កំហុសដ៏ធំដែលម្ចាស់អាជីវកម្មខ្នាតតូចតែងតែប្រព្រឹត្តិធ្វើ!

39
កំហុសដ៏ធំដែលម្ចាស់អាជីវកម្មខ្នាតតូចតែងតែប្រព្រឹត្តិធ្វើ!

ការធ្វើអាជីវកម្ម តែងតែអាចប្រព្រឹត្តិនូវកំហុសនានា ដែលម្ចាស់អាជីវកម្មមិនអាចចៀសបាន ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា កំហុសខ្លះក៏អាចចៀសវាងបាន និងកែប្រែឱ្យល្អឡើងវិញផងដែរ ប្រសិនបើមុននឹងចាប់ផ្ដើមអាជីវកម្ម បានសិក្សាអំពីកំហុសនានាដែលម្ចាស់អាជីវកម្មមុនៗបានប្រព្រឹត្តិ ហើយរិះរកវិធីដើម្បីកែច្នៃ និងចៀងវាងកុំឱ្យកើតឡើងចំពោះអ្នក។ បន្ថែមពីនេះ អ្នកមានការរៀបចំផែនការល្អ និងត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហានានា ព្រមទាំងព្យាយាមកុំឱ្យមានការប្រព្រឹត្តិនូវកំហុសច្រើននៅក្នុងអាជីវកម្ម។

ទោះបីជាយ៉ាងនេះក្ដី នៅក្នុងខ្លឹមសារអត្ថបទនេះ នឹងបង្ហាញនូវកំហុសធំៗមួយចំនួនដែលម្ចាស់អាជីវកម្មខ្នាតតូចតែងតែប្រព្រឹត្តិឡើង ដើម្បីជាសាររំលឹកដាស់តឿនក្នុងការចៀសវាង និងកែតម្រូវឱ្យធ្វើបានល្អជាងនេះ ក្នុងគោលបំណងកសាងអាជីវកម្មឱ្យមានដំណើរការរីកចម្រើនទៅមុខជាបន្តបន្ទាប់ និងទទួលរងនូវហានិភ័យនានាក្នុងកម្រិតទាបបំផុតវិញ។

1. ព្យាយាមធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងទាំងអស់

ការដែលមានឈ្មោះថា ម្ចាស់អាជីវកម្ម មិនថាស្ថិតនៅក្នុងកម្រិតណានោះទេ តែងតែមានទំនួលខុសត្រូវ និងភារកិច្ចដែលត្រូវធ្វើច្រើនដោយស្ទើរតែគ្មានពេលឈប់សម្រាក។ ទោះបីជាយ៉ាងណា ក៏វាមានវិធីក្នុងការបំពេញកិច្ចការងារទាំងនោះបានយ៉ាងល្អ និងទាន់ពេលវេលាស្របតាមការចង់បានផងដែរ តាមរយៈការចេះរៀបចំផែនការ និងផ្ទេរឱ្យអ្នកដទៃធ្វើជំនួស មិនមែនសម្រុកធ្វើខ្លួនឯងទាំងអស់នោះឡើយ។ ជាក់ស្ដែង ម្ចាស់អាជីវកម្មខ្នាតតូច តែងតែព្យាយាមសន្សំសំចៃលុយដោយមិនជួលបុគ្គលិកច្រើនដើម្បីបំពេញការងារជំនួសឡើយ ដោយព្យាយាមធានារ៉ាប់រងធ្វើកិច្ចការស្ទើរ 360ដឺក្រេនៅក្នុងក្រុមហ៊ុន ដូចជាការទំនាក់ទំនងជាមួយអតិថិជនទាំងអនឡាញ និងជួបផ្ទាល់ ការគ្រប់គ្រងផ្នែកពន្ធ ប្រព័ន្ធផ្សព្វផ្សាយ ការជូតសម្អាតនិងរៀបចំក្រុមហ៊ុនឱ្យមានផាសុកភាព និងផ្សេងៗជាច្រើនទៀតដែលសុទ្ធតែជាការងារអ្នកផ្សេងអាចធ្វើជំនួសបាន ហើយអាចទុកពេលវេលាខ្លួនឯងឱ្យបានច្រើនក្នុងការរិះរកយុទ្ធសាស្រ្តធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរីកចម្រើន និងធ្វើកិច្ចការសំខាន់ៗផ្សេងទៀតទើបជាការប្រសើរ។

