តើអ្នកធ្លាប់ជួបបញ្ហាពិបាកនៅពេលដែលគេស្នើរឲ្យនិយាយអំពីអាជីវកម្មដែរឬទេ?

633

តើ​អ្នក​ធ្លាប់​ជួប​បញ្ហា​ពិបាក​នៅ​ពេល​ដែល​គេ​ស្នើរ​ឲ្យ​និយាយ​អំពី​អាជីវកម្ម​ដែរឬទេ?

សុន្ទរកថាជណ្តើរយន្ត ឬ​ត្រូវ​បាន​គេ​និយម​ហៅ​ជា​ភាសា​អង់​គ្លេស Elevator Speech សំដៅ​លើ​ការនិយាយ​អធិប្បាយ​អំពី​អាជីវកម្មរបស់អ្នកជាសាធារណៈ ដោយ​​ច្នៃប្រឌិត ដោយ​ថាមពល​ និងដោយ​ឱ្យអ្នកស្តាប់ទទួល​អារម្មណ៍ដ៏ពុះកញ្ជោល​របស់​អ្នក​ចំពោះ​អាជីវកម្ម ក្នុង​រយៈ​ពេល​១ទៅ៣នាទី​។​ អ្នកអាចនិយាយក្នុងកម្មវិធី​​បណ្តាញ​ដើម្បី​ណែនាំខ្លួន ឬការ​ថ្លែង​​សុន្ទរថាបើកកម្មវិធី​ ។ សុន្ទរកថា​នេះនឹង​ជំរុញទឹកចិត្តទស្សនិកជនអោយចង់ស្វែងយល់បន្ថែម។

ឱកាសនិយាយអំពីអាជីវកម្មជាមួយអ្នកដទៃ ​តែង​តែ​កើត​មាន​ឡើងដោយ​មិន​ព្រៀង​ទុក​​។ ​អ្នកត្រូវ​តែ​បង្កើត​ ទម្លាប់និយាយ ​អំពី​ខ្លួនឯង​និងអាជីវកម្ម។ ក្នុងស្ថានភាព​ភ្លាម​ៗដែលគេស្នើសុំឱ្យអ្នក​ពិពណ៌នាអំពីអាជីវកម្ម​របស់​អ្នក​ អ្នកនឹង​មិន​ភ័យ​ មិន​មាន​សំពាធ ហើយ​មានទំនុកចិត្តជាមួយនឹងខ្លឹមសារនៃសុន្ទរកថាជណ្តើរយន្តរបស់អ្នក ព្រោះ​អ្នកដឹងពីអ្វីដែលត្រូវនិយាយ។

តើ​អ្នក​ធ្លាប់​ជួប​បញ្ហា​ពិបាក​នៅ​ពេល​ដែល​គេ​ស្នើរ​ឲ្យ​និយាយ​អំពី​អាជីវកម្ម​ដែរឬទេ? តើ​អ្វី​ដែល​ធ្វើ​ឲ្យ​កា​រ​អធិប្បាយ​របស់​អ្នក​មាន​ការ​រអាក់​រអួល​?

ពេល​ខ្លះ​ការ​និយាយ​ឲ្យ​បាន​ច្បាស់​ៗ​ និងនិយាយឲ្យ​សា្តប់​ទៅ​​មាន​ឥទ្ធិពល ​ក្នុង​ពេល​តែមួយ​ គឺ​មិន​មែន​ងាយ​ស្រួល​ដូច​ការ​គិតឡើយ ជាពិសេស​អ្នក​គឺ​ជា​មនុស្ស​ដែល​ដឹង​ស៊ី​ជម្រៅ​និង​គ្រប់​សកម្មភាព​ទាំងអស់​របស់​អាជីវកម្ម។ អ្នក​ដឹង​ពត៌មាន​​ច្រើន​ពេក​ ហើយ​ចំពោះ​ម្ចាស់​អាជីវកម្ម​ដូច​អ្នក​គឺ​មើល​ឃើញ​សឹង​គ្រប់​ផ្នែក​សុទ្ធ​តែ​ជា​ចំណុច​ល្អ​។​ ដូច្នេះ​តើ​ត្រូវ​លើក​និយាយអំពី​ចំណុច​ណា​ ហើយចោល​ចំណុច​ណា?

