Home ទូទៅ ភាពខុសគ្នារវាង ធ្វើការប្រើប្រាស់កម្លាំងកាយ និងធ្វើការប្រើខួរក្បាល

ភាពខុសគ្នារវាង ធ្វើការប្រើប្រាស់កម្លាំងកាយ និងធ្វើការប្រើខួរក្បាល

36
ភាពខុសគ្នារវាង ធ្វើការប្រើប្រាស់កម្លាំងកាយ និងធ្វើការប្រើខួរក្បាល

ការធ្វើការ មានពីរប្រភេទ ទី1. ការធ្វើការដោយប្រើប្រាស់កម្លាំងកាយ និងទី2. ការធ្វើការដោយប្រើប្រាស់ខួរក្បាលច្រើន។ ហើយសំណួរសួរថា តើការធ្វើការងារមួយណាល្អជាង? ចម្លើយ គឺគ្មានការងារណាដែលមិនល្អ ហើយយើងក៏មិនអាចថាមួយណាល្អជាងដែរ ដោយវាអាស្រ័យលើភាពពេញចិត្តរបស់បុគ្គលម្នាក់ៗជាអ្នកកំណត់ និងសម្រេចចិត្តធ្វើវា។ ប៉ុន្តែ! នៅក្នុងអត្ថបទខាងក្រោមនេះ នឹងបង្ហាញពីភាពខុសគ្នារវាងការធ្វើការទាំងពីរប្រភេទនេះ ដើម្បីចៀសវាងនូវការនិយាយប្រៀបធៀប ឬនិយាយជាន់ពន្លិចគ្នាលើការធ្វើការងារ។ បន្ថែមពីនេះ ក៏ជាការផ្ដល់ជាគំនិតដល់បងប្អូនក្នុងការសម្រេចចិត្តថា តើខ្លួនឯងគួរតែផ្ដោតធ្វើការក្នុងប្រភេទមួយណា?

ធ្វើការប្រើប្រាស់កម្លាំងកាយ

  • ប្រាក់ខែ៖ ទទួលបានលុយច្រើននៅពេលអ្នកកំពុងមានកម្លាំងកាយរឹងមាំ ប៉ុន្តែនឹងថយចុះនៅពេលកម្លាំងរបស់អ្នកថយចុះ។ ប្រាក់ខែឡើងចុះ ទៅតាមកម្លាំងដែលអ្នកអាចទ្រាំទ្របាន និងកំពុងមាន ព្រមទាំងប្រាក់ខែនៅថេរ ឬឡើងតិចតួច ដោយនៅតែប៉ុណ្ណឹងរហូត បន្តជាជំនាន់ ។ល។
  • ពេលវេលា៖ បើធ្វើការ 8 ម៉ោងក្នុងមួយថ្ងៃ គឺត្រូវតែសម្រុកធ្វើការឱ្យគ្រប់ម៉ោង ដោយមានពេលវេលាសម្រាកតែពេលញុំាបាយ និងម៉ោងចេញធ្វើការប៉ុណ្ណោះ។ បន្ថែមពីនេះ អាចរៀងពិបាកក្នុងការសុំច្បាប់សម្រាកដើរលំហែរកំសាន្តជាមួយគ្រួសារ ឬពេលមានជម្ងឺផ្សេងៗ។
  • សុខភាព៖ កម្លាំងកាយនឹងចុះទន់ខ្សោយបន្ដិចម្ដង ព្រមទាំងត្រូវនឿយហត់ជាខ្លាំង ពីព្រោះប្រើកម្លាំងកាយរហូត ព្រមទាំងសុខភាពក៏ចាប់ផ្ដើមមិនល្អនាពេលខាងមុខ។
  • ទោះបីជាយ៉ាងណា ក៏ក្នុងនោះក៏មានគុណសម្បត្តិដែរ ដូចជាអាចមិនត្រូវគិតស្មុគស្មាញក្នុងការធ្វើកិច្ចការងារទាំងនោះឡើយ គ្រាន់តែប្រើកម្លាំងកាយដើម្បីបំពេញការងារនោះដដែលៗដូចសព្វមួយដង។

ធ្វើការប្រើខួរក្បាល

  • ប្រាក់ខែ៖ ទទួលបានលុយច្រើនទៅតាមចំណេះជំនាញ ភាពប៉ិនប្រសប់ និងបទពិសោធន៍ការងារជាក់ស្ដែង។ ចំពោះប្រាក់ខែ អាចទទួលបានតិចនៅពេលដំបូង និងត្រូវការព្យាយាមនៅគ្រាដំបូងឱ្យបានច្រើនក្នុងរយៈពេលខ្លី ដើម្បីទទួលបានប្រាក់ខែខ្ពស់ ក្នុងរយៈពេលវែងនាពេលខាងមុខ។
  • ពេលវេលា៖ ទោះបីជាធ្វើការរយៈពេល 8 ម៉ោង ក៏មានពេលសម្រាកគ្រប់គ្រាន់ និងអាចធ្វើកិច្ចការងារបានជាច្រើន សមស្របនឹងអ្វីដែលខ្លួនឯងចង់បាន និងក្រុមហ៊ុនក៏ចង់បានពីអ្នក។ បន្ថែមពីនេះ ក៏មានភាពងាយស្រួលក្នុងការឈប់សម្រាក និងមានពេលគ្រប់គ្រាន់ក្នុងការធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ។
  • សុខភាព៖ កម្លាំងកាយអាចនឹងមិនចុះខ្សោយឡើយ ប៉ុន្តែអាចចុះខ្សោយ ឬនឿយហត់ក្នុងការគិត ពីព្រោះការងារដោយប្រើខួរក្បាល គឺត្រូវគិតលើរឿងរ៉ាវច្រើនដើម្បីបង្កើត ឬដោះស្រាយលើអ្វីមួយ។ ទោះបីជាយ៉ាងនេះក្ដី កិច្ចការងារនេះ គឺអាចគិត និងរៀបចំផែនការ ដើម្បីឱ្យអ្នកផ្សេងបំពេញការងារជំនួសបាន ដោយហត់តែដំបូងប៉ុណ្ណោះ និងតាមដានពិនិត្យតាមក្រោយ ទៅតាមទំនួលខុសត្រូវ និងតួនាទីផ្ទាល់ខ្លួន។
  • បន្ថែមពីនេះ ការធ្វើការងារដោយប្រើខួរក្បាល គឺអ្នកអាចធ្វើអ្វីតាមក្ដីស្រមៃ និងអាចពង្រីកសមត្ថភាពដើម្បីធ្វើរឿងជាច្រើនទៅតាមភាពចង់បាន ព្រមទាំងមើលឃើញឱកាសច្រើននាពេលអនាគត។

សូមបញ្ជាក់ផងដែរថា ខ្លឹមសារខាងលើ គ្រាន់តែជាជ្រុងនៃការបង្ហាញមួយផ្នែកប៉ុណ្ណោះ ដោយសារក្នុងនោះវាមានរឿងរ៉ាវជាច្រើនដែលបកស្រាយស្ទើមិនអស់។