តើអាជីវកម្មខ្នាតតូច និងមធ្យម នឹងជួបបញ្ហាគ្រប់គ្រងលើអ្វីខ្លះ?

53
តើអាជីវកម្មខ្នាតតូច និងមធ្យម នឹងជួបបញ្ហាគ្រប់គ្រងលើអ្វីខ្លះ?

ការធ្វើអាជីវកម្ម មិនថាជាអាជីវកម្មខ្នាតតូច មធ្យម និងស្ដង់ដារនោះទេ តែងតែមានបញ្ហាលើការគ្រប់គ្រង គ្រាន់តែវាមានកម្រិតនៃបញ្ហាខុសៗគ្នា។ ជាក់ស្ដែងតាមការសិក្សាស្រាវជ្រាវលើការដំណើរការអាជីវកម្ម ភាគច្រើនម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម តែងតែមានបញ្ហាលើការគ្រប់គ្រងច្រើនជាងអាជីវកម្មដែលមានលក្ខណៈស្ដង់ដារ ហើយវាក៏ជាផ្នែកដែលធ្វើឱ្យអាជីវកម្មពួកគេប្រឈមនឹងការបរាជ័យជាដើម។

បញ្ហានៃការគ្រប់គ្រងនៅក្នុងអាជីវកម្ម វាតែងតែមានច្រើននៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម ប៉ុន្តែវាក៏មានដំណោះស្រាយរបស់វាផងដែរ។ ជាពិសេសវាក៏ជាដំណាក់កាលមួយដើម្បីអាចធ្វើឱ្យអាជីវកម្មនោះឆ្ពោះទៅរកអាជីវកម្មដែលមានលក្ខណៈស្ដង់ដារ។ នៅក្នុងចំណុចនេះ អ្នកច្បាស់ជាចង់ដឹងបន្ថែមទៀតថា តើបញ្ហាគ្រប់គ្រងអ្វីខ្លះ ដែលអាជីវកម្មខ្នាតតូច និងមធ្យមតែងតែជួបប្រទះ? ហើយត្រូវដោះស្រាយបែបណា? ដូច្នេះខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញអ្នកលើបញ្ហាគ្រប់គ្រងដែលប្រភេទអាជីវកម្មខ្នាតតូច និងមធ្យម តែងតែប្រឈមមុខ និងបង្ហាញនូវដំណោះស្រាយមួយចំនួនដើម្បីជាគំនិតបន្ថែមក្នុងការចៀសវាង និងត្រៀមដំណោះស្រាយការពារទុកជាមុនសម្រាប់អាជីវកម្មរបស់អ្នក។

1. ការគ្រប់គ្រងបុគ្គលិក

បុគ្គលិក គឺជាផ្នែកសំខាន់មួយដែលជួយធ្វើឱ្យអាជីវកម្មរបស់អ្នកឈានដល់ការសម្រេចនូវគោលដៅ ប៉ុន្តែប្រសិនបើអ្នកជាម្ចាស់អាជីវកម្មដោយមិនចេះគ្រប់គ្រងបុគ្គលិកវិញ វាក៏អាចជាផ្នែកមួយដែលធ្វើឱ្យអាជីវកម្មរបស់អ្នកឆាប់ដួលរលំ ឬដំណើរការមិនល្អផងដែរ។ ជាក់ស្ដែង ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមភាគច្រើន បានមើលរំលងលើការគ្រប់គ្រងបុគ្គលិកឱ្យបានល្អ ដោយរាប់ចាប់តាំងពីការជ្រើសរើសបុគ្គលិក រហូតដល់ពួកគេក្លាយជាបុគ្គលិកពេញសិទ្ធិ ដោយគ្មានការណែនាំ ឬការបណ្ដុះបណ្ដាលក្រុមបុគ្គលិកទាំងនោះឱ្យធ្វើនូវអ្វីដែលស្របជាមួយនឹងទេពកោលស្យរបស់ពួកគេ និងស្របតាមគោលដៅដែលក្រុមហ៊ុនចង់បានឱ្យល្អឡើយ។

poor employee management

កំហុសរបស់ម្ចាស់អាជីវកម្ម

  • មិនបានធ្វើជាអ្នកដឹកនាំដ៏ល្អសម្រាប់ក្រុមបុគ្គលិកទាំងអស់គ្នា ដោយថ្នាក់ដឹកនាំខ្វះនូវភាពជាអ្នកដឹកនាំ
  • គ្រាន់តែជ្រើសរើសបុគ្គលិកមកបម្រើការងារដែលក្រុមហ៊ុនត្រូវការ ដោយមិនបានជួយណែនាំ និងបណ្ដុះបណ្ដាលបន្ថែម ដើម្បីជួយពួកគេឱ្យរីកចម្រើនលើអាជីពការងារផ្ទាល់ខ្លួន និងអាចបំពេញការងារបានល្អស្របតាមគោលដៅក្រុមហ៊ុន
  • អនុវត្តន៍គោលការណ៍ការងារតាមតែចិត្តខ្លួនឯង ដោយគ្មានការស្ដាប់ និងជួយជំរុញបន្ថែមឱ្យក្រុមការងារធ្វើអ្វីដោយចិត្តស្រលាញ់អស់ពីចិត្តឡើយ

