យោងទៅតាមគេហទំព័រ Hootsuite បានបង្ហាញថាចំនួននៃអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជាមានការកើនទ្បើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ នាឆ្នាំ២០២០នេះទិន្នន័យនៃអ្នកប្រើប្រាស់មានចំនួនយ៉ាងច្រើនរហូតទៅដល់៩.៧០លាននាក់។ យើងសង្កេតឃើញថាបណ្តាញសង្គមគឺពិតជាមាននូវវិសាលភាពនិងឥទ្ធិពលយ៉ាងខ្លាំងដែលធ្វើម្ចាស់អាជីវកម្មជាច្រើនបានចាប់អារម្មណ៍ហើយងាកមកប្រើប្រាស់បណ្តាញសង្គមក្នុងការទីផ្សារនិងផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេ។ ដូចដែលអ្នកបានដឹងស្រាប់ហើយថាបណ្តាញសង្គមមានច្រើនប្រភេទណាស់ដូចជា Facebook ,Tik Tok , Twitter , Pinterest , Instagram , LinkedIn ជាដើម ។
តើបណ្តាញសង្គមទាំងនោះមានលក្ខណៈពិសេស មុខងារនិងអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះសម្រាប់អាជីវកម្ម?
អត្ថបទនេះនឹងលើកយកនូវបណ្តាញសង្គមចំនួន ៤ មកធ្វើការរៀបរាប់ បកស្រាយនិងបង្ហាញអំពីមុខងារនិងអត្ថប្រយោជន៍
១. Facebook
អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ច្បាស់ហើយអំពីបណ្តាញសង្គមមួយនេះ។ នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះចំនួននៃអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មានយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតទៅដល់ ៩.២០លាននាក់។ បណ្តាញសង្គមមួយនេះមិនមែនត្រឹមតែជាវេទិកាសម្រាប់ចែករំលែកនូវព័ត៌មានថ្មីៗ ចំណេះដឹងផ្សេងៗ ឬក៏រឿងរ៉ាវផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រព័ន្ធផ្សព្វផ្សាយមួយដ៏មានសក្តានុពលនិងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់សម្រាប់អាជីវកម្មផងដែរ។ អ្នកអាចបង្កើតនូវទំព័រផ្លូវការណ៍(Page)សម្រាប់អាជីវកម្មអ្នករួចប្រើប្រាស់បណ្តាញសង្គមមួយនេះជាវេតិកាសម្រាប់ចែករំលែកនូវព័ត៌មាននិងចំណេះដឹងនានាស្តីអំពីអាជីវកម្មរបស់អ្នក។ តាមរយៈការបង្កើតនូវមាតិកាផ្សេងៗដូចជារូបភាព វីដេអូនិងសារជាសម្លេងជាដើម ជាប្រយោជន៍ដើម្បីឲ្យអតិថិជនបានស្គាល់នូវអាជីវកម្មរបស់អ្នកច្បាស់ជាងមុន ដែលនេះក៏ជាមធ្យោបាយមួយដ៏ល្អបំផុតក្នុងការផ្សព្វផ្សាយនិងបង្កើននូវកេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នកផងដែរ។ អ្វីដែលពិសេសនោះគឺ Facebook ក៏មាននូវមុខងារ(Feature) ដ៏អស្ចារ្យមួយគឺ Facebook Insight ដែលអាចជួយអ្នកក្នុងការតាមដានអំពីសកម្មភាពផ្សេងៗនៃទំព័រអាជីវកម្មរបស់អ្នករួមជាមួយនឹងទិន្នន័យដ៏លម្អិតនៃចំនួនអ្នកដែល Like Comment View នូវរាល់រូបភាពឬក៏វីដេអូដែលអ្នកបានបង្ហោះ។ មិនត្រឹមតែប៉ុណ្ណោះអ្នកក៏អាចស្វែងរកនូវទិន្នន័យមួយចំនួនដូចជា អាយុ ភេទ ក៏ដូចជាទីតាំងដែលអតិថិជនរបស់អ្នករស់នៅជាដើម។ ទិន្នន័យទាំងអស់នេះគឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដែលអាចជួយអ្នកក្នុងការបែងចែកនិងកំណត់នូវអតិថិជនគោលដៅរបស់អ្នកជាពិសេសនៅពេលដែលអ្នកចង់ធ្វើការ Boost Page ឬក៏ Boost Post នៃទំព័រអាជីវកម្មរបស់អ្នក។ លើសពីនេះទៅទៀត Facebook ក៏មានបន្ថែមនូវមុខងារពិសេសៗជាច្រើនទៀតដែលបង្កនូវភាពងាយស្រួលនិងមានលក្ខណៈសមប្រកបសម្រាប់អាជីវកម្មរបស់អ្នក។ អាស្រ័យហេតុនេះហើយទើបអាជីវកម្មរបស់អ្នកគួរតែមានវត្តមាននៅលើបណ្តាញសង្គមមួយនេះ។
២. Instagram
បណ្តាញសង្គមមួយនេះទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោកដោយផ្តោតសំខាន់ទៅលើមាតិកា (Content) ជារូបភាពនិងវីដេអូ។ Instagram បានភ្ជាប់មកជាមួយនឹងមុខងារពិសេសៗមួយចំនួនដូចជា Story ដែលអនុញ្ញាតឲ្យអ្នកចែករំលែកនូវរូបភាពនិងវីដេអូខ្លីដែលទាក់ទងទៅនឹងផលិតផលឬសេវាកម្មរបស់អ្នក។ មិនតែប៉ុណ្ណោះ Instagram ក៏មាននូវ Filter ជាច្រើនដែលអាចជួយអ្នកក្នុងការកែលម្អ(edit)រូបភាពឲ្យមានភាពទាក់ទាញជាងមុនទៅតាមចំណង់ចំណូលរបស់អ្នកផងដែរ។ជាក់ស្តែងក្រុមហ៊ុនម៉ាកល្បីៗជាច្រើននៅលើពិភពលោកដូចជា Nike Channel Gucci ជាដើមបានប្រើប្រាស់បណ្តាសង្គមដ៏មានឥទ្ធិពលមួយនេះសម្រាប់ផ្សព្វផ្សាយផលិតផលរបស់ពួកគេដោយបង្ហាញពីរូបរាងដ៏គួរឲ្យទាក់ទាញនៃផលិតផលជាច្រើនតាមរយៈរូបភាពនិងវីដេអូដែលប្រកបទៅដោយគុណភាពខ្ពស់។ បណ្តាញសង្គមមួយនេះសាកសមបំផុតសម្រាប់កសាងនូវរូបភាពនៃអាជីវកម្មរបស់អ្នកដើម្បីឲ្យអតិថិជនបានស្គាល់។ លើសពីនេះទៅទៀតអ្នកក៏អាចធ្វើការ Live Video ដែលបង្ហាញអំពីផលិតផលឬសេវាកម្មរបស់អ្នកនៅលើបណ្តាញសង្គមមួយនេះផងដែរ។ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ Instagram រហូតទៅដល់ ៦.១០លាននាក់ដោយភាគច្រើនជាយុវវ័យចន្លោះពីអាយុ ១៣ ទៅ ៣៥ឆ្នាំ។ តាមរយៈទិន្នន័យខាងលើនេះសបញ្ជាក់ឲ្យឃើញថា វាគឺជាឱកាសដ៏សម្រាប់អ្នកក្នុងការប្រើប្រាស់បណ្តាញសង្គមមួយនេះក្នុងការធ្វើទីផ្សារនិងផ្សព្វផ្សាយអំពីផលិតផលឬសេវាកម្មរបស់អ្នក។
៣.LinkedIn
LinkedIn គឺជាបណ្តាញសង្គមមួយដែលមានលក្ខណៈស្តង់ដានិងផ្តោតសំខាន់ទៅលើការបង្កើតទំនាក់ទំនងក្នុងវិស័យធុរៈកិច្ច ។ ជាទូទៅអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះភាគច្រើន ជាបុគ្គលិកនៃស្ថាប័នរដ្ឋនិងឯកជនផ្សេងៗដែលប្រកបទៅដោយវិជ្ជាជីវៈ បញ្ញាវ័ន្ត និង ម្ចាស់អាជីវកម្មជាច្រើនទៀតផង ។ សព្វថ្ងៃនេះក្រុមហ៊ុនធំៗជាច្រើនដូចជា Chip Mong ធនាគារ ABA BRED BANK ជាដើម តែងតែធ្វើការផ្សព្វផ្សាយនិងចែករំលែកនូវព្រឹត្តការណ៍និងព័ត៌មានថ្មីៗស្តីអំពីអាជីវកម្មរបស់ខ្លួនក៏ដូចជាការផ្ដល់ជូននូវឱកាសការងារផ្សេងៗជាច្រើនផ្នែកនៅលើបណ្តាញសង្គមមួយនេះ។ ដូច្នេះហើយតាមរយៈ LinkedIn អ្នកអាចធ្វើការស្វែងរកនូវឱកាសការងារផ្សេងៗទៅតាមជំនាញនិងវិជ្ជាជីវៈរបស់អ្នកផងដែរ។ ក្រៅពីនេះអ្នកក៏ធ្វើការពង្រីកនូវទំនាក់ទំនងការងារជាមួយនឹងបុគ្គលផ្សេងៗជាច្រើនទៀតបានយ៉ាងទូលំទូលាយ។ ម្យ៉ាងវិញទៀត LinkedIn ក៏មាននូវមុខងារមួយចំនួនដែលអាចឱ្យអ្នកបង្ហាញនូវប្រវត្តិនៃការងាររបស់អ្នក សមិទ្ធផលការងារដែលអ្នកទទួលបាន លក្ខណៈសម្បត្តិនិងជំនាញផ្សេងៗដែលអ្នកមានផងដែរ ពីព្រោះថាក្រុមហ៊ុនធំៗភាគច្រើនអាចនឹងស្វែងរកព័ត៌មានមួយចំនួនអំពីអ្នកនៅលើបណ្តាញសង្គមមួយនេះ ។ សម្រាប់ម្ចាស់អាជីវកម្មវិញការដែលអ្នកមាននូវគណនី LinkedIn អាចនឹងធ្វើឲ្យអាជីវកម្មរបស់អ្នកមើលទៅមានភាពស្តង់ដានិងប្រកបទៅដោយវិជ្ជាជីវៈក៏ដូចជាបង្កើននូវមុខមាត់នៃអាជីវកម្មរបស់អ្នកបានមួយកម្រិតទៀតផងដែរប្រសិនបើអ្នកចេះគ្រប់គ្រងគណនីរបស់អ្នកបានល្អនិងត្រឹមត្រូវ។
៤ . Tik Tok
Tik Tok គឺជាបណ្តាញសង្គមមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើតនិងចែលរំលែកនូវវីដេអូខ្លីៗអមជាមួយនឹងបទចម្រៀងផ្សេងៗក្នុងរយៈពេល១៥-៦០ វិនាទី។ នាចុងឆ្នាំ២០១៩ បណ្តាញសង្គមមួយនេះទទួលបាននូវការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ជាពិសេសយុវវ័យដែលមានចំនួនរហូតទៅដល់ ៨០០ លាននាក់ហើយចំនួននៃអ្នកប្រើប្រាស់នេះទៀតសោតអាចនឹងកើនទ្បើងរហូតដល់ទៅ ១០០០ លាននៅក្នុងឆ្នាំ២០២០នេះដោយយោងទៅតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនផ្ទាល់។ បើនិយាយចំពោះអាជីវកម្មវិញ Tik Tok គឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងផ្សព្វផ្សាយនូវផលិតផលឬសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជន។ ដោយសារតែចំនួននៃអ្នកប្រើប្រាស់បណ្តាញសង្គមនេះមានច្រើនហេតុដូច្នេះហើយឱកាសដែលអតិថិជនបានឃើញនិងស្គាល់អំពីអាជីវកម្មរបស់អ្នកក៏មានច្រើនផងដែរ ។ អ្នកប្រហែលជាឆ្ងល់ហើយថា តើអ្នកអាចផ្សព្វផ្សាយពីផលិតផលឬសេវាកម្មរបស់អ្នកយ៉ាងណាទើបទទួលបាននូវលទ្ធផលខ្ពស់ ? ចម្លើយនោះគឺអ្នកអាចបង្កើតជាវីដេអូកម្សាន្តខ្លីៗដែលប្រកបទៅដោយភាពច្នៃប្រឌិត កំប្លែងៗ ដែលគួរឲ្យចាប់អារម្មណ៍និងទាក់ទាញដែលបង្ហាញអំពីផលិតផលឬសេវាកម្មរបស់អ្នក។ ម្យ៉ាងវិញទៀតអ្នកក៏អាចសហការជាមួយនឹងអ្នកដែលមានប្រជាប្រិយភាព( influencers) នៅលើបណ្តាញសង្គមមួយនេះដើម្បីឲ្យពួកគេផ្សព្វផ្សាយនិងណែនាំពីផលិតផលឬក៏សេវាកម្មរបស់អ្នកទៅកាន់អ្នកគាំទ្ររបស់ពួកគេដែលជាអតិថិជនគោលដៅរបស់អ្នកផងដែរ។ ហេតុដូច្នេះប្រសិនបើអ្នកជាម្ចាស់អាជីវកម្មហើយចង់ផ្សព្វផ្សាយពីផលិតផលឬសេវាកម្មរបស់អ្នក Tik Tok គឺជាជម្រើសដ៏ល្អនិងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ ៕