បើមានលុយតិច តើគួរវិនិយោគលើអ្វីទើបល្អ?

53
បើមានលុយតិច តើគួរវិនិយោគលើអ្វីទើបល្អ?

នៅពេលមានលុយតិច​ ប៉ុន្តែចង់ធ្វើកិច្ចការងារជាច្រើនទៀតដើម្បីធ្វើឱ្យជីវភាពផ្ទាល់ខ្លួនកាន់តែមានភាពល្អប្រសើរ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថាកិច្ចការងារទាំងនោះវាទាមទារឱ្យមានលុយច្រើន ដូចជាចង់បើកអាជីវកម្មផ្ទាល់ខ្លួន និងមានគម្រោងធំៗផ្សេងទៀត។ ម្យ៉ាងទៀត អាចជាសិស្សនិស្សិត និងអ្នកកំពុងបម្រើការងារឱ្យគេ ដោយបច្ចុប្បន្នមានលុយតិច ប៉ុន្តែចង់ប្រើលុយទាំងនោះដើម្បីជួយខ្លួនឯងក្នុងការបង្កើតលុយបន្ថែម ឬមានគម្រោងវិនិយោគលើអ្វីមួយ ប៉ុន្តែមិនដឹងវិនិយោគលើអ្វីទើបល្អ។

នៅក្នុងខ្លឹមសារអត្ថបទនេះ នឹងជួយបង្ហាញផ្លូវក្នុងការសម្រេចចិត្តវិនិយោគឱ្យបានត្រឹមត្រូវ ទោះបីជាអ្នកមានលុយតិចក៏ដោយ។

1. វិនិយោគលើការពង្រឹងសមត្ថភាព

នៅពេលដែលអ្នកមានលុយតិច ដោយមិនអាចធ្វើអ្វីបានច្រើន ឬមិនអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនបាន អ្នកមិនត្រូវតូចចិត្តនឹងខ្លួនឯងហើយមិនព្រមធ្វើអ្វីនោះឡើយ។ ការដែលមានលុយតិច អ្នកក៏អាចមានឱកាសវិនិយោគលើការពង្រឹងសមត្ថភាពរបស់អ្នកឱ្យខ្លាំងបានដែរ ដើម្បីប្រើការជាប្រយោជន៍នាពេលអនាគត ដោយអ្នកអាចយកសមត្ថភាពនោះមកបង្កើតលុយបាន។

ការវិនិយោគលើការពង្រឹងសមត្ថភាពនេះ អ្នកអាចយកលុយដែលអ្នកមានមកបែងចែកដើម្បីទិញវគ្គសិក្សាខ្លីៗមកសិក្សា ឬទិញសៀវភៅណាដែលជាចំណង់ចំណូលចិត្ត ជាសៀវភៅដែលអ្នកចង់ចេះចង់ដឹង និងចង់អភិវឌ្ឍន៍ខ្លួន បន្ទាប់មកសិក្សាឈ្វេងយល់ដើម្បីបង្កើនចំណេះដឹងឱ្យខ្លាំង។ ម្យ៉ាងទៀត អ្នកក៏អាចចំណាយលុយទិញសំបុត្រចូលរួមសិក្ខាសាលាដែលពាក់ព័ន្ធនឹងការចង់ពង្រឹងសមត្ថភាពរបស់អ្នក ដើម្បីពង្រីកការយល់ដឹងរបស់អ្នកបន្ថែម។

បន្ថែមពីនេះ អ្នកក៏ត្រូវចងចាំផងដែរថា ដើម្បីធ្វើឱ្យការវិនិយោគរបស់អ្នកទទួលបានជោគជ័យ អ្នកត្រូវហ៊ានចំណាយ និងត្រូវតែវិនិយោគឱ្យបានត្រឹមត្រូវ។ ឧទាហរណ៍៖ ប្រសិនបើអ្នកចង់ពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងផ្នែកធ្វើទីផ្សារ អ្នកក៏ត្រូវជ្រើសរើសវគ្គសិក្សាដែលមានភាពពាក់ព័ន្ធនឹងផ្នែកទីផ្សារ ត្រូវជ្រើសរើសគ្រូបង្វឹកឬអ្នកបង្ហាត់បង្ហាញដែលមានជំនាញផ្នែកនោះ និងត្រូវហ៊ានចំណាយលើអ្វីផ្សេងទៀតដែលអាចជួយជំរុញអ្នកឱ្យរីកចម្រើនផ្នែកធ្វើទីផ្សារនោះបាន។ មិនមែនមានបំណងចង់ក្លាយជាអ្នកខ្លាំងផ្នែកទីផ្សារ​ ហើយវិនិយោគលើអ្វីផ្សេងទៀតតាមមិត្តភក្តិ ឬមិនជាប់ពាក់ព័ន្ធនឹងអ្វីដែលអ្នកចង់បាន។ ម្យ៉ាងទៀត ចង់រីកចម្រើនដែរ ប៉ុន្តែមិនហ៊ានចំណាយលើការវិនិយោគលើអ្វីដែលអាជួយខ្លួនឯងឱ្យរីកចម្រើន បែរជាចំណាយលើសម្ភារៈមិនចាំបាច់ទៅវិញ។

បន្ថែមពីនេះ អ្នកខ្លួនឯងក៏ត្រូវមានការតាំងចិត្ត និងតស៊ូព្យាយាមផងដែរ ទើបការវិនិយោគរបស់អ្នក ទទួលបានលទ្ធផលទៅតាមអ្វីដែលអ្នកគិតស្រមៃនោះ។

ប្រសិនបើអ្នកអាចវិនិយោគលើចំណេះដឹង និងសមត្ថភាពដើម្បីធ្វើឱ្យអ្នករីកចម្រើន វាជាការគិតយ៉ាងត្រឹមត្រូវ ពីព្រោះទាំងពីរនេះជាឫសគល់ដ៏រឹងមាំសម្រាប់ភាពជោគជ័យ និងជាម៉ាស៊ីនផលិតលុយក្នុងរយៈពេលវែងនាពេលអនាគត។

2. វិនិយោគលើការសេពគប់ត្រូវ

នៅក្នុងចំណុចនេះ មានន័យថា ប្រសិនបើអ្នកមានគោលបំណងចង់រីកចម្រើន និងចង់ពង្រឹងសមត្ថភាពខ្លួនលើផ្នែកណាមួយហើយ អ្នកអាចស្វែងរកបុគ្គលណាដែលមានចំណេះផ្នែកនោះដើម្បីសេពគប់រៀនសូត្រជាមួយពួកគាត់បន្ថែម។ ហើយដើម្បីអាចសេពគប់បាន អ្នកអាចឧស្សាហ៍ណាត់ជួបពួកគេ ហើយអាចចំណាយលុយរបស់អ្នកដើម្បីប៉ាវពួកគាត់ញុំាអ្វីមួយតាមលទ្ធភាពដែលអ្នកមាន និងជាអ្វីដែលបុគ្គលនោះចូលចិត្ត។

សូមបញ្ជាក់ផងដែរ កុំធ្វើបែបនេះញឹកពេក ប៉ុន្តែត្រូវជ្រើសរើសពេលវេលាឱ្យបានត្រឹមត្រូវ ព្រមទាំងត្រូវមានការរៀបចំទុកជាមុនក្នុងការណាត់ជួបពួកគេ ការពារកុំឱ្យបានតែណាត់ជួប ប៉ុន្តែមិនទទួលបានអ្វីសោះ។