ក្នុងយុគសម័យឌីជីថលសព្វថ្ងៃនេះ អាជីវកម្មខ្នាតតូច និងម្ចាស់អាជីវកម្មថ្មីៗ មិនចាំបាច់មានថវិកាច្រើនរាប់ម៉ឺនដុល្លារនោះទេ ដើម្បីធ្វើទីផ្សារឲ្យមានប្រសិទ្ធភាព។ តាមពិតទៅ មានល្បិចឌីជីថលជាច្រើនដែលអាចជួយអ្នកឈានទៅដល់អតិថិជនគោលដៅ ចំណាយតិច ប៉ុន្តែទទួលបានផលខ្ពស់។ អត្ថបទនេះនឹងបង្ហាញអ្នកនូវយុទ្ធសាស្ត្រគន្លឹះមួយចំនួន ដែលអ្នកអាចអនុវត្តបានភ្លាមៗ។
១. បង្កើតវត្តមានអនឡាញដ៏រឹងមាំជាមួយ Google My Business (GMB)
រឿងដំបូងដែលអ្នកត្រូវធ្វើគឺត្រូវប្រាកដថាអតិថិជនអាចស្វែងរកអាជីវកម្មរបស់អ្នកបានយ៉ាងងាយស្រួលនៅលើ Google។ Google My Business គឺជាឧបករណ៍ឥតគិតថ្លៃដែលអនុញ្ញាតឲ្យអ្នកបង្កើត Profile សម្រាប់អាជីវកម្មរបស់អ្នក។ អ្នកត្រូវបញ្ចូលព័ត៌មានលម្អិត: ដូចជា ឈ្មោះអាជីវកម្ម អាសយដ្ឋាន លេខទូរស័ព្ទ ម៉ោងធ្វើការ រូបភាព និងគេហទំព័រ។ ថែមពីនេះ លើកទឹកចិត្តអតិថិជនឲ្យផ្តល់មតិយោបល់ (Review) នឹងចែករំលែកព័ត៌មានថ្មីៗ ការផ្តល់ជូនពិសេស ឬព្រឹត្តិការណ៍ផ្សេងៗ។
ការមាន GMB Profile ល្អ នឹងជួយឲ្យអាជីវកម្មរបស់អ្នកបង្ហាញនៅលើ Google Maps និងលទ្ធផលស្វែងរកក្នុងតំបន់ (Local Search) ដែលជាការទាក់ទាញអតិថិជនដែលនៅជិតអ្នកដោយឥតគិតថ្លៃ។
២. ប្រើប្រាស់បណ្ដាញសង្គមឲ្យមានប្រសិទ្ធភាព
កុំព្យាយាមបង្កើតវត្តមាននៅលើគ្រប់បណ្ដាញសង្គមទាំងអស់។ ជំនួសមកវិញ ផ្តោតលើបណ្តាញសង្គមណាដែលអតិថិជនគោលដៅរបស់អ្នកចំណាយពេលច្រើនបំផុត។ យ៉ាងណាមិញ Facebook នៅតែកំពូលសម្រាប់អាជីវកម្មភាគច្រើននៅកម្ពុជា។ បង្កើត Page អាជីវកម្ម Post មាតិកាទៀងទាត់ ធ្វើការផ្សាយផ្ទាល់ និងឆ្លើយតបសារអតិថិជនឲ្យបានរហ័ស។ អ្នកអាចចំណាយតិចតួចលើ Facebook Ads ដើម្បីជំរុញការមើលឃើញទៅកាន់អតិថិជនគោលដៅ និងមានកម្មវិធីដទៃផ្សេងៗទៀត។
៣. អាទិភាពលើ Content Marketing
Content Marketing គឺជាយុទ្ធសាស្ត្រនៃការបង្កើត និងចែកចាយមាតិកាដែលមានតម្លៃ និងស៊ីសង្វាក់គ្នា ដើម្បីទាក់ទាញ និងរក្សាទស្សនិកជនដែលបានកំណត់យ៉ាងច្បាស់លាស់។ វាជួយកសាងទំនុកចិត្ត និងភាពជាអ្នកជំនាញ (Authority) សម្រាប់ Brand របស់អ្នក។ ចំពោះប្រភេទមាតិកាគួរបង្កើតមានដូចជាប្លក់ ដើម្បីផ្តល់ដំណោះស្រាយដល់បញ្ហារបស់អតិថិជន វីដេអូខ្លីដោយបង្ហាញពីរបៀបប្រើប្រាស់ ឬ Tips ថែមពីនេះ Infographicsដើម្បីបង្ហាញព័ត៌មានឲ្យងាយយល់តាមរូបភាព។ ការប្រើ Content Marketing បែបនេះអ្នកអាចទាក់ទាញអតិថិជន ធ្វើឱ្យពួកគេជឿជាក់លើ Brand របស់អ្នក។
