គន្លឹះ៨យ៉ាងក្នុងការទិញផ្ទះលើកដំបូង

3546

ការទិញផ្ទះលើកទី១គឺជារឿងដ៏គួរឱ្យរំភើប ហើយក៏រឿងដែលគួរឱ្យឈឺក្បាល និងខ្វាយខ្វល់ផងដែរ។ ព្រោះថា អចលនទ្រព្យនេះគឺមាន​តម្លៃថ្លៃរាប់ម៉ឺនដុល្លារ ហើយការសម្រេចចិត្តខុស អាចធ្វើឱ្យបាត់បង់លុយកាក់យ៉ាងច្រើន ធ្វើឱ្យយើងខកបំណង និងរង​សម្ពាធ ឬខ្លាច​រអារប្រសិនបើ​យើង​មិនទ្រព្យ​ធន​ច្រើននោះទេ។ ដូចនេះ ដើម្បី​ជា​គន្លឹះ​សម្រាប់អ្នកទាំងអស់គ្នា​ក្នុងការសម្រេចចិត្តឱ្យបានល្អប្រសើរបំផុត​ក្នុងការទិញផ្ទះលើកដំបូងនោះ គំនិត​សូមចែករំលែក​ចំណុច​៨យ៉ាង ដើម្បីឱ្យអ្នកទិញផ្ទះទីមួយបានជោគជ័យ!

១. ​ ដំបូងត្រូវមើល​ប្លង់កម្មសិទ្ធិអចលនទ្រព្យ

ប្លង់កម្មសិទ្ធិអចលនទ្រព្យគឺជាវត្ថុតាងដ៏សំខាន់មួយ​សម្រាប់ការសម្រេចចចិត្ត​ទិញផ្ទះរបស់អ្នក។ ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានប្រភេទប្លង់កម្មសិទ្ធជាច្រើនដែលក្នុងនោះភាសានិយាយសាមញ្ញចូលចិត្តហៅថាប្លង់រឹងឈរ ឬប្លង់បំបែកក្បាលដី(វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ) និងប្លង់រឹងដេក (ប័ណ្ណ​សំគាល់​សិទ្ធិកាន់កាប់​អចលនវត្ថុ) និងប្លង់មួយប្រភេទ​ទៀតហៅថាប្លង់ទន់ (ចេញត្រឹមសង្កាត់ខណ្ឌ)។ ដូចនេះ​ អ្នកត្រូវដឹង​ថា អចលនទ្រព្យ​ដែលអ្នកកំពុងតែចង់ទិញនោះ មានប្លង់កម្មសិទ្ធិ​ស្របច្បាប់ដែរទេ? (ល្អបំផុតគឺមានប្លង់រឹងដែល​អាផ្តល់ទំនុកចិត្តដល់យើង តែតំបន់ខ្លះគឺមានត្រឹមតែប្លង់ទន់ប៉ុណ្ណោះ) តើផ្ទះដែលអ្នកទិញ​អាច​មានទំនាស់ ឬជម្លោះកម្មសិទ្ធដែរឬទេ? ប្រសិនបើអ្នកថ្មីសម្រាប់ការទិញលក់អចលនវត្ថុ អ្នកគួរចៀសវាង​ទិញផ្ទះដែលមានប្លង់កម្មសិទ្ធមិនច្បាស់លាស់ និង​ប្លង់ដែលមានទំនាស់ ដែលអាច​បង្កភាពឈឺក្បាលជាច្រើនដល់អ្នក។ យុទ្ធសាស្ត្រល្អបំផុតមុនពេលទិញ ឬកក់លុយនោះ អ្នកអាច​ស៊ឺបសួរពីមន្ត្រីសូរិយោដីត្រួតពិនិត្យភាពស្របច្បាប់ជាមុន ឬក៏ស្វែងរក​ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ​ដែលមានជំនាញវិជ្ជាជិវៈសម្រាប់ជួយប្រឹក្សាយោបល់ដល់អ្នក។

២. មើលទីតាំង

អ្នកដែលធ្លាប់​មានបទពិសោធន៍ច្រើនក្នុងការទិញផ្ទះ គាត់តែងតែនិយាយថា “ទិញផ្ទះ អ្វីដែលសំខាន់បំផុតគឺទីតាំង ទីតាំង ទីតាំង”។ ព្រោះថា ទីតាំងគឺជាកត្តាដ៏សំខាន់មួយដែលជះឥទ្ធិពលលើការឡើងថ្លៃតម្លៃអចលនវត្ថុនោះ។ ប្រសិនបើផ្ទះរបស់អ្នកស្ថិតនៅទីតាំងដែល​សមប្រកប ទីដែលមានមនុស្សឆ្លងកាត់ច្រើន ទោះបីជាស្ថានភាព​ទីផ្សារអចលនវត្ថុ​ធ្លាក់ចុះ ឬនៅត្រឹង ក៏នឹងមិនអាច​ទាញទម្លាក់តម្លៃរបស់អចលនវត្ថុអ្នកដែរ។ ទោះបីជាអ្នកទិញផ្ទះសម្រាប់រស់នៅក៏ដោយ កត្តាទីតាំងពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងការលក់បន្តទៀតដើម្បីបានចំណេញ។ ប្រសិនបើអ្នកមានលទ្ធភាព អ្នកមិនគួររិះថាំតម្លៃ​ខុសគ្នាបន្តិចបន្តួច ហើយជ្រើសរើសផ្ទះដែលមានទីតាំងមិនអំណោយផលនោះទេ។ ដូចនេះ ប្រសិនបើអ្នក​រំពឹងចង់បានចំណេញច្រើនពីផ្ទះដែលអ្នកបានទិញនោះ នៅពេលដែលអ្នកសម្រេចចិត្តទិញផ្ទះណាមួយ អ្វីដែលអ្នកត្រូវគិតពិចារណានោះគឺ​ជ្រើសរើស​ទីតាំងដែលល្អ។ ធ្វើដូចនេះទើបអ្នកអាចទទួលបានផលចំណេញច្រើនពីការវិនិយោគទិញផ្ទះនេះ។

