Simon Sinek: ហេតុអ្វីCovid-19គឺជាឱកាស?

1155

លោក​ Simon Sinek គឺជា​បុគ្គល​ល្បីមួយ​រូបផ្នែក​និយាយជម្រុញទឹកចិត្ត ជាពិសេស​សម្រាប់ធរុកិច្ច​ជននិងអ្នកជំនាញ ហើយ​គាត់ត្រូវបាន​គេ​ស្គាល់​ច្រើន​ដោយសារតែ​ការសរសេរ​សៀវភៅ​២ក្បាល​ដ៏ល្បីល្បាញ​ក្នុង​ពីភពធុរកិច្ច និងអ្នកដឹកនាំគឺ “Start With Why” និង “Leader Eat Last”។

នៅក្នុង​វីដេអូ​ប្រជុំមួយ​នៅអូស្ត្រាលី​ ជាមួយ​នឹងក្រុមការងារ​របស់គាត់ គាត់បាន​លើកឡើង​ថា ពេលវេលា​នេះគឺជា​ពេលវេលា​ដ៏លំបាកមួយដោយសារតែការរីករាលដាលជម្ងឺ​ផ្លូវដង្ហើមថ្មីCovid-19 តែយើងទាំងអស់គ្នា​ត្រូវតែមាន​ផ្នត់គំនិតអ៊ីនធឺណិត។ កាលពីទស្សវត្សទី​៩០ ដោយសារតែ​ការវត្តមាន​អ៊ីនធឺណិត ធ្វើឱ្យអាជីវកម្មជាច្រើនត្រូវបិទទ្វារ ហើយក៏មានអាជីវកម្មជាច្រើន​មានការរីកចម្រើន​យ៉ាងខ្លាំងក្លា។ អាជីវកម្ម​ដែលបិទទ្វារគឺ ពួកគេមិនអាចធ្វើការ​កែប្រែ និងផ្លាស់ប្តូរ​ឱ្យទាន់និន្នាការ ឬដោយសារតែគាត់​មិន​មានផ្នត់គំនិត​ក្នុង​ការ​ផ្លាស់ប្តូរ។ Starbucks បានបង្កើត​សាខានៅទីតាំងជាច្រើន ហើយធ្វើការប្រកួតប្រជែង​ជាមួយ​នឹង​កាហ្វេ​ក្នុងតំបន់ទាំងនោះ ហើយជាលទ្ធផល​Starbucks បាន​ដណ្តើមឈ្នះ​ទីផ្សារទោះបីជា​ហាងកាហ្វេក្នុងតំបន់​មានផលិតផលល្អជាង តែពួកគាត់​នៅតែប្រើប្រាស់​កៅអី និងតុអង្គុយ​បែបចាស់កំរិល​ ដែលមិនអាចបន្ត​ទាក់ទាញចិត្តអតិថិជនបាន។ វត្តមានរបស់Uber បានធ្វើឱ្យក្រុមហ៊ុនតាក់ស៊ី​ដួលរលំ មិនមែនដោយសារតែUber នោះខ្លាំង​នោះទេ តែ​ដោយសារតែ​ក្រុមហ៊ុនតាក់ស៊ីទាំងនោះ​មិនព្រមធ្វើការផ្លាស់ប្តូរ​ និងកែប្រែម៉ូដែលរបស់ខ្លួន។

ក្នុងសម័យកាលនេះ យើងត្រូវតែមានផ្នត់គំនិត​អ៊ីនធឺណិត គឺត្រូវចេះផ្លាស់ប្តូរ​តាម​ស្ថានភាពជាក់ស្តែង ដើម្បីបន្តនិរន្តរភាព​អាជីវកម្ម​របស់ខ្លួន។យើងមិនត្រូវផ្តោតតែធ្វើរឿងដដែលៗក្នុងស្ថានភាព​នៃការផ្លាស់ប្តូរនោះទេ យើងត្រូវមានផ្នត់គំនិតរកគិតពីវិធីដោះស្រាយ ថាតើយើងគួរតែធ្វើអ្វីសម្រាប់​អាជីវកម្មរបស់យើង​នៅ​ក្នុងសម័យកាលដែលមានការប្រែប្រួលនេះ។

