គន្លឹះមួយចំនួនដែលជួយឲ្យអ្នកអាចជ្រើសរើសនូវតំបន់ដែលសាកសមបំផុតសម្រាប់ការវិនិយោគលើអចលនវត្ថុ

74
គន្លឹះមួយចំនួនដែលជួយឲ្យអ្នកអាចជ្រើសរើសនូវតំបន់ដែលសាកសមបំផុតសម្រាប់ការវិនិយោគលើអចលនវត្ថុ

ទាក់ទងនឹងការជ្រើសរើសតំបន់នេះ បងប្អូនគួរតែផ្តោតទៅលើស្ថានភាពរបស់យើងដោយផ្អែកទៅលើតម្រូវការ ចំនួនសាច់ប្រាក់ ក៏ដូចជាវិធីសាស្ត្រនៃការបង្វិលលុយ ។

ជាក់ស្តែងគោលការណ៍នេះគឺសំខាន់មែនទែន បងប្អូនត្រូវដឹងឲ្យច្បាស់ថា តើយើងមានលទ្ធភាពទិញអចលនវត្ថុប្រភេទណា ហើយនៅតំបន់ណាដែលសាកសមជាមួយនឹងលក្ខខណ្ឌរបស់បងប្អូន ។ បន្ថែមពីនេះ ចំណុចមួយទៀតដែលបងប្អូនគួរតែចាប់អារម្មណ៍ឲ្យបានច្បាស់លាស់ គឺតំបន់សក្តានុពលដែលធ្វើឲ្យការវិនិយោគរបស់បងប្អូនទទួលបាននូវចំណេញខ្ពស់ ។

ឧទាហរណ៍បើសិនជាបងប្អូន ចង់វិនិយោគទៅលើផ្ទះ ដោយចង់ទិញហើយដាក់លក់វិញដើម្បីចំណេញ ដូច្នេះសំណួរសួរថា “ តើគួរទិញផ្ទះប្រភេទណា ហើយនៅទីតាំងណា ? “

ជាក់ស្តែងបច្ចុប្បន្នមានបុរីដែលមានកេរ្តិ៍ឈ្មោះល្បីៗដូចជា ៖ បុរីប៉េងហួត បុរីជីបម៉ុង បុរីអ័រគីដេជា បុរីអង្គភ្នំពេញ បុរីភ្នំពេញថ្មី បុរីមង្គលភ្នំពេញជាដើម ។ ក្នុងចំណោមបុរីទាំងអស់នេះ “ តើបងប្អូនចាប់អារម្មណ៍ទៅលើកេរ្តិ៍ឈ្មោះរបស់បុរីណាមួយ ? តើបងប្អូនពេញចិត្តប្រភេទសំណង់របស់បុរីណាមួយជាងគេ ហើយនៅតំបន់ណា ?

ការជ្រើសរើសតំបន់គឺអាស្រ័យទៅលើការស្រលាញ់របស់បងប្អូន ហើយក៏ស្របទៅតាមតម្រូវការដែលបងប្អូនចង់បានផងដែរ។

ជាទូទៅការវិនិយោគទៅលើផ្ទះមិនមែនមានន័យថា យើងដឹងតែដាក់លក់ហើយអត់យកទៅប្រើការអ្វីផ្សេងនោះទេ។ ពេលខ្លះបងប្អូនអាចយកមកធ្វើជាផ្ទះដើម្បីស្នាក់នៅ ឬ ក៏ជាការិយាល័យក្នុងរយៈពេលណាមួយ ហើយនៅពេលដែលបងប្អូនមានបំណងចង់ដាក់លក់ចេញវិញក៏បានផងដែរ។

ជាក់ស្តែងក្នុងករណីដែលបងប្អូន ចង់ទិញធ្វើជាលំនៅដ្ឋានដើម្បីស្នាក់នៅ នោះបងប្អូនត្រូវតែរើស ថាតើបុរីណាដែលមានទីតាំងនៅក្បែរកន្លែងការងាររបស់បងប្អូន។ ដែលធ្វើឲ្យយើងមានភាពងាយស្រួលនៅក្នុងការចេញចូល ហើយតើតំបន់នោះទៅថ្ងៃមុខមានការអភិវឌ្ឍន៍បែបណាខ្លះដែលធ្វើឲ្យផ្ទះនៅក្នុងបុរីនោះមានការឡើងថ្លៃដែលអាចធ្វើឲ្យការលក់ចេញរបស់យើងទទួលបាននូវផលចំណេញខ្ពស់ ?

