តើត្រូវយល់ដឹងលើផ្នែកសំខាន់ៗនៃយុទ្ធសាស្រ្តអាជីវកម្មអ្វីខ្លះ?

105
តើត្រូវយល់ដឹងលើផ្នែកសំខាន់ៗនៃយុទ្ធសាស្រ្តអាជីវកម្មអ្វីខ្លះ?

យុទ្ធសាស្ត្រអាជីវកម្ម សំដៅលើគ្រោងនៃសកម្មភាព ក៏ដូចជាការសម្រេចចិត្តដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ដើម្បីសម្រេចបាននូវគោលដៅ និងគោលបំណងរបស់ខ្លួន។ បន្ថែមពីនេះ វាក៏ជួយត្រួសត្រាយផ្លូវក្នុងការសម្រេចចិត្តលើការជួលបុគ្គលិក​ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពលើការបែងចែកធនធាន។

គួរបញ្ជាក់ផងដែរថា យុទ្ធសាស្រ្តទីផ្សារ វាមិនអាចមានភាពស្ថិតស្ថេររហូតបានឡើយ ដោយថ្ងៃនេះអាចធ្វើបានលទ្ធផលល្អ ប៉ុន្តែថ្ងៃបន្ទាប់អាចទទួលបានលទ្ធផលមិនល្អ ដូច្នេះវាទាមទារឱ្យមានការបត់បែន ការអាចសម្របតាមទីផ្សារបច្ចុប្បន្ន និងបន្តសិក្សាស្រាវជ្រាវជានិច្ចទៅតាមសម័យកាល។

ទោះបីជាយ៉ាងនេះក្ដី ខ្លឹមសារខាងក្រោមនឹងបង្ហាញបន្ថែមពីផ្នែកសំខាន់ៗមួយចំនួននៃយុទ្ធសាស្រ្តអាជីវកម្ម ដែលអ្នកគួរឈ្វេងយល់ ដោយដកស្រង់ខ្លឹមសារគោលពីគេហទំព័រ Indeed។

1. ចក្ខុវិស័យ និងគោលបំណងអាជីវកម្ម

ការធ្វើយុទ្ធសាស្រ្តអាជីវកម្ម គឺមានគោលបំណងជួយឱ្យម្ចាស់អាជីវកម្មទាំងអស់អាចសម្រេចនូវចក្ខុវិស័យ និងគោលបំណងអាជីវកម្មរបស់ពួកគេ តាមរយៈការបង្កើតនូវផែនការណែនាំបង្ហាញផ្លូវក្នុងការធ្វើសកម្មភាពបានច្បាស់លាស់លើអ្វីដែលត្រូវធ្វើ និងអ្វីដែលត្រូវទទួលខុសត្រូវលើជំហាននីមួយៗ។

2. គុណតម្លៃ​ស្នូល

ការធ្វើយុទ្ធសាស្ត្រអាជីវកម្ម នឹងជួយណែនាំដល់អ្នកគ្រប់គ្រងជាន់ខ្ពស់ទាំងអស់ ក៏ដូចជានាយកដ្ឋាននានាអំពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ ដោយយោងទៅតាមគុណតម្លៃស្នូលរបស់ក្រុមហ៊ុន។ បន្ថែមពីនេះ វា​ក៏ជួយ​ឱ្យមនុស្សគ្រប់គ្នានៅក្នុងក្រុមហ៊ុនដើរលើផ្លូវ​តែ​មួយ និង​មាន​គោលដៅ​ដូច​គ្នាដើម្បីសម្រេច។

3. ការវិភាគ SWOT

SWOT តំណាងឱ្យពាក្យ Strengths (ចំណុចខ្លាំង) Weaknesses (ចំណុចខ្សោយ) Opportunities (ឱកាស) និងThreats (ការគំរាមកំហែង)។ ចំពោះការវិភាគ SWOT នេះនឹងត្រូវបានរួមបញ្ចូលនៅក្នុងគ្រប់យុទ្ធសាស្រ្តអាជីវកម្មទាំងអស់ ពីព្រោះវាផ្ដល់ឱ្យក្រុមហ៊ុនពឹងផ្អែកលើភាពខ្លាំងរបស់ខ្លួន និងអាចប្រើប្រាស់វាជាប្រប្រយោជន៍សម្រាប់ក្រុមហ៊ុនទាំងមូល។ បន្ថែមពីនេះ វាក៏ជួយឱ្យម្ចាស់អាជីវកម្មបានដឹងយ៉ាងច្បាស់ពីចំណុចខ្សោយ ក៏ដូចជាការគំរាមកំហែងនានា ដើម្បីត្រៀមដំណោះស្រាយក្នុងការការពារកុំឱ្យក្រុមហ៊ុនទទួលរងនូវហានិភ័យខ្ពស់នៅពេលដំណើរការអាជីវកម្មជាក់ស្ដែង។

4. តិចនិកប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព (Tactics)

ការធ្វើយុទ្ធសាស្រ្តអាជីវកម្ម ភាគច្រើនបង្ហាញនូវព័ត៌មានលម្អិតអំពីរបៀបប្រតិបត្តិការ និងរបៀបដែលការងារគួរតែត្រូវបានធ្វើដើម្បីបង្កើនប្រសិទ្ធភាព។ បន្ថែមពីនេះ អ្នកដឹកនាំនឹងត្រូវចេះបែងចែកទំនួលខុសត្រូវដល់បុគ្គលិកផ្សេងៗលើការអនុវត្តន៍តាមផ្នែកនីមួយៗ ដោយធ្វើយ៉ាងណាឱ្យការអនុវត្តនោះមានប្រសិទ្ធភាពខ្ពស់ ដោយសន្សំទាំងពេលវេលា និងធ្វើឱ្យការខិតខំប្រឹងប្រែងនោះមានប្រយោជន៍។

5. ផែនការបែងចែកធនធាន

ការធ្វើយុទ្ធសាស្ត្រអាជីវកម្ម ទាមទារឱ្យម្ចាស់អាជីវកម្មត្រូវស្វែងរកធនធានដែលត្រូវការចាំបាច់ដើម្បីធ្វើសកម្មភាពបំពេញកិច្ចការតាមផែនការដែលបានគ្រោងទុក ចេះពីរបៀបបែងចែកធនធាន និងអ្នកដែលនឹងទទួលខុសត្រូវលើការធ្វើសកម្មភាពនោះ។ ធ្វើបែបនេះ ទើបម្ចាស់អាជីវកម្មអាចមើលឃើញកន្លែងដែលត្រូវបន្ថែមធនធាន ដើម្បីបញ្ចប់គម្រោងផែនការ។

6. ការវាស់វែង

ការធ្វើយុទ្ធសាស្រ្តអាជីវកម្ម ក៏ទាមទារឱ្យមានការតាមដានលទ្ធផលរបស់ក្រុមហ៊ុនផងដែរ ដោយវាយតម្លៃលើរបៀបដែលកំពុងដំណើរការជាមួយនឹងគោលដៅដែលបានកំណត់មុនពេលចាប់ផ្ដើមយុទ្ធសាស្រ្ត។ ធ្វើបែបនេះ នឹងជួយម្ចាស់អាជីវកម្មឱ្យបន្តដំណើរទៅមុខជាមួយនឹងពេលវេលាកំណត់ជាក់លាក់ និងគោលដៅ ក៏ដូចជាគិតគូរយ៉ាងច្បាស់អំពីកញ្ចប់ថវិកា។