នៅក្នុងវិស័យធុរកិច្ចអាជីវកម្មទាំងឡាយមិនអាចចៀសផុតពីការផ្សព្វផ្សាយបានឡើយបើទោះបីជាផលិតផលឬសេវាកម្មរបស់អ្នកមានគុណភាពល្អយ៉ាងណាក៏ដោយ។ ការផ្សព្វផ្សាយមានន័យថាជាការផ្តល់ដំណឹងឬប្រាប់ដល់អតិថិជនពីអ្វីដែលអ្នកមានជាពិសេសគឺធ្វើឲ្យគេស្គាល់ថាអ្នកលក់ផលិតផលឬបម្រើសេវាកម្មអ្វីខ្លះ។
ផ្ទុយមកវិញមនុស្សភាគច្រើនទុកចិត្តតែលើផលិតផលឬសេវាកម្មដែលគេធ្លាប់ប្រើតែប៉ុណ្ណោះ។ ចុះបើអ្នកជាម្ចាស់អាជីវកម្មថ្មី តើអ្នកគួរធ្វើបែបណាដើម្បីឲ្យគេងាកមកប្រើផលិតផលឬសេវាកម្មរបស់អ្នក? យ៉ាងណាមិញចំពោះអាជីវកម្មថ្មី កញ្ចប់ថវិកាដែលពួកគេមានសម្រាប់ផ្គត់ផ្គង់ទៅលើការផ្សព្វផ្សាយគឺសុទ្ធតែមានកំណត់ឬមានតិចតួចណាស់។ ខាងក្រោមនេះជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពនិងចំណាយលុយតិចខ្លះៗដែលលោកអ្នកអាចយកទៅប្រើប្រាស់បានក្នុងការផ្សព្វផ្សាយទៅដល់អតិថិជនគោលដៅរបស់អ្នក ៖
ការផ្សព្វផ្សាយមានន័យថាជាការផ្តល់ដំណឹងឬប្រាប់ដល់អតិថិជនពីអ្វីដែលអ្នកមានជាពិសេសគឺធ្វើឲ្យគេស្គាល់ថាអ្នកលក់ផលិតផលឬបម្រើសេវាកម្មអ្វីខ្លះ!
១. រៀបចំគម្រោងក្នុងការធ្វើទីផ្សារជាមុន
គម្រោងដើម្បីអនុវត្តក្នុងការធ្វើយុទ្ធសាស្រ្តទីផ្សារគឺជាផែនទីសម្រាប់នាំផ្លូវអ្នក។ អ្នកត្រូវមានគម្រោងមួយឬច្រើនអាស្រ័យលើវិធីដែលអ្នកចង់ប្រើ។ វានឹងបង្ហាញប្រាប់អ្នកថាវិធីសាស្ត្រដែលអ្នកប្រើមានប្រសិទ្ធភាពទេមុននឹងឈានដល់ការអនុវត្តជាពិសេសអ្នកមិនត្រូវភ្លេចត្រៀមផែនការណ៍បម្រុងឬផែនការណ៍ផ្សេងដើម្បីប្តូរប្រសិនបើវាមិនមានប្រសិទ្ធភាពនោះ។ គម្រោងរបស់អ្នកគួរដាក់បញ្ចូលលក្ខខណ្ឌមួយចំនួនដូចជា
- ថវិកាដែលអ្នកនឹងចំណាយ
- កំណត់ថាអតិថិជនគោលដៅរបស់អ្នកជាអ្នកណា
- ទីតាំងដែលអតិថិជនរបស់អ្នកស្ថិតនៅ
- ច្រកផ្សព្វផ្សាយដែលអ្នកចង់ប្រើ (បណ្តាញសង្គម គេហទំព័រ ដោយផ្ទាល់ ទូរទស្សន៍ វិទ្យុ កាសែត…)
- ផែនការណ៍សង្គ្រោះឬផែនការណ៍ផ្សេង
២. បង្កើតព័ត៌មានដែលមានលក្ខណៈស្តង់ដារនៅលើច្រកផ្សព្វផ្សាយ