៣. មើលគុណភាព

គុណភាពសំណង់គឺជាង​បញ្ហាចម្បងមួយដែលអ្នកគួរតែ​ប្រយ័ត្នប្រយែង ដែលអាចប៉ះពាល់​ដល់គុណភាពរស់នៅ​របស់អ្នក និងប៉ះពាល់ដល់ការដាក់លក់បន្ត។ ប្រសិនបើអ្នកទិញផ្ទះតពីគេ អ្នកគួរតែស្វះស្វែងរកអ្នកដែលជំនាញមើលពីសំណង់ដើម្បីជួយឱ្យជាយោបល់ពីគុណភាពផ្ទះ។ប្រសិនបើអ្នកទិញផ្ទះពី​បុរី អ្នកគួរតែទៅមើលផ្ទះដែលគេកំពុងសាងសង់ ឬស៊ឺបសួរព័ត៌មានអំពីគុណភាពផ្ទះពីអ្នកដែលធ្លាប់ទិញពីមុន ឬអ្នកគួរតែជ្រើសរើសអ្នកអភិវឌ្ឍន៍លំនៅដ្ឋានដែលល្បីឈ្មោះដើម្បីកាត់បន្ថយហានិភ័យ។ ដូចបាន​លើកឡើងខាងលើអញ្ចឹង គុណភាពសំណង់នឹងជះឥទ្ធពលយ៉ាងខ្លាំងសម្រាប់ការលក់បន្ត និងតម្លៃផ្ទះនៅពេលខាងមុខ។

៤. ពិនិត្យមើលម៉ូដផ្ទះ

ម៉ូដផ្ទះគឺជារឿងដែលសំខាន់ផងដែរ​សម្រាប់ការរស់នៅសម័យថ្មីនេះ។ ដូចនេះ អ្នកគួរតែពិចារណា​ម៉ូដផ្ទះណាដែលមើលទៅស្អាតទាន់សម័យ (ដែលងាយស្រួលក្នុងការលក់ចេញយកចំណេញវិញក្នុងពេលខាងមុខ) និងការរចនា​ខាងក្នុងដែលមានភាពទូលាយ មានការប្រើប្រាស់លំហបានល្អ ព្រមទាំងមានកម្ពស់ខ្ពស់ស្រឡះ។

៥. មើលគ្រឿងបរិក្ខារខាងក្នុងរបស់ផ្ទះ

ទោះបីជាកត្តាចម្បង ៗ ដូចជាប្លង់កម្មសិទ្ធ ទីតាំងភូមិសាស្ត្ររបស់ផ្ទះ ម៉ូដផ្ទះ ទំហំផ្ទះជះឥទ្ធិពលខ្លាំងក៏ដោយ ក៏អ្នកមិនត្រូវភ្លេចគិតលើគ្រឿងបរិក្ខារខាងក្នុងផ្ទះនោះទេ ព្រោះវាក៏ជះឥទ្ធិពលលើតម្លៃផ្ទះផងដែរ។ អ្នកគួរតែពិនិត្យមើលថាតើផ្ទះដែលអ្នកចង់ទិញ​មាន​ឧបករណ៍ និងបរិក្ខាបំពាក់អ្វីខ្លះ? តើមានគុណភាពល្អដែរទេ? ជាពិសេស​សម្រាប់ការទិញផ្ទះពីអ្នកអភិវឌ្ឍន៍លំនៅដ្ឋានមួយនួនបំពាក់គ្រឿងប្រើប្រាស់​គុណភាពអន់ ដែលធ្វើឱ្យអ្នកឈឺក្បាល​ផ្លាស់ប្តូរ​ញឹកញាប់នៅពេលដែលអ្នករស់នៅ។

