តើជម្រើសនៃការបង់ប្រាក់ក្នុងការទិញផ្ទះមានអ្វីខ្លះ ?

198
តើជម្រើសនៃការបង់ប្រាក់នៅក្នុងការទិញផ្ទះមានអ្វីខ្លះ ?
នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានដឹងថា “ តើជម្រើសនៃការបង់ប្រាក់មួយណាដែលសាកសម្យសម្រាប់លោកអ្នកប្រសិនបើអ្នកមានបំណងចង់ទិញផ្ទះនៅក្នុងបុរី ? “ ហើយថា “ តើជម្រើសនីមួួយៗមានលក្ខខណ្ឌនិង គុណសម្បត្តិអ្វីខ្លះ ? “

សម្រាប់ការទិញផ្ទះនៅក្នុងបុរី ជាទូទៅការបង់ប្រាក់គឺមានលក្ខខណ្ឌធំៗចំនួន ៣ រួមមានដូចជា ៖

១ . បង់ផ្តាច់
សម្រាប់លោកអ្នកដែលមានប្រាក់តម្កល់នៅក្នុងធនាគារច្រើន ហើយមិនត្រូវការយកទៅបង្វិលដើម្បីប្រើប្រាស់ក្នុងអាជីវកម្មរបស់អ្នកទេ នោះជម្រើសនៃការបង់ផ្តាច់ ជាជម្រើសដ៏ល្អបំផុត ។ ជាមួយនឹងការទិញផ្ទះពីបុរីដោយប្រើលុយសុទ្ធ លោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ចម្បង ៣ ដូចជា ៖
– ទទួលបានការបញ្ចុះតម្លៃច្រើនពីបុរី ៖ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេសពីបុរីអាចថាចន្លោះពី ៧ % ទៅ ១១ % តាមគោលការណ៍របស់បុរីនីមួយៗ ដែលមានន័យថាលោកអ្នកអាចទិញដោយចំណាយប្រាក់អស់តិចជាងការបង់រំលោះទាំងបង់ជាដំណាក់កាលនិងបង់រំលោះសុទ្ធ ។
– ទិញភ្លាម ! ចំណេញភ្លាម ! ៖ ក្នុងករណីដែលលោកអ្នកទិញដើម្បីវិនិយោគឬដាក់លក់ហើយទិញបានប្រភេទផ្ទះដែលមានតម្រូវការច្រើន សំណង់ដែលមានគុណភាពខ្ពស់ តម្លៃល្អ ទីតាំងល្អ និង បុរីដែលមានកេរ្តិ៍ឈ្មោះល្អស្រាប់ នោះឱកាសដែលលោកអ្នកអាចលក់ចេញវិញភ្លាមៗដើម្បីទទួលបានផលចំនេញគឺមានច្រើនមែនទែន ។
– អាចទទួលបានប្រាក់ចំនេញច្រើនជាងការប្រាក់ដែលទទួលបានពីធនាគារ ៖ ជាទូទៅ ការដាក់ប្រាក់នៅក្នងធនាគារលោកអ្នកអាចនឹងបានការប្រាក់មកវិញប្រហែលចន្លោះ ៤% តែប៉ុណ្ណោះ ។ តែបើសិនជាលោកអ្នកវិនិយោគលើអចលនវត្ថុវិញនោះ ពេលខ្លះវាអាចចំនេញលើសនឹង ហើយអាចនឹងចំណេញភ្លាមៗថែមទៀតផងបើលោកអ្នកទិញបានផ្ទះដែលមាន តម្រូវការច្រើននិង បុរីដែលមានកេរ្តិ៍ឈ្មោះល្អ ។

២ . បង់រំលោះជាដំណាក់កាល

 

សម្រាប់លោកអ្នកដែលមានប្រាក់គ្រប់គ្រាន់និងចំណូលជាប្រចាំហើយមានអាជីវកម្មដែលត្រូវការប្រាក់ដើម្បីបង្វិលនោះលក្ខខណ្ឌបង់ជាដំណាក់កាលមួយនេះ ជាជម្រើសដែលល្អបំផុតសម្រាប់លោកអ្នក ។
អត្ថប្រយោជន៍នៃការជាដំណាក់កាលមានដូចជា ៖
– អាចទុកប្រាក់សម្រាប់វិនិយោគលើអាជីវកម្ម ៖ ជាទូទៅគោលការណ៍នៃការបង់ប្រាក់របស់បុរីនីមួយៗគឺខុសៗគ្នា ដែលបុរីខ្លះអនុញ្ញាត្តឲ្យលោកអ្នកអាចបង់ប្រាក់ជាដំណាក់កាលក្នុងរយៈពេល ១០ ទៅ ១២ ខែជាដើម ។ ដូច្នេះនៅក្នុងរយៈពេល ១០ ទៅ ១២ ខែនេះលោកអ្នកអាចប្រើប្រាស់ប្រាក់ដែលនៅសល់យកទៅបង្វិលក្នុងអាជីវកម្មរបស់លោកអ្នកដើម្បីទទួលបានផលចំនេញបន្ថែមទៀត ។
– ទទួលបានអត្ថប្រយោជន៍ប្រហាក់ប្រហែលនឹងការបង់ផ្តាច់ដែរ
– មិនខាតការប្រាក់

