មោទនភាព ជាតិខ្មែរ ដែលក្រុមហ៊ុនកូនខ្មែរ ចូលមកទឹកដីប្រទេសថៃ

74
មោទនភាព ជាតិខ្មែរ ដែលក្រុមហ៊ុនកូនខ្មែរ ចូលមកទឹកដីប្រទេសថៃ

ប្រទេសមួយរីកចម្រើនឆាប់រហ័ស លុះត្រាតែប្រទេសនោះសម្បូរដោយធនធានមនុស្សខ្លាំង និងសហគ្រិនពូកែៗច្រើន។ ធនធានមនុស្សខ្លាំង និងសហគ្រិនពូកែ ពួកគេនឹងជួយធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកកាន់តែរីកចម្រើន និងមានការវិវត្តន៍ខ្លាំង ជាពិសេសសហគ្រិនដែលពួកគេនឹងជួយផ្ដល់ការងារដល់ប្រជាជនក្នុងស្រុក និងផ្ដល់ប្រាក់ចំណូលដល់រដ្ឋតាមរយៈការបង់ពន្ធជាដើម។

នៅកម្ពុជាក៏សម្បូរដោយសហគ្រិនពូកែច្រើនដែរ ដោយជួយធ្វើឱ្យចរន្តសេដ្ឋកិច្ចក្នុងស្រុកដំណើរការបានកាន់តែល្អ។ បន្ថែមពីនេះ អ្វីដែលគួរឱ្យរំភើបទៀតនោះ ក្រុមហ៊ុនដឹកទំនិញវីរៈប៊ុនថាំ ដែលបង្កើតឡើងដោយកូនខ្មែរ គឺលោកឧកញ៉ាសួរ វីរៈ ក៏បានពង្រីកទីផ្សារចូលមកកាន់ទឹកដីប្រទេសថៃ ដោយមានទីតាំងនៅចំកណ្ដាលទីក្រុងបាងកក។ នេះបើយោងតាមការប្រកាសផ្សព្វផ្សាយចេញពីទំព័រផ្លូវការរបស់លោកឧកញ៉ាសួរ វីរៈ កាលពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2022 ។

នៅក្នុងការផ្សព្វផ្សាយនោះ លោកឧកញ៉ា សួរ វីរៈ ក៏បានសរសេរសារបង្ហោះមួយចំនួនដែរថា “មោទនភាពជាតិខ្មែរ ហើយយើងនៅតែបន្តលើកទង់ជាតិ និងភាសាខ្មែរលើទឹកដីបរទេស ដោយយើងសង្កេតឃើញថា គ្រប់មុខជំនួញតែងតែចង់បានចំណូលសម្រាប់ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនវីរ:ប៊ុនថាំមិនត្រឹមតែរកចំណូលដល់ក្រុមហ៊ុននោះទេ តែក៏បាននាំមកនូវមុខមាត់ជូនដល់ប្រជាជនកម្ពុជា និងប្រទេសជាតិទៀតផង ដោយកន្លែងមកយើងទទួលការមើលងាយពីបរទេស និងប្រទេសជិតខាងយូរណាស់មកហើយ តែខ្ញុំនៅតែជឿជាក់ថា ប្រជាជនកម្ពុជាពិតជាមានចំណេះដឹង និងភាពវៃឆ្លាតមិនចាញ់បរទេសនោះឡើយ ទោះបីជាប្រទេសបានឆ្លងកាត់សង្គ្រាមដ៏ជូរចត់យ៉ាងណាក៏ដោយ។”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និង​បញ្ញើរឥវ៉ាន់ដែលកំពុងមានការនិយមខ្លាំងនៅប្រទេសកម្ពុជា។ នៅឆ្នាំ2022 នេះ ក្រុមហ៊ុនវីរៈប៊ុនថាំបានពង្រីកសាខាទូទាំងប្រទេសបានច្រើនជាង 700 សាខាក្នុងប្រទេសកម្ពុជា និងរួមមានសាខានៅប្រទេសថៃ វៀតណាមផងដែរ។