យើងមិនត្រូវ​អង្គុយ​គិតតែ​រឿង​ ថាតើយើងអាចឆ្លងផុត​ដំណាក់កាល​ដោយវិធីណាទេ! យើងត្រូវតែមាន​គំនិត​គិតថា តើយើងត្រូវ​ផ្លាស់​ប្តូរ​យ៉ាងម៉េច​ដើម្បីឆ្លងផុត​ដំណាក់កាលនេះ។ មិនត្រឹមតែ​ម្ចាស់អាជីវកម្មទេដែលត្រូវគិតថា អាជីវកម្មត្រូវផ្លាស់ប្តូរយ៉ាងណា​ដើម្បីឱ្យស្របទៅនឹងស្ថានការណ៍ ក្នុងនាមជាក្រុមការងារ ក៏ត្រូវតែរកវិធី​គិតផ្លាស់ប្តូរសម្របខ្លួនយ៉ាងម៉េច ឬក៏កែប្រែ​យ៉ាង​ម៉េច​សម្រាប់ជួយ​ឱ្យអាជីវកម្ម​អាចបន្តរីកចម្រើនទៅមុខបាន។

បន្ទាប់​ពី​វិបត្តិនេះបញ្ចប់​ អាជីវកម្មមិនតិចទេ​នឹងត្រូវបិទទ្វារ​ ហើយ​មនុស្ស​មិនតិច​ទេដែលត្រូវប្តូរការងារ។ ប៉ុន្តែជាជាង​អង្គុយ​ចាំលទ្ធផលទាំងនេះកើតឡើង ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែរិះរកគ្រប់មធ្យោបាយដើម្បី​ធ្វើការផ្លាស់ប្តូរមួយ​ ដើម្បីសម្របខ្លួន​ទៅតាម​ស្ថានភាពជាក់ស្តែង ហើយជាពិសេស​បុគ្គលិក និងក្រុមការងារ គួរតែឈរលើ​គោលជំហរជិះទូកតែមួយ ជួយគិតជួយគូរ និងខិតខំផ្លាស់ប្តូរខ្លួនឯង​យ៉ាងណា​ដើម្បីជួយ​ឱ្យស្ថាប័ន​របស់អ្នក​បន្ត​រីកចម្រើនទៅមុខបាន។

ចូរចាំថា​ ដើម្បី​អាច​រស់បាន ដើម្បីអាចរីចម្រើនបានគ្រប់កាលៈទេសៈ យើងត្រូវតែមានផ្នត់គំនិតមួយ​ គឺរកដំណោះស្រាយផ្លាស់ប្តូរទៅតាមស្ថានការណ៍​ ដូចពាក្យមួយលើកឡើងថា “ពេលណាដែលមានគ្រោះ ពេលនោះក៏មានឱកាសមកជាមួយ!”។ ដូចនេះ វាជា​ជម្រើសរបស់យើងថាតើយើងនឹងផ្តោតទៅជ្រុងមួយណា? បន្ទាប់ពី​វិបត្តិនេះចប់ ខ្ញុំជឿថា នឹងមានតារា​មិនតិចទេដែលនឹងរះ ដោយសារតែការផ្លាស់ប្តូរខ្លួនឱ្យស្របនឹងស្ថានការណ៍ ហើយអ្នកដែលខ្លាំង គឺជាពេលវេលារបស់គេសម្រាប់បញ្ចេញសមត្ថភាព ព្រោះថា នៅពេលទីផ្សារងាយស្រួលរកលុយ អ្នកណាក៏អាចរកលុយបាន អ្នកណាក៏អាចរកស៊ីបាន។ ប៉ុន្តែ នៅពេលដែលមានវិបត្តិ វាគឺជាឱកាសរបស់អ្នកខ្លាំងក្នុងការបញ្ចេញសមត្ថភាពដោះស្រាយ និងស្រោចស្រង់គ្រប់គ្នាចេញពីគ្រោះនេះ ទៅរកឱកាសវិញ។