បើអ្នកជ្រើសយកវិធីផ្សព្វផ្សាយតាមបណ្តាញសង្គម គំនិតសូមលើកទឹកចិត្តឲ្យប្រើប្រាស់វិធីនេះព្រោះថាវាជាវិធីដែលមានប្រសិទ្ធភាពណាស់ជាពិសេសហ្វេសប៊ុក(Facebook) និងអ៊ីនស្តាក្រាម(Instagram)ជាដើម។ តើអ្នកដឹងទេ? នៅប្រទេសកម្ពុជាមានប្រជាជនប្រហែល៥លាននាក់ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែលភាគច្រើនជាយុវវ័យដែលមានអាយុចន្លោះពី១៨ទៅ២៤ឆ្នាំ។ ហេតុនេះការប្រើប្រាស់អ៊ីនធឺណែត (Internet) ដើម្បីផ្សព្វផ្សាយគឺពិតជាមានប្រសិទ្ធភាព។ មួយវិញទៀតអ្នកគួរតែមានគេហទំព័រអាជីវកម្មរបស់អ្នកដែលអាចតភ្ជាប់ពីបណ្តាញសង្គមបាន។ ប្រការដែលចាំបាច់បំផុតសម្រាប់អ្នកគឺត្រូវធ្វើយ៉ាងណាឲ្យព័ត៌មានស្តីពីខ្លួនអ្នក ក្រុមហ៊ុនរបស់អ្នក ឬបុគ្គលិករបស់អ្នកមាននូវការពិពណ៌នាដ៏ល្អ មានពាក្យគន្លឹះត្រឹមត្រូវ មិនផ្តល់ព័ត៌មានបោកប្រាស់ ថែមទាំងអាចឲ្យគេជឿទុកចិត្តបាន។ អ្នកអាចបង្កើតអត្ថបទទាក់ទងនឹងអាជីវកម្មដែលអ្នកកំពុងធ្វើ បញ្ហាជួបប្រទះ គន្លឹះងាយៗដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងអាជីវកម្ម ឬការបញ្ចុះតម្លៃផ្សេងៗដើម្បីជាប្រយោជន៍ទាំងសម្រាប់អ្នកមើលនិងអាជីវកម្មរបស់អ្នកផ្ទាល់។ ម្យ៉ាងទៀតអ្នកអាចចំណាយលុយខ្លះដើម្បី Boost ទំព័រ Facebook របស់អ្នក។
ប៉ុន្តែ ត្រូវចងចាំថា រាល់ការបង្ហោះ ឬធ្វើការផ្សព្វផ្សាយ អ្នកគួរតែមានកម្រិតស្តង់ដារល្អមួយដើម្បីបង្កើនទំនុកចិត្ត និងកម្រិតវិជ្ជាជីវៈរបស់អាជីវកម្មរបស់អ្នក។ ការធ្វើដូចនេះ អ្នកមានរូបភាព និងការគិតវិជ្ជមានពីសំណាក់អតិថិជនរបស់អ្នក។
៣. មានកាតសម្គាល់ពាណិជ្ជកម្ម
ការធ្វើកាតសម្គាល់ពីអាជីវកម្មដែលមាននិមិត្តសញ្ញា ឬម៉ាកសញ្ញាត្រឹមត្រូវជាការបង្ហាញថាអ្នកមានអាជីវកម្មមួយដែលមានលក្ខណៈពិតប្រាកដហើយមានវិជ្ជាជីវៈត្រឹមត្រូវ។ ក្រៅពីនេះអ្នកត្រូវ មាន Letterhead សន្លឹកប័ណ្ណ(Leaflet) សៀវភៅព័ត៌មានជាដើមដែលវាមានភា្ជប់ជាមួយនិមិត្តសញ្ញាក្រុមហ៊ុន ឈ្មោះនិងតួនាទីរបស់អ្នក អាស័យដ្ឋាន លេខទូរស័ព្ទ អ៊ីមែល និងសេវាកម្មឬផលិតផលរបស់អ្នក។ អ្នកអាចប្រើកាតឬវត្ថុទាំងនោះដើម្បីចែកទៅកាន់សាច់ញាតិ បងប្អូន មិត្តភក្តិ ឬអ្នកដទៃទៀតឲ្យគេស្គាល់ពីអាជីវម្មរបស់អ្នក និងអាចពឹងគេឲ្យជួយប្រាប់ដល់អ្នកឯទៀតបើគេត្រូវការផលិតផលឬសេវាកម្មនោះដែរ។
