មើលលើ៥ចំណុចនេះដើម្បីទិញផ្ទះបានចំណេញ

2333
DCIM100MEDIADJI_0713.JPG

ផ្ទះគឺជាទីជម្រកដែលមិនអាចខ្វះបាន​នៅក្នុងជីវិតយើងនេះ ហើយវាក៏ជាការវិនិយោគដ៏ធំមួយផងដែរ។ បច្ចុប្បន្ននេះ នៅពេលដែលគេនិយាយដល់ការទិញផ្ទះ ក្រៅពីជាជម្រើសសម្រាប់ផ្តល់ទីជម្រក​ដ៏កក់ក្តៅដល់គ្រួសារ ភាគច្រើនគេតែងតែរំពឹងដល់ផលចំណេញ​ដែលអាចទទួលបានទៅថ្ងៃខាងមុខផងដែរ។ តើយើងត្រូវគិតពិចារណាទៅលើ​អ្វីខ្លះ ដើម្បីធ្វើការសម្រេចទិញផ្ទះមួយដែលអាចចំណេញ​ទៅថ្ងៃខាងមុខបាន?

១ ទីតាំង

អ្នកដែលធ្លាប់​មានបទពិសោធន៍ច្រើនក្នុងការទិញផ្ទះ គាត់តែងតែនិយាយថា “ទិញផ្ទះ អ្វីដែលសំខាន់បំផុតគឺទីតាំង ទីតាំង ទីតាំង”។ ព្រោះថា ទីតាំងគឺជាកត្តាដ៏សំខាន់មួយដែលជះឥទ្ធិពលលើការឡើងថ្លៃតម្លៃអចលនវត្ថុនោះ។ ប្រសិនបើផ្ទះរបស់អ្នកស្ថិតនៅទីតាំងដែល​សមប្រកប ទីដែលមានមនុស្សឆ្លងកាត់ច្រើន ទោះបីជាស្ថានភាព​ទីផ្សារអចលនវត្ថុ​ធ្លាក់ចុះ ឬនៅត្រឹង ក៏នឹងមិនអាច​ទាញទម្លាក់តម្លៃរបស់អចលនវត្ថុអ្នកដែរ។

ដូចនេះ ប្រសិនបើអ្នក​រំពឹងចង់បានចំណេញច្រើនពីផ្ទះដែលអ្នកបានទិញនោះ នៅពេលដែលអ្នកសម្រេចចិត្តទិញផ្ទះណាមួយ អ្វីដែលអ្នកត្រូវគិតពិចារណានោះគឺ​ជ្រើសរើស​ទីតាំងដែលល្អ។ ធ្វើដូចនេះទើបអ្នកអាចទទួលបានផលចំណេញច្រើនពីការវិនិយោគទិញផ្ទះនេះ។

២ កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុនបុរី ឬអ្នកសាងសង់

ហេតុអ្វីនៅពេលទិញផ្ទះ អ្នកត្រូវ​​ការជ្រើសរើសទិញជាមួយ​នឹងបុរី ឬម្ចាស់សំណង់ដែលមានកេរ្តិ៍ឈ្មោះល្បី និងមានប្រវតិ្តល្អ? ព្រោះថា វាដូចជាការទិញទំនិញអញ្ចឹង នៅពេលដែលអ្នកទិញទំនិញដែល​មានម៉ាកសញ្ញាល្អ អ្នកប្រាកដជា​មាន​ទំនុកចិត្តនូវគុណភាពរបស់វា ហើយការទិញផ្ទះក៏ដូចគ្នាដែរ។ បុរី ឬម្ចាស់គម្រោងដែលមានកេរ្តិ៍ឈ្មោះល្អ ពួកគាត់តែងតែផ្ចិតផ្ចង់ជាងដើម្បីរក្សាកេរ្តិ៍ឈ្មោះខ្លួនឱ្យបានល្អ និងផ្តោតលើការរក្សាស្តង់ដារគុណភាព ហើយពួកគាត់​នឹង​មិនងាយ​នឹងបោះបង់​គម្រោងចោលកណ្តាលទីនោះទេ ដែលប្រៀបដូចជាអ្នក​បានទិញប័ណ្ណធានារ៉ាប់រងយ៉ាងដូច្នេះដែរ។

ដូចនេះ មុននឹងទិញផ្ទះ​ពីគម្រោងណាមួយ អ្នកគួរតែធ្វើការសិក្សាស្វែងយល់ពីគម្រោងនោះឱ្យបានដិតដល់ ព្រោះការទិញផ្ទះ​គឺជាការវិនិយោគដ៏មានតម្លៃមួយ។

