គន្លឹះ 6 ដើម្បីបង្កើនជំនាញសេវាកម្មអតិថិជនដល់ក្រុមរបស់អ្នក

148
គន្លឹះ 6 ដើម្បីបង្កើនជំនាញសេវាកម្មអតិថិជនដល់ក្រុមរបស់អ្នក

សេវាកម្មអតិថិជន គឺជាផ្នែកមួយដែលគ្រប់អាជីវកម្មទាំងអស់មិនអាចមើលរំលងបានឡើយ ពីព្រោះវាជួយជំរុញឱ្យអតិថិជនកាន់តែរីកចម្រើន ហើយប្រសិនបើការផ្ដល់សេវាកម្មអតិថិជនមិនល្អ វាក៏អាចទាញទម្លាក់គុណតម្លៃក្រុមហ៊ុននោះដូចគ្នា។ ហេតុផលនេះហើយ ក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែគិតផ្ដោត និងត្រូវពង្រឹងសមត្ថភាពក្រុមអ្នកពាក់ព័ន្ធក្នុងការផ្ដល់សេវាកម្មអតិថិជនទាំងអស់ឱ្យមានជំនាញនេះកាន់តែខ្លាំង។ ដើម្បីពង្រឹងជំនាញនេះដល់ក្រុមការងារ អ្នកអាចអនុវត្តន៍តាមវិធីសាស្រ្តខាងក្រោម។

1. ពង្រឹងជំនាញសេវាកម្មអតិថិជន

នៅក្នុងចំណុចនេះ អ្នកត្រូវតែធ្វើឱ្យប្រាកដថាក្រុមការងាររបស់អ្នកមានជំនាញសេវាកម្មអតិថិជនដ៏ត្រឹមត្រូវ ដើម្បីអាចគ្រប់គ្រងតម្រូវការអតិថិជនបានល្អ។ ហេតុដូចនេះ ក្នុងនាមជាម្ចាស់អាជីវកម្ម អាចពង្រឹងលើជំនាញមួយចំនួនខាងក្រោមដែលទាក់ទងនឹងការផ្ដល់សេវាកម្មអតិថិជនដល់ក្រុមបន្ថែម។

  • ការយល់ចិត្ត ការអត់ធ្មត់ និងស្ថិរភាព៖ ប្រភេទអតិថិជនទាំងអស់មិនដូចគ្នាឡើយ ដូច្នេះក្នុងនាមជាអ្នកផ្ដល់សេវាកម្មអតិថិជនដ៏ល្អ ត្រូវតែមានវិធីសាស្រ្តដោះស្រាយជាមួយអតិថិជន និងការចេះយល់អំពីអតិថិជន។
  • ជំនាញសម្របខ្លួន៖ អតិថិជនម្នាក់ៗតែងតែនភាពខុសប្លែកពីគ្នា ដូច្នេះហើយទាមទារឱ្យអ្នកយល់ដឹងពីអារម្មណ៍របស់អតិថិជន និងសម្របតាមតម្រូវការរបស់ពួកគេ ព្រមទាំងត្រូវសិក្សាបន្ថែមទៅតាមស្ថានភាពនីមួយៗ ដើម្បីធានាថាអ្នកនៅតែអាចផ្ដល់សេវាកម្មដល់អតិថិជនបានល្អ។
  • ទំនាក់ទំនងច្បាស់លាស់៖ ត្រូវប្រាកដថាអ្នកបង្ហាញដល់អតិថិជននូវអ្វីដែលអ្នកចង់និយាយ និងបង្ហាញនូវជម្រើសដល់ល្អជូនអតិថិជន ព្រមទាំងរក្សានូវភាពពេញចិត្តដល់អតិថិជន។
  • ក្រមសីលធម៌ការងារ៖ អ្នកត្រូវធ្វើឱ្យប្រាកដថាអ្នកមិនល្មើសនូវក្រមសីលធម៌ការងារ ទោះបីជាជួបស្ថានការណ៍បែបណា ដើម្បីផ្ដល់នូវភាពត្រឹមត្រូវ និងដំណោះស្រាយដ៏ល្អជូនអតិថិជន។
  • ចំណេះដឹង៖​អ្នកត្រូវតែមានចំណេះដឹងច្រើនអំពីអ្វីដែលអ្នកកំពុងលក់ ដើម្បីងាយស្រួលនិយាយផ្ដល់ព័ត៌មានបានយ៉ាងច្បាស់លាស់ និងឆ្លើយតបទៅនឹងតម្រូវការអតិថិជន ពីព្រោះអតិថិជនត្រូវការខ្លាំងលើបុគ្គលិកណាដែលយល់ដឹងអំពីផលិតផលដែលពួកគេកំពុងលក់។
  • មុខក្រាស់ ដែលជាពាក្យជនជាតិខ្មែរតែងតែប្រើ ដូច្នេះចំពោះការផ្ដល់សេវាកម្មដល់អតិថិជន អ្នកត្រូវមុខក្រាស់ដោយហ៊ានទទួលយករាល់អ្វីដែលអតិថិជនស្ដីបន្ទោស ឬមានមតិរិះគន់នានា។
2. កត់សម្គាល់ចំណុចមិនល្អ