៤. ចូលរួមជាមួយក្រុមដែលមានវិជ្ជាជីវៈត្រឹមត្រូវឬព្រឹត្តិការណ៍សង្គម
អ្នកអាចចូលរួមជាមួយសភាពាណិជ្ជកម្មក្នុងតំបន់។ ថ្វីត្បិតតែវាត្រូវការចំណាយខ្លះតែវាក៏មានប្រសិទ្ធភាពដែរព្រោះថាការចូលជាសមាជិកនាំឲ្យអ្នកមានឱកាសជួបប្រជុំជាមួយម្ចាស់អាជីវកម្មឯទៀតជារៀងរាល់សប្តាហ៌ឬរៀងរាល់ខែ។ មួយវិញទៀតសភាពាណិជ្ជកម្មនឹងផ្តល់ព័ត៌មានជារឿយៗទៅកាន់សមាជិកគ្រប់គ្នា ហើយអ្នកអាចមានឱកាសបញ្ចូលព័ត៌មានអំពីអាជីវកម្មរបស់អ្នកនៅលើបញ្ជីឈ្មោះពាណិជ្ជកម្មដែលវាពិតជាមានភាពងាយស្រួលក្នុងការទៅដល់អតិថិជនដែលមានសក្តានុពលរបស់អ្នក។ ក្រៅពីនេះអ្នកអាចចូលរួមធ្វើជាវាគ្មិននៅក្នុងព្រឹត្តិការណ៍ផ្សេងៗដូចជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល សន្និសិទ ជាដើម។
នៅប្រទេសកម្ពុជាសព្វថ្ងៃ មានក្រុមបណ្តាញធុរកិច្ចជន និងម្ចាស់អាជីវកម្មជាច្រើនដូចជា BNI សមាគមសហគ្រិនវ័យក្មេង សមាគមសហគ្រិនស្ត្រី សមាគមអ្នកទីផ្សារ និងអ្នកលក់ និងស្ថាប័នជាច្រើនទៀតដែលអ្នកអាចចូលរួមដើម្បីពង្រីកបណ្តាញ និងផ្សព្វផ្សាយពីផលិតផលរបស់អ្នក។
៥. បង្កើតការប្រកួតប្រជែង
វាគឺជាវិធីដ៏ល្អមួយដែរដើម្បីជាកម្លាំងចលករជួយជម្រុញសន្ទុះនៃការផ្សព្វផ្សាយព័ត៌មានរបស់អ្នក។ អ្នកអាចបង្កើតកម្មវិធីប្រកួតប្រជែងដើម្បីយករង្វាន់តាមបណ្តាញសង្គមដើម្បីឲ្យគេចែករំលែកតគ្នាក៏បាន ឬការលេងល្បែងកម្សាន្តនៅខាងក្រៅក៏បាន។ អ្នកអាចដាក់ជាសំណួរដោះស្រាយ លេងល្បែង ទស្សន៍ទាយរូបភាពដើម្បីឲ្យគេជួយចែករំលែកដល់មិត្តភក្តិរបស់គេ និងឲ្យជារង្វាន់បន្តិចបន្តួច។ មួយវិញទៀតបើអ្នករើសយកការផ្សព្វផ្សាយនៅខាងក្រៅ អ្នកអាចដាក់វានៅតាមផ្សារនិងចែកខិត្តប័ណ្ណនៅតាមទីសាធារណៈ។ អ្នកអាចអនុញ្ញាតឲ្យអតិថិជនបានលេងល្បែងប្រកួតប្រជែងគ្នា ឬឆ្លើយសំណួរយករង្វាន់ជាដើម។ ទង្វើទាំងអស់នេះគឺមានភាពទាក់ទាញនិងឃើញថាមានប្រសិទ្ធភាពណាស់កន្លងមក។
