តិចនិកសម្ងាត់ 1 ធ្វើឱ្យភាពជាអ្នកដឹកនាំកាន់តែខ្លាំង

170
តិចនិកសម្ងាត់ 1 ធ្វើឱ្យភាពជាអ្នកដឹកនាំកាន់តែខ្លាំង

ភាពជាអ្នកដឹកនាំ ជាអ្វីដែលអ្នកដឹកនាំគ្រប់រូបចង់ទទួលបាន ជាពិសេសការធ្វើឱ្យភាពជាអ្នកដឹកនាំរបស់ខ្លួនមានភាពខ្លាំង ដើម្បីគ្រប់គ្រងដឹកនាំចាត់ចែង និងមានទំនាក់ទំនងជាមួយក្រុមការងារកាន់តែមានប្រសិទ្ធភាព ហើយទទួលបាននូវលទ្ធផលការងារបានល្អ។

តិចនិកសម្ងាត់ដើម្បីធ្វើឱ្យភាពជាអ្នកដឹកនាំកាន់តែខ្លាំងនោះគឺ ការយល់ចិត្ត

ការយល់ចិត្ត ជារឿងមួយដែលអ្នកដឹកនាំចាំបាច់ត្រូវតែមាន ពីព្រោះការយល់ចិត្តមានឥទ្ធិពលខ្លាំងក្នុងការដឹកនាំ ហើយអាចមានសមត្ថភាពយល់ពីទស្សនវិស័យ ចិត្តគំនិត គោលបំណងរបស់ក្រុមការងារបានយ៉ាងលឿន និងអាចជំរុញទឹកចិត្តក្រុមការងារក្នុងការបំពេញកិច្ចការងារអ្វីមួយឱ្យមានគុណភាពការងារខ្ពស់ទៀតផង។

នៅក្នុងអត្ថបទនេះ នឹងបង្ហាញដល់លោកអ្នកលម្អិតបន្ថែម ពី៖

1. ហេតុផលដែលបញ្ជាក់ថា “ការយល់ចិត្ត ជាតិចនិកសម្ងាត់ដើម្បីធ្វើឱ្យភាពជាអ្នកដឹកនាំខ្លាំង”

2. របៀបប្រើ ការយល់ចិត្ត ដើម្បីបង្ហាញទៅកាន់ក្រុមការងារ

ខាងក្រោមនេះ ជាការពន្យល់បង្ហាញ៖

1. ហេតុផលដែលបញ្ជាក់ថា “ការយល់ចិត្ត ជាតិចនិកសម្ងាត់ដើម្បីធ្វើឱ្យភាពជាអ្នកដឹកនាំខ្លាំង”

ហេតុផលទាំងនោះ រួមមាន៖

ទី1. ការយល់ចិត្ត ជាកត្តាលើកទឹកចិត្តដ៏សំខាន់ដែលមានសមត្ថភាពធ្វើឱ្យក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់មានអារម្មណ៍ថា ខ្លួនឯងមានគុណតម្លៃ។

ទី2. ការយល់ចិត្ត អាចបង្កើតឱ្យមានសុឆន្ទៈជាមួយដៃគូអាជីវកម្ម មានន័យថា នៅពេលស្ថានភាពអាជីវកម្មរបស់យើងមិនល្អ នោះដៃគូអាជីវកម្មនឹងមិនឈរនៅស្ងៀមទេ គឺគេនឹងរកវិធីដើម្បីជួយផ្នែកណាមួយនៅក្នុងអាជីវកម្មរបស់យើង។

ទី3. ជំរុញឱ្យអាជីពការងារ មុខរបរកាន់តែទទួលបានភាពជោគជ័យ។

ឧទាហរណ៍៖

  • ក្នុងនាមជាអ្នកលក់​ នៅពេលមានសមត្ថភាពក្នុងការយល់ចិត្ត ពេលនោះ នឹងអាចដឹងយ៉ាងច្បាស់ពីតម្រូវការរបស់អតិថិជន និងអាចបំពេញសេវាកម្មដល់អតិថិជនបានយ៉ាងល្អ។
  • ក្នុងនាមជាអ្នកដឹកនាំ​ នៅពេលមានសមត្ថភាពក្នុងការយល់ចិត្ត ពេលនោះ នឹងអាចធ្វើឱ្យក្រុមការងាររីករាយនឹងដើរតាម អនុវត្តន៍តាម និងរួមគ្នាក្នុងការសម្រេចបាននូវគោលដៅរួមបានយ៉ាងលឿន។

