និង​កណ្តាល​​ដែល​ភាគ​ច្រើន​ពួកគេ​លក់​ខោអាវ​យុវវ័យ។ សម្លៀក​បំពាក់​នីមួយៗគឺ​មាន​ភាព​ទាន់​សម័យ​និង​ស្រស់​ស្អាត​តាម​សម័យកាល។ ជាក់ស្ដែង​នាង​ខ្ញុំ​ក៏មាន​ប្អូនស្រី​ម្នាក់​និង​មិត្តភក្តិ​ជាច្រើននាក់ទៀត​ដែល​ជា​អ្នកលក់​តាម​អនឡាញ។ ពួកគេ​តែង​ចូលចិត្ត​មើល​ម៉ូដ​សម្លៀក​បំពាក់​ដែល​ចេញថ្មី​ជារៀងរាល់​ថ្ងៃ​​និង​រក្សា​វា​ទុក​នៅពេញ​ទូរស័ព្ទ​របស់គេទៀតផង។

ឯកសារយោង៖ www.smallbusinessbrief.com

ពាណិជ្ជកម្ម