ការ​ជ្រើសរើស​ពត៌មានមួយ​ចំនួន​ក្នុង​ចំណោម​ពត៌មាន​ដ៏ច្រើន និង​ជម្រើស​ពាក្យ​ពេចន៍ដែល​មាន​ការ​បង្ហាញ​អំពី​ថាមពល​ និង​អារម្មណ៍​​ពុះ​កញ្ជ្រោលចំពោះ​អាជីវកម្មអ្នក​ គឺ​ជា​កិច្ច​ការ​លំបាក​មួយ។​ ការ​ដឹង​ច្រើន​អំពី​អាជីវកម្ម​របស់​អ្នក​​គឺ​ជា​រឿង​ខុស​គ្នា​អំពី​ការ​និយាយ​ឲ្យ​គេ​ចាប់​​អារម្មណ៍លើ​អាជីវកម្ម​អ្នក។

តើកត្តា​អ្វីខ្លះ​ដែលធ្វើឱ្យសុន្ទរកថាជណ្តើរ​យន្ត​​ជោគជ័យ? ឥទ្ធិពល​ទៅ​លើ​អ្នក​ស្តាប់​គឺ​ជា​មុខងារ​​សំខាន់​បំផុត​របស់​សុន្ទរកថាជណ្តើរ​យន្ត។ គោល​បំណង​របស់​អ្នក​គឺ​ចាប់​យក​ចំណាប់​អារម្មណ៍​ និង​បង្កើត​ចំណង់ឲ្យអ្នក​ស្តាប់​ចង់​ទំនាក់​ទំនង​ជាមួយ​អ្នក​។​ ​សុន្ទរកថារបស់​អ្នក​ត្រូវ​តែ​បង្ហាញ​​ច្បាស់ៗ​អំពី​ការ​ផ្តល់​ជូន និង​គុណ​តម្លៃ​​របស់​អ្នក។ ​ហើយ​វា​ក៏​ត្រូវ​តែ​ពាក់​ព័​ន្ធនិង​មាន​ការ​ជម្រុញ​ទឹក​ចិត្ត​ចំពោះ​ពួក​គេ​ផង​ដែរ​។

អ្នកអាចប្រើពត៌មានជំនួយខាងក្រោមនេះដើម្បីបង្កើតសុន្ទរកថារបស់អ្នក។ នេះគឺជារចនាសម្ព័ន្ធសាមញ្ញមួយ​ដែលអាច​ប្រើ​ជា​ជំនួយ​បាន​ ៖

  • ខ្ញុំឈ្មោះ​ … ហើយក្រុមហ៊ុនរបស់ខ្ញុំគឺ …។
  • សូមអរគុណសម្រាប់ឱកាសនេះ​។
  • យើងខ្ញុំ​ជួយ… (ពិពណ៌នាអតិថិជនគោលដៅ) ដែល …(ពិពណ៌នាអំពីបញ្ហាអតិថិជនទាំងនេះប្រឈមមុខ)។
  • យើងខ្ញុំ​ជួយអតិថិជន​​ (ពិពណ៌នាអំពីដំណោះស្រាយ) ។
  • អតិថិជនស្រលាញ់យើងខ្ញុំដោយសារ…..
  • យើងមានលក្ខណៈពិសេស​និង​ខុសប្លែក​…
  • អតិថិជន​ដែលបានប្រើប្រាស់​សេវាកម្ម​យើងនិយាយថាពួកគេពេញចិត្តនឹង​…..
  • នៅពេលយើងបំពេញការងារ​ យើងធានាជូន​នូវ​…..
  • ប្រសិនបើអ្នកទាំង​អស់​គ្នា​មាន​ការ​ចាប់អារម្មណ៍ក្នុងការស្វែងរកបន្ថែម….. (សកម្មភាពត្រូវធ្វើ) ។