spot_img
spot_img
Homeធុរកិច្ចយុទ្ធ​សាស្ត្រ​ទីផ្សារធូរ​ថ្លៃ តែមាន​ប្រសិទ្ធិភាព​ខ្ពស់

យុទ្ធ​សាស្ត្រ​ទីផ្សារធូរ​ថ្លៃ តែមាន​ប្រសិទ្ធិភាព​ខ្ពស់

-

បើបានជិះកាត់នៅតាមដងវិថីសហព័ន្ធរុស្សី ឆ្ពោះទៅកាន់ព្រលានយន្តហោះពោធិ៍ចិនតុង អ្នកប្រាកដជាបានជិះកាត់កន្លែងតាំងបង្ហាញរថយន្តទំនើបៗជាច្រើនព្រោងព្រាត។ ប៉ុន្តែអ្វីដែលប្លែកនោះ ទើបតែប្រហែល១សប្តាហ៍នេះ មានShowroom រថយន្តទំនើបពីរ KIA និង Mazda បានរៀបចំភ្លើងបំភ្លឺលម្អរជាច្រើនពណ៌យ៉ាងស្រស់ស្អាត ដើម្បីអបអរ និងទទួលឆ្នាំថ្មី ឆ្នាំសាកលដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។

បើក្រឡេកទៅមើលថ្ងៃទីមួយនៃការតាំងលម្អរភ្លើងពណ៌ មានមនុស្សមកគយគន់ និងថតរូបលេងប្រហែលប៉ុន្មានអ្នកតែប៉ុណ្ណោះ។ ប៉ុន្តែ ថ្ងៃទីពីរនៅមុខShowroomតាំងបង្ហាញរថយន្តទាំងពីរ មានសភាពអ៊ូអរជាងមុន ដោយចាប់ផ្តើមមានមនុស្សមានចំណាប់អារម្មណ៍ ដើម្បីឈប់មើល និងថតរូបទុកជាអនុស្សាវរី៍ ក៏ប៉ុន្តែ អ្នកមកទីនោះភាគច្រើនគឺជាអ្នកប្រើទោចក្រក្រយានយន្ត។ ចូលមកដល់ថ្ងៃទី៣ ទី៤ យើងចាប់ផ្តើមឃើញទីបង្ហាញរថយន្តម៉ាកសញ្ញាទាំងពីរ គឺពោរពេញដោយមនុស្សម្នា ទាំងក្មេងចាស់ ប្រុសស្រី ទាំងអ្នកមានឡាន មានម៉ូតូ ឬកង់ បានមកតម្រៀបជួរគ្នាចាំថតរូបអនុស្សារីយ៍គ្រប់ៗគ្នា ដើម្បីផ្តិតយកសម្រស់ភ្លើងពណ៌ដ៌ស្រស់ស្អាត ដែលតែងលម្អរសម្រាប់ការមកដល់ឆ្នាំថ្មីនាពេលខាងមុខ។

មិនចំណាយច្រើនតែមានប្រសិទ្ធិភាពខ្ពស់

12313978_1084420548235384_2909142702389011889_nក្នុងន័យសង្គម ការតាំងភ្លើងពណ៌ដូចនេះគឺជាទង្វើដែលគួរឱ្យកោតសរសើរ និងស្វាគមន៍ ព្រោះថាបានជួយបំភ្លឺ និងលម្អរសាធារណៈ ជាពិសេសនោះ នាឱកាសចូលឆ្នាំសាកល ដែលនឹងមកដល់ឆាប់ៗខាងមុខ។ ប្រជាជនទូទៅ នឹងមានកន្លែងមួយថ្មីដើម្បីមកកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៌ ដោយសារតែទេសភាពភ្លើងពណ៌ដ៏ត្រកាល។ តែបើក្រឡេកមើលខាងផ្នែកធុរកិច្ចវិញ នេះគឺជាយុទ្ធិសាស្ត្រ និងយុទ្ធវិធីដ៏ឆ្លាតវាងវៃ ដែលចំណាយតិច តែអាចបានចំណេញវិញច្រើន។ ប្រសិនបើនិយាយពីថ្លៃតម្លើងអំពូលភ្លើង និងការរៀបចំគម្រោងតាំងលម្អភ្លើងពណ៌នេះឡើងគឺមិនថោកនោះទេ ប៉ុន្តែប្រសិនបើគិតពីការចំណាយសម្រាប់ការធ្វើទីផ្សារដើម្បីឱ្យគេស្គាល់ម៉ាកសញ្ញានោះ ពិតជាមិនថ្លៃ។ មិនថ្លៃត្រង់ថា នឹងមានមនុស្ស ឬប្រជាជនទូទៅទាំងចាស់ទាំងក្មេង ចែកចាយនិងផ្សាយពាណិជ្ជកម្មឱ្យដោយឥតគិតថ្លៃ។ យើងអាចមើលឃើញសន្ទុះ ដែលពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សម្នាមកកាន់តែច្រើន មកផ្តិតយករូបភាពនៅខាងមុខShowroom ដែលមានការតាំងភ្លើងលម្អរ រំលេចដោយឡូហ្គោម៉ាកសញ្ញាទាំងពីរជាច្រើន។ ក្នុងសម័យនិយមFacebookនេះ អ្នកដែលមកភាគច្រើនប្រាកដជាបង្ហោះរូបដែលខ្លួនបានថតទៅក្នុងគណនីរបស់ខ្លួន ដើម្បីចែកចាយឱ្យមិត្តភក្តិបងប្អូនមើលសម្រស់ទេសភាពភ្លើងពណ៌ដ៏ស្រស់ស្អាត។ តាមរយៈបទពិសោធកន្លងមក យុទ្ធសាស្ត្រទាក់ទាញឱ្យមនុស្សទូទៅថតបង្អួតចែកចាយរូបថតឃើញថាមានប្រសិទ្ធិភាពខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយអ្នកដែលបានឃើញរូបថតទាំងនោះ នឹងអាចមកផ្តិតយករូបភាពដោយផ្ទាល់ដើម្បីចែកចាយបន្ត។ ដូចនេះ មនុស្សកាន់តែច្រើនឡើងនឹងអាចឃើញម៉ាកសញ្ញានិងបានស្គាល់ទីតាំង ដោយមិនចំណាយកញ្ចប់ថវិកាក្នុងការផ្សាយតាមទូរទស្សន៍ ឬកាសែត ហើយបើចែកចាយតាមហ្វេសប៊ុកទៀតនោះ គឺរិតតែមានប្រសិទ្ធិភាព ព្រោះថាសម័យនេះ មនុស្សភាគច្រើនចំណាយពេលលើFacebookច្រើនជាងប្រព័ន្ធផ្សេងៗទាំងអស់។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