Home ទូទៅ តោះ!ឱ្យសៀវភៅជំនួសបាច់ផ្កាថ្ងៃ១៤កុម្ភៈ

តោះ!ឱ្យសៀវភៅជំនួសបាច់ផ្កាថ្ងៃ១៤កុម្ភៈ

2311

ក្នុងរយៈពេលជាង​មួយទស្សវត្សន៍មកនេះ ថ្ងៃ១៤កុម្ភៈគឺជាថ្ងៃដែលក្មេងៗជំទង់ យុវវ័យ មនុស្ស​ចាស់មួយចំនួន​បាន​ទិញកាដូឱ្យគ្នា ជាពិសេស​បាច់​ផ្កា​ជូនទៅមនុស្សដែលខ្លួនស្រឡាញ់ដើម្បីបញ្ជាក់ក្តីស្នេហ៍គ្នាទៅវិញទៅមក ដែលថ្ងៃនេះគឺជាការទទួលឥទ្ធិពលវប្បធម៌លោកខាងលិច ដែលគេឱ្យឈ្មោះ​ថា​ទិវា​នៃ​ក្តីស្រឡាញ់។ ប៉ុន្តែ ដើម្បីជាប្រយោជន៍ និងគុណតម្លៃ យើងគួរតែមានការផ្លាស់ប្តូរឥរិយាបថនេះ ដោយជំនួសឱ្យការឱ្យបាច់ផ្តា យើងគួរតែឱ្យអ្វីផ្សេងដើម្បីបញ្ជាក់ពីក្តីស្រឡាញ់​របស់យើងចំពោះមនុស្សពិសេស។

ខ្ញុំគិតថា សៀវភៅគឺជាកាដូដ៏វិសេសសម្រាប់យើងឱ្យទៅមនុស្សដែលយើងស្រឡាញ់ជាងការឱ្យបាច់ផ្កា។ ហេតុអ្វី? ព្រោះ​ថា​ នៅប៉ុន្មានខាងមុខបន្ទាប់ពីឱ្យផ្កា ផ្កានោះនឹងបាត់បង់សម្រស់ និងស្វិតស្រពោន ឬក៏អស់ន័យខ្លឹមសារនៅពេលណាមួយ ប៉ុន្តែ​អត្ថន័យនៅក្នុងសៀវភៅនឹងដិតជាប់ឋិតឋេរជានិរន្ត​និងផ្តល់នូវគុណតម្លៃចំណេះដឹងថ្មីៗដល់​មនុស្ស​ជាទី​ស្រឡាញ់របស់អ្នក​ផងដែរ។ សៀវភៅអាចជម្រុញ និងលើកទឹកចិត្ត ធ្វើឱ្យយើងភ្លឺស្វាង បង្រៀន​និងអប់រំ ផ្តល់ការកម្សាន្តអារម្មណ៍ បំភ្លឺជីវិត​ និង​ពង្រឹងការគិតរបស់យើងផងដែរ។

ប៉ុន្តែ​អ្វីដែលគួរឱ្យសង្វេកនៅថ្ងៃទិវានៃក្តីស្រឡាញ់នោះ មនុស្សជាច្រើនបានចំណាយលុយមិនត្រូវ​និងមិនបានផលត្រឡប់ជាគុណតម្លៃទាល់តែសោះដោយសារតែការតម្រង់ជួរគ្នាទិញផ្កា តែ​មាន​មិនសូវច្រើន​ប៉ុន្មានទេដែលទិញសៀវភៅ។ តែនេះ ក៏ជាកត្តាមួយដ៏សំខាន់សម្រាប់បែងចែក​ក្រុមអ្នកមានឱកាសជោគជ័យ​ច្រើន និង​អ្នកដែលរស់នៅតាមយថាកម្មផងដែរ ព្រោះថា ប្រសិនបើយើងធ្វើដូចគេដូចឯង យើងប្រាកដមានស្ថានភាពដូចអ្នកទាំងនោះផងដែរ។ ប៉ុន្តែ មនុស្សមួយក្រុមដែលឱ្យតម្លៃលើសៀវភៅ ហើយទិញសៀវភៅឱ្យអ្នកដែលខ្លួនស្រឡាញ់ គាត់គឺជាអ្នកបង្ហាញផ្លូវ និងជួយជម្រុញ​ឱ្យមនុស្សដែលគាត់ស្រឡាញ់មានភាពលេចធ្លោ និងមានដើរលឿនជាងអ្នកដទៃ។

