spot_img
spot_img
Homeធុរកិច្ចគ្រប់គ្រង៤ជំហានដើម្បីបង្កើតនូវវប្បធម៌ឈ្នះៗក្នុងក្រុមហ៊ុន

៤ជំហានដើម្បីបង្កើតនូវវប្បធម៌ឈ្នះៗក្នុងក្រុមហ៊ុន

-

វប្បធម៌បានកំណត់នូវមូលដ្ឋានគ្រឹះនៃភាពជោគជ័យ ប៉ុន្តែតើអ្វីជាវប្បធម៌ឈ្នះៗ?ពាក្យថាវប្បធម៌ គឺសំដៅទៅលើ ជំនឿ គំនិត គុណតម្លៃ ច្បាប់វិន័យ និងក្រមសីលធម៌នៅក្នុងអង្គភាពឬស្ថាប័នណាមួយ ហើយវប្បធម៌នេះដែរបានប​ង្ហាញពីរបៀបដែលមនុស្ស គិត​ អារម្មណ៍ដែលមនុស្សមាន និងសកម្មភាពដែលមនុស្សធ្វើជាក់ស្ដែង។ ក្រុមហ៊ុនមួយដែលមានការកំណត់នូវវប្បធម៌មួយជាក់លាក់ ច្បាស់លាស់ និងម៉ឺងមាត់ នោះសមិទ្ធផលដែលពួកគេនឹងទទួលបានក៏ល្អប្រសើរទៅតាមគោលការណ៍ទាំងអស់នេះដែរ។ ប្រសិនជាអង្គភាពមានវិន័យតឹងរឹង គោរពពេលវេលាជាមួយនឹងបុគ្គលិក នោះ អាកប្បកិរិយានៃការមកបំពេញការងារក៏ទៀងទាត់ដែរ ហើយបើសិនជាវប្បធម៌ក្នុងក្រុមហ៊ុនបានកំណត់ ពីសីលធម៌ គុណធម៌ គុណតម្លៃ និងមាន​គោលដៅជាក់លាក់ នោះប្រសិទ្ធភាពការងាររបស់បុគ្គលិករបស់អ្នកក៏កើនឡើងដែរ។ វប្បធម៌ដែលឈ្នះគឺជាវប្បធម៌ដែលបានកំណត់នូវឥរិយាបទត្រឹមត្រូវ វិជ្ជមាន និងមានការរំពឹងទុកខ្ពស់ដើម្បីទទួលបាននូវភាពជោគជ័យ។ដូចនេះ ទើបការកំណត់វប្បធម៌នូវក្នុងក្រុមហ៊ុនពិតជាមានសារៈសំខាន់ វាជួយបង្កើននូវភាពខ្លាំង និងការលូតលាស់របស់ក្រុមហ៊ុន។ខាងក្រោមនេះគឺជាជំហានទាំង៤ដែលខ្ញុំធ្លាប់ប្រើក្នុងនាមជាសហគ្រិនដើម្បីដោះស្រាយនឹងបញ្ហាប្រឈមទូទៅទាំងនេះ៖

១ បង្កើតនូវចក្ខុវិស័យហើយចែករំលែកវា

អ្នកត្រូវតែបង្ហាញនូវចក្ខុវិស័យរបស់អ្នក ហើយចែករំលែកទៅកាន់កូនក្រុមរបស់អ្នកដើម្បីឲ្យពួកគេយល់ច្បាស់ពីគោលដៅរបស់ក្រុមហ៊ុន។អ្នកត្រូវប្រាកដថាការបង្ហាញនូវចក្ខុវិស័យរបស់អ្នកត្រូវបញ្ចូលទាំងក្ដីសង្ឃឹម ក្ដីស្រមៃ និងការលើកទឹកចិត្តទៅដល់ពួកគេជាដើម។ លោក Elon Musk បានបង្ហាញពីចក្ខុវិស័យដ៏រស់រវើកនៅឯ SpaceX : បង្កើតយានអាវកាសមួយដែលអាចនាំមនុស្សទូទៅទៅកាន់ភពព្រះអង្គារ។ជាលទ្ធិផលអ្នករាល់គ្នាដែលធ្វើការនៅក្នុងក្រុមហ៊ុន SpaceX ដឹងថាបេសកកម្មនោះជាអ្វីហើយយល់ពីតួនាទីរបស់ពួកគេបានយ៉ាងច្បាស់លាស់ក្នុងការសម្រេចវា។វាគឺជាប្រភេទចក្ខុវិស័យមួយដែលជួយធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យ។

