ប្រភេទបុគ្គលិកទាំង 6 ម្ចាស់អាជីវកម្មត្រូវរក្សាទុកឱ្យបានល្អ

106
ប្រភេទបុគ្គលិកទាំង 6 ម្ចាស់អាជីវកម្មត្រូវរក្សាទុកឱ្យបានល្អ

នៅក្នុងអង្គភាពនីមួយៗ តែងតែមានបុគ្គលិកជាច្រើនប្រភេទ ដោយមានទាំងប្រភេទបុគ្គលិកល្អ និងប្រភេទបុគ្គលិកមិនល្អ ប៉ុន្តែម្ចាស់អាជីវកម្ម ត្រូវតែផ្ដោតឱ្យខ្លាំង ព្រមទាំងត្រូវតែរក្សាឱ្យបានល្អលើប្រភេទបុគ្គលិកដែលមានប្រភេទដូចខាងក្រោម៖

បុគ្គលិកប្រភេទទី1. មានគំនិតបង្កើតថ្មី និងច្នៃប្រឌិត

បុគ្គលិកប្រភេទនេះ ចូលចិត្តសិក្សាស្រាវជ្រាវច្រើន និងតេស្តនូវអ្វីដែលពួកគេចង់ចេះ ចង់ដឹងបន្ថែម ដើម្បីជួយដល់ការងាររបស់គេឱ្យកាន់តែមានលទ្ធផលខ្ពស់ និងងាយស្រួលជាងមុន។ លើសពីនេះ ចូលចិត្តបង្កើតអ្វីថ្មីៗ គិតបែបថ្មីៗ និងរិះរកមធ្យោបាយថ្មីៗ ដើម្បីធ្វើយ៉ាងណាឱ្យឆាប់សម្រេចបាននូវគោលដៅរបស់អង្គភាព។

បុគ្គលិកប្រភេទទី2. មានសមត្ថភាពដោះស្រាយបញ្ហាដ៏ល្អ

បុគ្គលប្រភេទនេះ ចូលចិត្តស្ដាប់ ចូលចិត្តវិភាគ ដើម្បីឈ្វេងយល់អំពីស្ថានភាពបញ្ហា និងមានការគំនិតបែបច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពឆ្លាតវៃ។ លើសពីនេះ ពួកគេជាមនុស្សដែលមានជំនាញទំនាក់ទំនងដ៏ល្អជាមួយក្រុមការងារ និងចេះវិធីក្នុងការសម្រេចបានយ៉ាងល្អ។

បុគ្គលិកប្រភេទទី3. មានផ្នត់គំនិតចង់រីកចម្រើន

ជាប្រភេទបុគ្គលិកដែលមានសមត្ថភាពអាចគ្រប់គ្រងផ្នត់គំនិតផ្ទាល់ខ្លួន និងរៀនអ្វីថ្មីៗ។ លើសពីនេះ ជាមនុស្សហ៊ានប្រឈមមុខនឹងបញ្ហានានា ហ៊ានទទួលស្គាល់ការពិត ជំនះរាល់ភាពខ្ជិល ស្រ្តេស ឬលេសជាដើម និងផ្ដោតលើភាពរីកចម្រើនផ្ទាល់ខ្លួន ព្រមទាំងផ្ដោតលើការធ្វើឱ្យមានភាពប្រសើរឡើងនៅក្នុងកន្លែងការងារ និងជីវិតផ្ទាល់ខ្លួន។

បុគ្គលិកប្រភេទទី4. មានផែនការច្បាស់លាស់ក្នុងការងារ

ជាប្រភេទបុគ្គលិកដែលស្គាល់ច្បាស់ពីតួនាទី ទំនួលខុសត្រូវផ្ទាល់ខ្លួន និងស្គាល់ច្បាស់ពីគោលដៅរបស់អង្គភាពទាំងមូល ព្រមទាំងរៀបឱ្យមានផែនការប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ ដើម្បីឆ្លងជាមួយថ្នាក់ដឹកនាំ ឬប្រធាន បន្ទាប់មកអនុវត្តន៍ដើម្បីធ្វើយ៉ាងណាឱ្យឆ្ពោះទៅកាន់គោលដៅរបស់អង្គភាព និងតែងតែត្រួតពិនិត្យលទ្ធផលការងារជាប្រចាំថ្ងៃ។ អ្វីដែលសំខាន់ ជាមនុស្សដែលដឹងច្បាស់ថា ថ្ងៃនេះ ពួកគេត្រូវធ្វើការងារអ្វី ត្រូវបញ្ចប់ការងារណាសំខាន់មុន គោរពពេលវេលា គោរពពាក្យសន្យា ម៉ត់ចត់ និងធ្វើអ្វីដោយផ្ដោតលើអ្វីដែលថ្នាក់ដឹកនាំត្រូវការ ហើយតែងតែផ្ដល់ជូននូវលទ្ធផលលើសពីការរំពឹងទុកទៅកាន់ប្រធាន ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់។

បុគ្គលិកប្រភេទទី5. មានផែនការច្បាស់លាស់នៅក្នុងជីវិត

ជាបុគ្គលិកធ្វើការងារដែលខ្លួនឯងស្រលាញ់ពេញចិត្ត មិនងាយបោះបង់ និងតែងតែឆ្ពោះទៅមុខដើម្បីការងាររីកចម្រើន និងអាចសម្រេចបានក្ដីប្រាថ្នានៅក្នុងជីវិតរបស់ពួកគេ។ លើសពីនេះ ជាបុគ្គលដែលខិតខំធ្វើការពោរពេញដោយថាមពល និងមានមហ្ឆិចតាខ្ពស់ ដើម្បីឱ្យស្របជាមួយនឹងអ្វីដែលពួកគេបានកំណត់នៅក្នុងគោលដៅរបស់ពួកគេ ថែមទាំងជាមនុស្សរីករាយនឹងជីវិតខ្លួនឯង និងជាបុគ្គលរីកចម្រើន។

បុគ្គលិកប្រភេទទី6. មានបុគ្គលិកលក្ខណៈល្អ

សំដៅលើបុគ្គលិកដែលមានផ្នត់គំនិតវិជ្ជមាន មានអាកប្បកិរិយាល្អ មានភាពស្មោះត្រង់ តស៊ូ ព្យាយាម អំណត់ និងជាបុគ្គលដែលមានគុណភាព ដោយធ្វើអ្វីគឺតែងតែទទួលបានលទ្ធផលល្អ និងមានការផ្ដោតខ្លាំង។