នៅក្នុងចំណុចនេះ អ្នកត្រូវបង្រៀនក្រុមការងារឱ្យចេះកត់សម្គាល់នូវបទពិសោធន៍ដែលធ្លាប់ជួបមិនល្អជាមួយអតិថិជន ហើយបញ្ហានោះជាការប៉ះពាល់សំខាន់ ដើម្បីកត់ត្រាទុកក្នុងការប្រជុំគ្នាស្វែងរកដំណោះស្រាយ ឬកែលម្អឱ្យវាកាន់តែល្អប្រសើរ ដោយចៀសវាងកើតឡើងម្ដងទៀត។

3. ពង្រឹងផ្នែកទំនាក់ទំនងអតិថិជន

អ្នកត្រូវតែធ្វើឱ្យប្រាកដថា ក្រុមការងាររបស់អ្នកទាំងអស់មានជំនាញទំនាក់ទំនងល្អជាមួយអតិថិជន ហើយដើម្បីកាន់តែធានាទៀតនោះ អ្នកអាចអនុវត្តន៍តាមគន្លឹះខាងក្រោមបន្ថែម។

  • កំណត់នូវផលប្រយោជន៍រួមដើម្បីជួយដល់អតិថិជន៖ ធ្វើបែបនេះ ក្រុមការងារនឹងដឹងថាពួកគេបង្កើតទំនាក់ទំនងល្អជាមួយអតិថិជនដើម្បីអ្វី និងត្រូវដោះស្រាយបែបណាជាមួយអតិថិជននៅពេលមានបញ្ហាណាមួយកើតមាន។
  • អនុវត្តន៍នៃជំនាញស្ដាប់ឱ្យបានខ្លាំង ដើម្បីធ្វើឱ្យអតិថិជនមានអារម្មណ៍ថាកក់ក្ដៅ និងយល់ថាយើងកំពុងយកចិត្តទុកដាក់ ហើយឱ្យតម្លៃនូវអ្វីដែលពួកគេបាននិយាយ។​
  • ចេះទទួលស្គាល់កំហុសខ្លួនឯង៖ នៅក្នុងចំណុចនេះ ទោះបីជាអ្នកខុស ឬអតិថិជនរបស់អ្នកខុសក៏ដោយ ចូរកុំព្យាយាមយកឈ្នះចិត្តអតិថិជន ប៉ុន្តែត្រូវចេះសុំទោសនិងទទួលកំហុស បន្ទាប់មកសម្រួលចិត្តអតិថិជនដើម្បីបង្វែរពួកគេឱ្យជ្រើសរើសនូវអ្វីតាមតម្រូវការរបស់ពួកគេ។ ធ្វើបែបនេះ អតិថិជននឹងកាន់តែមានទំនុកចិត្ត និងសប្បាយចិត្តឡើងវិញ ហើយវាក៏ជាការស្ដារនូវទំនុកចិត្តពីអតិថិជនផងដែរ។
  • ការតាមដានបន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយ៖ អ្នកត្រូវប្រាកដថាបញ្ហានៅតែត្រូវបានជួសជុល ហើយអតិថិជនរបស់អ្នកពេញចិត្តនឹងសេវាកម្មដែលអ្នកផ្ដល់ជូន។
4. ពង្រឹងយុទ្ធសាស្ត្រសេវាកម្មអតិថិជន

នៅក្នុងចំណុចនេះ ទោះបីជាក្រុមការងាររបស់អ្នកមានជំនាញ 3 ខាងលើរួចហើយក៏ដោយ ក៏មិនទាន់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែវាទាមទារឱ្យមានយុទ្ធសាស្រ្តក្នុងការផ្ដល់សេវាកម្មអតិថិជនពីក្រុមហ៊ុនរបស់អ្នកបន្ថែមទៀត ដើម្បីធានាថាអតិថិជនតែងតែសប្បាយចិត្តនៅពេលបានចូលមកកាន់ហាង ឬក្រុមហ៊ុនរបស់អ្នក។ ហេតុដូចនេះហើយ ដើម្បីអាចធ្វើបែបនេះបាន អ្នកអាចអនុវត្តន៍តាមវិធីដូចជា៖