២ ដឹងពីមូលហេតុដែលនៅពីក្រោយអាជីវកម្មរបស់អ្នក

ប្រសិនបើចក្ខុវិស័យរបស់អ្នកគឺជាអ្វី នោះជំនឿរបស់អ្នកគឺជាមូលហេតុ។ ប្រព័ន្ធជំនឿរបស់អ្នកត្រូវតែជាផ្នែកមួយនៃការប្រាប់ពីចក្ខុវិស័យរបស់អ្នក។ កូនក្រុមរបស់អ្នកត្រូវតែយល់ដឹងពីមូលហេតុរបស់អ្នក ថាហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះអ្នក។ដូចជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនSalesforceលោកMarc Benioffបានកំណត់ចក្ខុវិស័យរបស់គាត់ចំពោះក្រុមហ៊ុនហើយបាននិយាយអំពីគំរូបច្ចេកវិទ្យាថ្មី(Cloud)និងគំរូអាជីវកម្មថ្មី(Subscription service)ដែលហៅថា1-1-1ទៅកាន់កូនក្រុមដើម្បីឲ្យគេបានយល់ពីចក្ខុវិស័យរបស់ក្រុមហ៊ុនឲ្យបានកាន់តែច្បាស់លាស់ ហើយខិតខំបំពេញការងារឲ្យបានល្អ។

៣ ប្រាប់ពីការរំពឹងទុក

ដើម្បីធ្វើឲ្យដំណើរការ ការងារដែលអ្នកផ្ដល់ទៅឲ្យកូនក្រុមរបស់អ្នកប្រព្រឹត្តទៅបានយ៉ាងរលូន អ្នកត្រូវតែពន្យល់ពួកគេឲ្យយល់ពីអ្វីដែលអ្នកនឹងធ្វើ ហើយបង្ហាញពីភាពច្បាស់លាស់នូវអ្វីដែលអ្នករំពឹងទុកថានឹងទទួលបាន។ បន្ទាប់មកចូលរួមជាមួយពួកគេក្នុងការកំណត់នូវអ្វីដែលពួកគេនឹងធ្វើ ហើយនឹងត្រូវធ្វើវាឡើងនៅពេលណា។​ភាពច្បាស់លាស់នេះគឺចាំបាច់សម្រាប់ភាពជោគជ័យរប​ស់ពួកគេ និងក្រុមហ៊ុនទាំងមូល។ឧទាហរណ៍ដូចជាបុគ្គលិកគ្រប់រូបនៅAmazonត្រូវយល់ដឹងអំពីការរំពឹងទុករបស់Jeff Bezosទៅលើពួកគេ។ជាក់ស្ដែងនៅឆ្នាំ ១៩៩៧គាត់បានសរសេរជាលាយលក្ខណ៍អក្សរទៅម្ចាស់ភាគហ៊ុនAmazon ថា “នៅពេលដែលខ្ញុំសម្ភាសន៍មនុស្សខ្ញុំប្រាប់ពួកគេថា អ្នកអាចធ្វើការបានយូរ មានការព្យាយាម ឬក៏ឆ្លាត ប៉ុន្តែអ្នកមិនអាចជ្រើសរើសពីរនៅក្នុងចំណោមបីបានទេ”។ខ្ញុំចង់និយាយថាការរំពឹងរបស់Jeff Bezosគឺច្បាស់លាស់ ហើយមកដល់សព្វថ្ងៃនេះក្រុមហ៊ុនត្រូវបានគេស្គាល់ចំពោះក្រមសីលធម៌ការងារ។

៤ ធ្វើឲ្យមនុស្សគ្រប់គ្នាមានទំនួលខុសត្រូវខ្ពស់

ជាមួយនឹងការកំណត់នូវការរំពឹងទុក គឺជាពេលដែលត្រូវណែនាំកូនក្រុមទាំងអស់ឲ្យមានទំនួលខុសត្រូវជាមួយនឹងការងារ។ អ្នកត្រូវជួយក្រុមរបស់អ្នក រៀនពីរបៀបរក្សាពិន្ទុសម្រាប់ខ្លួនឯង អភិវឌ្ឍសមត្ថភាពខ្លួនឯង និងលើកកម្ពស់ខ្លួនឯងឲ្យកាន់តែមានតម្លៃនិងមានការទទួលខុសត្រូវខ្ពស់។ទាំងនេះវាគឺជាវប្បធម៌ឈ្នះមួយ ដែលអ្នកអាចពង្រឹងនូវឥរិយាបទខ្លួនឯង និងជួយឲ្យដំណើរការអាជីវកម្មកាន់តែទៅមុខយ៉ាងរលូន។អ្នកត្រូវដឹងថាមនុស្សដែលអ្នករាល់គ្នាឲ្យតម្លៃនិងផ្ដល់នូវការគោរពកោតសរសើរ គឺជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ មានភាពម៉ឹងម៉ាត់ និងហ្មត់ចត់ជាមួយនឹងការងារ។

 

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