ទិញFacebook Page Like គឺជាការចាយលុយខ្ចះខ្ជាយ

1185

មាន​សេវាកម្ម​លក់ Page Like ជាច្រើន​បាន​ប្រកាស​ព្រោងព្រាតនៅលើបណ្តាញ​សង្គមFacebook ដែលជា​កន្លែង​ដែល​កំពុង​ពេញនិយម​សម្រាប់អាជីវកម្ម ហើយអ្នកខ្លះ​បាន​ធ្វើ​ការអះអាងថាទិញ​ Page Likeដែល​ពួក​គេ​លក់ឱ្យ នឹងធ្វើ​ឱ្យ​ម្ចាស់អាជីវកម្មបង្កើនការ​លក់ទៀត​ផង។

តើ​គួរ​ទិញ​ Facebook Page Likeដែល​មាន​ស្រាប់​ ឬចាយ​លុយសម្រាប់បង្កើនការ Like Page  ឬទេ? នេះគឺជា​សំណួរ​មួយ​ដែលម្ចាស់អាជីវកម្ម ឬ​អ្នកទីផ្សារតែង​តែ​លើកជា​ចម្ងល់ និង​ចោទសួរមក​កាន់ខ្ញុំជាច្រើន។ ចំពោះ​ខ្ញុំ ការទិញ Facebook Page Like គឺជា​ការ​ចាយលុយ​ដ៏ខ្ចះខ្ជាយ និង​មិនមែន​ជា​ការ​វិនិយោគ​ទេ គឺជា​ការចំណាយ​សុទ្ធសាធសម្រាប់​អាជីវកម្ម។ ហេតុអ្វី?

ការទិញ Facebook Page Like គឺជា​ការ​ចាយលុយ​ដ៏ខ្ចះខ្ជាយ និង​មិនមែន​ជា​ការ​វិនិយោគ​ទេ គឺជា​ការចំណាយ​សុទ្ធសាធសម្រាប់​អាជីវកម្ម។

មុន​ដំបូង​បង្អស់អ្នកត្រូវ​ចោទសួរ​អ្នកណាខ្លះជាអ្នក Like Page នោះ?

យើង​ត្រូវ​ចោទសួរ​ថា តើ​Page ដែល​គេលក់ឱ្យ​ មាន​Likeច្រើន​ស្រាប់ ឬអ្នក​ដែល​ Like Page នោះគឺជា​អតិថិជន​គោលដៅ​របស់យើង​ដែរ​ឬទេ? ប្រសិន​បើមិនមែន​ទេ ចំនួន​ Like ច្រើន គឺ​បាន​តែ​បរិមាណប៉ុណ្ណោះ​​ តែគ្មាន​គុណភាព មានន័យថា យើង​មិនអាច​លក់ឬ​រក​ចំណូល​ពី​អ្នក Like ទាំង​នោះបានទេ។ សេវាកម្មបង្កើន​Page Like ភាគច្រើន​គឺប្រើប្រាស់វិធី​ផ្សេងៗ​ដូច​ជា​ប្រើប្រាស់​គណនីក្លែង​ក្លាយ​ដើម្បី​ឱ្យ​ឃើញ​មានចំនួន Like ច្រើន ឬក៏ទិញ​ Like ពី​ក្រៅប្រទេស។ ដូចនេះ​អ្នកត្រូវ​ត្រួត​ពិនិត្យ​ឱ្យលម្អិត​ថាតើ ចំនួន​Like នោះ​មកពីណា​? តើនៅប្រទេសកម្ពុជា ឬក៏​ប្រទេសផ្សេង?​ បើប្រទេស​ផ្សេង​វិញ វា​រិត​តែធ្វើ​ឱ្យ​ការចំណាយ​ឥត​ប្រយោជន៍​ថែមទៀត​សម្រាប់ការទិញ​នេះ។ វិធីសាស្ត្រ​ខ្លះ​ទៀត​ដែលគេ​បង្កើត​ Page Like ឱ្យ​បានច្រើនផ្សេងទៀត​គឺមាន​ដូចជា​ បង្ហោះវីដេអូ និងរូបភាពកម្សាន្ត​ បង្ហោះពាក្យ​ស្លោកស្នេហា ឬស៊ីអារម្មណ៍ ឬ​វីដេអូ​ដែលអាចទាក់ទាញ​ Likeផ្សេងៗទៀត​ដើម្បី​បង្កើន​ការ​ Like Page ឱ្យ​បានច្រើន​ក្នុង​រយៈពេលខ្លី ដែលទាំងនេះ ​ខ្ញុំ​សូមទាញ​ចំណាប់អារម្មណ៍​ឱ្យ​ពិចារណា​ម្តងទៀត​ថា​តើ​ពួកគាត់ដែល Like Page ទាំងនោះពិតជា​អតិថិជន​គោលដៅដែរឬទេ?