2. ធ្វើឱ្យមានភាពច្របូកច្របល់រវាងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្ម

ម្ចាស់អាជីវកម្មខ្នាតតូច ភាគច្រើនចូលចិត្តធ្វើឱ្យហិរញ្ញវត្ថុផ្ទាល់ខ្លួន និងចរន្តសាច់ប្រាក់ក្នុងក្រុមហ៊ុនមានការច្របូកច្របល់គ្នា ដែលជាហេតុធ្វើឱ្យពិបាកដឹងថាចំណូល ចំណេញឬខាត និងបំណុលនៅក្នុងក្រុមហ៊ុនបែបណា។ល។ សកម្មភាពនេះ នឹងធ្វើឱ្យក្រុមហ៊ុននឹងទទួលរងនូវហានិភ័យផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរនាពេលអនាគត ព្រមទាំងអាចឈានដល់ការដួលរលំក្រុមហ៊ុនក៏មាន ពីព្រោះផ្នែកនេះគឺសំខាន់ណាស់សម្រាប់ការបន្តដំណើររបស់ក្រុមហ៊ុន ដូចពាក្យមួយដែលម្ចាស់អាជីវកម្មនិយាយប្រាប់គ្នាថា “ក្រុមហ៊ុនអាចបន្តដំណើរទៅមុខបាន លុះត្រាតែមានចំណូល ហើយចំណេញ ប៉ុន្តែបើក្រុមហ៊ុនអស់លុយ ឬមានបញ្ហាជាប់គាំងសាច់ប្រាក់ នោះមិនយូរទេក្រុមហ៊ុននឹងត្រូវក្ស័យធន”។

3. ព្យាយាមប្រកួតប្រជែងគ្នាលើការកំណត់តម្លៃ

អាជីវកម្មខ្នាតតូច តែងតែព្យាយាមធ្វើការបញ្ចុះតម្លៃដេញតាមគ្នា ដើម្បីដើម្បីទាក់ទាញអតិថិជន ជំរុញការលក់ ឬយកឈ្នះគូប្រជែងទាំងនោះនៅក្នុងទីផ្សារ។ ការធ្វើបែបនេះ នឹងធ្វើឱ្យក្រុមហ៊ុនកាន់តែធ្លាក់ចំណូល ទោះបីជាលក់ដាច់បានច្រើនក៏ដោយ ជួនកាលមិនរួចនឹងថ្លៃដើមក៏មាន។ ហេតុដូចនេះ កុំព្យាយាមធ្វើបែបនេះពេក ក្រុមហ៊ុនមិនរីកចម្រើនទៅមុខទេ ប៉ុន្តែត្រូវព្យាយាមកំណត់តម្លៃស្ដង់ដារ និងបង្កើតគុណតម្លៃសម្រាប់ផលិតផលឬសេវាកម្មរបស់អ្នក។ ធ្វើបែបនេះ អតិថិជនកាន់តែផ្ដល់តម្លៃ និងចង់បានផលិតផលឬសេវាកម្មរបស់អ្នកកាន់តែច្រើន ទោះបីជាក្រុមហ៊ុននោះមានតម្លៃថ្លៃជាងគេបន្ដិចក៏ដោយ ប្រៀបដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុនលក់ទូរស័ព្ទផ្សេងៗទៀត ដោយក្រុមហ៊ុន Apple តែងតែមានផលិតផលថ្លៃ ប៉ុន្តែនៅតែមានអ្នកគាំទ្រ និងជាជម្រើសទីមួយក្នុងការទិញមកប្រើប្រាស់ ព្រមទាំងជាម៉ាកទូរស័ព្ទដែលមនុស្សស្ទើរគ្រប់គ្នាប្រាថ្នាចង់បាន។