  • អ្នកត្រូវតែធ្វើឱ្យអតិថិជនមានអារម្មណ៍ថាមិនទើសទាល់ និងសប្បាយចិត្តក្នុងការទំនាក់ទំនងជាមួយមនុស្សពិតៗ ទោះបីជាតាមអនឡាញ ឬមិនតាមអនឡាញ ដោយមិនមែនទំនាក់ទំនងបែប bots និង FAQs ទេ ដោយអ្នកអាចផ្ដល់ជូនច្រើនជាងការឆ្លើយតបអនឡាញដោយស្វ័យប្រវត្តិ តាមរយៈការពន្យល់ ឬណែនាំយ៉ាងល្អ អមជាមួយរូបភាពពិតជាក់ស្ដែងស្របតាមតម្រូវការអតិថិជន។ ធ្វើបែបនេះ អតិថិជនកាន់តែមានជំនឿជឿជាក់ និងសម្រេចចិត្តទិញលឿន។
  • អ្នកត្រូវតែធ្វើឱ្យប្រាកដថា អ្នកមិនមែនជាមនុស្សឆបោក មានហាងផ្ទាល់ខ្លួន ឬក៏អ្នកមានផេកផ្លូវការជាចម្បងនៅតាមអនឡាញ។ ម្យ៉ាងទៀត អ្នកអាចផ្ដល់ការណាត់ជួបផ្ទាល់ ឬផ្ញើអាសយដ្ឋានក្រុមហ៊ុនជូនដល់អតិថិជន ធ្វើបែបនេះ អតិថិជនកាន់តែមានទំនុកចិត្តខ្ពស់ជាមួយអ្នក។
  • ត្រូវប្រាកដថាអ្នកបានបំពេញតម្រូវការអតិថិជនរបស់អ្នកយ៉ាងពេញលេញ។
  • អ្នកអាចបង្កើតសហគមន៍សម្រាប់ក្រុមហ៊ុនរបស់អ្នក ដើម្បីធ្វើឱ្យអតិថិជនរបស់អ្នកមានអារម្មណ៍ថាមានតម្លៃកាន់តែច្រើន ប្រសិនបើអ្នកចាត់ទុកពួកគេជាសមាជិកសំខាន់នៃសហគមន៍នោះ។
5. ត្រូវប្រាកដថា ក្រុមរបស់អ្នកសហការចូលរួម

ប្រសិនបើអ្នករៀបចំវគ្គបណ្ដុះបណ្ដាលដ៏ល្អ និងមានផែនការសកម្មភាពដ៏អស្ចារ្យ ប៉ុន្តែក្រុមរបស់អ្នកមិនសហការចូលរួមអនុវត្តន៍ទេ នោះវាគ្មានន័យឡើយ ដូច្នេះអ្នកត្រូវត្រួតពិនិត្យត្រង់ចំណុចនេះឱ្យបានខ្លាំង។ ម្យ៉ាងទៀត អ្នកក៏ត្រូវតាមដាននៃការអនុវត្ត និងកែលម្អលើចំណុចនានា ដើម្បីធានាថាក្រុមរបស់អ្នកគ្មានបញ្ហា ហើយពួកគេពេញចិត្តក្នុងការចូលរួមសហការជាមួយអ្នកក្នុងការផ្ដល់សេវាកម្មអតិថិជនយ៉ាងល្អបំផុត។

លើសពីនេះ អ្នកក៏ត្រូវដឹងដែលថា តើក្រុមអ្នកផ្ដល់សេវាកម្មអតិថិជនរបស់អ្នកមានអារម្មណ៍យ៉ាងណាចំពោះលក្ខខណ្ឌការងារ និងសកម្មភាពនានាដែលអ្នកបានរៀបចំ ព្រមទាំងឱកាសសម្រាប់ការរីកចម្រើនក្នុងអាជីព និងការបណ្តុះបណ្តាល។ បន្ទាប់មកសិក្សា ហើយកែតម្រូវ ដើម្បីសប្បាយរីករាយក្នុងការសហការចូលរួមសកម្មភាពទាំងអស់គ្នាដើម្បីសម្រេចនូវគោលដៅល្អៗជាច្រើន។

6. ផ្ដល់នូវជម្រើសដ៏ល្អមួយដើម្បីឱ្យអតិថិជនបញ្ចេញមតិយោបល់

អ្វីក៏ដោយ មិនមែនសុទ្ធតែអនុវត្តន៍ទទួលបានផលល្អទាំងស្រុងឡើង គឺវាតែងតែមានការផ្លាស់ប្ដូរ និងទាមទារឱ្យមានការកែលម្អជាបន្តបន្ទាប់ ដូច្នេះក្នុងនាមជាអ្នកដឹកនាំត្រូវគិតវិធីសាស្រ្តមួយ ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនរបស់អ្នកអាចបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន មិនថាជាមតិយោបល់ល្អ ឬមិនល្អនោះទេ ដើម្បីក្រុមរបស់អ្នកអាចតាមដានស្ថានភាព និងកែលម្អនូវការស្នើសុំរបស់អតិថិជន ហើយកែលម្អផលិតផលរបស់អ្នកឱ្យកាន់តែប្រសើរជានិរន្ត។