មាន​អ្នក​Like Page ច្រើន​មិន​មែនមាន​ន័យ​ថា​អាច​លក់បានច្រើន

មានមនុស្សជាច្រើន​យល់ច្រឡំ​ថា នៅពេលដែលពួកគេ​មាន​អ្នក​ Like Page ច្រើនគឺ​នឹងធ្វើ​ឱ្យ​គេ​អាច​បង្កើន​ការ​លក់ ឬរក​ចំណូល​បានច្រើន។ ប៉ុន្តែ​ជាក់ស្តែង​វា​មិនមែន​យ៉ាង​ដូច្នេះនោះទេ។ អ្នកត្រូវតែ​មាន​យុទ្ធ​សាស្ត្រ​ធ្វើ​ទីផ្សារ និង​ការ​លក់ឱ្យ​បានល្អ​ទើប​អាច​រកចំណូល​ពីការ​លក់បាន។

Facebook រកចំណូល​បាន​ពីការ​ផ្សព្វផ្សាយ​របស់អ្នក

តើមានន័យ​ដូចម្តេច? មានន័យ​ថា Facebookអាចរស់​រានបានដោយសារបានចំណូលពីអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ​បណ្តាញសង្គមមួយនេះ។ ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​​ បច្ចុប្បន្ននេះ Facebookគឺជា​កន្លែង​ចាយ​លុយ​ ដើម្បី​រកលុយ ហើយសម្រាប់​ការ​បង្ហោះ​ដែលមិនមាន​ការចាយលុយ​ផ្សព្វផ្សាយ Facebook បានធ្វើ​ការ​កម្រិត​អត្រា​ភាគរយឱ្យ​អ្នក​ Like Page ឃើញ​មានកម្រិត​ទាប​បំផុតគឺ​ប្រមាណ១%ប៉ុណ្ណោះ​នៃអ្នក Like សរុប មានន័យថាប្រសិន​បើអ្នក​មាន​អ្នកLike Page 10ម៉ឺននាក់ អ្នក​ដែល​អាច​ឃើញ​អ្វីដែលអ្នក​ Post គឺ​មាន​ប្រមាណ១ពាន់អ្នកប៉ុណ្ណោះ។ ហើយដើម្បី​អាច​ឱ្យ​គេ​មើលឃើញ​ច្រើន ឬទៅដល់អតិថិជន​គោលដៅ​បានច្រើន​ អ្នកត្រូវ​តែ​ចំណាយ​លុយ​ផ្សព្វផ្សាយ។

មាន​ម្ចាស់អាជីវកម្ម​ជាច្រើន​បាន​ខក​បំណង​ដោយសារ​តែមិន​បាន​យល់ច្បាស់ពី Facebook Page ហើយ​បានធ្វើ​ឱ្យគាត់​សម្រេចចិត្ត​ខុស​ក្នុង​ការ​ទិញ Page Like ដែល​មិនបាន​ផ្តល់​ផល​អ្វី​ទាល់តែសោះសម្រាប់គាត់។ ប្រសិន​បើមាន​អ្នកផ្តល់សេវាលក់ Like Page ឱ្យ​អ្នក ​អ្នកគួរ​តែគិត​ម្តងទៀត! គិត​ម្តងទៀត! ហើយ​ម្តងទៀត! សម្រាប់ខ្ញុំវិញ ការទិញ​ Page Like ច្រើន ឬក៏ទិញ​ Page ដែលមាន​ Like ច្រើន​ស្រាប់គឺជា​ការ​ខ្ជះខ្ជាយ​លុយ​ មិនមែនជាការ​វិនិយោគ។ មាន​តែ​ការ​រៀបចំយុទ្ធាសាស្ត្រ​ទីផ្សារ និង​ការ​លក់​នៅលើបណ្តាញសង្គម​ឱ្យបានត្រឹមត្រូវ​តែប៉ុណ្ណោះ​ដែល​អាចជួយ​ឱកយ​អាជីវកម្ម​របស់យើងទទួលបានជោគជ័យបាន។

Previous article៤​យុទ្ធសាស្រ្តចូលទីផ្សារកម្ពុជារបស់ Uber
Next article៥ចំណុចដែលម្ចាស់អាជីវកម្មត្រូវដឹងអំពីFacebookសម្រាប់ឆ្នាំ២០១៨
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។