៦. ពិនិត្យមើលបរិស្ថាន និងបរិយាកាស

បរិយាកាស​នៅជុំវិញផ្ទះ ឬតំំបន់ដែលអ្នករស់នៅគឺជះឥទ្ធិពលយ៉ាងខ្លាំង​ដល់គុណភាពរស់នៅរបស់អ្នកផងដែរ​។ ដូចនេះ  អ្នកគួរតែជ្រើសរើសតំបន់ណាដែលមានសោភ័ណ្ឌភាព ឬជាតំបន់ដែលសាកសម​នឹងអ្នករស់នៅ។ បច្ចុប្បន្ន ការរស់នៅបែបមានសួនច្បារបៃតង និងផ្កាចម្រះព័ណ៌ស្រស់ស្អាត ឬជិតតំបន់មានសួនគឺជា​ជម្រើសដ៏ល្អសម្រាប់ការស់នៅ ហើយប្រាកដណាស់ ក៏ល្អសម្រាប់ការលក់បន្តយកចំណេញផងដែរ។ ព្រោះថា នៅពេលដែលមនុស្សមានជីវភាពកាន់តែប្រសើរ ពួកគេនឹងមានតម្រូវការរស់នៅកាន់តែសម្បូរបែបនិងស៊ីវីឡៃផងដែរ។

៧. មើលកិច្ចសន្យាទិញលក់

កិច្ចសន្យាគឺជាមូលដ្ឋានចំបងសម្រាប់ការពារអ្នកពីហានិភ័យនានា ដូចនេះអ្នកត្រូវពិនិត្យមើលថា កិច្ចសន្យានោះ​បានការពារហានិភ័យអ្នកដែរទេ? នៅក្នុងកិច្ចសន្យា រយៈពេលអនុវត្តការរំលោភលើកិច្ចសន្យា និងវិធីសាស្ត្រសំណងគួរតែត្រូវបានកំណត់យ៉ាងច្បាស់ដើម្បីការពារអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ឬអ្នកលក់ផ្ទះឱ្យអ្នក ពីការពន្យារពេលប្រគល់ផ្ទះដោយសារបញ្ហាផ្សេងៗនិងចៀសវាងជម្លោះនៅពេលការរំលោភកិច្ចសន្យា។ ប្រសិនបើអ្នកមានបទពិសោធន៍ ឬចំណេះដឹងផ្លូវច្បាប់ អ្នកគួរតែពឹងពាក់ មេធាវីឬ អ្នកដែលមានជំនញច្បាប់ទិញលក់អចលនទ្រព្យដើម្បីប្រឹក្សាចៀសវាង​កំហុសផ្សេងៗដែលអាចកើតមានឡើង ដែលនាំឱ្យខាតបង់​លុយ​រាប់ម៉ឺនដុល្លារ។

៨. មើលពីការគ្រប់គ្រងបុរី (ប្រសិនបើអ្នកទិញផ្ទះពីបុរី)

បច្ចុប្បន្ន និងអនាគតខាងមុខ មនុស្ស​កាន់តែច្រើនឡើងនឹងជ្រើសរើស​ការទិញផ្ទះ និងរស់នៅ នៅក្នុងបុរី ព្រោះវាជា​ការរស់នៅបែបថ្មី ដែលមានផាសុខភាព និងសុវត្ថិភាព។ ដូចនេះហើយ នៅពេលអ្នកទិញផ្ទះពីគម្រោងណាមួយ អ្នកក៏ត្រូវផ្តោតលើសេវាថែទាំ និងសេវាកម្មសន្តិសុខ​បុរីផងដែរ។ ហេតុអ្វី? ព្រោះថា ប្រសិនមិនមានការគ្រប់គ្រងល្អទេ មិនមានសុខសុវត្ថិភាពទេ ការរស់នៅនឹងមិនមានការកក់ក្តៅ និងផាសុខភាព ដែលជះឥទ្ធិពលខ្លាំង​ទៅលើកេរ្តិ៍ឈ្មោះតំបន់ដែលអ្នករស់នៅ និងទាញតម្លៃអចលនវត្ថុនៅទីនោះ​មិនឱ្យងើបបាន។ ចូរអ្នកស្រមៃមើល ប្រសិនបើទីធ្លាបុរីមិនស្អាត មិនមានរបៀប រញ៉េរញ៉ៃ ចូលទៅងងឹតស្លុង​ ហើយមិនមានសុវត្ថិភាព អ្នកនឹងចង់ទិញ ឬចូលរស់នៅក្នុងផ្ទះនៅតំបន់នោះដែរឬទេ?

៩. មើលពីច្បាប់សាងសង់ ឬលិខិតអនុញ្ញាតិសាងសង់

ប្រសិនបើអ្នកទិញផ្ទះពីអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន​ អ្នកគួរតែ​សុំមើលច្បាប់ពាក់ព័ន្ធនានាដើម្បីបញ្ជាក់ថាគម្រោងនេះពិតជាស្របច្បាប់ ដែលនឹងមិនប្រឈម​នឹងការរឹបអូស ឬឈូសឆាយវិញនៅថ្ងៃអនាគត (ដែលបញ្ហានេះតែងតែកើតមានជាហូហែរ)។

Previous articleគន្លឹះនៃការបង្វិលលុយដើម្បីទិញអចលនទ្រព្យ
Next articleតើអ្វីទៅនឹងធ្វើឲ្យជីវិតអ្នកល្អប្រសើរ?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។