មានសេវាកម្មលក់ Page Like ជាច្រើនបានប្រកាសព្រោងព្រាតនៅលើបណ្តាញសង្គមFacebook ដែលជាកន្លែងដែលកំពុងពេញនិយមសម្រាប់អាជីវកម្ម ហើយអ្នកខ្លះបានធ្វើការអះអាងថាទិញ Page Likeដែលពួកគេលក់ឱ្យ នឹងធ្វើឱ្យម្ចាស់អាជីវកម្មបង្កើនការលក់ទៀតផង។
តើគួរទិញ Facebook Page Likeដែលមានស្រាប់ ឬចាយលុយសម្រាប់បង្កើនការ Like Page ឬទេ? នេះគឺជាសំណួរមួយដែលម្ចាស់អាជីវកម្ម ឬអ្នកទីផ្សារតែងតែលើកជាចម្ងល់ និងចោទសួរមកកាន់ខ្ញុំជាច្រើន។ ចំពោះខ្ញុំ ការទិញ Facebook Page Like គឺជាការចាយលុយដ៏ខ្ចះខ្ជាយ និងមិនមែនជាការវិនិយោគទេ គឺជាការចំណាយសុទ្ធសាធសម្រាប់អាជីវកម្ម។ ហេតុអ្វី?
ការទិញ Facebook Page Like គឺជាការចាយលុយដ៏ខ្ចះខ្ជាយ និងមិនមែនជាការវិនិយោគទេ គឺជាការចំណាយសុទ្ធសាធសម្រាប់អាជីវកម្ម។
មុនដំបូងបង្អស់អ្នកត្រូវចោទសួរអ្នកណាខ្លះជាអ្នក Like Page នោះ?
យើងត្រូវចោទសួរថា តើPage ដែលគេលក់ឱ្យ មានLikeច្រើនស្រាប់ ឬអ្នកដែល Like Page នោះគឺជាអតិថិជនគោលដៅរបស់យើងដែរឬទេ? ប្រសិនបើមិនមែនទេ ចំនួន Like ច្រើន គឺបានតែបរិមាណប៉ុណ្ណោះ តែគ្មានគុណភាព មានន័យថា យើងមិនអាចលក់ឬរកចំណូលពីអ្នក Like ទាំងនោះបានទេ។ សេវាកម្មបង្កើនPage Like ភាគច្រើនគឺប្រើប្រាស់វិធីផ្សេងៗដូចជាប្រើប្រាស់គណនីក្លែងក្លាយដើម្បីឱ្យឃើញមានចំនួន Like ច្រើន ឬក៏ទិញ Like ពីក្រៅប្រទេស។ ដូចនេះអ្នកត្រូវត្រួតពិនិត្យឱ្យលម្អិតថាតើ ចំនួនLike នោះមកពីណា? តើនៅប្រទេសកម្ពុជា ឬក៏ប្រទេសផ្សេង? បើប្រទេសផ្សេងវិញ វារិតតែធ្វើឱ្យការចំណាយឥតប្រយោជន៍ថែមទៀតសម្រាប់ការទិញនេះ។ វិធីសាស្ត្រខ្លះទៀតដែលគេបង្កើត Page Like ឱ្យបានច្រើនផ្សេងទៀតគឺមានដូចជា បង្ហោះវីដេអូ និងរូបភាពកម្សាន្ត បង្ហោះពាក្យស្លោកស្នេហា ឬស៊ីអារម្មណ៍ ឬវីដេអូដែលអាចទាក់ទាញ Likeផ្សេងៗទៀតដើម្បីបង្កើនការ Like Page ឱ្យបានច្រើនក្នុងរយៈពេលខ្លី ដែលទាំងនេះ ខ្ញុំសូមទាញចំណាប់អារម្មណ៍ឱ្យពិចារណាម្តងទៀតថាតើពួកគាត់ដែល Like Page ទាំងនោះពិតជាអតិថិជនគោលដៅដែរឬទេ?
មានអ្នកLike Page ច្រើនមិនមែនមានន័យថាអាចលក់បានច្រើន
មានមនុស្សជាច្រើនយល់ច្រឡំថា នៅពេលដែលពួកគេមានអ្នក Like Page ច្រើនគឺនឹងធ្វើឱ្យគេអាចបង្កើនការលក់ ឬរកចំណូលបានច្រើន។ ប៉ុន្តែជាក់ស្តែងវាមិនមែនយ៉ាងដូច្នេះនោះទេ។ អ្នកត្រូវតែមានយុទ្ធសាស្ត្រធ្វើទីផ្សារ និងការលក់ឱ្យបានល្អទើបអាចរកចំណូលពីការលក់បាន។
Facebook រកចំណូលបានពីការផ្សព្វផ្សាយរបស់អ្នក
តើមានន័យដូចម្តេច? មានន័យថា Facebookអាចរស់រានបានដោយសារបានចំណូលពីអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គមមួយនេះ។ ខុសពីប៉ុន្មានឆ្នាំមុន បច្ចុប្បន្ននេះ Facebookគឺជាកន្លែងចាយលុយ ដើម្បីរកលុយ ហើយសម្រាប់ការបង្ហោះដែលមិនមានការចាយលុយផ្សព្វផ្សាយ Facebook បានធ្វើការកម្រិតអត្រាភាគរយឱ្យអ្នក Like Page ឃើញមានកម្រិតទាបបំផុតគឺប្រមាណ១%ប៉ុណ្ណោះនៃអ្នក Like សរុប មានន័យថាប្រសិនបើអ្នកមានអ្នកLike Page 10ម៉ឺននាក់ អ្នកដែលអាចឃើញអ្វីដែលអ្នក Post គឺមានប្រមាណ១ពាន់អ្នកប៉ុណ្ណោះ។ ហើយដើម្បីអាចឱ្យគេមើលឃើញច្រើន ឬទៅដល់អតិថិជនគោលដៅបានច្រើន អ្នកត្រូវតែចំណាយលុយផ្សព្វផ្សាយ។
មានម្ចាស់អាជីវកម្មជាច្រើនបានខកបំណងដោយសារតែមិនបានយល់ច្បាស់ពី Facebook Page ហើយបានធ្វើឱ្យគាត់សម្រេចចិត្តខុសក្នុងការទិញ Page Like ដែលមិនបានផ្តល់ផលអ្វីទាល់តែសោះសម្រាប់គាត់។ ប្រសិនបើមានអ្នកផ្តល់សេវាលក់ Like Page ឱ្យអ្នក អ្នកគួរតែគិតម្តងទៀត! គិតម្តងទៀត! ហើយម្តងទៀត! សម្រាប់ខ្ញុំវិញ ការទិញ Page Like ច្រើន ឬក៏ទិញ Page ដែលមាន Like ច្រើនស្រាប់គឺជាការខ្ជះខ្ជាយលុយ មិនមែនជាការវិនិយោគ។ មានតែការរៀបចំយុទ្ធាសាស្ត្រទីផ្សារ និងការលក់នៅលើបណ្តាញសង្គមឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះដែលអាចជួយឱកយអាជីវកម្មរបស់យើងទទួលបានជោគជ័យបាន។