៣ មើលពីសក្តានុពលតំបន់ ឬផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល

មុននឹងទិញផ្ទះ អ្នកគួរតែសិក្សាស្វែងយល់ពីតំបន់នោះ ស្វែងរកព័ត៌មាននានាលើសារព័ត៌មាន ចូលសួរព័ត៌មានលម្អិតពីតំបន់នោះពីអ្នកលក់ ដើម្បីដឹងពីសន្ទុះវិវឌ្ឍក្នុងតំបន់នោះ។ ប្រសិនបើអ្នកចង់ចំណេញក្នុងការវិនិយោគទិញផ្ទះ អ្នកគួរតែតាមដាន​ផែនការអភិវឌ្ឍន៍របស់​រាជរដ្ឋាភិបាល ផែនការអភិវឌ្ឍន៍ក្រុង ឬក៏តាមដានមើលពីសន្ទុះនៃការវិនិយោគរបស់ក្រុមហ៊ុនឯកជននានាទៅលើតំបន់នោះ។

ប្រសិនបើអ្នកចង់ទិញផ្ទះចំណេញ អ្នកគួរតែដាក់កាលវិភាគ​ក្នុងការ​ជិះមើលតំបន់នានាជាប្រចាំ ដើម្បីមើលទីសន្ទុះទិសដៅនៃការអភិវឌ្ឍន៍ និងការប្រែប្រួលនានា។

៤ មើលពីគុណភាពសេវាកម្មគ្រប់គ្រងបុរី

បច្ចុប្បន្ន និងអនាគតខាងមុខ មនុស្ស​កាន់តែច្រើនឡើងនឹងជ្រើសរើស​ការទិញផ្ទះ និងរស់នៅ នៅក្នុងបុរី ព្រោះវាជា​ការរស់នៅបែបថ្មី ដែលមានផាសុខភាព និងសុវត្ថិភាព។ ដូចនេះហើយ នៅពេលអ្នកទិញផ្ទះពីគម្រោងណាមួយ អ្នកក៏ត្រូវផ្តោតលើសេវាថែទាំ និងសេវាកម្មសន្តិសុខ​បុរីផងដែរ។ ហេតុអ្វី? ព្រោះថា ប្រសិនមិនមានការគ្រប់គ្រងល្អទេ មិនមានសុខសុវត្ថិភាពទេ ការរស់នៅនឹងមិនមានការកក់ក្តៅ និងផាសុខភាព ដែលជះឥទ្ធិពលខ្លាំង​ទៅលើកេរ្តិ៍ឈ្មោះតំបន់ដែលអ្នករស់នៅ និងទាញតម្លៃអចលនវត្ថុនៅទីនោះ​មិនឱ្យងើបបាន។ ចូរអ្នកស្រមៃមើល ប្រសិនបើទីធ្លាបុរីមិនស្អាត មិនមានរបៀប រញ៉េរញ៉ៃ ចូលទៅងងឹតស្លុង​ ហើយមិនមានសុវត្ថិភាព អ្នកនឹងចង់ទិញ ឬចូលរស់នៅក្នុងផ្ទះនៅតំបន់នោះដែរឬទេ?

៥ ម៉ូដផ្ទះ

ម៉ូដផ្ទះគឺប្រៀបដូចជាការស្លៀកពាក់ និងការតុបតែងកាយ និងមុខយ៉ាងដូច្នេះដែរ វាគឺជាសម្រស់សម្រាប់ទាក់ទាញ មិនថាតែអ្នកផ្ទាល់ទេ គឺរួមបញ្ចូលអ្នកទិញតពីអ្នកផងដែរ។ ប្រសិនបើអ្នកមានបទពិសោធន៍ទិញផ្ទះនោះ អ្នកប្រាកដជាដឹងច្បាស់ថា​តើផ្ទះប្រភេទណាដែលមានសន្ទុះឡើង​ខ្ពស់ជាង ហើយប្រភេទណាពិបាកលក់ចេញ។ ប្រសិនបើម៉ូដផ្ទះ​មិនស្អាត មិនស៊ីវីល័យ មានព័ណ៌មិនទាក់ទាញនោះ តម្លៃរបស់វាក៏នឹងពិបាកនឹងឡើងផងដែរ។ ក្រៅពីសម្រស់ខាងក្រៅ រូបរាងខាងក្នុងក៏ជា​កត្តាសំខាន់ដែលមិនអាចមើលរំលងបាន។ មុននឹងទិញផ្ទះ អ្នកគួរសួរខ្លួនឯងថា ពេលចូលទៅក្នុង អ្នកចង់ស្នាក់នៅឬទេ? វាមានពន្លឺគ្រប់គ្រាន់ឬទេ? វាមានលំហរធំទូលាយដែរឬទេ? អ្នកមានអារម្មណ៍ស្រស់ស្រាយទេនៅក្នុងផ្ទះនោះ?ទាំងនេះ សុទ្ធតែជាកត្តាដែលជះឥទ្ធិពលដល់តម្លៃផ្ទះនៅថ្ងៃខាងមុខ។