spot_img
spot_img
HomeគំនិតPlusយុទ្ធសាស្ត្រទីផ្សារបណ្តាញសង្គមរបស់សម្បត្តិហ្វាយនែនមានអ្វីដែលប្លែកពីគេ?

យុទ្ធសាស្ត្រទីផ្សារបណ្តាញសង្គមរបស់សម្បត្តិហ្វាយនែនមានអ្វីដែលប្លែកពីគេ?

-

បច្ចុប្បន្ន​នេះ បណ្តាញសង្គម​ ជាពិសេស​Facebook គឺជា​ច្រក​ផ្សព្វផ្សាយ​ដ៏​មាន​ប្រសិទ្ធិភាព​ដែលក្រុមហ៊ុន និង​អាជីវកម្ម​ជាច្រើន​បានចាប់ឱកាស​នេះ​ដើម្បី​ប្រកួត​ប្រជែង​ដើម្បីស្វែងរកអតិថិជន និង​ពង្រីក​កិត្តិនាម​ក្រុមហ៊ុន។ ប៉ុន្តែ​ ទោះជា​ក្រុមហ៊ុន និង​អាជីវកម្មនីមួយៗបានប្រើប្រាស់​Facebook ដូចគ្នា ប៉ុន្តែ​យុទ្ធ​សាស្ត្រ​ និង​វិធី​ប្រើប្រាស់​មានកម្រិត និង​សមត្ថភាព​ខុសៗគ្នាផងដែរ។​

នៅក្នុង​វិស័យមីក្រូហិរញ្ញវត្ថុវិញក៏មិនខុសពីវិស័យផ្សេងៗ យើង​ឃើញ​ថា​ ស្ទើរ​តែគ្រប់​ស្ថាប័ន​កំពុងតែមាន​វត្តមាន​នៅលើបណ្តាញសង្គម​ និង​ប្រើប្រាស់​ច្រកផ្សព្វផ្សាយ​មួយនេះជា​ទីតាំងមួយ​ដើម្បី​ពង្រីក​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ផលិតផល។

ក្នុង​ចំណោម​ស្ថាប័ន​មីក្រូ​ហរិញ្ញវត្ថុ ខ្ញុំ​សង្កេត​ឃើញ​ថា សម្បត្តិហ្វាយនែនគឺជា​ស្ថាប័ន​ដែល​មើលទៅមានភាព​លេចធ្លោជាងគេ​នៅលើ​បណ្តាញ​Facebook។ ហេតុអ្វី?​ ជំនួស​ឱ្យ​ការ​បង្ហោះតែពាក្យ​ស្លោកជម្រុញទឹកចិត្ត និងភាពជាអ្នកដឹកនាំ​ ឬ​បង្ហោះ​តែសេវាកម្ម និងផលិតផល​របស់ខ្លួន​ដែល​ជាវិធី​គេតែងប្រើ សម្បត្តិ​ហ្វាយនែន​បានធ្វើ​រឿង​មួយចំនួនទៀតដែលខុសពីគេ៖

ការរចនា​មាន​ស្តង់ដា៖ បើក្រឡេក​មើលទៅ​ការ​រចនា​Post, Cover ឬរូបភាព​ផ្សេងៗ សម្បត្តិ​ហ្វាយនែន​មាន​ស្តង់ដារ​រចនា​ជាក់លាក់ ដែលជាអត្តសញ្ញាណ​របស់ខ្លួនបានល្អ។ មិនតែប៉ុណ្ណោះ គុណភាពនៃការ​រចនា​មាន​ភាពទាន់សម័យ និង​មើលទៅ​ស្អាត ហើយ​សាកសមជាស្ថាប័នរឹងមាំមួយ​ និងមានភាពច្នៃប្រឌិត។