ក្នុងករណីមួយទៀត ដែលបងប្អូនចង់វិនិយោគទៅលើដី តើតំបន់ណាដែលត្រូវទៅតាមលក្ខខណ្ឌ របស់បងប្អូន ។ ឧទាហរណ៍ថា បងប្អូនមានកញ្ចប់ថវិកាខ្ទង់ ៣០ ម៉ឺនដុល្លារ ហើយចង់ទិញដីដែលមានទំហំ ២០ X ៣០ ឬ ក៏លើសនេះតិចតួចដើម្បីទុកចំណេញ ឬក៏ទិញប្រើប្រាស់ដើម្បីទុកធ្វើជាឃ្លាំងជាដើម។ ប្រសិនបើបងប្អូនស្រលាញ់តំបន់ភ្នំពេញថ្មី តែទឹកលុយរបស់បងប្អូនមានតែ ៣០ ម៉ឺនដុល្លារទេ ដូច្នេះបងប្អូនមិនអាចទៅទិញដីដែលមានទំហំ ២០ X ៣០ បានទេដោយសារតែហាងឆេងសព្វថ្ងៃចំពោះផ្ទៃដីមួយម៉ែត្រការ៉េតម្លៃឡើងទៅដល់ជាង ១,០០០ ដុល្លារទៅហើយ ។ បើគិតទៅគឺលើសពីកញ្ចប់ថវិការបស់យើងបាត់ទៅហើយ។

ដូច្នេះយើងអាចមើលទៅតំបន់ហួសនឹងទៀតដូចជាសង្កាត់ឃ្មួញ ក្រាំងធ្នង់ ឬ ក៏ខាងគោករការ ពីព្រោះថានៅខាងហ្នឹគឺតម្លៃដីនៅទាបនៅឡើយ ។ ឧទាហរណ៍ជាក់ស្តែងនៅខាងគោករការតម្លៃដីគឺប្រហែលជា ២០០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដែលលោកអ្នកអាចមានឱកាសទិញដីបានធំជាង ២០ X ៣០ ទៅទៀត ។

ដូច្នេះសម្រាប់ កញ្ចប់ថវិកា ៣០ ម៉ឺនដុល្លារ បើយើងទិញដីក្នុងក្រុង គឺយើងទិញដីបានតូចហើយអាចថាមិនមានទាំងលទ្ធភាព ទិញគ្រប់គ្រាន់ផង។ តែបើសិនជាយើងទៅមើលឯជាយក្រុងវិញ គឺយើងអាចទិញដីបានធំហើយការវិនិយោគរបស់យើង គឺអាចរំពឹងថាចំណេញគុណនឹង ២ គុណនឹង ៣ ក៏ថាបានដែរ ។

ប៉ុន្តែការទិញដីបងប្អូនត្រូវដឹងអោយបានច្បាស់អំពីការអភិវឌ្ឍន៍របស់រាជរដ្ជាភិបាល ថាតើនៅតំបន់នោះអនាគតនឹងមានការអភិវឌ្ឍន៍បែបណាខ្លះ? ហើយផ្លូវនៅតំបន់នោះមានភាពខ្វាត់ខ្វែងដែរឬទេ និងមានទំហំប៉ុន្មានម៉ែត្រដែរ ? ឧទាហរណ៍ជាក់ស្តែង ដូចជានៅសង្កាត់ឃ្មួញ គោករការ ឬ ក៏ក្រាំងធ្នង់ សព្វថ្ងៃគឺមានការអភិវឌ្ឍន៍ ការឈូលឆាយផ្លូវ ការលុបប្រឡាយដាក់លូ ហើយនឹងរៀបចំជាផ្លូវបេតុងជាដើម ។