៤. សហការជាមួយអាជីវកម្មផ្សេងទៀត និង Influencers ខ្នាតតូច
ស្វែងរកអាជីវកម្មណាដែលមិនមែនជាគូប្រកួតប្រជែងផ្ទាល់ ប៉ុន្តែមានអតិថិជនគោលដៅស្រដៀងគ្នា។ ឧទាហរណ៍៖ ហាងកាហ្វេអាចសហការជាមួយហាងលក់សៀវភៅ ឬ Co-working Space។ អ្នកអាចធ្វើការផ្សព្វផ្សាយរួមគ្នា ឬផ្តល់ជូនពិសេសទៅវិញទៅមក។
៥. ប្រើប្រាស់ SEO ក្នុងតំបន់ (Local SEO)
សម្រាប់អាជីវកម្មដែលមានទីតាំងជាក់លាក់ (ដូចជា ភោជនីយដ្ឋាន ហាងកាត់សក់ ហាងលក់សំលៀកបំពាក់) Local SEO គឺសំខាន់ខ្លាំងណាស់។ ដូច្នេះអ្នកត្រូវបំពេញព័ត៌មាន Google My Business (GMB) ឲ្យបានពេញលេញ (ដូចបានរៀបរាប់ខាងលើ)។
ត្រូវប្រាកដថាឈ្មោះអាជីវកម្ម អាសយដ្ឋាន និងលេខទូរស័ព្ទ (NAP) របស់អ្នកគឺដូចគ្នា នៅលើគ្រប់ Platform ទាំងអស់ (Website, Facebook, GMB, Directory Listings)។ ថែមបីនេះ លើកទឹកចិត្ត Reviews ពីអតិថិជនក្នុងតំបន់ ព្រោះថា Google ចូលចិត្តអាជីវកម្មដែលមាន Reviews ល្អ។ ការធ្វើបែបនេះវានឹងធ្វើឱ្យអាជីវកម្មងាយផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ជាច្រើន។
៦. តាមដាន និងវិភាគលទ្ធផល
ទោះបីជាអ្នកចំណាយតិចក៏ដោយ អ្នកត្រូវតែ វាស់ស្ទង់ប្រសិទ្ធភាព នៃការខិតខំប្រឹងប្រែងរបស់អ្នក។ ប្រើប្រាស់ឧបករណ៍ឥតគិតថ្លៃដូចជា Google Analytics សម្រាប់ Website របស់អ្នក និង Insights នៅក្នុង Facebook/Instagram Business Page ដើម្បីតាមដាន៖ ចំនួនអ្នកចូលមើល អត្រាចូលរួម ដូចជា Likes, Comments, Shares ចំនួន Leads ឬការសាកសួរ និងចំនួនលក់ដែលកើតចេញពីយុទ្ធនាការឌីជីថល។
ការវិភាគទិន្នន័យនឹងជួយអ្នកឲ្យយល់ថាអ្វីដំណើរការល្អ ឬមិនល្អ ហើយត្រូវកែតម្រូវយុទ្ធសាស្ត្ររបស់អ្នកទៅតាមនោះ។
ដូច្នោះហើយ ល្បិចទីផ្សារឌីជីថលទាំងនេះ មិនទាមទារថវិកាច្រើននោះទេ។ វាទាមទារការប្តេជ្ញាចិត្ត ភាពច្នៃប្រឌិត និងការអនុវត្តជាប់លាប់។ សម្រាប់អាជីវកម្មខ្នាតតូច ការចាប់ផ្តើមពីចំណុចតូចៗ និងការកសាងវត្តមានអនឡាញបន្តិចម្តងៗ នឹងនាំមកនូវភាពជោគជ័យយូរអង្វែង។