មានភាពសកម្ម៖ ទំព័រ​Facebook របស់ស្ថាប័ននេះមាន​ភាពសកម្ម និង​ដើរទាន់​សម័យកាល និង​រដូវកាលដែល​មើលទៅពួកគាត់​មាន​កាលវិភាគ និងយុទ្ធសាស្ត្រច្បាស់លាស់។

ដឹងពីទំហំ​រូបភាពសម្រាប់Facebook: មានស្ថានប័នមិនតិចទេដែល​ពេលខ្លះមិនបានចាប់អារម្មណ៍​ និងទំហំរូបភាពCover ឬក៏Post​ដោយពួកគាត់​រចនាឡើងដែលអាច​មើលបាន​តែក្នុងកុំព្យូទ័រ ហើយ​នៅពេលដែល​ប្រើប្រាស់ទូរស័ព្ទដៃវិញ រូបភាពទាំងនោះក្លាយទៅជា​រូបភាព​ដែលមិនពេញរូបរាង ឬបាត់ព័ត៌មាន​មួយចំនួន​ដោយសារតែទំហំបង្ហាញខុសគ្នា​ រវាងកុំព្យូទ័រ និង​ទូរស័ព្ទដៃ។ តើអ្នកដឹងទេ? បច្ចុប្បន្ននេះ​អ្នកប្រើប្រាស់​លើស​ពី៩០%​ដែលគាត់​បើកមើល​Facebookតាមរយៈទូរស័ព្ទ​ដៃ​។ ដូចនេះ​ មុននឹង​រចនា​ អ្នកត្រូវតែ​មាន​ទិន្នន័យ​នេះ​នៅក្នុង​ចិត្តដើម្បី​រចនា​ Cover និង Poster ឱ្យ​ស៊ី​ទៅនឹង​ឥរិយាបថប្រើប្រាស់របស់អតិថិជន។ ក្រៅពី​Cover យើងឃើញ​ថា​ សម្បត្តិ​ហ្វាយនែនបានរចនា​រូបភាពPostមួយចំនួនជាលក្ខណៈបញ្ឈរ ហេតុអ្វី? ព្រោះថា​នៅពេលដែលអ្នកប្រើប្រាស់ទូរស័ព្ទដៃ អ្នកនឹងឃើញរូបភាពនេះ​ធំពេញអេក្រង់ដែលជា​យុទ្ធសាស្ត្រមួយ​បង្កើនការចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ផងដែរ។

បង្កើតFrame រូបProfileតាមរដូវកាល៖ ថ្មីៗនេះយើងឃើញថាការបង្កើតFrameសម្រាប់រូបភាពProfileគឺមាន​ការពេញនិយម​ជាខ្លាំង។ សម្រាប់សម្បតិ្តហ្វាយនែនវិញ គឺស្ថាប័ននេះ​បានដើរមុនគេបន្តិច​ដោយបង្កើត​Frameតាមរដូវកាល តាំងពី​ពីធីភ្ជុំបិណ្ឌមកម្ល៉េះ ដែលមានមនុស្សជាច្រើន​បានប្រើប្រាស់Frameនេះ​ដើម្បី​អបអរសាទរ​ពីធីបុណ្យ​សាសនាមួយនេះ។ ថ្មីៗនេះ ស្ថាប័ន​ក៏បានបង្កើត​Frame សម្រាប់រំឮក​ថ្ងៃចូលទីវង្គតរបស់សម្តេចតា ហើយ​ក៏បានត្រៀមFrameរូចជាស្រេច​សម្រាប់ពីធីបុណ្យ​អ៊ុំទូកនាពេលខាងមុខ ដែលសឱ្យឃើញ​ថា​ ស្ថាប័នមួយនេះ​ចាប់បានទំនោរ​សង្គមក្នុងការប្រើប្រាស់Frame និង​បង្កើត​Frame ឱ្យ​ចំ​នឹងរដូវកាលដើម្បី​ជម្រុញការប្រើប្រាស់Frameទាំងនោះឱ្យបានច្រើន ដែលជាលទ្ធផល យុទ្ធសាស្ត្រមួយនេះ​នឹងធ្វើឱ្យ​មនុស្ស​កាន់តែច្រើនស្គាល់ ឬបានឃើញ​ពីម៉ាកសញ្ញារបស់ខ្លួន។ ទោះបី​ជា​ប៉ុន្មានថ្ងៃនេះ​មាន​ការ​បង្កើត​Frame ពី​ស្ថាប័នជាច្រើន​ក៏ដោយ អ្វីដែល​សម្បតិ្ត​ហ្វាយនែន​នៅល្អជាងគេ​នោះគឺ​គុណភាព និង​កម្រិត​ស្តង់ដា​នៃ​ការចនា ដែលមើលទៅមានភាពទាក់ទាញជាងគេ។