ទី4. ការយល់ចិត្ត អាចជំរុញឱ្យមានវប្បធម៌ការងារមួយដែលប្រកបដោយផលិតភាពខ្ពស់។

2. របៀបប្រើ ការយល់ចិត្ត ដើម្បីបង្ហាញទៅកាន់ក្រុមការងារ

ដើម្បីបង្ហាញឱ្យក្រុមការងារបានដឹងយ៉ាងច្បាស់ ពីអ្វីដែលអ្នកដឹកនាំចង់បង្ហាញពីការយល់ចិត្ត ដូច្នេះក្នុងនាមជាអ្នកដឹកនាំ ត្រូវបង្ហាញការយល់ចិត្តតាមរយៈសកម្មភាពដូចខាងក្រោម៖

ទី1. បង្ហាញពីភាពស្មោះត្រង់ ភាពជឿជាក់ទៅកាន់ក្រុមការងារល្អៗ៖ ឧទាហរណ៍ នៅពេលក្រុមការងារណាម្នាក់ជួបបញ្ហាណាមួយ ហើយមកប្រាប់ពីស្ថានភាពនោះ ដូច្នេះក្នុងនាមជាអ្នកដឹកនាំ ត្រូវមានភាពជឿជាក់លើគាត់ ថាគាត់​មិននិយាយកុហក។

ទី2. ជឿជាក់លើសមត្ថភាពបុគ្គលិក ហើយឱ្យគាត់ចាប់ផ្ដើមអនុវត្តន៍

ទី3. ជួយដោះស្រាយបញ្ហា បង្ហាត់បង្ហាញ និងជួយពង្រឹងឱ្យបុគ្គលិកមានភាពរីកចម្រើនទាំងនៅក្នុងជីវិតការងារនិងជីវិតផ្ទាល់ខ្លួន។

ទី4. មុននឹងកែតម្រូវកំហុសបុគ្គលិក ចូរផ្ដោតលើអ្វីដែលបុគ្គលិកបានធ្វើល្អ និងសួរពីបញ្ហាចម្បងដែលនាំឱ្យកំហុសកើតឡើង ដោយធ្វើយ៉ាងណាឱ្យបុគ្គលិកដឹងបានដោយខ្លួនឯងថា គាត់មានកំហុសចូលរួមចំណែកដែរ បន្ទាប់មកក្នុងនាមជាអ្នកដឹកនាំ អាចផ្ដល់ជាដំបូន្មាន និងជួយបំពេញចំណុចខ្វះខាត ដើម្បីឱ្យគាត់បានកែប្រែកំហុស។

ទី5. ព្យាយាមបង្ហាញអ្វីមួយដែលជាការយល់ចិត្តទៅកាន់ក្រុមការងារ ពីព្រោះគ្មាននរណាអាចយល់ចិត្តបានគ្រប់មនុស្សឬកើតមកភ្លាមចេះពីវិធីយល់ចិត្តមនុស្សបានល្អបានទេ ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំ ត្រូវរៀនសូត្របន្ថែមពីការយល់ចិត្តមនុស្ស ដើម្បីធ្វើកិច្ចការងារជាមួយក្រុមការងារបានល្អ។

ទី6. ធ្វើជាអ្នកស្ដាប់ដ៏ល្អ

ទី7. យល់ពីទឹកចិត្ត និងអារម្មណ៍របស់ក្រុមការងារបានលឿន នៅពេលមានផលប៉ះពាល់ឬហេតុការណ៍ណាមួយកើតឡើងនៅក្នុងស្ថាប័ន ហើយថ្នាក់ដឹកនាំតែងតែមានដំណោះស្រាយត្រៀមទុកមុនជានិច្ច។

ទី8. លើកទឹកចិត្ត និងសរសើរក្រុមការងារអស់ពីចិត្ត