៣ . ការបង់រំលោះសុទ្ធ

 

សម្រាប់លោកអ្នកមានកញ្ចប់ថវិកាមានកម្រិត និងមានចំណូលជាមធ្យមអាចថាគួរសមដែរ នោះលោកអ្នកអាចជ្រើសរើសលក្ខខណ្ឌបង់ ២០% ទៅ ៣០% មុន ។ ជាទូទៅបុរីមួយចំនួនគឺតម្រូវឲ្យយើងបង់ប្រាក់ ពី ២០ ទៅ ៣០ % មុន នៅក្នុងការទិញផ្ទះ ។ ប៉ុន្តែប្រសិនបើបុរីអត់តម្រូវឲ្យយើងបង់ទេ ក៏យើងគួរតែមានប្រាក់សន្សំ ខ្ទង់ចន្លោះប៉ុននេះដែរ ដើម្បីត្រៀមបង់ជាមួយបុរីពីព្រោះថា ប្រសិនបើលោកអ្នកជ្រើសរើសការរំលោះសុទ្ធ ១០០ % នោះ អត្រាការប្រាក់គឺខ្ពស់មែនទែនអាចដល់ ១២ % ។ សម្រាប់បុរីមួយចំនួនដែលសហការជាមួយធនាគារនោះយើងអាចបង់ ២០ ទៅ ៣០ % ជាមួយបុរីមុនហើយនៅសល់ ៧០ % ឬ ៨០ %. ទៀតយើងអាចធ្វើការបង់ជាមួយធនាគារ អត្រាការប្រាក់អាចចន្លោះពី ៦ % ទៅ ៩ % ទៅតាមធនាគារផ្សេងៗគ្នា ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការបង់រំលោះសុទ្ធលោកអ្នកត្រូវតែសិក្សាពីចំណូលប្រចាំខែឲ្យបានច្បាស់ កុំឲ្យលើសពី 50% នៃចំណូល ហើយត្រូវគិតអំពីហានិភ័យនៅថ្ងៃខាងមុខ បើសិនមានលទ្ធភាពយើងគួរមានកញ្ចប់ថវិការបម្រុងដើម្បីការពារហានិភ័យ ។
ជារួមប្រសិនបើលោកអ្នកមានបំនង់ចង់វិនិយោគលើផ្ទះនៅក្នុងបុរី នោះលោកអ្នកត្រូវតែគិតគូរឲ្យបានច្បាស់លាស់និងតល្អន់ មុននឹងសម្រេចចិត្តជ្រើសរើសលក្ខខណ្ឌនៃការបង់ប្រាក់ណាមួយ ដើម្បីកុំអ្នកមានសម្ពាធ ឬ វិបត្តិនៅពេលទិញផ្ទះ ។
ដូចដែលលោកអ្នកបានដឹងស្រាប់ហើយថា ផ្ទះគឺជាកន្លែងដែលផ្តល់ភាពកក់ក្តៅដល់យើង ។ ដូច្នេះសូមកុំធ្វើឲ្យកន្លែងដែលផ្តល់ភាពកក់ក្តៅដល់យើងក្លាយទៅជាកន្លែងដែលធ្វើឲ្យយើងខ្វាយខ្វល់ចិត្ត ធ្វើឲ្យយើងមានសម្ពាធដោយសារតែយើងអត់បានគិតគូរល្អិតល្អន់មុនពេលសម្រេចចិត្តក្នុងការវិនិយោគ ។
មួយវិញទៀតប្រសិនបើអ្នកមិនទាន់ច្បាស់ឬពិបាកក្នុងការសម្រេចចិត្តក្នុងការបង់ប្រាក់នេះ លោកអ្នកអាចស្វែងរកការប្រឹក្សាពីភ្នាក់ងារអចលនវត្ថុប្រកបដោយវិជ្ជាជីវៈនិងជំនាញដែលអាចអាចទុកចិត្តបាន ។