៦. ផ្តល់សេវាប្រឹក្សាយោបល់ដោយឥតគិតថ្លៃ
អ្នកអាចផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយថាអ្នកមានការប្រឹក្សាយោបល់ដោយមិនគិតថ្លៃឡើយ។ ជាពិសេសចំពោះអតិថិជនដែលមានបញ្ហាពួកគេអាចសុំការប្រឹក្សាយោបល់ថាគួរដោះស្រាយបញ្ហារបស់គេបែបណាឬគួរប្រើផលិតផលបែបណាទើបសក្តិសម។ ឧទាហរណ៍ថាអ្នកចង់បើកហាងលក់ផលិតផលកែសម្ផស្ស អ្នកអាចប្រាប់ទៅកាន់អតិថិជនអ្នកថាចំពោះការផ្តល់ដំបូន្មានទាក់ទងនឹងបញ្ហារបស់គេគឺមិនមានការគិតតម្លៃបញ្ចូលឡើយ។ ការធ្វើបែបនេះនឹងធ្វើឲ្យអតិថិជនដែលមានបំណងប្រើប្រាស់សេវាកម្មឬចង់ទិញផលិតផលរបស់អ្នកគឺគ្មានការព្រួយបារម្ភឡើយបើទោះបីជាគេមានលុយតិចក៏ដោយ។ សំខាន់បំផុតគេនឹងរើសយកក្រុមហ៊ុនរបស់អ្នកព្រោះថាអ្នកបានបង្កើនទំនុកចិត្តរបស់គេថាអ្នកជាក្រុមហ៊ុនដែលមានវិជ្ជាជីវៈត្រឹមត្រូវបើទោះបីជាគេមិនធ្លាប់ប្រើផលិតផលឬសេវាកម្មរបស់អ្នកក៏ដោយ។
៧. ទាក់ទាញឱ្យអតិថិជនមកទិញម្តងទៀត
ក្នុងនាមអ្នកជាម្ចាស់អាជីវកម្មដែលទើបតែដំណើរការថ្មី វាពិតជាមិនមានភាពងាយស្រួលនោះទេក្នុងការរកបានអតិថិជនម្នាក់ៗ។ ប៉ុន្តែបើអ្នករកបានអតិថិជនហើយ រឿងបន្ទាប់ដែលអ្នកត្រូវធ្វើគឺធ្វើយ៉ាងណាឲ្យគេវិលមកទិញអ្នកម្តងទៀត។ ក្រៅពីរៀបចំផលិតផលដែលមានគុណភាពនិងបម្រើសេវាកម្មដិតដល់ឲ្យអតិថិជនថ្មីហើយ អ្នកអាចប្រើវិធីបញ្ចុះតម្លៃចំពោះការមកទិញលើកក្រោយរបស់គេម្តងទៀត។ អ្នកអាចប្រាប់ពួកគេថាបើគេមកលើកក្រោយឬនាំមនុស្សមកទិញអ្នកអាចផ្តល់ការបញ្ចុះតម្លៃឬកាដូផ្សេងៗជូនដល់ពួកគេ។ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព អ្នកអាចដាក់ថ្ងៃផុតកំណត់ឲ្យពួកគេ។
មិនថាការផ្សព្វផ្សាយល្អប៉ុណ្ណាទេ ម្ចាស់អាជីវកម្មត្រូវមានភាពវ័យឆ្លាតក្នុងការបត់បែនតាមវិធីដែលគេចង់ធ្វើ។ វិធីខ្លះគេត្រូវប្រើពេលយូរ តែចំពោះអាជីវកម្មបើកថ្មីនោះកញ្ចប់ថវិការបស់អ្នកក៏មានកំណត់ដែរ ហេតុនេះអ្នកគួរជ្រើសរើសយកវិធីណាដែលងាយឆាប់រហ័សហើយចំណាយលុយតិច។ ជាពិសេសអ្នកមិនត្រូវប្រើប្រាស់ដើមទុនច្រើនពេកទេទៅលើការផ្សព្វផ្សាយ។