ភាពខុសគ្នារវាង សេវាកម្មអតិថិជនល្អ និងសេវាកម្មអតិថិជនឆ្នើម

24
ភាពខុសគ្នារវាង សេវាកម្មអតិថិជនល្អ និងសេវាកម្មអតិថិជនឆ្នើម

សេវាកម្មអតិថិជន មានសារៈសំខាន់ណាស់សម្រាប់គ្រប់ក្រុមហ៊ុនទាំងអស់ ជាពិសេសក្រុមហ៊ុនដែលផ្ដោតលើការលក់ផលិតផល ឬផ្ដល់សេវាកម្មផ្នែកណាមួយដល់អតិថិជន។ បន្ថែមពីនេះ ការផ្ដល់សេវាកម្មអតិថិជន តែងតែមានមិនល្អ ល្អ និងឆ្នើម ឬល្អឥតខ្ចោះ ដោយអាស្រ័យលើបុគ្គលិកទាំងផ្នែកលក់ ឬផ្នែកសេវាកម្មអតិថិជនមានភាពប៉ិនប្រសប់ និងទទួលបានការបណ្ដុះបណ្ដាលបានល្អ។ ម្យ៉ាងទៀតក្នុងនាមជាម្ចាស់អាជីវកម្មក៏ត្រូវដឹងដែរថា ប្រសិនបើក្រុមហ៊ុនរបស់អ្នកផ្ដល់នូវសេវាកម្មអតិថិជនដ៏ល្អបំផុតតាមដែលអាចធ្វើបាន នោះក្រុមហ៊ុនរបស់អ្នកក៏កំពុងចាប់យកអតិថិជនបានកាន់តែច្រើនបន្តិចម្ដង និងក៏មានឱកាសបង្កើតប្រាក់ចំណូលជាបន្តបន្ទាប់ផងដែរ។

តើអ្វីជាការផ្ដល់សេវាកម្មអតិថិជន?

ការផ្ដល់សេវាកម្មអតិថិជន សំដៅលើការចេះជួយដោះស្រាយបញ្ហារបស់អតិថិជន ការបង្រៀនអតិថិជនពីរបៀបប្រើប្រាស់ផលិតផលសេវាកម្ម ការឆ្លើយតបរាល់ចម្ងល់របស់អតិថិជន និងអាចបំពេញតម្រូវការអតិថិជន។ បន្ថែមពីនេះ អ្នកច្បាស់ជាកាន់តែមានចម្ងល់ចង់ដឹងបន្ថែមទៀត ថាតើការផ្ដល់សេវាកម្មអតិថិជនល្អ និងការផ្ដល់សេវាកម្មអតិថិជនឆ្នើម វាមានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេច?

ភាពខុសគ្នារវាង សេវាកម្មអតិថិជនល្អ និង សេវាកម្មអតិថិជនឆ្នើម

នៅក្នុងចំណុចនេះ យើងនឹងបង្ហាញឱ្យអ្នកបានកាន់ច្បាស់ និងយល់បន្ថែមអំពីភាពខុសគ្នានៃការផ្ដល់សេវាកម្មល្អ និងឆ្នើម ដើម្បីអ្នកអាចអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងបានកាន់តែល្អ បើអ្នកជាបុគ្គលិកផ្នែកលក់ឬផ្នែកសេវាកម្មអតិថិជន និងដើម្បីឱ្យអ្នកបានបណ្ដុះបណ្ដាលបន្ថែមដល់ក្រុមបុគ្គលិករបស់អ្នក បើអ្នកជាអ្នកដឹកនាំ ឬជាប្រធានផ្នែកលក់។

សេវាកម្មអតិថិជនល្អ
  • តែងតែផ្តោតលើការផ្តល់ជូនឱ្យសមស្របជាមួយនឹងតម្រូវការ និងការរំពឹងទុករបស់អតិថិជន ព្រមទាំងអាចផ្ដល់ជូនលើសពីអ្វីដែលអតិថិជនរំពឹងទុកពីក្រុមហ៊ុន
  • អាចជួយធ្វើឱ្យអតិថិជនមានការពេញចិត្ត និងអាចរក្សាអតិថិជនបានយ៉ាងល្អទាំងចាស់ ទាំងថ្មី
  • យល់ដឹងអំពីរបៀបដែលស្វាគមន៍ និងប្រព្រឹត្តចំពោះអតិថិជនតាមរបៀបដ៏ល្អ និងត្រឹមត្រូវ ដែលជាផ្នែកមួយធ្វើឱ្យអតិថិជនសប្បាយចិត្ត
  • អាចជួយណែនាំពីផលិតផលសេវាកម្មឱ្យសមស្របជាមួយនឹងតម្រូវការរបស់អតិថិជន និងអាចដោះស្រាយបញ្ហានានារបស់អតិថិជន
  • តាមដានទាំងមតិវិជ្ជមាន និងអវិជ្ជមានដែលទទួលបានពីអតិថិជន ដើម្បីធ្វើការកែលម្អឱ្យមានភាពប្រសើរជាងមុន
សេវាកម្មអតិថិជនឆ្នើម
  • បម្លែងខ្លួនឯងឱ្យក្លាយជាអ្នកជំនាញលើអ្វីដែលខ្លួនឯងកំពុងលក់ ដោយមានការយល់ដឹងច្បាស់អំពីផលិតផលសេវាកម្មដែលកំពុងលក់ និងអាចពន្យល់ណែនាំបានយ៉ាងល្អជូនដល់អតិថិជន
  • តែងតែបង្ហាញដល់អតិថិជនបានយ៉ាងល្អបំផុតលើភាពដាច់ដោយឡែក និងភាពខុសគ្នារវាងម៉ាកយីហោរបស់ក្រុមហ៊ុនដៃគូប្រកួតប្រជែង ឬផលិតផលស្រដៀងគ្នា ជាមួយនឹងក្រុមហ៊ុនរបស់ខ្លួន
  • ជាបុគ្គលមានភាពស្ទាត់ជំនាញលើការទំនាក់ទំនងជាមួយអតិថិជន និងជំនាញដោះស្រាយបញ្ហាបានយ៉ាងល្អបំផុត
  • មានភាពប៉ិនប្រសប់ និងឆ្លាតវៃលើការយល់ដឹងអំពីតម្រូវការ និងការរំពឹងទុករបស់អតិថិជន
  • តែងតែផ្ដល់ជូននូវអ្វីដែលលើពីការរំពឹងទុកដល់អតិថិជនជានិច្ច តាមរយៈការបំពេញចិត្តអតិថិជនបានយ៉ាងល្អ​ ផ្ដល់នូវបទពិសោធន៍ល្អៗដល់អតិថិជន និងតែងតែធ្វើឱ្យអតិថិជនរំភើបឬភ្ញាក់ផ្អើលនូវអ្វីដែលពួកគេទទួលបានដោយលើសពីការរំពឹងទុករបស់ពួកគេ