ការបង្កើត និងផ្សព្វផ្សាយមាតិការចម្រុះ៖ មាតិការមានភាពចម្រុះ ដែលមិនមែនផ្តោតតែលើ​សេវាកម្ម ឬផលិតផល ឬពាក្យស្លោកជម្រុញទឹកចិត្ត ដែលស្ថាប័នមួយចំនួនបានប្រើប្រាស់។ សម្បត្តិហ្វាយនែន បាន​បង្កើត​បែបចម្រុះ ពេលខ្លះ​បង្ហោះ​មាតិការដែលមានប្រយោជន៍ទូទៅ ពេលខ្លះ​បង្កើត​ជា​Campaign ល្អៗសម្រាប់ទាក់ទាញអន្តរកម្ម និង​ការចែករំលែក​របស់អ្នកប្រើប្រាស់ ហើយ​អ្វីដែលសំខាន់នោះ ស្ថាប័ននេះ​មិនភ្លេច និង​បង្កប់អត្តសញ្ញាណ និង​ផលិតផល​របស់ខ្លួននោះទេ ដែលធ្វើឱ្យអ្នកប្រើប្រាស់​ងាយស្រួលយល់ និង​ដឹងថា សម្បត្តិហ្វាយនែនគឺជា​ស្ថាប័ន​ហិរញ្ញវត្ថុ។

សង្ឃឹមថា​ អត្ថបទមួយនេះ​អាចជាបច្ច័យមួយ​សម្រាប់​ម្ចាស់អាជីវកម្ម អ្នកទីផ្សារ​អាចយកទៅស្វ័យសិក្សាពី​យុទ្ធសាស្ត្រ​ទីផ្សារនៅលើបណ្តាញសង្គមរបស់ខ្លួន ហើយ​ធ្វើយ៉ាងណាជាអ្នកដែលដើរមុនគេ ធ្វើអ្វីដែលប្លែកជាងគេ ​ដើរតាមស័យកាលនិង​អ្នកប្រើប្រាស់ តែក៏មិនត្រូវភ្លេចពីគុណតម្លៃអាជីវកម្ម និង​សេវាកម្មរបស់ខ្លួនដែរ។ ការធ្វើទីផ្សារលើ​បណ្តាញសង្គមគឺជាសិល្បៈ យុទ្ធសាស្ត្រ និង​វិទ្យាសាស្ត្រ ដែលទាមទារឱ្យ​យើង​មានភាពបត់បែន មានភាពច្នៃប្រឌិត ដែលមិនមែន​គ្រាន់តែធ្វើតាម​គេនោះទេ។ ព្រោះថា គុណតម្លៃអាជីវកម្ម ផលិត​ផល សេវាកម្ម និង​អតិថិជន​គោលដៅខុសៗគ្នា ដែលទាមទារឱ្យ​យើងសិក្សា​ស៊ីជម្រៅ​សម្រាប់​ទាក់ទាញបេះដូង​អតិថិជន និង​ធ្វើជា​អ្នកនាំមុខគេក្នុង​វិស័យ​របស់ខ្លួន។

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