ដូច្នេះតម្លៃដីនៅខាងតំបន់នោះមានការកើនឡើង ប៉ុន្តែក៏មិនទាន់ជាឡើងខ្លាំងទេ ដែលយើងនៅមានឱកាសនៅក្នុងការទិញ ដើម្បីទុកចំណេញនៅឡើយ ហើយជាទូទៅផ្លូវនៅតំបន់នោះគឺធំៗល្អ ផ្លូវខ្លះទំហំ ១៦ ម៉ែត្រ ២៥ ម៉ែត្រ ទៅ ៣០ ម៉ែត្រ អញ្ជឹងយើងត្រូវដឹងអំពីប្រព័ន្ធប្លង់ អាចថាជាប្លង់ភូមិសាស្ត្រ នៅតំបន់នោះថា តើផ្លូវចាក់ពីមួយទៅមួយនិងខ្វាត់ខ្វែងយ៉ាងម៉េច ហើយមានទំហំប៉ុណ្ណាដើម្បីធ្វើឲ្យការសម្រេចចិត្តជ្រើសរើសតំបន់របស់យើង មានភាពសុក្រិត ហើយនិងត្រឹមត្រូវដែលធ្វើឲ្យយើងទទួលបាននូវផលចំណេញខ្ពស់ ។

ដោយឡែកក្នុងករណី យើងមានកញ្ចប់ថវិកាមិនច្រើនទេអាចថា ក្រោម ៥ ម៉ឺនដុល្លារ ។ សួរថា” តើក្រោម ៥ ម៉ឺនដុល្លារនេះ យើងអាចវិនិយោគទៅលើដី ចំណេញដែរឬទេ បើសិនជាយើងគិតថានៅត្រឹមជាយក្រុងបន្តិច? ជាក់ស្តែងបើសិនជានៅត្រឹមគោករការអាចថាចម្ងាយត្រឹម ១០ ទៅ ១៥ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ គឺយើងមិនអាចទិញដីបានធំទេដោយសារតែទឹកប្រាក់មានចំនួនតិចល្មម ។

ដូច្នេះយើងគួរតែទៅមើលឲ្យឆ្ងាយទៀត អាចថាបើទៅប៉ែកខាងត្បូង ទៅខណ្ឌដង្កោហើយចុះពីក្រវ៉ាត់ក្រុងទី ៣ តិចទៅ តម្លៃហាងឆេងដីគឺនៅទាបនៅឡើយ អាចថាដីខ្លះអាចមានតម្លៃក្រោម ៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េទៀត ។ ដែលយើងនៅមានឱកាសទិញដីបានធំ ពីព្រោះការទិញដីទុកចំណេញ បើយើងទិញដីតូចពេក យើងទិញជាដីឡូតិ៍ ៥ X ២០ នោះឱកាសចំណេញគឺតិចមែនទែន ។

ដូច្នេះបើសិនជាយើងមានកញ្ចប់ថវិកាតិច យើងអាចទិញដីនៅតំបន់ឆ្ងាយបន្តិច ដោយរំពឹងថា វានឹងអាចឡើងថ្លៃគុណនឹង ២ ឬ ក៏ ៣ ដង នៅពេលដែលការអភិវឌ្ឍន៍បានទៅដល់ ។

សរុបជារួមការកំណត់ទីតាំងនេះគឺពិតជាសំខាន់មែនទែន ដែលទាមទារឲ្យបងប្អូនត្រូវតែមានចំណេះដឹងពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ ហើយនឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលថា “ តើគេដើរដល់ណាហើយ ? “ និង “ តើអនាគតនឹងមានការអភិវឌ្ឍន៍យ៉ាងដូចម្តេចខ្លះ ?”

យើងត្រូវប្រមូលព័ត៌មានឲ្យបានច្បាស់ ហើយការប្រមូលព័ត៌មាននេះ យើងមិនមែនចំណាយរយៈពេលខ្លីទេ គឺវាទាមទារឲ្យយើងមានបទពិសោធន៍ខ្ពស់ ។ ប៉ុន្តែនៅក្នុងលក្ខខណ្ឌដែលលោកអ្នកចង់វិនិយោគតែបងប្អូនមិនទាន់មានព័ត៌មានគ្រប់ ហើយបងប្អូនចង់វិនិយោគភ្លាមៗ នោះបងប្អូនអាចទំនាក់ទំនង ទៅខាងក្រុមហ៊ុន អចលនវត្ថុដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ មានបទពិសោធន៍ខ្ពស់និងមានគ្រប់ព័ត៌មាន ដើម្បីស្វែងយល់បន្ថែមមុននឹងសម្រេចចិត្តវិនិយោគ។