វាគឺជាពេលវេលាមួយសមរម្យដែលយើងគួរតែ​ផ្លាស់ប្តូរ ប្រសិនបើយើងមិនអាចទប់ស្កាត់ឥទ្ធិពលវប្បធម៌ទេ យើងគួរតែកែខៃ និងទាញយកផលចំណេញមកវិញមកពីទិវាទាំងនោះដោយជំនួស​ឱ្យ​ការផ្តល់​បាច់ផ្កា ឬបន្ទះសូកូលា ទៅជាការដូសៀវភៅវិញសម្រាប់បង្ហាញពីក្តីស្នេហ៍ឬក្តីស្រឡាញ់របស់យើង។

បច្ចុប្បន្នគឺជាសម័យកាលឌីជីថលដែលទាមទារឱ្យយើងមានចំណេះដឹងខ្ពង់ខ្ពស់​ដើម្បី​អាចរស់បានសុខស្រួល​ និងដើរលឿនជាងគេបាន។ អាស្រ័យ​ហេតុនេះ ការឱ្យកាដូជាសៀវភៅគឺជាជម្រើសដ៏ប្រសើរបំផុតដែល​ប្រៀបដូចជាយើងឱ្យគុណតម្លៃ ឱ្យចំណេះដឹង និងធ្វើជា​ពលរដ្ឋគំរូផងដែរ ព្រោះ​ថា​ ប្រទេស​កម្ពុជាត្រូវការអ្នកចេះដឹង ត្រូវការអ្នកឆ្លាតវៃ ត្រូវការអ្នកដើរតាមទាន់សម័យបច្ចេកវិទ្យាដើម្បីភាពរីកលូតលាស់លឿន និងដើម្បីភាពរីកចម្រើនជានិរន្ត។

Previous articleជ្រើសរើស​អ្នកទីផ្សារឌីជីថល
Next articleផ្លូវជាតិ​លេខ១​ប្រែមុខមាត់យ៉ាងលឿនទៅជាតំបន់​ពាណិជ្ជកម្មទំនើបដែលមានសក្តានុពល
គំនិត គឺជាគេហទំព័រ​មួយ​ដែលជួយ​ពង្រឹងចំណេះដឹងទាក់ទង​នឹង​ធុរកិច្ច​ដល់សហគ្រិនខ្មែរ​ដែលកំពុង​តែ​គ្រប់គ្រង និង​ដឹកនាំ​អាជីវកម្មខ្នាតតូច និងមធ្យមរបស់ខ្លួន​ ជាពិសេស​នៅលើយុទ្ធសាស្ត្រទីផ្សារ​សម័យទំនើប ការគ្រប់គ្រង​អាជីវកម្ម ការអភិវឌ្ឍន៍អាជីវកម្ម និង​ការ​រក្សា​កំណើន​រីកចម្រើនអាជីវកម្ម។ ពួកយើងចង់បំផុស​គំនិតច្នៃប្រឌិត គំនិត​នវានុវត្ត និងការ​ចេះដោះស្រាយបញ្ហាអាជីវកម្មដោយខ្លួនឯង ដែលសុទ្ធសឹងតែជាជំនាញ​ចាំបាច់ខ្លាំង​នៅក្នុង​សម័យកាលឌីជីថល។ គំនិត ចង់ឃើញ​សហគ្រិនខ្មែរ អាជីវកម្មខ្មែរ​មាន​ភាព​ប្រកួតប្រជែងខ្ពស់ និង​អាចរីកលូតលាស់​ធំធាត់​យូរអង្វែង និង​អាចឈានជើង​ចូលទីផ្សារ​អន្តរជាតិ។