ដំណោះស្រាយ

  • ជ្រើសរើសផ្នែកធនធានមនុស្ស ដើម្បីជួយសម្រួលដល់ការងារគ្រប់គ្រងបុគ្គលិកឱ្យបានល្អ
  • ពង្រឹងសមត្ថភាពខ្លួនឯងក្នុងនាមជាម្ចាស់អាជីវកម្ម លើភាពជាអ្នកដឹកនាំ និងធ្វើជាអ្នកដឹកនាំដ៏ល្អជាមួយនឹងក្រុមការងារ ជាជាងតាំងខ្លួនជាអ្នកគ្រប់គ្រង ឬជាចៅហ្វាយ
  • បង្កើតគោលការណ៍ ឬវប្បធម៌រីកចម្រើននៅក្នុងក្រុមហ៊ុន
  • ត្រូវធានាថា បុគ្គលិកដែលបានជ្រើសរើសមកទាំងអស់ សុទ្ធតែបុគ្គលដែលមានឆន្ទៈ មានសមត្ថភាពល្អ មានការចង់ចេះចង់ដឹង ឬអាចនិយាយថាជាមនុស្សចង់រីកចម្រើន ព្រមទាំងបើកឱកាសឱ្យពួកគេធ្វើផ្នែកដែលជាទេពកោសល្យ និងបញ្ចេញនូវគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ដើម្បីរីកចម្រើនទាំងអស់គ្នា ទាំងក្រុមបុគ្គលិកក៏រីកចម្រើន និងក្រុមហ៊ុនក៏រីកចម្រើន។

2. គ្រប់គ្រងផ្នែកហិរញ្ញវត្ថុ

ការធ្វើអាជីវកម្មខ្នាតតូច និងមធ្យមភាគច្រើន តែងតែជួបប្រទះនូវបញ្ហាផ្នែកហិរញ្ញវត្ថុយ៉ាងញឹកញាប់​ដោយពេលខ្លះជាប់គាំងរឿងលំហូរសាច់ប្រាក់ ដែលឈានដល់ការបិទក្រុមហ៊ុនជាដើម។ ជួនកាលម្ចាស់អាជីវកម្ម តែងតែគ្រប់គ្រងហិរញ្ញវត្ថុដោយខ្លួនឯង ឬឱ្យភរិយាជួយគ្រប់គ្រងជាដើម ដែលភាគច្រើនការគ្រប់គ្រងនោះមិនបានល្អ ដោយហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនមានការច្របូកច្របល់គ្នា។ ជួនកាលជួលបុគ្គលិកឱ្យគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន ទាំងដែលខ្លួនឯងគ្មានចំណេះដឹងផ្នែកនេះ ដែលជាហេតុធ្វើឱ្យបុគ្គលិកអាចកេងចំណេញបាន ឬពេលខ្លះបុគ្គលិកធ្វើខុសក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ក៏មិនបានដឹង។ បន្ថែមពីនេះ ការមិនចេះគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ វាក៏ជាផ្នែកដែលធ្វើឱ្យម្ចាស់អាជីវកម្មមិនអាចបង្វិលរាល់បំណុល និងស្វែងរកដើមទុនបន្ថែមបានទាន់ពេលវេលាឡើយ។ល។ សំណួរសួរថា តើត្រូវដោះស្រាយបែបណា?

poor financial management

ដំណោះស្រាយ គឺម្ចាស់អាជីវកម្មត្រូវតែ៖

  • បែងចែកឱ្យដាច់ស្រេចរវាងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុក្រុមហ៊ុន
  • រៀបចំផែនការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុឱ្យបានល្អ (អាចរៀបដោយខ្លួនឯង និងរកជំនួយអ្នកដែលមានជំនាញផ្នែកនេះដើម្បីជួយ)
  • ពង្រឹងសមត្ថភាពលើចំណេះគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យឱ្យបានល្អបំផុតក្នុងនាមជាម្ចាស់អាជីវកម្ម